វិទ្យុ​អាស៊ី​សេរី​ចាត់​ទុក​ករណី ជុន ច័ន្ទបុត្រ ជា​ការ​គម្រាម​ធ្ងន់ធ្ងរ

«ជារឿងហួសហេតុ ដែលអាជ្ញាធរ [កម្ពុជា] យកអ្នកសារព័ត៌មាន ធ្វើជាមុខសញ្ញា [ដើម្បី] ធ្វើទុក្ខ​បុកម្នេញ និង​គំរាម​កំហែង ដោយ​សារ​ការ​បំពេញការងារ របស់​គាត់» នេះ ជាប្រតិកម្ម​របស់​ស្ថាប័ន វិទ្យុ​អាស៊ី​សេរី ដែល​ទើប​នឹង​ធ្លាក់​មក​ដល់ នៅមុន​នេះ​បន្តិច នៅចំពោះ​ករណី​ របស់​នាយករង​ការផ្សាយ ជាខេមរភាសា របស់​ស្ថាប័ន​មួយ​នេះ គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលបាន​ចូល ទៅក្នុងពន្ធនាគារព្រៃស កាលពី​សប្ដាហ៍​មុន។
វិទ្យុ​អាស៊ី​សេរី​ចាត់​ទុក​ករណី ជុន ច័ន្ទបុត្រ ជា​ការ​គម្រាម​ធ្ងន់ធ្ងរ
រូបកណ្ដាល គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី។ (រូបថត monoROOM.info/ S. Tith)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 27, 2017
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អាន និងបញ្ចេញយោបល់

ទាក់ទងនឹងរឿងរ៉ាវ របស់នាយករង ការផ្សាយផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ដែល​បាន​ចូល​ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសាមកនោះ គេត្រូវរង់ចាំ​រយៈពេល​​មួយ​សប្ដាហ៍​ពេញ ដើម្បីទទួលបាន​ប្រតិកម្មជា​ផ្លូវការ របស់ស្ថាប័ន​វិទ្យុអាមេរិក ផ្សាយ​ចម្រុះ​ភាសា​មួយ​នេះ។ សេចក្ដី​ថ្លែង​ការណ៍​មួយ ដែលទើប​នឹង​ធ្លាក់ មកដល់ដៃ​អ្នកសារព័ត៌មាន ក្នុង​រសៀល​ថ្ងៃនេះ បាន​ចាត់​ទុក​ករ​​ណី​ខាង​​លើ ថាជា​​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ទៅលើ​អ្នកសារព័ត៌មាន ខណៈរដូវកាល នៃ​ការបោះឆ្នោត កំពុងខិតជិត​មកដល់។

សេចក្ដីថ្លែងការណ៍ របស់វិទ្យុអាស៊ីសេរី បានការពារលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថា​«មិន​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​ ព្រហ្មទណ្ឌ​​ណា​​មួយ​ទេ»។ អត្ថបទនោះ បានសរសេរថា៖ «គាត់ (លោក ហួត វុទ្ធី) ​ក៏​មិន​បាន​បន្លំ​ខ្លួន ឬ​ក៏​លាក់​​អត្តសញ្ញាណ​ ជា​អ្នក​សារព័ត៌មាន​​របស់​​អាស៊ីសេរី​ ដែល​មាន​មនុស្ស​​ស្គាល់​​ជា​ទូទៅ [នោះដែរ]។ ចំណាត់​ការ​ ក្នុង​​ពេល​​ថ្មីៗ មក​លើ​រូប​គាត់​​បែប​នេះ ​គឺ​មាន​ចេតនា​​បំភិតបំភ័យ​គាត់​ និង​បុគ្គលិក​​អាស៊ីសេរី ឯ​ទៀត ក្នុង​​ពេល​​ប្រកួត​​ប្រជែង ​ដ៏​ស្វិតស្វាញ​​ ក្នុង​​រដូវកាល​​បោះ​ឆ្នោត។»។

ចំណាត់ការ ដែលសេចក្ដីថ្លែងការណ៍លើកឡើង ទំនងជាចង់​និយាយដល់ ពីការកោះហៅ​លោក ហួត វុទ្ធី ពី​សំណាក់​លោក​ សៀង សុខ ព្រះ​រាជ​​​អាជ្ញា​រង​​សាលា​​​ដំបូង​​​រាជ​ធានី​ភ្នំពេញ ឲ្យចូលខ្លួន​​ទៅបំភ្លឺ ពីដំណើររឿង​​ខាង​លើ​នេះ នៅ​ព្រឹក​ថ្ងៃទី០២ ខែឧសភា​ខាង​មុខ។ នេះបើតាម​ដីកាមួយ ចុះហត្ថលេខា នៅថ្ងៃទី២១ ខែមេសា និងធ្លាក់មកដល់​ដៃអ្នក​សារព័ត៌មាន នៅមួយថ្ងៃ​ក្រោយ។ ក្រសួង​​មហាផ្ទៃកម្ពុជា បានគិតថា ការ​ចូល​ទៅ​ក្នុង​​ពន្ធនាគារ​នោះ គឺ​លោក ហួត វុទ្ធី បាន​​កុហក​​អាជ្ញាធរ ដោយ​ប្រើ​មធ្យោបាយ​​​«បន្លំ»​​​ខ្លួន ជាជំនួយ​​ការ​តំណាង​រាស្ត្រ របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​ចូល​​សួរ​សុខ​ទុក្ខ​​​សកម្មជន​​របស់​គណបក្ស​ខ្លួន ក្នុង​ពន្ធនាគារ ​នៅ​ថ្ងៃ​នោះ។

តែ​ការចោទប្រកាន់ របស់អាជ្ញាធរនោះ ត្រូវបានលោក ហួត វុទ្ធី បដិសេធ។ សេចក្ដី​ថ្លែងការណ៍ របស់​វិទ្យុ «RFA» ដែល​ឧបត្ថម្ភ​ធន់​ដោយ​រដ្ឋសភា​អាមេរិក បាន​បញ្ជាក់​បន្ថែមថា៖ «យើង​ខ្ញុំ​​នៅ​​អាស៊ីសេរី ​ចាត់​​ទុក​​កា​រ​គំរាម​កំហែង​​បែប​​នេះ ជា​ករណី​ធ្ងន់ធ្ងរ។ ទោះជាយ៉ាង​នេះ​ក្តី​ វា​ក៏​មិន​អាច​រំខាន ឬ​រារាំង​​អ្នក​​សារព័ត៌មាន ​និង​​បុគ្គលិក​​អាស៊ី​សេរី​ ដែល​​ក្លាហាន​​មោះមុត​ ក្នុង​ការ​​បំពេញ​​ភារកិច្ច ​យក​​ព័ត៌មាន​​ពិត​ ឥត​​លាក់លៀម ​និង​​មិន​​លម្អៀង​ ជូន​​ប្រជាពលរដ្ឋ​​ខ្មែរ​​ ដែល​​ត្រូវ​​ការ​ព័ត៌មាន​ពិត។»។

សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គីម សន្តិភាព វិញ បានចាត់ទុកការអះអាង​ របស់​ស្ថាប័ន​វិទ្យុ​អាស៊ី​សេរី ថា​មាន​បំណង «បំភ័ន្ត​សាធារណៈ​មតិ»។ លោកបាន​សរសេរ នៅលើទំព័រ​ហ្វេសប៊ុក របស់​លោក​ថា អ្នក​សារព័ត៌មាន​គ្មាន​អភ័យឯកសិទ្ធិ​នោះ​ទេ ហើយ​បុគ្គលណា ប្រព្រឹត្ត​ល្មើសច្បាប់ គឺជា​មុខ​សញ្ញា​ របស់​អ្នក​អនុវត្ត​ច្បាប់ ក្នុង​ការ​ស្វែងរក និងផ្តន្ទាទោសតាមច្បាប់! ការអនុវត្តច្បាប់​ព្រហ្មទណ្ឌ គឺដើម្បីរក្សា​ការពារ នូវ​សន្តិសុខ​ជាតិ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម។

លោក សន្តិភាព បានបន្តទៀតថា៖ «ច្បាប់ព្រហ្មទណ្ឌ ត្រូវយក​មក​អនុវត្ត ក្នុងគ្រប់កាលៈទេសៈ រាប់​ទាំង​កាលៈទេសៈ​​នៃប្រទេស ដែល​កំពុងរៀបចំ​​ការបោះឆ្នោត​ផងដែរ»។

លោក ហួត វុទ្ធី នឹងរងការចាប់ខ្លួន ពេលបង្ហាញខ្លួននៅតុលាការ?

ភ្លាមៗ បន្ទាប់ដីកាកោះរបស់សាលាដំបូង ត្រូវបានប្រគល់ ទៅឲ្យសាមីខ្លួន (កាល​ពីថ្ងៃទី២២ ខែមេសា) សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន បានបង្ហោះផ្សាយជាបន្តបន្ទាប់ ពីសំដី​ព្រមាន របស់អ្នក​នាំ​ពាក្យរូបនេះ ស្ដីពី​ចំណាត់​ការ ទៅ​លើ​រូប​លោក ហួត វុទ្ធី ដែលអាច​ឈានទៅដល់​ការ​ឃាត់ខ្លួន នៅពេល​លោក ហួត វុទ្ធី បង្ហាញ​ខ្លួន នៅ​តុលាការ។ សម្រាប់​លោក​មេធាវី ជូង ជូងី វិញ បានចាត់ទុក ការលើកឡើង​របស់លោក គីម សន្តិភាព ថា​ជា​​ទង្វើ​ខុស​ច្បាប់។ លោកមេធាវី​បានសរសេរ នៅលើ​បណ្ដាញ​សង្គម​ដែរ​ថា៖ «ក្នុង​តួនាទី ជាមន្ត្រី​ក្រសួង​យុត្តិធម៌ ផ្តល់​បទ​សម្ភាស​យ៉ាង​នេះ គឺប៉ះពាល់ ដល់សេចក្តីសម្រេច របស់​តុលាការ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់