នាវា​សង្គ្រាម​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក ជិត​​មក​ដល់​សមុទ្រ​ជប៉ុន

នាវាសង្គ្រាមដ៏ធំ ដែលមានផ្ទុក​ទៅដោយ​យន្ដហោះ​ចម្បាំង​រាប់សិប របស់សហរដ្ឋអាមេរិក កំពុង​ធ្វើ​ដំណើរ ​មក​ដល់​​សមុទ្រ​​ជប៉ុន។ នេះ បើ​តាម​ការ​អះអាង របស់លោក ម៉ៃឃ៍ ផេន្ស៍ (Mike Pence) អនុ​ប្រធានាធិបតី​អាមេរិក ​នៅ​ចំពោះ​ភាព​តានតឹង ជា​មួយ​នឹង​​ប្រទេស​កូរ៉េ​ខាង​ជើង បង្កឲ្យ​ស្ថានភាពក្នុងតំបន់ មានលក្ខណៈ​កាន់​តែ​ផុយស្រួយ។
នាវា​សង្គ្រាម​ផ្ទុក​យន្ដហោះ​ចម្បាំង​អាមេរិក ជិត​​មក​ដល់​សមុទ្រ​ជប៉ុន
យន្ដហោះចម្បាំង យន្ដហោះប្រដេញ ហោះនៅពីលើ​នាវាផ្ទុកយន្ដហោះ «Carl Vinson» ក្នុងមហាសមុទ្រប៉ាស៊ីភិច។ (រូបថត WikiPedia)

នាវាសង្គ្រាមអាមេរិក មានឈ្មោះ «Carl Vinson» រួមនឹងយន្ដហោះចម្បាំង ជាច្រើនគ្រឿង នៅលើនាវា​នោះ​ផង​ កំពុង​ធ្វើ​ដំណើរ ចូលមកក្នុងដែនទឹក នៃសមុទ្រជប៉ុន ដែលស្ថិត​នៅ​មិនឆ្ងាយប៉ុន្មាន ពីតំបន់ឆ្នេរ​ខាង​កើត របស់​ឧបទ្វីប​កូរ៉េ។ នេះជាការប្រកាសឡើង កាលពីចុងសប្ដាហ៍នេះ របស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃឃ៍ ផេន្ស៍ (Mike Pence) នៅចំពោះការតម្លើង​សាច់ដុំដាក់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសកុម្មុយនីស ​កូរ៉េ​ខាង​ជើង។

នាវាដ៏ធំ ដែលមានផ្ទុកយន្ដហោះ ត្រូវបានអមដំណើរ ដោយនាវាពិឃាត ចំនួនពីរគ្រឿង និងនាវា​ល្បាត​មួយ​គ្រឿង​ទៀត ដែលសុទ្ធតែមានសមត្ថភាព អាចបាញ់កាំជ្រួច សំដៅទៅដីគោកបាន។ នាវា​ទាំង​នោះ ត្រូវ​បាន​ចល័ត មក​ឈរ​ជើង នៅក្នុង​សមុទ្រ​ជប៉ុន ចាប់ពីចុងខែមេសានេះតទៅ។

ថ្លែងពីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី លោក ម៉ៃឃ៍ ផេន្ស៍ បានឲ្យ​ដឹងបន្តថា៖ «ដូច​នេះ របប​កូរ៉េ​ខាង​ជើង មិន​ត្រូវ​យល់​ច្រឡំ​ឡើយ ព្រោះថាសហរដ្ឋអាមេរិក មានធនធាន មនុស្ស និង​វត្តមាន​នៅ​ក្នុង​តំបន់​មួយ​នេះ ដើម្បី​ថែរក្សា​ផល​ប្រយោជន៍​របស់​យើង និង​សន្តិសុខ នៃ​ផល​ប្រយោជន៍ទាំងនេះ ក៏ដូចជា​ផល​ប្រយោជន៍ របស់​សម្ព័ន្ធ​មិត្ត​យើង»។

ប៉ុន្មានសប្ដាហ៍មកនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង បានតម្លើងសម្លេងដាក់គ្នា ជុំវិញ​ការ​បាញ់​​សាក​ល្បង​មិនឈប់ឈរ នូវសព្វាវុធធុនធ្ងន់ៗ ពីសំណាក់ប្រទេសកុម្មុយនីសកូរ៉េ។ កាលពីថ្ងៃទី៨ ខែ​​មេសា​កន្លង​មក ក្រុង​វ៉ាស៊ីនតោន បាន​ប្រកាស​ថា កងកម្លាំងជើងទឹក និងអាកាស​របស់​អាមេរិក បាន​ចេញ​ដំណើ​​រួច​ហើយ ឆ្ពោះ​ទៅ​កាន់​ឧបទ្វីបកូរ៉េ។ នៅក្នុង​សេចក្ដី​ប្រកាស​នោះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​សន្យា​ថា នឹងបញ្ជូននាវាសង្គ្រាម ដ៏«សម្បើម»​មួយ ដើម្បីជា​មធ្យោបាយ​ទប់ទល់ នឹង​ការ​វាយ​ប្រហារ​ណា​ក៏​ដោយ។

តែនៅ១០ថ្ងៃក្រោយការប្រកាសនោះ អ្នកទទួលខុសត្រូវម្នាក់ របស់ក្រសួងការពារជាតិអាមេរិក បាន​ទទួល​ស្គាល់​ថា ក្រុម​នាវា​ចម្បាំង​ទាំង​នោះ បានធ្វើដំណើរ​បញ្ច្រាស​ទិស ដើម្បី​ទៅ​ធ្វើ​សមយុទ្ធ​យោធា ជាមួយ​នឹង​កងទ័ព​នៃ​ប្រទេស​អូស្ត្រាលី ឯណោះ​ទៅវិញ​ទេ។

កាលពីដើមសប្ដាហ៍​មុន បន្ទាប់ពីការបាញ់កាំជ្រួច សាកល្បងមួយទៀត របស់កូរ៉េខាងជើងរួច លោក ដូណាល់ ត្រាំ បានព្រមាន​មេដឹកនាំ​របបកុម្មុយនីស លោក គីម ជុង-អ៊ុន (Kim Jong-Un) ឲ្យ«ត្រៀម​ខ្លួន»។ ការ​ព្រមាន​នេះ បាន​បង្កឲ្យមាន​ប្រតិកម្ម​មកវិញ ពីសំណាក់​របបក្រុង​ព្យុងយ៉ាង តាមរយៈ​ឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ ដោយ​លើក​ឡើងថា កូរ៉េខាងជើង​​បានត្រៀមខ្លួន រួចស្រេច​ហើយ ដើម្បី​«ឆ្លើយ​តប» ទៅ​នឹង​សង្គ្រាម​បែប​ណា​ក៏ដោយ ដែលបង្កឡើង​ដោយ​សហរដ្ឋអាមេរិក។

ប្រតិកម្មនោះ ត្រូវបានលោក ម៉ៃឃ៍ ផេន្ស៍ ថ្លែងសន្យាថា របបកូរ៉េកុម្មុយនីស នឹងទទួល​លទ្ធផល​យ៉ាង​អាណោច​អធម ក្នុង​ករណី​ផ្ទុះ​សង្គ្រាម។ លោកបានវាយតម្លៃ​របប​កុម្មុយនីស​ដ៏ឯកោ​មួយនេះ ថាជា​របប​ដឹកនាំ ​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ជា​ការ​គម្រាម ដ៏បន្ទាន់​បំផុត នៅក្នុង​តំបន់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់