ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ «មិនឈឺក្បាល» នឹង​រឿងនាង ដេនី ក្វាន់ ស្លៀកពាក់នៅក្រៅឆាកនោះទេ ហើយលោកបានទាមទារ ទៅក្រសួងវប្បធម៌វិញ ឲ្យបង្ហាញភស្ដុតាង«ច្បាស់លាស់» ថាតើតារាសម្ដែងរូបនេះ ពិតជាមិនបានគោរពការណែនាំ របស់ក្រសួងវប្បធម៌ មែនឬអ្វី។
ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»
ពីឆ្វេងទៅស្ដាំ ៖ នាង ដេនី ក្វាន់ ពាក់អាវបញ្ចេញសាច់ភ្នំទាំងគូ និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ (រូបថតលើហ្វេសប៊ុក)

ដើមទ្រូង របស់តារាសំដែង ចូលចិត្តស្លៀកពាក់ស៊ិចស៊ី នាង ដានី ក្វាន់ ពិតជាមាន«ឥទ្ធិពល»មែន រហូតដល់ថ្នាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅទៅណែនាំ ម្ដងជាពីរដង និងទីបំផុតដាក់ពិន័យ លើតារារូបនេះ លែងឲ្យចេញសំដែង ចំនួន១ឆ្នាំពេញ។ តែមិនមែន តែរឿងប៉ុណ្ណឹងទេ ព្រោះក្រសួងព័ត៌មាន ដែលទើបនឹង​ទទួល​បាន​លិខិតបម្រាមនេះ ពីក្រសួងវប្បធម៌ បានប្រតិកម្មតបវិញ ថាខ្លួន«មិនឈឺក្បាល» និងទាមទារឲ្យក្រសួងវប្បធម៌ បង្ហាញភស្ដុតាង។

ប្រតិកម្មនៃការ«មិនឈឺក្បាល»នេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក នៅមុននេះបន្តិចដូច្នេះថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់ នៅក្រៅឆាកដែរ។ តែការហាមឃាត់ ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)។»។

សំណេររបស់លោក ខៀវ កាញារីទ្ធ មានអមមកជាមួយ នូវកំណត់បង្ហាញលិខិត ពីនាយកដ្ឋានរដ្ឋបាល របស់ក្រសួងព័ត៌មាន ដែលត្រូវរាយការណ៍ ទៅរដ្ឋមន្ត្រី របស់ខ្លួន ដើម្បីសុំការពិនិត្យ និងសម្រេច ទៅលើករណីនេះ។ ដោយយោងប្រភព ពីលិខិតរបស់ក្រសួងវប្បធម៌ កំណត់បង្ហាញលិខិត ដែលមានចុះហត្ថលេខា ដោយប្រធានការិយាល័យ​ លោក ហ៊ល សំនៀង មានសរសេរជាខ្លឹមសារថា៖ «សំណើរសុំកិច្ចសហការ ហាមឃាត់ ដល់គ្រប់ស្ថានីយ៍ទូរទស្សន៍ និងអាជីវករ ដែលមានមុខរបរ ពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារា ដេនី ក្វាន់ ចូលរួមសម្ដែង»

នាង ដេនី ក្វាន់ ជាតារាសម្ដែង ល្បីខាងថតរូប ​បង្ហាញ​គល់សុដន់ និងខ្លួន​ប្រាណ លិច​លើ​លិច​ក្រោម។ រូបថតរបស់នាង ដែលជួនកាល មានតែអាវទ្រនាប់ សម្រាប់បិតបាំងសុដន់នោះ តែងត្រូវបានយកទៅផ្សព្វផ្សាយ នៅតាមទស្សនាវដ្ដីមួយចំនួន និងជាពិសេស នៅតាមបណ្ដាញសង្គម។

កាល​ពី​ចុង​សប្តាហ៍​មុន ​ក្រសួង​វប្បធម៌ បានកំណត់ដាក់ពិន័យ ​តារា​សម្តែង កញ្ញា ដេនី ក្វាន់ ដោយហាមតារារូបនេះ មិន​ឲ្យ​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ សម្រាប់រយៈ​ពេល​ ពេញ​មួយ​ឆ្នាំ ក្រោយពី​មាន​ការ​សម្រេច ​ពី​ក្រុម​ប្រឹក្សា​វិន័យ ដែលបានគិតថា ​នាង ដេនី ក្វាន់ នៅតែបន្ត​ «ផ្គើន» ​ថត​សម្តែង រូបភាព​បែប​សិចស៊ី ក្នុង​ចេតនា​ធ្វើ​ឲ្យ​ប្រាសចាក​ នឹង​ប្រពៃណី​ខ្មែរ។

នៅ​ក្នុង​លិខិត​ផ្លូវ​ការ ​របស់​ក្រសួងវ​ប្បធម៌​ ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទើប​មកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ បានឲ្យដឹងថា ក្រសួង​វប្បធម៌​បាន​សម្រេច​ដាក់​ពិន័យ​ផ្អាក តារា​សម្តែង នាង ដេនី ក្វាន់ មិន​ឲ្យ​ធ្វើ​សកម្មភាព ​ពាក់​ព័ន្ធ​នឹង​វិស័យ​សិល្បៈ ​គ្រប់​រូបភាព រួម​មាន ការ​សម្តែង ថត​ខ្សែ​ភាពយន្ត ខារ៉ាអូខេ ស្ពត ច្រៀង​បង្ហាញ​មុខ​ នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជា​ដើម ​រយៈ​ពេល ១​ឆ្នាំ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២៥ ខែ​មេសា ឆ្នាំ ២០១៧ ដល់​ថ្ងៃ​ទី ២៤​ខែ​មេសា​ឆ្នាំ ២០១៨។

ក្រសួង​វប្បធម៌ ​បាន​បញ្ជាក់ហេតុផល​ថា ​នាង​ ដេនី ក្វាន់ ​នៅតែ​បន្ត​ការ​ប្រើ​ប្រាស់សម្លៀក​បំពាក់ ​និង​ឥរិយាបថ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនៀម​ទំលាប់ ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ តាម​បណ្តាញ​ព័ត៌មាន និង​ទី​សាធារណៈ បើ​ទោះ​បី​តារា​សម្តែង​រូប​នេះ ធ្លាប់​បាន​សន្យា​ ជាមួយ​ក្រសួង​វប្បធម៌ កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៦ កន្លង​ទៅ​ម្តង​រួច​ហើយ​ក្តី។

​ប៉ុន្តែការដាក់ពិន័យ ទៅលើតារាសម្ដែង ត្រូវបានក្រុមអ្នកការពារសិទ្ធិស្ត្រីរិះគន់ ត្រឡប់ទៅក្រសួងវប្បធម៌វិញ ដោយពួកគេទាំងនោះ បាននិយាយថា ក្រសួងវប្បធម៌អាចមានអំណាច ផ្ដល់យោបល់ ទៅលើការសម្ដែងរបស់នាង ដេនី ក្វាន់ ក្នុងក្របខណ្ឌសិល្បៈបាន តែក្រសួងមិនមានអំណាច មកកំហិតសិទ្ធិស្លៀកពាក់ នៅក្រៅឆាក របស់នរណាម្នាក់បានឡើយ។

កាលពីសប្ដាហ៍មុន នាង ដេនី ក្វាន់ បានថ្លែងប្រាប់សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ថា នាងបានសម្រេចចិត្ត ឈប់ស្លៀកពាក់ស៊ិចស៊ីទៀតហើយ យ៉ាងហោចណាស់ ក៏ក្នុងរយៈពេលមួយឆ្នាំ នៃការពិន័យ របស់ក្រសួងវប្បធម៌ដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់