កូន​ប្រុស ឈុត វុទ្ធី បង្ហើប​ថា អ៊ិន រតនា និង​ឪពុក​លោក​ជា​មិត្តភ័ក្រ​គ្នា

សំនុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី បានកម្រើកមកវិញ នូវរឿងរ៉ាវដែលអាជ្ញាធរ និងតុលាការកម្ពុជា បាន​បិទ​បញ្ចប់ តាំង​ពី​៥ឆ្នាំ​កន្លង​​មក​ហើយ។ នោះគឺលោក ឈុត វុទ្ធី និងជនសង្ស័យ​បាញ់សម្លាប់លោក ឈុត វុទ្ធី គឺ​លោក អ៊ិន រតនា ទំនង​ជា​មាន​ទំនាក់​ទំនង ស្គាល់​គ្នា​​យ៉ាង​ជិតដិត។ នេះ បើតាម​ការ​បង្ហើប​ឲ្យដឹង ពីសំណាក់​កូន​ប្រុស​របស់​លោក ឈុត វុទ្ធី នៅក្នុងកិច្ចសម្ភាសមួយ ក្នុងថ្ងៃខួបប្រាំឆ្នាំ នៃមរណភាពរបស់​ឪពុកលោក។
កូន​ប្រុស ឈុត វុទ្ធី បង្ហើប​ថា អ៊ិន រតនា និង​ឪពុក​លោក​ជា​មិត្តភ័ក្រ​គ្នា
ពីឆ្វេងទៅស្ដាំ៖ លោក ឈុត វុទ្ធី កាលពេលលោកនៅរស់ និងលោក អ៊ិន រតនា បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងពីរគ្រាប់ ស្លាប់។ (រូបថតសហការី)

វាពិបាកនឹងយល់​ណាស់ ដែលមនុស្សពីរនាក់​រាប់អានគ្នា​ បែរជាឈ្លោះគ្នា រហូតឈានដល់ ការ​បាញ់សម្លាប់គ្នា។ ព្រោះ បើតាមរបាយការណ៍ចុងបញ្ចប់ របស់គណៈកម្មការចម្រុះ ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប៉ុន្មានថ្ងៃ ក្រោយឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធី (ឃាតកម្មនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២) នោះ បានរកឃើញថា លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីរាជអាវុធហត្ថ លោក អ៊ិន រតនា បាញ់សម្លាប់ ដោយសារទំនាស់ពាក្យសម្ដី និងភាពឆេវឆាវ ខណៈលោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ ដោយ«រាកៃ» ដោយលោក រ៉ាន់ បូរ័ត្ន មន្ត្រីសន្តិសុខមួយរូបទៀត ក្នុងពេលក្រោយមក។

ប៉ុន្តែការរកឃើញនេះ មិនដែលផ្ដល់ការជឿជាក់ សម្រាប់ក្រុមគ្រួសារ របស់លោក ឈុត វុទ្ធី នោះទេ ហើយពួកគេនៅតែទាមទារ ឲ្យស្វែងរកយុត្តិធម៌ និងអ្នកដែលនៅពីក្រោយឃាតកម្មនេះ យកមកផ្ដន្ទាទោស។ ជាពិសេស កូនប្រុសលោក ឈុត វុទ្ធី បានទម្លាយ រឿងរ៉ាវថ្មីមួយទៀត ដែលកាត់តែឲ្យគ្រួសារ របស់ជនរងគ្រោះ សំដែងការសង្ស័យ​ច្រើនឡើង។

ថ្លែងក្នុងកិច្ចសម្ភាសមួយ កាលពីថ្ងៃខួបប្រាំឆ្នាំ នៃមរណភាពរបស់ឪពុកលោក ទៅកាន់វិទ្យុអាស៊ីសេរី លោក ឆឺយ ឧត្ដមរស្មី បានស្រង់សំដី ពីមិត្តភ័ក្រឪពុកលោក ដែលជាអ្នករស់នៅ ក្នុងតំបន់អូរសោម (ជាតំបន់មួយ នៅចន្លោះជួរភ្នំក្រវាញ ខេត្តពោធិសាត់ ទៅកាន់ខេត្តកោះកុង) មកបញ្ជាក់ថា លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា បានស្គាល់រាបអានគ្នា។ លោក ឆឺយ ឧត្ដមរស្មី បានថ្លែងឡើងថា៖ «ឪពុកខ្ញុំបានបង្រៀន [លោក អ៊ិន រតនា] ពីច្បាប់យោធា ពីការប្រើប្រាស់អាវុធយោធាមួយចំនួន ទៅគាត់។ បើអញ្ចឹង ខ្ញុំគិតថា មិនមានរូបប្អូនណា មកលើកកាំភ្លើងបាញ់ រៀមច្បង ដែលជាគ្រូបង្រៀនបានទេ ព្រោះឪពុកខ្ញុំ ធ្លាប់ជាអតីតទាហាន និងធ្លាប់ទៅសិក្សា នៅប្រទេសរ៉ូស្ស៊ី រយៈពេល៧ឆ្នាំ ផ្នែកបណ្ឌិតយោធា។»។

» សាកសពស្ដូកស្ដឹង របស់លោក អ៊ិន រតនា នៅខាងមុខ រថយន្ដលោក ឈុត វុទ្ធី៖

លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង នៅពេលលោក ឈុត វុទ្ធី ធ្វើដំណើរទៅស៊ើបអង្កេត ជាមួយនឹងអ្នកសារព័ត៌មានពីរនាក់ របស់កាសែត «The Cambodia Daily» លើករណីកាប់ព្រៃឈើ ដ៏ប្រទាំងប្រទើសមួយ ស្ថិតក្នុងស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ធ្វើឡើងដោយក្រុមហ៊ុន ធីមប៊ើរហ្គ្រីន (Timber Green) ដែល​មាន​អាជ្ញា​ប័ណ្ណ​ កាប់​រាន​អាងស្តុក​ទឹក ​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ ឫស្សីជ្រំ​ក្រោម​ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីកន្លែងឃាតកម្ម។

សារព័ត៌មាន «The Cambodia Daily» បានសរសេរចុះផ្សាយ នៅប៉ុន្មានថ្ងៃក្រោយមកថា ហេតុការណ៍​បាន​ផ្តើមឡើង ​ដោយសារ​តែ​ការរារាំង​ មិន​ឲ្យ​អ្នកកាសែត និង​អ្នកការពារ​ព្រៃឈើ​ ថតរូប​គំនរ​ឈើ និង​វល្លិ​រមៀត ​ដែល​គេ​បានគរ​ទុក​ នៅ​ទីនោះ។ ការព្យាយាម​ថតរូប​ភាពនេះ បានធ្វើ​ឲ្យ​ក្រុម​ជនប្រដាប់អាវុធ​ ដែល​ឈរ​ការពារ​​ទីតាំង​នោះ​ខឹងសម្បា និង​ព្យាយាម ​ដកយក​ម៉ាស៊ីន​ថត​ ពី​ពួកគេ។ ទំនាស់​ បាន​ឈានដល់​ការជជែក​គ្នា​ យ៉ាង​តឹងសរសៃក និង​រហូតដល់ មានការប្រតាយប្រតប់គ្នា មុននឹងស្នូរផ្ទុះអាវុធច្រើនគ្រាប់ បានលាន់ឮឡើង។​ សារព័ត៌មាន មិនបានអះអាងថា នរណាជាអ្នកបាញ់ទេ។

នៅក្នុងភាពយន្ដឯកសារមួយ ដែលមានចំណងជើងថា «ខ្ញុំជា​ ឈុត វុទ្ធី» កញ្ញា អូឡេស៊ា ផ្លូកឃី (Olesia PLOKHII) អ្នកសារព័ត៌មានមួយរូប ក្នុងចំណោមអ្នកសារព័ត៌មាន ទាំងពីររូប របស់សារព័ត៌មានខាងលើ ដែលស្ថិតក្នុងហេតុការណ៍បាញ់ប្រហារនោះ ក៏បានត្រឡប់​​មក​រៀបរាប់​ ដោយ​ផ្ទាល់ឡើងវិញ ពីរឿងរ៉ាវនេះដែរ។ កញ្ញាបានបញ្ជាក់ នៅចុងបញ្ចប់ នៃ​ការ​រៀបរាប់​នោះ​ថា៖ «ខ្ញុំគិតថា ពួកគេបាន​សម្លាប់​ទាហាន​ម្នាក់ (លោក អ៊ិន រតនា) ដើម្បីលាក់ការពិត»។

» អានអត្ថបទទាក់ទង៖ «ខ្ញុំជា ឈុត វុទ្ធី» ចាក់​ផ្សាយ​ភាពយន្ដ​ឯកសារ​ទាំង​ស្រុង

ប៉ុន្តែរឿងរ៉ាវ ទំនងជាបានកើតឡើង តាំងពីច្រើនខែមកហើយ។ នេះ បើតាមការចុះផ្សាយ របស់សារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ ដែលបានអះអាងថា អ្នកសារព័ត៌មានរបស់ខ្លួនពីររូប រួមនឹងលោក ឈុត វុទ្ធី នៅអំឡុងខែធ្នូ ឆ្នាំ២០១១ ត្រូវបានក្រុមជនប្រដាប់អាវុធមួយក្រុម ឃាត់ខ្លួនទុក បន្ទាប់ពីពួកគេ បានចុះទៅកាន់តំបន់​កណ្តាល​ភ្នំ​ក្រវាញ​ នៃ​តំបន់​ព្រៃ​ការពារ។ សារព័ត៌មានបានរៀបរាប់ថា ក្រុមជនប្រដាប់​អាវុធទាំងនោះ បាន​តម្រូវ​ឲ្យ​លោក ឈុត វុទ្ធី និយាយ​ទៅ​កាន់​មេ​បញ្ជាការ​ពួក​គេ ​តាម​ទូរស័ព្ទ ហើយ​បន្ទាប់​ពី​ការ​និយាយ​ឆ្លើយឆ្លង​គ្នា​ ដ៏ខ្លាំងៗ​នោះ​មក​ លោក ឈុត វុទ្ធី បាន​កំណត់​អត្តសញ្ញាណ ​របស់​«មេ​ម្នាក់»​នោះ​ថា​ ជា​ប្រធាន​សន្តិសុខរបស់​ក្រុមហ៊ុន «Timber Green»។

នៅក្នុងឯកសារចុះបញ្ជីរ នៅឯក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន «Timber Green» មានម្ចាស់ភាគហ៊ុនធំ ឈ្មោះអ្នកស្រី ខៀវ សស៊ីលាភ។ ប៉ុន្តែក្រុមហ៊ុននេះ នៅមានមន្ត្រីមានអំណាច ជាច្រើននាក់ទៀត នៅក្នុងជួររដ្ឋាភិបាល ជាអ្នកចូលរួមភាគហ៊ុន ជាមួយដែរ។ សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានរាយការណ៍បន្តថា៖ «ក្រុមហ៊ុន "Timber Green" ​ទទួល​បាន​អាជ្ញាប័ណ្ណ ធ្វើ​ការ​ឈូស​ឆាយ ​លើ​ផ្ទៃ​ដី​ទំហំ​ជិត ២​ពាន់​ហិកតា ​នៃ​ទំនប់​ស្ទឹង​តាតៃ ក្នុង​ស្រុក​ថ្មបាំង ហើយ​លោក​ ឈុត វុទ្ធី បាន​សង្ស័យ​ថា ក្រុមហ៊ុន​នេះ​​កំពុង​​កាប់​ឈើ​​ច្រើន​​ហួសហេតុ​ ពី​ក្នុង​តំបន់​ដែល គេ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ ពីរដ្ឋាភិបាល​កម្ពុជា»។

សម្រាប់កូនប្រុសលោក ឈុត វុទ្ធី បានសំដែង ការជឿជាក់ថា មន្ត្រីរដ្ឋាភិបាល ឬអ្នកមានអំណាចណាម្នាក់ ពិតជានៅពីក្រោយខ្នង នៃការបាញ់សម្លាប់ឪពុកលោក។ លោក ឆឺយ ឧត្ដមរស្មី បានថ្លែងឡើងថា៖ «ខ្ញុំមិនជឿថា លោក អ៊ិន រតនា ដែលជាមន្ត្រីកងរាជអាវុធហត្ថ ដែលមានថានៈតូចទាបនេះ ហ៊ានលើកកាំភ្លើងបាញ់ សម្លាប់ឪពុកខ្ញុំនោះទេ។ (...) ខ្ញុំចង់ឲ្យអន្តរជាតិ ទាំងរដ្ឋាភិបាល រកអ្នកបញ្ជានៅពីក្រោយខ្នង យកមកកាត់ទោស ព្រោះខ្ញុំគិតថា អ្នកបញ្ជានោះ គឺជាអ្នកធំ នៅក្នុងជួររដ្ឋាភិបាល។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់