ឥណ្ឌូនេស៊ី៖ កោះស៊ូម៉ាត្រារងការរញ្ជួយដីក្នុងកម្រិត ៦,៤

កោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី បានរងការរញ្ជួយដី ក្នុងព្រឹកថ្ងៃអាទិត្យនេះ ក្នុងកម្រិតដ៏ខ្លាំងមួយ (៦,៤រិកឆ្ទ័រ)។ មិនដល់ម៉ោងនេះ មិនមានជនរងគ្រោះណាម្នាក់ ត្រូវបានរាយការណ៍ឲ្យដឹងទេ។
ឥណ្ឌូនេស៊ី៖ កោះស៊ូម៉ាត្រារងការរញ្ជួយដីក្នុងកម្រិត ៦,៤
ទិដ្ឋភាពនៃការវាយលុក ដោយរលកយក្សស៊ូណាមីមួយ បន្ទាប់ពីការរញ្ជួយដី កាលពីឆ្នាំ២០១៦កន្លងទៅ នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 13, 2017
  • ប្រធានបទ: គ្រោះផែនដី
  • អាន និងបញ្ចេញយោបល់

ការរញ្ជួយដី ក្នុងកម្រិតរហូតដល់ ៦,៤ រិកឆ្ទ័រ បានវាយប្រហារកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ក្នុងព្រឹកថ្ងៃអាទិត្យនេះ។ នេះ បើតាមរង្វាស់ ដែលប្រកាសឲ្យដឹង ដោយវិទ្យាស្ថានភូគព្ភសាស្ត្រ របស់សហរដ្ឋអាមេរិក ហៅកាត់ជាភាសាអង់គ្លេស «USGS»។ តែទីភ្នាក់ងារ​ភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ីវិញ បានប្រកាសថា ហនិភ័យពីរលកយក្សស៊ូណាមី (Tsunami) មិនអាចកើតមានឡើងទេ ផ្ទុយពីការបារម្ភ ដែលធ្លាប់មានកន្លងមក នៅចំពោះការរញ្ជួយដី នៅជាប់មហាសាគរដូច្នេះ។

វិទ្យាស្ថាន «USGS» បានបញ្ជាក់ថា ព្រះធរណីបានគ្រញែងខ្លួនខ្លាំងឡើង នៅវេលាម៉ោង ១០ និង០៨នាទី (ម៉ោងក្នុងស្រុក) នៅត្រង់ចំណុចមួយ ដែលមានចំងាយ ៧៣គីឡូម៉ែត្រ ភាគខាងលិចក្រុង «Bengkulu» របស់កោះស៊ូម៉ាត្រា។

មន្ត្រីមួយរូប របស់ទីភ្នាក់ងារផែនដីវិទ្យា របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មករាយការណ៍ថា៖ «កម្រិតនៃការរញ្ជួយ មានកម្លាំងខ្លាំងគួរសម។ កម្លាំងរញ្ជួយបានលាតសន្ធឹង រហូតដល់ស្រុក "Padang" ដែលស្ថិតនៅភាគខាងលិច នៃកោះស៊ូម៉ាត្រា។ ប៉ុន្តែហនិភ័យ នៃគ្រោះរលកយក្ស ស៊ូណាមី នឹងមិនកើតមានឡើងទេ។»។

មកដល់ម៉ោងនេះ មិនមានរបាយការណ៍ណាមួយ បញ្ជាក់អះអាង ថាមានជនរងគ្រោះ ឬការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរនោះទេ។

ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលើខ្សែបន្ទាត់ ជួបគ្នា នៃស្រទាប់ផែនដី»ក្នុងមហាសមុទ្រប៉ាស៊ីភិច ដែលការប៉ះទង្គិចគ្នា រវាងស្រទាប់ផែនដីទាំងនេះ បានបង្កឲ្យមានការរញ្ជួយដីជារឿយៗ និងពេលខ្លះ អាចឈានទៅផ្ទុះភ្នំភ្លើងនោះផង។ កាលពីខែធ្នូ ឆ្នាំ២០១៦ ការរញ្ជួយដីដ៏រង្គាលមួយ ដែលបានកើតឡើង នៅក្នុងខេត្ត អាសេ (Aceh)  បានសម្លាប់មនុស្ស រហូតដល់ជាង១០០នាក់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់