បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង៖ ម៉ាក្រុង និង​ឡឺពេន ឈ្នះ​ឡើង​​ជុំ​ទី​ពីរ

ការផ្សាយជាផ្លូវការ របស់ក្រសួងមហាផ្ទៃបារាំង បានបង្ហាញលទ្ធផល ជាជំហានដំបូង នា​វេលា​យប់​​ថ្ងៃ​បោះ​ឆ្នោត ទី២៣ ខែ​មេសា​ដដែល​នេះ​ថា លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron - មកពីចលនា «En Marche!») ទទួលបានសម្លេងគាំទ្រ ២៣,៩% អមតាមក្រោយ ដោយអ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen - មក​ពី​គណបក្ស​រណសិរ្យ​ជាតិ) ទទួលបានសម្លេង២១,៤% ឈ្នះពីលើបេក្ខជនចំនួន ៩នាក់ផ្សេងទៀត សម្រាប់ការបោះឆ្នោតជុំទីមួយ ដើម្បីជ្រើសតាំង​ប្រធានាធិបតី​បារាំង។
បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង៖ ម៉ាក្រុង និង​ឡឺពេន ឈ្នះ​ឡើង​​ជុំ​ទី​ពីរ
ពីឆ្វេងទៅស្ដាំ៖ លោក អេម៉ានុយអែល ម៉ាក្រុង និងអ្នកស្រី ម៉ារីន ឡឺពេន។ (រូបថតលើទ្វីសធើរ)
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 24, 2017
  • ប្រធានបទ: ប្រធានាធិបតីបារាំង
  • អាន និងបញ្ចេញយោបល់

បេក្ខជនប្រធានាធិបតី មកពីចលនា «En Marche!» លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងមកពី​គណបក្សរណសិរ្យជាតិ (Front national) អ្នកស្រី ម៉ារីន ឡឺពេន (Marine Le Pen) បាន​ជាប់​ឆ្នោត ក្នុង​ការ​បោះឆ្នោត​ជុំទីមួយ នៅថ្ងៃអាទិត្យទី២៣ ខែមេសានេះ។ អ្នកទាំងពីរ នឹងត្រូវប្រកួតប្រជែងគ្នា ដើម្បី​ឈាន​ទៅដណ្ដើមជ័យជំនះ នៅក្នុង​ការ​បោះឆ្នោត​ជុំទីពីរ នៅថ្ងៃទី៧ ខែឧសភា ខាងមុខទៀត មុន​នឹង​ក្លាយ​ខ្លួន ជា​ម្ចាស់​វិមាន​អេលីហ្សេ (Elysee - វិមានប្រធានាធិបតីបារាំង) សម្រាប់​អណត្តិ​៥ឆ្នាំ។

តាមការផ្សាយ ជាជំហានដំបូង និងជាផ្លុវការ ដោយក្រសួងមហាផ្ទៃបារាំង ក្នុងយប់ថ្ងៃបោះឆ្នោត​ដដែល​នេះ បាន​​ឲ្យដឹង​ថា លោក អេម៉ានុយអែល ម៉ាក្រុង ទទួលបានសម្លេងគាំទ្រ ២៣,៩% ខណៈអ្នកស្រី ម៉ារីន ឡឺពេន ទទួល​​បាន​សម្លេង​២១,៤%។ សម្រាប់​វិទ្យាស្ថាន​ជាច្រើន ដែលមានជំនាញ​ខាងការបោះឆ្នោត និងការស្ទង់មតិ ដូច​​យ៉ាង «Ipsos» «Harris Interactive» និង «Elabe» ជាដើម បានបង្ហាញពីតួលេខ នៃការគណនា​របស់​ផងខ្លួន តាំង​ពីក្បាលព្រលប់មកនោះ ក៏មិនសូវខុសគ្នាប៉ុន្មាន ពីការប្រកាសរបស់ក្រសួងមហាផ្ទៃនោះដែរ (លោក ​ម៉ាក្រុង ទទួល​បាន​រវាងពី ២៣% ទៅ២៤% ខណៈ អ្នកស្រី ឡឺពេន ទទួលបានរវាងពី ២១,៦%​​ ទៅ២៣%)។

លទ្ធផលបន្តបន្ទាប់ សម្រាប់បេក្ខជនដែលចាញ់ឆ្នោត...

អ្នកដែលទទួលបាន​ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ពីក្នុងចំណោមបេក្ខជនទាំងអស់១១នាក់ គឺលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង (François Fillon - មកពីគណបក្សអ្នកសាធារណរដ្ឋ «Les Républicains») និងលោក ហ្សង់លុច ម៉េឡង់ឆុង (Jean-Luc Mélenchon - មកពីចលនា «La France insoumise») ដែលទទួលបាន​សម្លេង​គាំទ្រ ​ប្រហាក់​ប្រហែល​គ្នា ប្រមាណពី ១៩% ទៅ២០%។

អ្នកដែលចាញ់ឆ្នោតធ្ងន់ធ្ងរជាងគេ គឺលោក បឺណ័រ អាម៉ុង (Benoît Hamon) ដែលជាបេក្ខជន មក​ពី​គណបក្ស​សង្គម​និយម របស់ប្រធានាធិបតីជាតិផុតតំណែង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។ លោក អាម៉ុង ទទួល​បាន​សម្លេង​គាំទ្រ រវាងតែពី៦,២% ទៅ៧%ប៉ុណ្ណោះ។ បេក្ខជនដែលទទួលបាន ចំណាត់លេខ៦ គឺ​លោក «Nicolas Dupont-Aignan» មកពីចលនា «Debout La France» ទទួលបានសម្លេងគាំទ្រ រវាង​ពី៤,៨% ទៅ​៥%។ រីឯបេក្ខជនប្រាំរូបផ្សេងទៀត ទទួលបានសម្លេង រវាងពី០,១% ទៅ១,៥%។

លទ្ធផលជុំទីមួយ ជាប្រវត្តិសាស្ត្រ!

គួរជម្រាបជូនដែរថា នេះជាលើកទីមួយហើយ ដែលបេក្ខជន ដែលចេញពីគណបក្ស​សង្គម​និយម (ឆ្វេង​និយម) និង​គណបក្ស​អ្នក​សាធារណរដ្ឋ (ស្ដាំនិយម) មិនទទួលបានលទ្ធផល នៅក្នុងជុំទីមួយ នៃ​ការ​បោះ​ឆ្នោត សម្រាប់​អណត្តិ​នេះ។ ចាប់​តាំង​ពី​ជាង ៥០ឆ្នាំកន្លងមក ក្រុមអ្នកនយោបាយ មកពីគណបក្សទាំងពីរ តែងទទួលបានសម្លេងគាំទ្រ នៅក្នុង​ការ​បោះឆ្នោត​ជុំទីមួយរបៀបនេះ ជាររៀងរហូតមក បើទោះជាពួកគេ​​បាន​ឈ្នះ​​កាន់​អំណាច ដោយ​ឆ្លាស់​គ្នា​ម្នាក់ម្ដង ឬជាប់ៗគ្នាក៏ដោយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់