ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ

ប្រភពព័ត៌មានជាច្រើន រួមនឹងអ្នកនាំពាក្យក្រសួងមហាផ្ទៃផង បានអះអាងថា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែល​ជា​នាយក​រងការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ឆ្ពោះ​ទៅ​កាន់រាជធានី បាងកក ប្រទេសថៃ តាំង​ពីថ្ងៃម្សិលម៉ិញ។ ទាក់ទង​នឹងដីកាកោះ របស់តុលាការ នៅថ្ងៃទី២ ខែឧសភាខាងមុខវិញ លោក ជុន ច័ន្ទបុត្រ បាន​អះអាង​ថា លោកកំពុងជជែក ជាមួយមេធាវី​របស់​លោក។
ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ
លោក ហួត វុទ្ធី ដាក់រហស្សនាម ជុន ច័ន្ទបុត្រ នៅក្នុងកម្មវិធីផ្សាយមួយ របស់វិទ្យុអាស៊ីសេរី។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 29, 2017
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អាន និងបញ្ចេញយោបល់

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ នាយករង​ការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ី​សេរី​ បាន​ចាក​ចេញពី​កម្ពុជា ទៅ​កាន់​រាជធានី​ បាងកក ប្រទេស​ថៃ ហើយ តាម​ជើងហោះហើរ​ របស់ក្រុមហ៊ុន​អាកាសចរណ៍ «Thai Airway» កាលពីម៉ោង​១៥ និង០៤​នាទី ​ថ្ងៃសុក្រ ​ទី​២៨ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញ។ នេះ​បើ​​យោងតាម​សារព័ត៌មានក្នុងស្រុក ជាច្រើន ដែលផ្សាយឲ្យដឹង នៅរសៀលថ្ងៃសៅរ៍នេះ។

ព័ត៌មាននេះ ត្រូវបានអះអាង ថាជាការពិត ដោយមន្ត្រីជាន់ខ្ពស់ របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និងបន្ទាប់មក អះអាងបន្ថែម ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានថ្លែងថា នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ដោយប្រើលិខិតឆ្លងដែនអាមេរិក។

យ៉ាងណា ការអះអាងខាងលើនេះ ​មិន​ទាន់​មានការ​បញ្ជាក់ ​ពីលោក ហួត វុទ្ធី ឬពីស្ថាប័ន​វិទ្យុ​អាស៊ី​សេរី ​នៅឡើយ​ មកទល់នឹងម៉ោងនេះ។ កាលពីថ្ងៃ​ទី​២១ ខែមេ​សា ឆ្នាំ២០១៧ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​ដីកា​កោះហៅរូបលោក (ហួត វុទ្ធី) ក្នុង​នាម​ជនសង្ស័យ ដើម្បី​សាកសួរ​ពី​ដំណើររឿង ​ផ្តល់​សេចក្តី​ប្រកាស​ភូត​កុហក បន្លំ​ចូល​ក្នុង​ពន្ធនាគារ កាលពីពីសប្ដាហ៍​កន្លងមក ។

សារព័ត៌មានខ្លះ ដែលស្និតនឹងរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភព ពីមន្ត្រីក្រសួងមហាផ្ទៃ មកបញ្ជាក់ថា លោក ហួត វុទ្ធី ត្រូវបានជាប់ក្នុងបញ្ជី ដែលហាមធ្វើដំណើរ ចេញក្រៅប្រទេស បន្ទាប់ពីលោកទទួលបាន ដីកាកោះហៅ ឲ្យចូលទៅបំភ្លឺ នៅថ្ងៃទី២ ខែឧសភាខាងមុខ។ ប៉ុន្តែសម្រាប់មេធាវីមួយរូប ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូបានស្នើសុំយោបល់ បានអះអាងថា លោក ហួត វុទ្ធី មានសិទ្ធិដើរចេញ ឬចូលក្នុងប្រទេសកម្ពុជា ជាធម្មតា ដោយសារតែតុលាការ មិនបានប្រកាសហាមឃាត់លោក ពីករណីនេះទេ។

ចំពោះដីកាកោះហៅរបស់តុលាការវិញ ត្រូវបានលោក ហួត វុទ្ធី ថ្លែងអះអាងថា លោកនឹងស្នើសុំឱវាត ពីមេធាវីការពារក្ដីរបស់លោក មុននឹងសម្រេច ថាត្រូវធ្វើយ៉ាងណា។ លោកបានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិកថា លោករកបានមេធាវី សម្រាប់ការពារក្ដី ឲ្យរូបលោករួចហើយ។

សូមជម្រាបជូនដែរថា កាលពីថ្ងៃម្សិលម៉ិញ និងម្សិលម្ងៃ អ្នកស្រី មូរ សុខហួរ និងលោក ឡុ​ង រី ជាអនុប្រធាន និងជាតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ក៏ត្រូវបានលោក សៀង សុខ ចេញដីការកោះហៅ ចូល​បំភ្លឺ ក្នុង​នាមជាសាក្សី ជុំវិញនឹងសំនុំរឿង​ខាងលើដូចគ្នា។ មន្ត្រីគណបក្សប្រឆាំងទាំងពីរូប បានចូលទៅក្នុងតុលាការ តាមកាលកំណត់ និងបានចេញមកវិញ ដោយមិនបានធ្វើអត្ថាធិប្បាយអ្វីច្រើនឡើយ។ ការធ្វើអត្ថាធិប្បាយណាក៏ដោយ នៅពេលនេះ អាចប៉ះពាល់ ទៅដល់ការស៊ើបអង្កេតជំហានដំបូង របស់តុលាការ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់