រថភ្លើង​ទី​មួយ បានចេញពី​រាជធានី​ឡុងដ៍ មកដល់​​ប្រទេស​ចិន

ខ្សែរថភ្លើងដំបូងគេ ដែលភ្ជាប់រាជធានី ឡុងដ៍ ចក្រភពអង់គ្លេស ភាគខាងកើត​ប្រទេសចិន ទើបនឹង​ចូល​មក​ចត ជា​ស្ថាពរ នៅក្នុង​ស្ថានីយ​អាយស្ម័យានក្រុង យីវូ (Yiwu) កាលពីចុង​សប្ដាហ៍នេះ បន្ទាប់ពី​បានធ្វើដំណើរ​ឆ្លង​កាត់​ច្រើន​ប្រទេស នៅលើ​ផ្លូវដែក ដែលមានចំងាយ​ប្រមាណជាង ១២ ០០០គីឡូម៉ែត្រ។
រថភ្លើង​ទី​មួយ បានចេញពី​រាជធានី​ឡុងដ៍ មកដល់​​ប្រទេស​ចិន
រថភ្លើង ដែលត្រូវបានយកមកបង្ហាញ នៅថ្ងៃសម្ពោធដំបូង នៃខ្សែរថភ្លើង «ឡុងដ៍-យីវូ» កាលពីខែមករាកន្លងទៅ។ (រូបថតលើទ្វីសធើរ)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 02, 2017
  • ប្រធានបទ: ផ្លូវជំនួយសូត្រ
  • អាន និងបញ្ចេញយោបល់

ជាខ្សែរថភ្លើងទីបី ដែលបានធ្វើដំណើរចេញ ពីទឹកដីភាគខាងលិច នៃទ្វីបអ៊ឺរ៉ុប មកកាន់ទឹកដីភាគ​ខាងកើត នៃ​ទ្វីប​អាស៊ី និង​ជាខ្សែរថភ្លើងទីមួយ ដែលភ្ជាប់រាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស មកកាន់ក្រុង យីវូ (Yiwu) ស្ថិត​នៅ​​ភាគ​ខាង​ត្បូង នៃក្រុងសៀងហៃ ប្រទេសចិន។

ចេញដំណើរពីរាជធានី ឡុងដ៍ តាំងពីថ្ងៃទី១០ ខែមេសា (៣សប្ដាហ៍មុន) រថភ្លើងនេះ​ទើបនឹង​ចូលមក​ចត ក្នុង​ស្ថានីយ៍​អាយស្ម័យាន នៃ​ក្រុង«យីវូ» នៅវេលាម៉ោង ១ និង៣០នាទី ព្រឹកព្រហាមថ្ងៃសៅរ៍ ទី២៩ ខែ​មេសា​នេះ​ ដោយ​ឆ្លងកាត់​តាមផ្លូវដែក នៃប្រទេសជាច្រើន មានចំងាយសរុបប្រមាណជាង ១២ ០០០គីឡូម៉ែត្រ។ នេះ បើ​តាម​ការ​ប្រកាស​ឲ្យដឹង របស់​សហគ្រាសចិន ដែលទទួលបន្ទុក ទៅលើការដឹកជញ្ជូននេះ។

ប្រទេស ដែលរថភ្លើងបាន​ឆ្លងកាត់ មានប្រទេសបារាំង ប៊ែលហ្សិក អាល្លឺម៉ង់ ប៉ូឡូញ ប៊ីយ៉េឡូរ៉ូស្ស៊ី រ៉ូស្ស៊ី និង​ប្រទេស​កាហ្សាកស្ដង់។ ផ្លូវដែក​ពីរខ្សែមុន ដែលភ្ជាប់អ៊ឺរ៉ុប​ខាងលិច ទៅកាន់ប្រទេសចិន មាន៖ ខ្សែទីមួយ ​ចេញ​ពី​រាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ដែលដាក់​ឲ្យដំណើរការ នៅឆ្នាំ២០១៤ និងខ្សែទីពីរ ចេញ​ពីក្រុង លីយ៉ុង ប្រទេស​បារាំង ដែលដាក់​ឲ្យរត់ នៅឆ្នាំទៅម៉ិញ។

រថភ្លើងនេះ បានដឹកទំនិញជាច្រើនមុខ តែនៅមិនទាន់​ជាទំនិញធំដុំ ដែលមាន​តម្លៃខ្ពស់ៗ នោះនៅ​ឡើយ។ ទំនិញ​ទាំង​នោះ មានទិសដៅ​សម្រាប់​ទីផ្សា នៃប្រទេសចិន មានជាអាទិ៍ ស្រាវីស្គី ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង ​ផលិតផល​សម្រាប់​កុមារ និងថ្នាំពេទ្យ។

«ផ្លូវជំនួញសូត្រ» ភ្ជាប់ចិននិងពិភពលោក...

ការបើកផ្លូវដឹកជញ្ជូនថ្មីនេះ ជាផ្នែកមួយ នៃនយោបាយថ្មី របស់ចិន។ នយោបាយនោះ ឈ្មោះ «ផ្លូវ​ជំនួញ​សូត្រ» ទើប​ត្រូវ​បាន​បង្កើត​ឡើង នៅឆ្នាំ២០១៣ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ចិន និងបណ្ដាប្រទេស​ទាំងឡាយ នៅជុំវិញ​ផែនដី ជា​ពិសេស ជាមួយ​បណ្ដា​ប្រទេស នៅ​អ៊ឺរ៉ុប​ខាងលិច។

សម្រាប់ប្រទេសអង់គ្លេស ខ្សែផ្លូវដែក «ឡុងដ៍-យីវូ» មួយនេះ បានបង្ហាញពីសក្ដានុពលថ្មី សម្រាប់​ទីផ្សារ​ពាណិជ្ជកម្ម «អង់គ្លេស-អាស៊ី» នៅក្រោយ​ការចាកចេញ របស់ប្រទេស​នេះ ពីសហភាពអ៊ឺរ៉ុប (Brexit)។ ការ​ដឹក​ជញ្ជូន​ទំនិញ តាមរយៈ​រថភ្លើង ត្រូវបានគេ​គណនាថា មានតម្លៃថោក​ជាង ការដឹកជញ្ជូន ដោយប្រើ​មធ្យោបាយ​យន្ដហោះ និងមានល្បឿន​លឿន ជាងការដឹក​ជញ្ជូន តាមផ្លូវសមុទ្រ (ប្រើរយៈពេល​១៨ថ្ងៃ ទល់​នឹង៣០ថ្ងៃ​ជាង នៅ​តាម​ផ្លូវសមុទ្រ)។

ផ្ទុយទៅវិញ អាជ្ញាធរក្រុង «Yiwu» បានប្រកាស​ឲ្យដឹងថា ខ្សែរថភ្លើងនេះ ផ្ទុកបាន​តែ៨៨​កុងទឺន័រប៉ុណ្ណោះ ដែល​ខុស​គ្នា​ឆ្ងាយ ពីការដឹកជញ្ជូន​តាមផ្លូវសមុទ្រ ដែល​នាវាមួយ អាចទទួល​បាន​ពី ១០ ០០០ ទៅ ២០ ០០០ ​កុងទឺន័រ។

មិនទាន់ស្រួលប៉ុន្មានទេ...

យ៉ាងណា បញ្ហាដែលកើតឡើង ពីខ្សែរថភ្លើងថ្មីនេះ និងដែលទាមទារ ឲ្យមានការធ្វើវិនិយោគទុន​ដ៏​សម្បើម​នោះ ​គឺ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវដែក ដែលត្រូវដាក់ឲ្យមានទម្រង់ «Standard» ដូចគ្នា រវាង​ផ្លូវដែក នៃ​បណ្ដា​ប្រទេស​នៅ​អ៊ឺរ៉ុប​ខាង​លិច និងបណ្ដាប្រទេស ដែលធ្លាប់ស្ថិត​​ក្រោម​​ការគ្រប់គ្រង របស់អតីត​សហភាព​សូវៀត។ នៅ​ពេល​នេះ បណ្ដា​កុងទឺន័រ​ទាំងឡាយ ដែល​ផ្ទុកនៅ​លើ​ខ្សែរថភ្លើង ចេញ​ពីរាជធានី​ឡុង ត្រូវបាន​លើក​ចេញ យក​ទៅ​ដាក់​លើ​​ខ្សែរថភ្លើង​មួយទៀត បន្ទាប់ពី​ការដឹកជញ្ជូន បានមក​ដល់​ប្រទេស ប៊ីយ៉េឡូរ៉ូស្ស៊ី ដោយ​ហេតុថា ផ្លូវ​ដែក​នៅ​ទីនោះ មានទំហំ​ទូលាយជាង ផ្លូវដែក​នៅអ៊ឺរ៉ុប​ខាងលិច៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់