រដ្ឋសភា​គាំទ្រ អ៊ឹម សួស្ដី ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ

រដ្ឋសភាកម្ពុជាបានសម្រេច នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភានេះ គាំទ្រអតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះឆ្នោត(គ.ជ.ប) លោក អ៊ឹម សួស្ដី ឲ្យក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក ពិត តាំងសន ដែលទើបទទួលមរណភាព កាលពីពេលថ្មីៗ។
រដ្ឋសភា​គាំទ្រ អ៊ឹម សួស្ដី ឲ្យ​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ
លោក អ៊ឹម សួស្ដី អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ (រូ​បថតឯកសារ)

មានអតីតភាព ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្ដី បានក្លាយជាសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញ ជាផ្លូវការហើយ បន្ទាប់ពី​រដ្ឋសភាកម្ពុជា បានប្រជុំ​បោះឆ្នោតសម្រេច ផ្ដល់ការគាំទ្រជូនលោក នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភានេះ។ លោក សួស្ដី ត្រូវបានជ្រើសតាំង​ ដើម្បីជំនួស​លោក ពិត តាំង​សាន​ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ទើប​ទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមេសាកន្លងមក។​

ពីក្នុងចំណោមសមាជិក​តំណាងរាស្ត្រ ចំនួន ៨២រូប (តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៦៥រូប និង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៧ រូប) ​ ដែល​ចូលរួម​កិច្ចប្រជុំ ពេញអង្គ​រដ្ឋសភា លើកទី០៨ នីតិកាលទី៥ ក្នុងថ្ងៃអង្គារនេះ លោក អ៊ឹម សួស្ដី ទទួលបានសម្លេងគាំទ្រ​ចំនួន ៦៦រូប ប្រឆាំង ១៤រូប និង​អនុប្បវាទ ២រូប​ ក្នុងការបោះឆ្នោតជាសម្ងាត់ តាមរយៈការគូសសន្លឹកឆ្នោត របស់រដ្ឋសភា។

ចេញពីតំណែងជាទេសរដ្ឋមន្ត្រី មកធ្វើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ...

​ជាមួយនឹងការ​ប្រទាំងប្រទើស និងការរិះគន់ ពីឯករាជ្យភាពរបស់លោកនោះ លោក អ៊ឹម សួស្តី បាន​កាន់តំណែង​ ជា​ប្រធាន​គ.ជ.ប បានរយៈពេល១៣ឆ្នាំ ចាប់ពី​អាណត្តិ​ទី​២ នៅ​ឆ្នាំ​២០០២ រហូតដល់​ខែមេសា ឆ្នាំ​២០១៥​។ បន្ទាប់ពីចេញ ពីប្រធានស្ថាប័ន គ.ជ.ប លោក សួស្ដី ​ត្រូវបានលោក ហ៊ុន សែន តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ហើយ​នៅ ៤ ថ្ងៃ​បន្ទាប់​មកទៀត លោក ហ៊ុន សែន បានសម្រេច​ស្នើ​ដំឡើង​ឋានៈ​លោក ឲ្យក្លាយជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​«បេសកកម្ម​ពិសេស​»។​

អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែឧសភាថា លោក អ៊ឹម សួស្ដី ជាបេក្ខជនតែម្នាក់ ពីក្នុងចំណោមបេក្ខជនបីនាក់ ដែលបំពេញបាន នូវលក្ខខណ្ឌច្បាប់ សម្រាប់ក្លាយជាសមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ។ លោក ប៉េងឡុង បានថ្លែងឲ្យដឹងថា៖ «ក្នុងច្បាប់ ដើម្បីក្លាយជា​សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបំពេញនូវលក្ខខណ្ឌបី គឺ មានអាយុ៤៥ឆ្នាំយ៉ាងតិច មានកំរិតសិក្សាថ្នាក់ឧត្តមសិក្សា ថ្នាក់ច្បាប់ រដ្ឋបាល ការទូត ឬសេដ្ឋកិច្ច និងមានបទពិសោធការងារ ចំនួន១០ឆ្នាំ ត្រូវមានលិខិតបញ្ជាក់ថា គ្មានទោស និងមានការគាំទ្រ ដោយសមាជិកសភាយ៉ាងតិច១៣រូប»។

ក្រោយពីក្លាយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សំនួរដែលត្រូវសួរ ថាតើលោក អ៊ឹម សួស្ដី នឹងមានជំហរអព្យាក្រិត្យឬទេ ក្នុងករណីមានបណ្ដឹង ឲ្យបកស្រាយច្បាប់ ឬពីទំនាស់សារទុក្ខ​ទាំងឡាយ ដែលចេញពីការបោះឆ្នោត?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់