«ទាហាន​មួក​ខៀវ​ខ្មែរ​ទាំង​បី​រូប ត្រូវ​បាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ»

ខាងប្រទេសកម្ពុជា ទាហានវិស្វកម្ម​មួកខៀវបួនរូប បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួស ខណៈ​ខាង​ប្រទេស​ម៉ារុក​វិញ ទាហានមួកខៀវម្នាក់​បានបាត់ខ្លួន និង៩នាក់ បានរងរបួស។ បើតាម​អ្នកនាំពាក្យ របស់​បេសកកម្ម​ពហុ​ជំនាញ របស់​អង្គការ​​សហប្រជាជាតិ ដើម្បីស្ថិរភាព នៅ​សាធារណរដ្ឋអាហ្វ្រិក​កណ្ដាល (ហៅ​កាត់​«Minusca») បាន​អះអាង​ថា ទាហានមួក​ខៀវក​ម្ពុជា បីរូប ពីក្នុងចំណោម​៤រូប ត្រូវបាន​សម្លាប់ យ៉ាង​សាហាវ​ព្រៃផ្សៃ ដោយ​ក្រុម​ឧទ្ទាម «anti-Balaka»។
«ទាហាន​មួក​ខៀវ​ខ្មែរ​ទាំង​បី​រូប ត្រូវ​បាន​សម្លាប់​យ៉ាង​ព្រៃផ្សៃ»
ទាហានមួកខៀវកម្ពុជា ទាំងបួនរូប ដែលបានពលីជីវិត ក្នុងបេសកកម្មមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វ្រិកកណ្ដាល។
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១១ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 11, 2017
  • ប្រធានបទ: កងមួកខៀវខ្មែរ
  • អាន និងបញ្ចេញយោបល់

ទាហានវិស្វកម្មមួកខៀវកម្ពុជា បីរូប ពីក្នុងចំណោមបួនរូប ត្រូវបានសម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ដោយ​ក្រុម​ឧទ្ទាម បន្ទាប់​ពីការ​ពួន​ស្ទាក់​​វាយប្រហារមួយ កាលពីយប់ថ្ងៃទី៨ ខែឧសភា ដោយសារតែពួកគេ បាន​បំពេញ​កិច្ចការ​មនុស្ស​ធម៌  ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព របស់ប្រទេសអាហ្វ្រិក​កណ្ដាល​ប៉ុណ្ណោះ។ នេះ បើតាម​ការអះអាង របស់លោក «Hervé Verhoosel» អ្នកនាំពាក្យរបស់បេសកកម្ម​​ពហុ​ជំនាញ ​របស់​អង្គការ​សហប្រជា​ជាតិ ដើម្បីស្ថិរភាព នៅប្រទេសអាហ្វ្រិក​កណ្ដាល ហៅកាត់ថា «Minusca»។

នៅល្ងាចថ្ងៃចន្ទទី៨ ខែឧសភា កងទ័ពវិស្វកម្មមួកខៀវកម្ពុជា ចំនួន១២រូប បានជិះរថយន្ដ ចេញពីបំពេញ​ភារកិច្ច​​របស់​ផង​ខ្លួន នៅក្នុងក្រុង «Rafaï» ដើម្បីវិលត្រឡប់ ទៅកាន់ក្រុង «Bangassou» វិញ ដោយមាន​ការ​អម​ការពារ ​ពី​សំណាក់​​កង​កម្លាំង​មួកខៀវ របស់ប្រទេសម៉ារ៉ុក (ដែលមានជំនាញ ខាងប្រយុទ្ធ និងប្រដាប់​ដោយ​អាវុធ)។ ​ទីក្រុង​ទាំង​ពីរ​នេះ ស្ថិតនៅភាគខាងកើតឈៀងខាងត្បូង នៅជាប់នឹងព្រំដែន ជាមួយ​ប្រទេសកុងហ្គោ។

នៅវេលាម៉ោង២០ (ម៉ោងក្នុងស្រុក ត្រូវជាម៉ោង១ទៀបភ្លឺ ថ្ងៃទី៩ ខែឧសភា ម៉ោងនៅកម្ពុជា) ពេលមក​ដល់​ចំនុច​មួយ ក្បែរភូមិ «Yogofongo» ស្ថិតនៅចំងាយ ២០គីឡូម៉ែត្រ ពីក្រុង «Bangassou» ក្បួន​រថយន្ដ​របស់​កង​កម្លាំង​មួក​ខៀវ​ទាំងពីរប្រទេស បានចូលក្នុងអន្ទាក់ ដែលត្រៀមធ្វើការវាយប្រហា​រមួយ ពីសំណាក់​ក្រុម​ឧទ្ទាម «anti-Balaka»។ ការវាយប្រហារនេះ បានបង្កស្ថានភាពងាយស្រួល សម្រាប់ពួកឧទ្ទាមស្បែកខ្មៅ ដោយហេតុថា ជាពេលយប់ងងឹតចាក់ភ្នែក ហើយក្រុមឧទ្ទាមដែលត្រៀមជាស្រេច បានស្គាល់ទីតាំងនោះច្បាស់។

តុល្យភាពធ្ងន់ធ្ងរ និងដ៏តក់ស្លុត...

សារព័ត៌មានជាច្រើន នៅក្នុងប្រទេសម៉ារ៉ុក បានស្រង់ប្រភព ស្និតនឹងកងទ័ពមួក​ខៀវ​ម៉ារ៉ុក យក​មក​រាយការណ៍​ថា ការផ្ទុះ​អាវុធ​ឆ្លងឆ្លើយគ្នានោះ បានកើតឡើងជាច្រើននាទី រហូតដល់​អន្តរាគមន៍ តាមផ្លូវអាកាស របស់​កង​កម្លាំង​មួក​ខៀវ ​បាន​ទៅដល់។ ភ្លាមៗ នៅក្រោយ​ការផ្ទុះអាវុធ តុល្យភាព​របស់​កងកម្លាំង​មួក​ខៀវ មាន​សភាព​ធ្ងន់ធ្ងរ រួច​ជា​ស្រេច​ហើយ៖ ទាហានវិស្វកម្មមួកខៀវ (កម្ពុជា) ម្នាក់ បានស្លាប់​ដោយ​គ្រាប់កាំភ្លើង ៤នាក់​ត្រូវ​បាន​ក្រុម​ឧទ្ទាម​ចាប់​ចេញ​ទៅ (ក្នុងនោះ មានទាហានខ្មែរ៣នាក់) និង១០នាក់​បាន​រង​របួស (ក្នុង​នោះ មាន​ទាហាន​ខ្មែរ​ម្នាក់)។ សម្រាប់​ខាង​ក្រុម​ឧទ្ទាមវិញ កម្លាំង​៨នាក់ ត្រូវបាន​សម្លាប់។

យុទ្ធជនមួកខៀវទាំង១០រូប ដែលរងរបួស ត្រូវបានជម្លៀស តាមឧទ្ធម្ភាគចក្រ យក​ទៅព្យាបាល​ជា​បន្ទាន់ នៅ​ក្នុង​មន្ទីរ​ពេទ្យ ឯ​រដ្ឋធានី «Bangui» របស់​ប្រទេស​អាហ្វ្រិក​កណ្ដាល ស្ថិតនៅចំងាយ ប្រមាណ​ជា ៤៧០គីឡូម៉ែត្រ ពី​កន្លែង​កើត​ហេតុ។

តែ គឺនៅព្រឹក​ថ្ងៃអង្គារ ទី៩ ខែឧសភា ដែលតុល្យភាព ខាងកង​កម្លាំង​មួកខៀវ មានសភាព​កាន់​តែធ្ងន់ធ្ងរ និង​យ៉ាង​រន្ធត់ គ្មានអ្វី​ប្រៀបបាន៖ យុទ្ធជនមួកខៀវ​កម្ពុជា​​បីនាក់ ដែលត្រូវបាន​ក្រុមឧទ្ទាម​ចាប់​ចេញ​ទៅ ត្រូវបាន​សម្លាប់ យ៉ាង​សាហាវ​ព្រៃផ្សៃ។ មរណភាព​នេះ ធ្វើឲ្យចំនួន​ទាហាន​មួកខៀវ​ស្លាប់នៅ​ពេលនេះ ឡើង​ដល់​ចំនួន​៤នាក់ ដែល​សុទ្ធសឹង​ជា​ទាហានវិស្វកម្ម របស់​ប្រទេស​​កម្ពុជា​​ទាំងអស់។ សពយុទ្ធជន​ទាំងបីនាក់ ក្នុង​សភាព​ដ៏គួរ​ឲ្យ​តក់​ស្លុត ត្រូវបាន​រកឃើញ ដោយ​កង​កម្លាំង​មួកខៀវ ដែលនៅដើរ​ល្បាត ជុំវិញ​កន្លែង​កើត​ហេតុ។

ទាហានមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ លោក​អនុសេនីយឯក ​គឹម សំ អ្នក​បើក​បរ​ប៊ូលដូស័រ - លោក​អនុសេនីយ៍​​ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយ​ការ​ត្រួតពិនិត្យ​​គុណភាព - លោក​​ពល​បាល​​ឯក មុំ តុលា ​(ព្រិន្ទ​បាល​ទោ) ជំនួយការ​​បើកបរអ៊ិស្ការវ៉ាទ័រ និង​លោក​អនុសេនីយ៍​ត្រី ម៉ៅ អេង (អនុ​សេនីយ៍​ឯក) បុគ្គលិក​ពេទ្យ។

ដោយឡែក ទាហានមួកខៀវម៉ារ៉ុកមួយនាក់ ដែលត្រូវបានក្រុមឧទ្ទាម​ចាប់ចេញ​ទៅដែរ កំពុងបន្ត​បាត់​ខ្លួន​នៅ​ឡើយ។ អ្នកនាំ​ពាក្យ របស់ «Minusca» បានថ្លែងប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង «AFP» ថា ក្រុម​ការងារ​ស៊ីវិល​មួយ របស់​ប្រទេស​អាហ្វ្រិក​កណ្ដាល កំពុងចរចា​ជាមួយ​ក្រុមឧទ្ទាម ដើម្បីស្វែងរក​ទាហាន​មួកខៀវ​ម៉ារ៉ុករូប​នោះ។ ប៉ុន្តែ​ប្រភព​មួយ​នៅផ្ទាល់កន្លែង បានប្រាប់​វិទ្យុបារាំង​អន្តរជាតិ «RFI» ប្រចាំទ្វីប​អាហ្វ្រិកថា ​ទាហាន​មួក​ខៀវ​បាត់​ខ្លួន​ជាតិម៉ារ៉ុក ទំនងជាបានស្លាប់បាត់ទៅហើយ។

«ឧក្រិដ្ឋកម្មសង្គ្រាម»

អ្នកនាំពាក្យដដែល បានអះអាងបន្តថា ការវាយប្រហារ ទៅលើកងកម្លាំងមួកខៀវ ដែលគ្រាន់តែមក​បំពេញ​កិច្ចការ ផ្នែក​មនុស្សធម៌​ប៉ុណ្ណោះ​នេះ ជាការវាយប្រហារ​ដ៏ធ្ងន់ធ្ងរបំផុត រាប់ចាប់​តាំង​ពីពេល «Minusca» ត្រូវ​បានបង្កើត នៅ​ខែ​មេសា ឆ្នាំ២០១៤​នោះ​មក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែល​ចេញ​ផ្សាយ កាលពី​ថ្ងៃទី១០ ខែ​ឧសភា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតែរ៉េស (Antonio Guterres) បាន​ប្រកាស​ថ្កោល​ទោស​ការវាយ​ប្រហារនេះ យ៉ាង​ហ្មឺងម៉ាត់​បំផុត ដោយបានរំលឹក​ពីទង្វើ​ខាង​លើ ថាមានចរិត​​ជា «ឧក្រិដ្ឋ​កម្ម​សង្គ្រាម»។

ប្រទេសអាហ្វ្រិកកណ្ដាល បានធ្លាក់ខ្លួនចូលក្នុងភ្លើងសង្គ្រាម និងការហែកហួរ នៅឆ្នាំ២០១៣ បន្ទាប់​ពីក្រុម​ឧទ្ទាម​ឥស្លាម​និយម «Séléka» បានផ្ដួលរំលំ​លោក​ប្រធានាធិបតី «François Bozizé» ឲ្យ​ចេញពី​តំណែង។ ការ​ផ្ដួល​រំលំ​នេះ បាន​បណ្តាល​​ឲ្យមានការងើប​​បះបោរ​​ប្រឆាំងវិញ ពី​សំណាក់​ក្រុម «anti-Balaka» ដែល​ភាគ​ច្រើន ​ជា​គ្រឹស្ទ៍​សាសនិក នៅ​ក្នុង​ប្រទេស។ ក្រុម «anti-Balaka» នេះ បានក្លាយ​ជាក្រុម​ឧទ្ទាម ប្រដាប់​ដោយ​អាវុធ និង​បាន​កាប់​សម្លាប់​យ៉ាង​រង្គាល ទៅលើ​សាសនិក​ឥស្លាម ដោយមិនរើសមុខ។

» ក្រុម «anti-Balaka» នៅក្រុង «Bossangoa» ភាគខាងជើង៖

ការចូលអន្តរាគមន៍ ពីសំណាក់កងទ័ពបារាំង រវាងពីខែធ្នូ ឆ្នាំ២០១៣ មកទល់នឹងខែតុលា ឆ្នាំ២០១៦ និង​ពី​សំណាក់​អង្គការ​សហប្រជាជាតិ តាំងពីខែមេសា ឆ្នាំ២០១៤មក បាន​បិត​បញ្ចប់ នូវការកាប់សម្លាប់​គ្នាយ៉ាង​រង្គាល និង​បាន​ធ្វើក្រុម​ឧទ្ទាម បានថមថយ​​កម្លាំង ឬឈានទៅបាត់​រូបរាង។ ប៉ុន្តែក្រុម​ឧទ្ទាម​ នៅតែ​មាន​វត្តមាន​នៅឡើយ តាម​ទំរង់​ជា​កងសេនាជន ប្រចាំឲ្យភូមិស្រុក​នីមួយៗ ក្នុងតំបន់ដាច់ស្រយ៉ាល។ ក្នុងពេលកន្លងមក ក្រុម​ឧទ្ទាម​ទាំង​នោះ បានប៉ះ​ទង្គិចគ្នា​ជារឿយៗ ដើម្បីដណ្ដើម​យក​កាន់កាប់ នូវប្រភព​ចំណូល ដូច​យ៉ាង រ៉ែ​មាស​ ពេជ្រ ឬសត្វ​ពាហនៈ​ជាដើម។

ចំពោះ​កងកម្លាំងមួកខៀវ ​របស់​អង្គការ​សហ​ប្រជា​ជាតិ វិញ តែងត្រូវ​ក្រុម​ឧទ្ទាមទាំងនោះ តាម​យាយី និង​យក​មក​​ធ្វើជាទិសដៅ​ សម្រាប់ការ​វាយប្រហារ​ ដោយ​ហេតុថា ក្រុមមួយ​បានចោទ​​កងកម្លាំង​​មួកខៀវ ថា​​បាន​​លំអៀង ​ទៅរក​​ក្រុម​​ម្ខាង​​ទៀត។ ពេលខ្លះ ក្បួនរថយន្ដ​របស់​កង​កម្លាំង​​មួកខៀវ បានរង​​ការវាយ​ប្រហារ ពី​ក្រុម​​ឧទ្ទាម​ទាំង​នោះ ដើម្បី​គ្រាន់​តែ​ចង់​ប្លន់ ​យក​​អាវុធ និងគ្រាប់កាំភ្លើង​​ប៉ុណ្ណោះ៕

» វីដេអូបន្ថែម ស្ដីពីការទទួលមេដាយ របស់យុទ្ធជនមួកខៀវខ្មែរ កាលពីខែតុលា ឆ្នាំ២០១៥៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់