អូបាម៉ា ប្រកាស​គាំទ្រ ម៉ាក្រុង បេក្ខជន​ប្រធានាធិបតី​បារាំង​នាំ​មុខ

អតីតប្រធានាធិបតីអាមេរិក បានពន្យល់នៅក្នុងវីដេអូមួយ ប្រកាសគាំទ្រលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បេក្ខជន​ប្រធានាធិបតី​បារាំង មកពីគណបក្ស «En Marche!» ដែលកំពុង​នាំមុខ នៅ​ក្នុង​ការស្ទង់​មតិ ពីលើ​អ្នកស្រី ម៉ារីន ឡឺពែន (Marine Le Pen) បេក្ខនារី​មក​ពី​គណបក្ស «Front National»។
អូបាម៉ា ប្រកាស​គាំទ្រ ម៉ាក្រុង បេក្ខជន​ប្រធានាធិបតី​បារាំង​នាំ​មុខ
ពីឆ្វេងមកស្ដាំ៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ដែលទើបផុតតំណែង និងលោក អេម៉ានុយអែល ម៉ាក្រុង បេក្ខជនប្រធានាធិបតីបារាំង ដែលកំពុងនាំមុខគេ នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង។ (រូបថតលើទ្វីសធើរ)

អតីតប្រធានាធិបតីអាមេរិក ដែលទើបផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​ប្រកាស​ផ្ដល់​ការ​គាំទ្រ​របស់លោក​ ជូនទៅលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បេក្ខជន​ប្រធានាធិបតី​បារាំង មក​ពី​គណបក្ស «En Marche!» ដែលកំពុង​ត្រៀមប្រកួតផ្ដាច់ព្រ័ត្រ ជាមួយ​នឹងអ្នកស្រី ម៉ារីន ឡឺពែន (Marine Le Pen) បេក្ខនារី​មួយ​រូប​​ មកពីគណបក្ស «Front National»។

ការគាំទ្ររបស់លោក អូបាម៉ា បានធ្វើឡើង​ទៅកាន់​ពលរដ្ឋបារាំង នៅក្នុងវីដេអូមួយ ដែលត្រូវ​បាន​គណបក្ស​របស់​លោក ម៉ាក្រុង យក​ផ្សព្វផ្សាយ នៅថ្ងៃ​ព្រហស្បត្តិ៍​នេះ។ អតីតប្រធានាធិបតី​អាមេរិក បានថ្លែង​ឡើង​ថា៖ ​«ក្រោម​ហេតុផល​តែ​មួយគ​ត់ ជុំវិញសារៈសំខាន់ នៃការបោះឆ្នោតនេះ ខ្ញុំចង់ឲ្យ​លោកអ្នកដឹងថា ខ្ញុំគាំទ្រ​លោក ​អេម៉ានុយអែល ម៉ាក្រុង»។

លោក អូបាម៉ា បានបន្តថា៖ «ការបោះឆ្នោត​នៅក្នុងប្រទេសបារាំង មានអត្ថប្រយោជន៍​ដ៏​ធំធេង សម្រាប់​អនាគត​​របស់​ប្រទេស​បារាំង និង​គុណសម្បត្តិ៍​ទាំង​ឡាយ ដែលយើង​ទាំងអស់គ្នា​ស្រឡាញ់»។

សម្រាប់អតីតប្រធានាធិបតីអាមេរិក ដែលមានបណ្ដាជនបារាំងភាគច្រើន ស្រឡាញ់​ចូលចិត្ត​នោះ លោក អេម៉ានុយអែល ម៉ាក្រុង បាន​ធ្វើកម្មវិធី​នយោបាយ​របស់ខ្លួន ដើម្បី​អនាគត​ដ៏ល្អ​មួយ របស់ប្រជាជន​បារាំង និង​អ៊ឺរ៉ុប។ លោក ម៉ាក្រុង បានឆ្លើយ​តប ទៅរកក្ដីសង្ឃឹម​របស់​ប្រជាជនបារាំង តែមិនបាន​យក​ការ«ភ័យខ្លាច» របស់​បណ្ដា​ជន​បារាំង មកធ្វើ​នយោបាយ​នោះ​ទេ។

នៅចុងបញ្ចប់ លោក បារ៉ាក់ អូបាម៉ា បានយកឈ្មោះគណបក្សលោក ម៉ាក្រុង មកអះអាង​បន្ថែម​ថា៖ «តោះ ​ដើរ​ទៅ​មុខ (En Marche)! ជ័យោ ប្រទេសបារាំង!»។

កាលពីប៉ុន្មានថ្ងៃ មុនការបោះឆ្នោតជុំទីមួយ លោក អូបាម៉ា បានជជែកឆ្លើយឆ្លងម្ដងហើយ ជាមួយ​លោក ម៉ាក្រុង តាម​រយៈ​ទូរស័ព្ទ។ ការជជែក​នៅ​ពេលនោះ ដែលគេឮសូ​រត្រឹមតែសម្លេង ក៏ត្រូវបានបេក្ខជន​រូបនេះ យក​មក​បង្ហោះ បង្ហាញ​ជា​សាធារណៈ ដូចលើក​នេះ​ដែរ។

លោក អេម៉ានុយអែល ម៉ាក្រុង កំពុងមានពិន្ទុ នាំមុខអ្នកស្រី ម៉ារីន ឡឺពែន នៅក្នុង​ការស្ទង់​មតិ​ជាបន្តបន្ទាប់ សម្រាប់​ការ​បោះឆ្នោត​ជុំទីពីរ ដែលនឹង​ប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យខាងមុខ។ ការជជែក​ដេញដោល ផ្នែក​នយោបាយ រវាង​អ្នក​ទាំង​ពីរ ដែលត្រូវបាន​ធ្វើ តាមកញ្ចក់​ទូរទស្សន៍ កាលពី​យប់ម៉ិញ ក៏ត្រូវបាន​ការស្ទង់មតិ​មួយ អះអាង​ក្នុង​លទ្ធផល​របស់ខ្លួន ពីជ័យជំនះ​នៃការជជែក​ដេញដោល​នេះ ទៅខាង​លោក ម៉ាក្រុង ដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់