ជុន ច័ន្ទបុត្រ ថា​គ្រាន់​តែ​ចង់​និយាយ​ការ​ពិត និង​ធ្វើ​ប្រយោជន៍​សាធារណៈ

នៅចំពោះប្រតិកម្ម ទៅនឹងព្រឹត្តិការណ៍ចុងក្រោយ ពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ ទាំងអ្នកគាំទ្រ និង​អ្នក​មិន​ចូល​ចិត្ត​លោក​នោះ លោក ហួត វុទ្ធី ដែលគេស្គាល់ឈ្មោះ ជុន ច័ន្ទបុត្រ នាយករង​ការផ្សាយ​ផ្នែក​ខេមរភាសា នៃ​វិទ្យុ​អាស៊ី​សេរី បាន​ត្រឡប់​មក​ថ្លែង​អំណរគុណ នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក ដោយ​អះអាង​បញ្ជាក់ ពី​ចំណង់​ចំណូល​ចិត្ត​ដើម​របស់លោក រហូតលោក​ក្លាយមកជា​បុគ្គលសាធារណៈ ទាំង​លោក​មិន​បាន​រៀប​គម្រោង​ជា​មុន។
ជុន ច័ន្ទបុត្រ ថា​គ្រាន់​តែ​ចង់​និយាយ​ការ​ពិត និង​ធ្វើ​ប្រយោជន៍​សាធារណៈ
ពីឆ្វេងទៅស្ដាំ៖ លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងការផ្សាយផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី។ (រូបថតលើហ្វេសប៊ុក)

នៅវេលានេះ តើលោក ហួត វុទ្ធី ដែលមានរហស្សនាមក្នុងវិទ្យុ ហៅ ជុន ច័ន្ទបុត្រ ស្ថិតនៅទីណា? ហើយ​ចំពោះ​ ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅថ្ងៃទី២ ខែឧសភានេះ ទៅតាមដីកាកោះ របស់សាលាដំបូងរាជធានី ទាក់ទង​នឹង​«ការ​​​ផ្តល់​​សេចក្តី​​ប្រកាស​​ភូត​​កុហក បន្លំ​ចូល​ក្នុង​ពន្ធនាគារ»នោះវិញ តើអ្នកសារព័ត៌មានរូបនេះ នឹង​ត្រូវ​ធ្វើ​បែប​ណា? ចូល​ទៅ​បំភ្លឺ ឬត្រូវសុំ​ពន្យាពេល ទៅថ្ងៃក្រោយ?

មកដល់ម៉ោងនេះ គ្មានដំណឹងណាមួយ ដើម្បីអាចឆ្លើយ នឹងសំនួរខាងលើនេះបានទេ ហើយ​ការ​ទាក់ទង​ទៅ​លោក តាម​រយៈទូរស័ព្ទ និង​តាមរយៈ​ទូរសាអេឡិចត្រូនិក មិនទាន់​មានការ​ឆ្លើយតប មកវិញ​នៅឡើយ។ ផ្ទុយ​ទៅ​វិញ គេទទួល​បាន ត្រឹមតែជាសំណេរ​ថ្លែងអំណរគុណ ទៅនឹង​ប្រិយមិត្ត​អ្នកស្ដាប់ និង​គោលជំហរ​របស់​​លោក ដែល​លោក​បានបង្ហោះ កាលពីយប់​ថ្ងៃទី១ ខែឧសភានេះ នៅលើបណ្ដាញ​សង្គម​ប៉ុណ្ណោះ។

តាមរយៈទំព័រហ្វេសប៊ុករបស់លោក នាយករងការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី​រូបនេះ បាន​បញ្ជាក់​ពី​ក្ដី​សុបិន្ត​​របស់​លោក តាំងពី​«តូចក្រូចឆ្មា»​មក ថាលោក​មិនដែល​មានគំរោង ធ្វើខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​​ល្បី​​នោះ​ទេ។ លោកបាន​សរសេរ​ថា៖ «តែខ្ញុំតែងស្រម៉ៃ ចង់ក្លាយ​ជាអ្នកកាសែត ជាពិសេស​ជាអ្នកនិយាយវិ​ទ្យុ។ ខ្ញុំ​ចង់​និយាយ​រឿង​ឲ្យគេស្តាប់ ចង់និយាយ​ប្រាប់​ការពិត។ ខ្ញុំតែង​ខំនឹក​រកវិធី​យ៉ាងណា និយាយ​ទៅ​ឲ្យ​គេ​ងាយ​ស្តាប់ ងាយ​យល់ (និង)ឲ្យ​អ្នកស្តាប់​ចូលចិត្ត​ស្តាប់។»។

លោក ហួត វុទ្ធី បានបញ្ជាក់បន្តថា៖ «អ្វីដែលស្រួល​និ​យាយ​ជាងគេ ហើយអ្នកស្តាប់ ចូលចិត្តស្តាប់​​ជាង​គេ​នោះ គឺការ​និយាយ​ការពិត»។

ដោយសារបេសកកម្ម នៃស្វែងរកការពិត ដើម្បីយកមក​និយាយ​នេះហើយ ដែលអ្នកកាសែត​ដូចជា​រូប​លោក ​ខុស​ពី​អ្នក​ដែល​មាន​មុខរបរ​ដ៏ទៃទៀត  និងធ្វើឲ្យអ្នកកាសែត​ភាគច្រើន ត្រូវប្រឈម​មុខ​ នឹងគ្រោះថ្នាក់​ជានិច្ច។ ​លោក ហួត វុទ្ធី បាន​សរសេរ​ទៀត​ថា៖ «នៅទីណា ដែលមានអាសន្ន​កើតឡើង អ្នកធម្មតា​រត់ចេញ អ្នក​កាសែត​រត់​ចូល។ មនុស្ស​ម្នា​ទូទៅ តែង​គេច​ចេញ ពីតំបន់​គ្រោះថ្នាក់ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ (ផ្ទុយ​ទៅ​វិញ) អ្នក​កាសែត​តែង​ដើរ​ចូល ទោះបីជា​ដឹងថា​ គ្រោះថ្នាក់​អាចនឹង​កើត​ឡើង ចំពោះគេ​គ្រប់ជំហ៊ាន​ក៏ដោយ។»។

អ្នកសារព័ត៌មានរូបនេះ បានចាកចេញពីប្រទេសកម្ពុជា តាម​​ជើង​ហោះ​ហើរ​​ ​របស់​ក្រុមហ៊ុន​​អាកាសចរណ៍ «Thai Airway» តាំងពី​រសៀល​ថ្ងៃសុក្រ ទី​២៨ ខែមេសានោះ​ម្លេះ។ នេះ បើតាម​ការអះអាង របស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក​​ជា​ច្រើន។ សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដ៍ បាន​ស្រង់​ប្រភព​បុគ្គលិក​វិទ្យុអាស៊ី​សេរី យក​មក​ផ្សាយ​​កាល​ពី​ម្សិល​ម៉ិញ ថា​​លោក ហួត វុទ្ធី ​នឹង​វិល​ត្រឡប់​​ ចូល​ប្រទេស​កម្ពុជាវិញ ដើម្បីទៅឆ្លើ​យ​បំភ្លឺ​នៅ​ចំពោះ​ដីកា​កោះ ​របស់​សាលា​ដំបូង​រាជធានី ក្នុង​ថ្ងៃ​ទី២ ខែ​ឧសភា​​នេះ។

លោក ហួត វុទ្ធី បានរង​ការចោទប្រកាន់ ពីអាជ្ញាធរកម្ពុជា ថាលោក​បានធ្វើ ​«សេចក្ដី​ប្រកាស​ក្លែង​បន្លំ» ដើម្បី​បាន​ចូល ទៅ​ក្នុង​​ពន្ធនាគារ​​ព្រៃស កាលពី​​ថ្ងៃ១៩ ខែ​មេសា ​កន្លង​​មក ជាមួយ​នឹង​ក្រុម​​តំណាង​​រាស្ត្រ មក​ពី​គណបក្ស​​សង្គ្រោះ​​ជាតិ។ ការចោទ​ប្រកាន់​នោះ មិនបានប្រើ​រយៈពេល​ច្រើន​ឡើយ ដើម្បីឲ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​រយៈព្រះ​រាជ​​អាជ្ញា​រង ​​លោក​ សៀង សុខ ចេញដីកា​នៅថ្ងៃទី២១ ខែមេសា កោះហៅ​លោក​ ហួត វុទ្ធី ក្នុង​នាម​ជា​«ជន​សង្ស័យ» ឲ្យចូល​ទៅបង្ហាញខ្លួន នៅ​ថ្ងៃ​ទី២ ខែឧសភានេះ។

ប៉ុន្តែអ្នកសារព័ត៌មាន​រូបនេះ បានបដិសេធ​ការចោទប្រកាន់ និង​អះអាង​ថា លោកមិនបានក្លែង​ឈ្មោះពិត របស់​លោក នៅក្នុងបញ្ជី​កត់​ឈ្មោះ អ្នកចូល​ពន្ធនាគារ​នោះទេ។ ចំពោះស្ថាប័ន​វិទ្យុអាស៊ីសេរីវិញ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ បរិហារ​ការ​ចោទ​ប្រកាន់ និង​ចំណាត់​ការ របស់ប្រព័ន្ធ​យត្តិធម៌​កម្ពុជា ថាជា​ការ​«គម្រាម​កំហែង​ធ្ងន់​ធ្ងរ» នៅ​មុន​កាលបោះឆ្នោតមកដល់ ខណៈបុគ្គលិក​របស់​ផងខ្លួន គ្រាន់តែ​បំពេញ​ការងារ ដើម្បី​ស្វែងរក​ព័ត៌មាន​ពិត​ប៉ុណ្ណោះ។

លោក ហួត វុទ្ធី បានសេរសេរបន្ត នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោកថា៖ «ទោះមិនមាន​គំរោង​ក៏ដោយ​ចុះ ពេល​នេះ​ខ្ញុំ​ក្លាយ​ជា​មនុស្ស ដែលគេស្គាល់ច្រើន​ទៅហើយ។ ការដែលក្លាយ ទៅជាបុគ្គលសាធារណៈ​នេះ ជួនកាល​ខ្ញុំ​ត្រូវ​បំពេញ​កាតព្វកិច្ច សំរាប់​ជា​ប្រយោជន៍​សាធារណៈ​ជន​វិញ ថ្វីត្បិត​តែវា​អាច​ខុស ពីបំណង​របស់ខ្ញុំ​ក៏​ដោយ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់