ប្រ៊ែដ អាដាម៖ សំដី​ព្រមាន​ត្រៀម​ធ្វើ​សង្គ្រាម ជា​ភាព​ល្ងង់ខ្លៅ

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី ​របស់អង្គការ​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​ (ជាអង់គ្លេស «Human Rights Watch») បាន​ហៅ ការថ្លែងព្រមាន​មិនឈប់ឈរ ពីសំណាក់នាយករដ្ឋមន្ត្រី​កម្ពុជា ជុំវិញការ​ផ្ទុះសង្គ្រាម នៅ​អំឡុង និងក្រោយ​ការបោះឆ្នោត នៅ​កម្ពុជា​នោះ ថាជាទង្វើ​របស់​មនុស្ស​ល្ងង់​ខ្លៅ និង​កំសាក។
ប្រ៊ែដ អាដាម៖ សំដី​ព្រមាន​ត្រៀម​ធ្វើ​សង្គ្រាម ជា​ភាព​ល្ងង់ខ្លៅ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកាយវិការវិភាគ ផ្នែកសេដ្ឋកិច្ចមួយ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៧។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១១ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

ការថ្លែងព្រមានម្ដងហើយម្ដងទៀត ពីការផ្ទុះសង្គ្រាម និងបំណងសុទ្ធចិត្តឲ្យផ្ទុះសង្គ្រាម «ក៏ផ្ទុះទៅចុះ» របស់​លោក ហ៊ុន សែន បានបង្ក​ឲ្យមាន​ប្រតិកម្ម​ខ្លាំងៗ ពីសំណាក់អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដោយ​បានហៅ​ការលើក​ឡើងនេះ ថាជាទង្វើរបស់​មនុស្ស​ល្ងង់ខ្លៅ និង​កំសាក។

កាលពីព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា ​កន្លងមកនេះ លោក ហ៊ុន សែន បានព្រមានថា លោក​សុខចិត្ត​ឲ្យ​​«ផ្ទុះ​សង្គ្រាម ​ក៏​​ផ្ទុះ​​ទៅ​​ចុះ» តែ​លោក​​នឹងមិន​សុខចិត្ត ឲ្យចលនា​ពលរដ្ឋ ដែលមាននិន្នាការ​ប្រឆាំង ប្រព្រឹត្តិ​នូវ​អំពើ​​ខុស​​ច្បាប់ ដូច​​ជា​​ការ​​«ដុតឡាន» ឬ​ការ​​រារាំង​​«ពលរដ្ឋ មិន​ឲ្យ​​បោះ​ឆ្នោត» នោះ​​ឡើយ។

នាយករដ្ឋមន្ត្រី ដែលមិនរង្គើចេញពីតំណែង តាំងពីជាង​៣០ឆ្នាំមក​នេះ បាន​ព្រមាន​​​ថា៖ «សូមកុំភ្លេច ថ្ងៃ២៨ ខែកក្កដា [ឆ្នាំ២០១៣] មិនទាន់ទាំងដឹងលទ្ធផលផ្លូវការផង ឆេះឡានអស់ប៉ុន្មាន នៅ​ស្ទឹង​មាន​ជ័យ? អ្នកឯង​​ធ្វើ​សកម្មភាព ច្រើន​​ទីក​ន្លែង មិនឲ្យពលរដ្ឋ​​ចូលបោះឆ្នោត។ តែដើម្បី​ថ្នាក់ថ្នម​​សភាព​ការណ៍ យើង​​អត់​ធ្មត់ មិន​​ធ្វើ​​សកម្មភាព។ តែកុំភ្លេច​ថា ២០១៧ និង២០១៨ បើ​សកម្មភាព​​ពួក​អ្នកឯង​​របៀប​​នេះ កម្លាំង​​ប្រដាប់​​អាវុធ ត្រូវ​ចេញ​​បង្ក្រាប​​ភ្លាម បើផ្ទុះ​​សង្គ្រាម ក៏ឲ្យវាផ្ទុះ​​ទៅ​ចុះ។»។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ត្រៀម​ធ្វើ​សង្គ្រាម

ប៉ុន្តែសម្រាប់លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក​កិច្ចការ​​តំបន់​អាស៊ី ​របស់​​អង្គការ​​ឃ្លាំ​មើល​​សិទ្ធិមនុស្ស​វិញ បានគិតថា លោក ហ៊ុន សែន គួរតែរក្សា​ភាព​ស្ងៀមស្ងាត់ នៅមុន​ការបោះឆ្នោត ​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់ ដែល​នឹង​មកដល់ នៅ​ពេល​ខាង​មុខ។ ផ្ទុយទៅវិញ កាថ្លែងព្រមាន​មិន​ឈប់ឈរ របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា បែរជាឆ្លុះ​បញ្ចាំង ឲ្យឃើញ​ថា លោក ហ៊ុន សែន ជាមនុស្ស​តូចតាច និង​ក្មេងខ្ចី។

លោក អាដាម បានថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យវិទ្យុអាស៊ីសេរីថា៖ «លោក ហ៊ុន សែន (...) និយាយ​​ដូច្នេះ​​បង្ហាញ​​ឲ្យ​ឃើញ​ថា គាត់​ជា​​មនុស្ស​ល្ងង់ខ្លៅ​ ជា​មនុស្ស​​តូចតាច​ ជា​មនុស្ស​​ក្មេង​ខ្ចី ជា​មនុស្ស​​ទន់ខ្សោយ និង​​ជា​​មនុស្ស​​កំសាក​​ជា​​ទី​បំផុត»។

នាយកប្រតិបត្តិប្រចាំ​តំបន់អាស៊ី របស់អង្គការអន្តរជាតិបានបន្ត​ថា អំពើ​ហិង្សា​​អាច​កើត​​ឡើង​​ទៅ​បាន ​ដរាប​​ណា​​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​​ពី​ក្រោយ ដោយសារ​តែ​កងទ័ព នគរបាល និង​​កងរាជអាវុធហត្ថ ​របស់​​ប្រទេស​​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង របស់​លោក ហ៊ុន សែន ទាំងអស់។ លោក ប្រ៊ែដ អាដាម បាន​បញ្ជាក់​ទៀត​ថា៖ ​«និយាយ​​ដូច្នេះ គឺ​ជា​សញ្ញា​មួយ ​ដែល​បង្ហាញ​ឲ្យ​​ឃើញ​ថា លោក​ ហ៊ុន សែន មិន​មាន​​ប្រជាប្រិយភាព​​ ​ក្នុង​ឆាក​​ជាតិ និង​​អន្តរជាតិ ហើយ​ដែល​គិត​ទុក​ ជា​មុន​ទៅ​ហើយ​ថា លោក​នឹង​ចាញ់​​ការ​បោះឆ្នោត ហើយ​ក៏​​អាច​​ឈ្នះ​​ការ​​បោះ​​ឆ្នោត​ តាម​រយៈ​​ការ​គំរាមកំហែង​​ពលរដ្ឋ»។

មកដល់ម៉ោងនេះ មិនឃើញមានប្រតិកម្មណាមួយ ចេញពីរដ្ឋាភិបាលកម្ពុជា និងពី​គណបក្ស​ប្រជាជន​កម្ពុជា​ ទាក់​ទង​នឹង​ការ​លើក​ឡើង របស់លោក ប្រ៊ែដ អាដាម នៅឡើយ។ យ៉ាងណា​ក៏​ដោយ ក៏ការលើក​ឡើង​មុនៗ​ របស់​មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ តែងត្រូវបានមន្ត្រីរដ្ឋាភិបាល​ច្រានចោល និងចាត់ទុក​ការថ្លែង​នោះ ថា​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និងលំអៀង​ទៅគណបក្សប្រឆាំង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់