ហ៊ុន ម៉ានី កំពូល​អ្នក​គាំទ្រ​ប្រវត្តិ​ជោគ​ជ័យ​របស់​មហា​សេដ្ឋី​ ជេក ម៉ា

លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយនឹងរូបថតមួយសន្លឹកខាងក្រោម ដែលលោកបានថតជាមួយលោក ជេក ម៉ា (Jack Ma) មហាសេដ្ឋីចិនដ៏កំពូលម្នាក់។
ហ៊ុន ម៉ានី កំពូល​អ្នក​គាំទ្រ​ប្រវត្តិ​ជោគ​ជ័យ​របស់​មហា​សេដ្ឋី​ ជេក ម៉ា
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន និងលោក ជេក ម៉ា មហាសេដ្ឋីចិនផ្នែកធ្វើជំនួយ នៅលើអ៊ិនធើណែត។ (រូបថតលើហ្វេសប៊ុក)

«ខ្ញុំជាកំពូលអ្នកគាំទ្រ ប្រវត្តិជោគជ័យរបស់លោក» នេះជាឃ្លាខ្លីមួយ ក្នុងចំណោមឃ្លាខ្លីពីរ សរសេរជាភាសាអង់គ្លេស របស់លោក ហ៊ុន ម៉ានី អមទៅនឹងរូបថតមួយសន្លឹក ដែលកូនប្រុសនាយករដ្ឋមន្ត្រីរូបនេះ បានថតជាមួយលោក ជេក ម៉ា (Jack Ma) កំពូលមហាសេដ្ឋីចិន នៅក្នុងវេទិកា «ខ្សែ​ក្រវាត់ និង​វិថី សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ» រៀបចំឡើង ​នៅ​ក្នុងរដ្ឋធានី​ប៉េកាំង ប្រទេស​ចិន។

តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ជាសមាជិកមួយរូប នៃគណៈប្រតិភូកម្ពុជា ដឹកនាំដោយឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ដំណើរទៅចូលរួម នៅក្នុងវេទិកានេះ ដែលបានចាប់ផ្ដើមធ្វើ រវាងពីថ្ងៃ១៤ ទៅដល់ថ្ងៃទី១៥ ខែឧសភា។

រូបថត និងសំណេរជាភាសាអង់គ្លេសខាងលើ​ ត្រូវបានទំព័រហ្វេសប៊ុក របស់លោក ហ៊ុន ម៉ានី បង្ហោះ កាលពីម្សិលម៉ិញ ជាមួយនឹងការចែករំលែក យ៉ាងច្រើនសន្ធឹកសន្ទាប់ ពីសំណាក់ប្រិយមិត្តរបស់លោក។ រីឯឃ្លាជាភាសាអង់គ្លេសទីពីរវិញ លោក ហ៊ុន ម៉ានី បានសរសេរថា៖ «សូមអរគុណ សម្រាប់រូបថតមួយសន្លឹកនេះ លោក ជេក ម៉ា»។

លោក ជេក ម៉ា ជាស្ថាបនិក និងជាអគ្គនាយក អាលីបាបា គ្រូប (Alibaba Group - Internet)។ មកដល់ពេល​បច្ចុប្បន្ន បុរសជនជាតិចិនរូបនេះ មានអាយុ៥២ឆ្នាំ និងមានទ្រព្យសម្បត្តិច្រើនជិត ៣០ពាន់លានដុល្លារ ហើយជាប់លេខរៀង ជាអ្នកមានប្រាក់ច្រើន​ជាងគេ ទី ២៣ ក្នុងពិភពលោក។ នេះ បើតាមទស្សនាវដ្ដី «Forbes» ដែលចេញផ្សាយពីតួលេខនេះ ក្នុងឆ្នាំ២០១៧៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់