ឌុយតែតេ៖ អាមេរិក និង​កូរ៉េ​ខាង​ជើង លេង​ល្បែង​ដែល​មិន​សប្បាយ​លេង

ជំនួបកំពូលអាស៊ាន បានបញ្ចប់ទៅ ជាមួយនឹងសារផ្ដាំផ្ញើរ ដោយពាក្យសំដីខ្លាំងៗ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូល ឌុយតែតេ (Rodrigo Duterte) ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសកុម្មុយនីសកូរ៉េខាងជើង ដែលកំពុងប្រឈមមុខ ដាក់គ្នាទៅវិញទៅមក ជុំវិញការបាញ់សាកល្បង ម្ដងហើយម្ដងទៀត កាំជ្រួចអន្តរទ្វីប និងកាំជ្រួចដែលមានបំពាក់ ដោយគ្រាប់បែកនុយក្លេអ៊ែរ។
ឌុយតែតេ៖ អាមេរិក និង​កូរ៉េ​ខាង​ជើង លេង​ល្បែង​ដែល​មិន​សប្បាយ​លេង
លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន នៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបញ្ចប់ជំនួបកំពូលអាស៊ាន លើកទី៣០។ (រូបថតលើទ្វីសធើរ)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 30, 2017
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អាន និងបញ្ចេញយោបល់

«សូមកុំប្រឡែងលេង ជាមួយនឹងភ្លើង» នេះជាសារខ្លី តែមានន័យវែង ធ្វើទៅកាន់ភាគីពាក់ព័ន្ធ នៅក្នុងសំនុំរឿងកូរ៉េខាងជើង ដែលជាសារ កើតចេញពីការសម្រេចរួម របស់បណ្ដាប្រទេសទាំង១០ របស់សមាគមប្រជាជាតិអាស៊ាន នៅក្នុងជំនួបកំពូល លើកទី៣០ រៀបចំធ្វើត្រូវវេន នៅក្នុង (រដ្ឋធានី ម៉ានីល ) ប្រទេសហ្វីលីពីន តាំងពីថ្ងៃសៅរ៍ម្សិលម៉ិញ និងបញ្ចប់ទៅ នៅថ្ងៃអាទិត្យនេះ។

សារខ្លីនេះ ក៏ត្រូវបានលោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃកោះហ្វីលីពីន យកមកប្រកាសឡើងវិញ នៅក្នុងសន្និសីទសារព័ត៌មាន នាពេលបញ្ចប់ជំនួបនេះដែរ។ លោកបានថ្លែងក្នុងនាមជាម្ចាស់ផ្ទះ ដែលជាអ្នករៀបចំជំនួបថា តំបន់ (អាស៊ីខាងកើត) ទាំងមូល មានក្ដីបារម្ភខ្លាំងណាស់ នៅចំពោះការវិវត្តន៍ទៅមុខ នៃស្ថានការណ៍ប្រឈមមុខ ជាពិសេសនៅចំពោះ ការបាញ់កាំជ្រួចអន្តរទ្វីបថ្មីចុងក្រោយបង្អស់ របស់របបកុម្មុយនីស។ ជាមួយគ្នា លោកប្រធានាធិបតី​បានថ្លែងអំពាវនាវ ទៅសហរដ្ឋអាមេរិក ឲ្យសំដែងក្ដីអត់ធ្មត់ ឲ្យបានខ្លាំងបំផុត។

លោក ឌុយតែតេ បានថ្លែងឡើងថា៖ «វាដូចជាប្រទេសទាំងពីរ កំពុងលេងជាមួយល្បែងកំសាន្ដ របស់ពួកគេដូច្នេះ។ តែអាល្បែងអស់ហ្នឹង អត់មានសប្បាយលេងអី ទាល់តែសោះ។ អញ្ចឹងទេ គេត្រូវប្រាប់ទៅពិភពលោកទាំងមូល រួមទាំងសម្ព័ន្ធមិត្ត របស់ក្រុមប្រទេសមហាអំណាចនោះផង ថាបញ្ហានេះ គឺបញ្ហាគ្រាប់បែកនុយក្លេអ៊ែរ (លោកចង់និយាយថា បើបាញ់ចេញពេលណា រលាយលោកាពេលហ្នឹង) ហើយគេត្រូវសំដែងការអត់ធ្មត់។»។

កាល​​ពីព្រឹក​ព្រហាម​ ថ្ងៃសៅរ៍ម្សិលម៉ិញ ប្រទេស​​កូរ៉េ​ខាង​​ជើងបានបាញ់ សាកល្បងកាំជ្រួចអន្តរទ្វីបមួយគ្រាប់ទៀត តែមិនទទួល​បានជោគជ័យទេ។ ការបាញ់សាកល្បងនេះ ត្រូវបានគេគេគិតថា ជា​​​សកម្មភាព​​​មួយ «ផ្គើន» ទៅ​នឹង​ការ​ទាមទារ​​​របស់​សហរដ្ឋ​អាមេរិក ក្នុងការ​ស្នើ​​ឲ្យកោះប្រជុំជា​បន្ទាន់ កាលពីថ្ងៃសុក្រ នូវក្រុម​ប្រឹក្សា​សន្តិសុខ របស់​​​អង្គការ​​​សហប្រជាជាតិ ដើម្បី​ប្រឆាំងនឹង «ការគម្រាម​ផ្នែកនុយក្លេអ៊ែរ» ពីសំណាក់​របប​ក្រុង ព្យុងយ៉ាង។

» អានអត្ថបទដែលទាក់ទង៖ កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី តែ​ជួប​បរាជ័យ

ប្រធានាធិបតីហ្វីលីពីន បានថ្លែងទៀតថា លោកកំពុងរង់ចាំ ការហៅទូរស័ព្ទ ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីនឹងអាលនិយាយថា «សូមមេត្តាធ្វើយ៉ាងណា បញ្ជៀសសង្គ្រាមឲ្យបាន ព្រោះតំបន់ (អាស៊ីខាងកើត) របស់ខ្ញុំ នឹងត្រូវរងគ្រោះធ្ងន់ធ្ងរ»។ លោក រ៉ូឌ្រីចូ ឌុយតែតេ បានបន្ថែមថា៖ «អ្នកដែលរងគ្រោះមុនគេ នឹងគ្មាននរណាផ្សេង ក្រៅពីយើង ជាបណ្ដាជនអាស៊ីនេះទេ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់