ហ្វេសប៊ុក​នៅ​ថៃ​លុត​ជង្គង់ នៅ​ចំពោះ​ច្បាប់​«លិត​ព្រះបាទា»

អាជ្ញាធរថៃ ទទួលបានជ័យជំនះហើយ! ទំព័រហ្វេសប៊ុកជាង២០០ទំព័រ ដែលបានផ្សាយពីវីដេអូ និងរូបភាពរបស់ព្រះមហាក្សត្រថៃ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក ដកចេញពីបណ្ដាញរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរថៃ បានគម្រាមបិតបណ្ដាញសង្គមមួយនេះទាំងស្រុង នៅក្នុងប្រទេសថៃ កាលពីម្សិលម៉ិញ។
ហ្វេសប៊ុក​នៅ​ថៃ​លុត​ជង្គង់ នៅ​ចំពោះ​ច្បាប់​«លិត​ព្រះបាទា»
រូបថតផ្តិតពីវីដេអូ បង្ហាញពីព្រះមហាក្សត្រថៃ ទ្រង់គ្រឿងដោយអាវខ្លីមួយ កំពុងដើរកម្សាន្ដផ្សារទំនើប។

នៅចំពោះ​ច្បាប់​«លិត​ព្រះបាទា»​របស់ថៃ បណ្ដាញ​សង្គម​ធំជាងគេ​នៅលើពិភពលោក ដែលមានការិយាល័យ​សាខា​របស់ខ្លួន នៅក្នុងប្រទេស​នេះ បាន​សម្រេច​ដកចេញ​កាល​ពី​ម្សិលម៉ិញ នូវទំព័រហ្វេសប៊ុក​ច្រើន​ជាង​២០០ បន្ទាប់ពីអាជ្ញាធរថៃ បាន​រកឃើញ​ថា ទំព័រទាំងនោះ បានបង្ហោះនូវវីដេអូ ឬរូបថត ដែលធ្វើឲ្យខូចដល់ព្រះកិត្តិនាម របស់រាជវង្សថៃ។

លោក «Takorn Tantasith» អគ្គលេខាធិការ​ ទទួលបន្ទុកផ្នែកការផ្សព្វផ្សាយ និងទូរគមនាគមន៍ របស់ប្រទេសថៃ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ក្រុមហ៊ុនហ្វេសប៊ុក បានរួមសហការ ជាមួយប្រទេសថៃ» ក្នុងកិច្ចប្រតិបត្តិការនេះ។

ការបិតទំព័រហ្វេសប៊ុក ទាំងជាង២០០ទំព័រ នៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះអាជ្ញាធរថៃ កំពុងរងចាំការដកចេញ នូវទំព័រហ្វេសប៊ុកចំនួន ជាង១០០ទំព័រទៀត ពីបណ្ដាញសង្គម ដែលធ្វើឲ្យចំនួនសរុប នៃទំព័រហ្វេសប៊ុក ដែលត្រូវបានដកចេញ មានចំនួនដល់ទៅជាង ៤០០ (ឬចូលដល់៥០០) ទំព័រ។ លោក «Takorn Tantasith» បានបន្តទៀតថា តុលាការថៃកំពុងរៀបចំដីកា ដើម្បីបញ្ជាឲ្យហ្វេសប៊ុក ត្រូវអនុវត្តន៍តាម។ លោកថា៖ «យើងកំពុងបន្តស្នើសុំ [ក្រុមហ៊ុនហ្វេសប៊ុក] ឲ្យដកចេញ នូវទំព័រទាំង១៣១ផ្សេងទៀត»។

» អានអត្ថបទដែលទាក់ទង៖ ថៃ​ព្រមាន​បិត​ហ្វេសប៊ុក ជុំ​វិញ​រូបភាព​អាស្រូវ​របស់​ស្ដេច​ខ្លួន

តាំងពីច្រើនថ្ងៃមកហើយ រូបភាពនៃ​វីដេអូឃ្លីប​ខ្លីមួយ ត្រូវបានបង្ហោះ និងចែករំលែក នៅលើបណ្ដាញសង្គម។ ឃ្លីបវីដេអូនោះ បានបង្ហាញឲ្យឃើញ ព្រះមហាក្សត្រថៃ (កាលនោះ នៅជាព្រះអង្គម្ចាស់ រាជទាយាទ) ព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ទ្រង់គ្រឿង អាវខ្លីពណ៌លឿង កំពុងយាងកម្សាន្ដ ជាមួយស្ត្រីម្នាក់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង។

លោក «Andrew MacGregor Marshall» អ្នកសារព័ត៌មានជាតិអង់គ្លេស ដែលរងបណ្ដឹងជាច្រើនករណី ពីសំណាក់អាជ្ញាធរថៃ (ជាពិសេសពីបទបរិហារព្រះមហាក្សត្រ) បានអះអាងថា វីដេអូខាងលើនេះ ជាទិដ្ឋភាពដំណើរប្រព្រាត​ផ្សារមួយ របស់ព្រះអង្គម្ចាស់ ម៉ាហា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានថ្ងៃមុន រូបភាពមួយចំនួនទៀត ដែលបង្ហាញឲ្យឃើញ ពីព្រះអង្គម្ចាស់ ម៉ាហា ក្នុងស្ថានភាព​ទ្រង់គ្រឿង ប្រហាក់ប្រហែលគ្នា កំពុងយាងចុះពីយន្ដហោះ នៅក្រុង មូនិឆ ប្រទេសអាល្លឺម៉ង់ (ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៦)។ ប៉ុន្តែវីដេអូខ្លីនេះ ទើបនឹង​ត្រូវ​បាន​បែកធ្លាយ កាលពី​៤សប្ដាហ៍​មុន និងបន្ទាប់មក ត្រូវបាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម បង្ហោះចែក​រំលែក យ៉ាងសន្ធឹកសន្ធាប់។

មាត្រា១១២ ដ៏មានឥទ្ធិពល...

មាត្រា១១២ ដ៏ល្បីល្បាញ នៃច្បាប់«លិតព្រះបាទា» បានកំហិត​ផ្ដន្ទាទោស ដាក់ពន្ធនាគារពី៣ ទៅ១៥ឆ្នាំ សម្រាប់ជន​ណាក៏ដោយ ដែលហ៊ាន​បះពាល់ ដល់ព្រះ​កិត្តិនាម របស់​ព្រះ​មហាក្សត្រ ព្រះមហេសី ព្រះរាជទាយាទ និងព្រះរាជ​សាលោហិត​ផ្សេង​ទៀត របស់ព្រះរាជបល្ល័ង្គថៃ។

ប៉ុន្តែច្បាប់ខាងលើនេះ មានឥទ្ធិពលកាន់តែខ្លាំងឡើង នៅបន្ទាប់ពីក្រុមយោធាថៃ បានធ្វើរដ្ឋប្រហារនៅខែឧសភា ឆ្នាំ២០១៤ ដណ្ដើមយកអំណាចរដ្ឋមកគ្រប់គ្រង។ រហូតមកដល់បច្ចុប្បន្ន មនុស្សច្រើនជាង១០០នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ ក្រោមអំណាច​ច្បាប់ខាងលើ ហើយជាច្រើនរយនាក់ផ្សេងទៀត កំពុងរងការប្ដឹងផ្ដល់ និងការស៊ើបអង្កេត នៅឯតុលាការ។ នេះ បើតាមតួលេខផ្ដល់ដោយ សហព័ន្ធអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស «FIDH»។

ក្នុងរយៈពេលចុងក្រោយនេះ ការចោទប្រកាន់​​តាមផ្លូវតុលាការ​​ភាគច្រើន ដែលទាក់ទង នឹងសំនុំរឿង«លិតព្រះបាទា» សុទ្ធសឹងជាការចោទប្រកាន់ ទាក់ទងនឹងការបង្ហោះសារ ឬទិន្នន័យ នៅលើហ្វេសប៊ុក។ បន្ទាប់ពីព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានសោយទីវង្គត់ទៅ ក្រុមមេដឹកនាំយោធាថៃ បានអំពាវនាវ ទៅកាន់ប្រជារាស្ត្រ ឲ្យដាក់ទណ្ឌកម្ម ប្រឆាំងជនណា ឬក្រុមណា ដែលរិះគន់របបរាជានិយម របស់ប្រទេសថៃ។

ជាប់ពន្ធនាគារ រហូតដល់១៥០ឆ្នាំ...

គ្រាន់តែនៅក្នុងខែឧសភានេះ មនុស្ស៦នាក់ ត្រូវបានចាប់យកទៅឃុំខ្លួន ពីបទបានចែករំលែកទិន្នន័យ ដែលត្រូវបានអាជ្ញាធរចាត់ទុក ថាជាទិន្នន័យរិះគន់ ប៉ះពាល់​ទៅដល់​ព្រះមហាក្សត្រ។ នៅក្នុងចំណោម​មនុស្សទាំងនោះ មានមេធាវីមួយរូប ជំនាញខាងច្បាប់​សិទ្ធិមនុស្ស ក៏ត្រូវបានចាប់ខ្លួនដែរ ហើយអាចនឹងរងការផ្ដន្ទាទោស ឲ្យជាប់​ពន្ធនាគារ រហូតដល់១៥០ឆ្នាំ។

សាកសួរ ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» បណ្ដាញសង្គមធំជាងគេ​នៅលើពិភពលោក បានបដិសេធ​ពីចំនួនទំព័រ​ហ្វេសប៊ុក ដែលត្រូវបានដកចេញ ពីប្រព័ន្ធរបស់ខ្លួន។ តែក្រុមហ៊ុន ដែលមានទីស្នាក់ការធំ នៅក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បែរជាធ្វើការរំលឹកមកវិញថា៖ «បើសិនជារដ្ឋាភិបាល នៃប្រទេសមួយ រកឃើញថាទិន្ន័យ ដែលត្រូវបានបង្ហោះចេញ បានរំលោភទៅលើច្បាប់ របស់ប្រទេសខ្លួន រដ្ឋាភិបាលនៃប្រទេសនោះ អាចស្នើសុំឲ្យលុបចោល នូវទិន្នន័យនោះបាន»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់