បារាំង​រើស​បាន​ប្រធានាធិបតី​ថ្មី ភ័យ​ឯ​អង់គ្លេស​ឯណោះ!

ក្រុមអ្នករិះគន់ ប្រឆាំងសហភាពអ៊ឺរ៉ុប បានបង្ហាញទស្សនៈ​របស់ពួកគេថា ការសម្រេច​​ជ្រើសរើស​​ប្រធានាធិបតី​បារាំង​ថ្មី គឺ​ជា​ការ​គម្រាម សម្រាប់​ផលប្រយោជន៍ របស់​ប្រទេស​អង់គ្លេស ជាពិសេស​នៅក្នុង​ការចរចា សម្រាប់​ការ​ផ្ដាច់ខ្លួន​​របស់​ចក្រភពមួយ​នេះ ចេញ​ពី​សហភាព​អ៊ឺរ៉ុប។
បារាំង​រើស​បាន​ប្រធានាធិបតី​ថ្មី ភ័យ​ឯ​អង់គ្លេស​ឯណោះ!
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ថារីសា មេ នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក អេម៉ានុយអែល ម៉ាក្រុង អនាគតប្រធានាធិបតីបារាំងថ្មី។ (រូបថតលើទ្វីសធើរ)

បើសិនជាអ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រញាប់​ប្រញាល់ សំដែងនូវ​ក្ដី​អបអរ​ ចំពោះ​ជ័យជំនះ​របស់​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងការ​បោះឆ្នោត​ជ្រើស​រើស​​ប្រធានាធិបតី របស់​ប្រទេស​បារាំងនោះ សម្រាប់ក្រុមអ្នកប្រឆាំងសហភាព​អ៊ឺរ៉ុបវិញ បានគិត​ឃើញ​ថា ការ​ឡើង​មក​កាន់​អំណាច របស់លោក ម៉ាក្រុង ដែលមាននយោបាយការពារអ៊ឺរ៉ុប​យ៉ាងខ្ជាប់ខ្ជួន គឺជាការ​គម្រាម​ទៅ​ដល់ការ​ចរចា​​ទាំងឡាយ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍អង់គ្លេស ដើម្បីឲ្យអង់គ្លេស បានចាកចេញ​ពីសហភាព​អ៊ឺរ៉ុប។

«មិនមែនដូចការដើរកំសាន្ដ ចង់ចេញចង់ចូល ក្នុងសួនឧទ្យានទេ»

ដូចសារព័ត៌មាន​ស្ដាំនិយម​អង់គ្លេស ឈ្មោះ «The Daily Telegraph» បានសរសេរ រំលឹកពីសំដី របស់​អនាគត​ប្រធានាធិបតី​បារាំង ដែលមានវ័យក្មេងជាង​គេ​បំផុត​នេះ ដែលបានថ្លែងនៅក្នុងយុទ្ធនាការ​រក​សម្លេង​ឆ្នោត ថា​ ការ​ចាក​ចេញ​របស់អង់គ្លេស ពីសហភាពអ៊ឺរ៉ុប «មិនមែនដូចជាការដើរកំសាន្ដ នៅក្នុងសួនឧទ្យាន»​នោះ​ទេ។ នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន ដែលមានចំណងជើង «ក្ដីសង្ឃឹមថ្មីរបស់បារាំង បង្កឲ្យមានពពក​ដេដាស សម្រាប់​ការ​ចាក​ចេញ របស់​អង់គ្លេស» សារព័ត៌មាន​ចេញផ្សាយ​ប្រចាំថ្ងៃ បានសរសេរបន្ត​​ពីការសន្យា របស់​លោក ម៉ាក្រុង ដែល​នឹង​ការពារ នូវ​ផល​ប្រយោជន៍ នៃទីផ្សាររួម​ដ៏ធំតែមួយ​​របស់អ៊ឺរ៉ុប។

នៅក្នុងការថ្លែង ទៅកាន់ក្រុមអ្នកគាំទ្រ បន្ទាប់ពីលោកបានឈ្នះឆ្នោត កាលពីយប់ថ្ងៃទី៧ ខែឧសភា​នេះ លោក​ អេម៉ានុយអែល ម៉ាក្រុង បានអះអាងជាថ្មី ដោយសម្លេងខ្លាំងៗ ថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បី​«ការពារ​អ៊ឺរ៉ុប» ខណៈ​ឥស្សរៈជន​ជាច្រើន​​នៅក្នុង​សហភាព បាននិយាយ​ប្រហាក់ប្រហែល​គ្នា ថាការឈ្នះ​ឆ្នោត​របស់​លោក ម៉ាក្រុង នឹង​ធ្វើឲ្យអ៊ឺរ៉ុប មានសន្ទុះ​កាន់តែខ្លាំង​ឡើង។ ដូចពាក្យ​មួយឃ្លា របស់​លោក «Steffen Seibert» អ្នក​នាំពាក្យ​របស់​អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតី​អាល្លឺម៉ង់ ដូច្នេះ​ថា៖ «ជា​ជ័យជំនះ ​សម្រាប់​សហភាព​អ៊ឺរ៉ុប ដែល​ខ្លាំង និង​រួបរួម ជាពិសេស​សម្រាប់​​មិត្តភាព បារាំង-អាល្លឺម៉ង់»។

កាលពីខែមីនាកន្លងទៅ លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ដល់កិច្ចសម្ភាស ទៅឲ្យ​ទស្សនាវដ្ដី «Monocle» ​អះអាង​ថា​លោកពេញចិត្ត ឲ្យមាន​«ការចាកចេញដ៏ពិបាកមួយ របស់អង់គ្លេស ពីអ៊ឺរ៉ុប» និង​បដិសេធ​ការ​ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង ទៅឲ្យទីផ្សារ​ដាច់​​ដោយឡែក ក្នុងទឹកដី​អង់គ្លេស។ លោក ម៉ាក្រុង បានចាត់​ទុក​ការ​សម្រេច​ចាក​ចេញ របស់អង់គ្លេស ពីអ៊ឺរ៉ុប គឺជា​គ្រោះ​មួយ និងបានចោទ​អតីត​ប្រធាន​គណបក្ស «Ukip» ​(និន្នាការ​​ប្រឆាំង​​សហភាព​​អ៊ឺរ៉ុប) លោក «Nigel Farage» និង​លោក បូរីស ចនសុន (Boris Johnson) រដ្ឋមន្ត្រី​ការ​​បរទេស​អង់គ្លេស​សព្វថ្ងៃ ថាជា«អ្នកទទួលខុសត្រូវ ចំពោះអំពើឧក្រិដ្ឋ»មួយនេះ។

» លោក បូរីស ចនសុន និងអ្នកស្រី ថេរីសា មេ៖

«ម៉ាក្រុង អាយ៉ង របស់ប្រធានគណៈកម្មការអ៊ឺរ៉ុប»

ដោយសារតែជំហរអស់ទាំងនេះ របស់លោក អេម៉ានុយអែល ម៉ាក្រុង ហើយ ទើបសារព័ត៌មានខ្លះ​របស់​អង់គ្លេស មិន​សូវ​ជា​រវីរវល់​នឹងជ័យជំនះ របស់លោក ក្នុងការបោះឆ្នោត​ប្រធានាធិបតីបារាំងទេ។

ដូចយ៉ាង​សារព័ត៌មាន «The Sunet Daily Mail» (និន្នាការចង់ឲ្យអង់គ្លេស ចេញពីអ៊ឺរ៉ុប) សុខចិត្ត​និយាយ​ពី​ការ​អោប​ថើប រវាងព្រះអង្គម្ចាស់ «Harry» ជាមួយនឹងគូដណ្ដឹង​របស់ព្រះអង្គ គឺតារាបង្ហាញម៉ូដ នាង «Meghan Markle» ទៅ​វិញ។ រីឯ​សារព័ត៌មាន «The Sun» បាន​យក​ព្រឹត្តិការណ៍ នៃការបោះឆ្នោត​ប្រធានាធិបតីបារាំង ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ខាងក្នុង​របស់ខ្លួន ដោយគូសបញ្ជាក់ថា ប្រធានាធិបតី​បារាំង​ថ្មី ធ្លាប់បានព្រមាន​ក្រុង​ឡុងដ៍​រួច​ហើយ ថានៅ​ពេល​ដែល​អង់គ្លេស ចង់​ចាកចេញ​ពីអ៊ឺរ៉ុប ចក្រភព​មួយ​នេះ​នឹងមិនទទួល​បាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​នោះ​ទេ។

រីឯលោក «Nigel Farage» (អតីតប្រធាន​គណបក្ស​ប្រឆាំង​អ៊ឺរ៉ុប «Ukip») ដែលជាអ្នក​គាំទ្រ​អ្នកស្រី ម៉ារីន ឡឺពែន (Marine Le Pen) បេក្ខនារី​ចាញ់ឆ្នោត​ទល់​នឹង​លោក ម៉ាក្រុង នោះ​វិញ បានហៅ​ការ​ជាប់ឆ្នោត របស់​លោក អេម៉ានុយអែល ម៉ាក្រុង ថា​ជាការ​យល់ច្រឡំ​ដ៏ធំ។ លោកបាន​សរសេរ នៅលើទំព័រទ្វីសធើ​របស់​លោក​ថា៖ «លោក ម៉ាក្រុង នឹងក្លាយ​ជាអាយ៉ង របស់​លោក "Juncker (ប្រធាន​គណៈកម្មការ​អ៊ឺរ៉ុប)"»។

«បរាជ័យរបស់បារាំង ដូចក្នុងឆ្នាំ១៩៤០»

សម្រាប់ចលនា «Leave.EU» ដែលជាចលករដ៏ធំមួយ បំផុសឲ្យ​មានការ​ចាកចេញ របស់​អង់គ្លេស ពីអ៊ឺរ៉ុប បាន​ដើរ​ចេញ​ឆ្ងាយ រៀង​ជ្រុល​បន្តិច ដោយសំដែង «មរណទុក្ខដ៏ក្រៀមក្រំ» សម្រាប់​ប្រទេសបារាំង ដែលបាន​បោះឆ្នោត​ ផ្ដល់ជ័យជំនះ​ឲ្យ​លោក ម៉ាក្រុង។ ចលនា​នេះ ថែមទាំងបានប្រៀបធៀប​លទ្ធផល នៃការ​បោះ​ឆ្នោត​​ប្រធានាធិបតី​បារាំង ថា​មាន​​លក្ខណៈ «ស្មើ» នឹង​បរាជ័យ របស់​​ប្រទេស​​បារាំង នៅចំពោះ​​ប្រទេស​អាល្លឺម៉ង់ ក្នុង​ឆ្នាំ១៩៤០ (សង្គ្រាម​លោក​លើក​ទីពីរ)។

ចលនា «Leave.EU» បានសរសេរនៅលើទំព័រទ្វីសធើររបស់ខ្លួនថា៖ «ហេតុការណ៍ នៅ​ឆ្នាំ១៩៤០ គឺ​ជា​ការ​ជ្រួល​ច្របល់ ភ័យភិត​ដ៏ខ្លាំង សម្រាប់​ប្រជាជន​បារាំង។ តែនៅ​ពេលនេះ ប្រជាជន​បារាំង បែរជា​ជួយ​ផ្ដល់ ទៅ​ឲ្យ​ប្រទេស​អាល្លឺម៉ង់ នូវ​ប្រេង​ឥន្ទនៈ និង​គ្រាប់​កាំភ្លើង​ទៅវិ​ញ។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់