បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា​លោក នឹងបោះឆ្នោត​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងថ្ងៃ​បោះឆ្នោត​ជ្រើ​សតាំងប្រធានាធិបតី​បារាំង ក្នុងថ្ងៃ​ទី២៣ ខែមេសា (ជុំទីមួយ) និងថ្ងៃទី៧ ខែឧសភា (ជុំទីពីរ) ខាងមុខ។ លោក​បាន​ពន្យល់​ថា លោកមាន​មូលហេតុ​ពីរ ដើម្បីធ្វើការ​សម្រេច​ចិត្ត​នេះ។
បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក អេម៉ានុយអែល ម៉ាក្រុង បេក្ខជនប្រធានាធិបតីបារាំង។ (រូបថតលើហ្វេសប៊ុក)

ពីក្នុងចំណោមបេក្ខជនទាំង១១នាក់ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី របស់ប្រទេសបារាំង នៅ​មួយ​​សប្ដាហ៍​ខាង​មុខ​នេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ការ​សម្រេចចិត្តជ្រើសរើសបោះឆ្នោត ឲ្យបេក្ខជនម្នាក់ ដែលមានវ័យក្មេងជាងគេទាំងអស់។ តែការ​សម្រេចចិត្ត​របស់​​លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគមើលឃើញថា មានចរិតដើម្បីបម្រើ ឲ្យនយោបាយរបស់លោក និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិរបស់លោក ជាជាងការសម្រេចចិត្ត ដែលគួរត្រូវធ្វើឡើង ក្នុងនាម​លោក​ជា​ពលរដ្ឋ​បារាំង (លោក សម រង្ស៊ី មានសញ្ជាតិបារាំង)។

បេក្ខជន​​ដែលមានវ័យក្មេងជាងគេ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នេះ គឺលោក អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron)។ បេក្ខជនរូបនេះ អាយុ៣៩ឆ្នាំ ធ្លាប់មានអតីតភាព ជាម្ចាស់​ធនាគារ និង​​ជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង ក្នុងរដ្ឋាភិបាល​របស់​ប្រធានាធិបតី​ផុត​អណត្តិ លោក​ ហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។ លោកបានលាចេញ​ពីរដ្ឋាភិបាល តាំងពីច្រើនខែមុន ដើម្បីបង្កើតចលនា​នយោបាយ​ថ្មី​មួយ​ សម្រាប់​ត្រៀម​ចូល​ប្រកួត ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង។ បុរសអ្នកនយោបាយ​វ័យក្មេងរូបនេះ បាន​ជ្រើស​រើស​នយោបាយ បែប​កណ្ដាល​និយម​«ថ្មី»​មួយ ដោយ​ដាក់​បញ្ចូលគ្នា នូវ​នយោបាយ​ដែល​ល្អៗ របស់​ក្រុមឆ្វេង និង​ស្ដាំនិយម ឬ​នយោបាយ​ដែល​ពលរដ្ឋ​បារាំង​ភាគច្រើន (ទាំងឆ្វេង ទាំងស្ដាំនិយម) តែង​ទន្ទឹង​ចង់​បាន ​ដើម្បី​ឲ្យជីវភាព​គ្រួសារ​របស់​ពួកគេ និង​ដើម្បី​ឲ្យ​សង្គម​បារាំង មានកម្រិត​ល្អប្រសើរ ជាង​ជំនាន់​​ប្រធានាធិបតី​មុនៗ។

ប៉ុន្តែសម្រាប់លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង និងរស់នៅ​ក្នុង​ប្រទេសបារាំង តាំង​ពីច្រើន​សិប​ឆ្នាំ​មក​នោះ​វិញ លោកទំនង​ជា​មិនបាន​ដាក់​ទំងន់ ទៅលើកម្មវិធីនយោបាយ​សង្គម និង​នយោបាយ​គ្រួសារ របស់​លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បធ្វើការសម្រេចចិត្ត បោះឆ្នោត​ជូន​បេក្ខជន​រូប​នេះទេ។ នៅក្នុង​សេចក្ដី​ប្រកាស​មួយ កាល​ពី​ពេល​ថ្មីៗ​នេះ អតីត​ប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ពី​ហេតុផល​ចំនួន​ពីរ នៃការ​សម្រេច​​ចិត្ត​​របស់​លោក ថា៖
«
១- លោក «Emmanuel Macron» ជាបេក្ខជនតែមួយរូបគត់ ដែលជឿជាក់ និងមានបំណង ចង់​រៀប​ចំ​សហភាព​អឺរ៉ុប ឲ្យ​មាន​ភាពរឹងមាំ។ បើរៀបចំបានល្អ សហភាពអឺរ៉ុប នឹងមានឥទ្ធិពលខ្លាំង ក្នុង​ការ​ការពារ និង​លើក​តម្កើង​សេរីភាព យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ នៅទូទាំងពិភពលោក ដូចជា​នៅ​ប្រទេស​កម្ពុជា។
២- លោក «Emmanuel Macron» នឹងមានសហការីដ៏ឆ្នើមមួយរូប ឈ្មោះលោក «François Bayrou» ដែល​ជាមនុស្សឯករាជ្យ មានគំនិតជឿនលឿន គួរឲ្យគោរព។ លោក «François Bayrou» ជា​ប្រធាន​គណបក្ស​នយោបាយ​មួយ នៅ​ប្រទេស​បារាំង ឈ្មោះ MoDem ដែលជា​សមាជិក នៃចលនា​សេរី​និយម​អន្តរជាតិ ឈ្មោះ ​«Liberal International» ដែលមាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពីគណបក្ស សម រង្ស៊ី ធ្វើជា​សមាជិក​ដូច​គ្នា​ដែរ។
»
ចំពោះអ្នកវិភាគបញ្ហាកម្ពុជា អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែល​សព្វ​ថ្ងៃ​កំពុង​​រស់​នៅ​ចូល​និវត្តន៍ ក្នុង​តំបន់​​ភាគ​​ខាងត្បូង នៃប្រទេស​បារាំង បានពន្យល់ប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោក សម រង្ស៊ី ចង់​ផ្ញើរសារប្រកបដោយទំងន់មួយ ទៅកាន់មេដឹកនាំបារាំង និងសម្រាប់​សហគមន៍អ៊ឺរ៉ុប ខណៈពេលដែលការ​ស្ទង់​មតិ​ ​រហូត​មក​ដល់​ពេល​នេះ បានបង្ហាញថាលោក អេម៉ានុយអែល ម៉ាក្រុង កំពុងមានពិន្ទុ​នាំមុខគេ ពីខាងមុខ​បេក្ខជន​ប្រធានាធិបតី​​បារាំង ផ្សេងទៀត។

លោក ព្រហ្ម គិត បានថ្លែងឡើងថា៖ «ទីមួយ បើលោក ម៉ាក្រុង គ្មានពិន្ទុនាំមុខគេ នៅក្នុង​សឹង​តែគ្រប់​ការ​ស្ទង់​មតិ​ទេ​នោះ លោក សម រង្ស៊ី អាចនឹងសម្រេចចិត្តផ្សេង ហើយកា​រពន្យល់ ពីការ​សម្រេច​ចិត្ត របស់​គាត់​នៅ​ពេល​នោះ ក៏​អាច​ផ្សេង​ដែរ។ ទីពីរ លោក សម រង្ស៊ី ត្រូវការអ៊ឺរ៉ុប ដើម្បី​ធ្វើគំនាប​ដាក់​ទៅលើរដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ ដែល​ល្បីល្បាញ ខាងរឿង​រំលោភសិទ្ធិមនុស្ស និង​រឿង​រំលោភ ទៅលើ​អំណាច​ទាំង​អស់ នៅ​ក្នុង​ប្រទេស​កម្ពុជា។ និងទីបី លោក សម រង្ស៊ី ទំនង​ជាចង់​យក​ចិត្ត​លោក ហ្វ្រង់ស៊័រ បៃរូ (François Bayrou) ពី​ពេល​នេះ​ឲ្យ​ហើយ ដោយ​សារ​តែ​ពាក្យ​ចចាម​អារាម បានកើតឡើង​ជាច្រើន ថា​លោក បៃរូ នឹង​អាច​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី ប្រសិន​ណា​ជាលោក ម៉ាក្រុង ជាប់ឆ្នោត​ជា​ប្រធានាធិបតី។»។

អ្នកឃ្លាំមើលបញ្ហានយោបាយរូបនេះ បានពន្យល់​បន្តថា ចលនាប្រឆាំង​នៅក្នុង​ប្រទេសកម្ពុជា មិនអាច​សង្ឃឹម​ទៅ​លើ​រដ្ឋាភិបាលបារាំង ដែល​មក​ពី​គណបក្ស​សង្គមនិយម (ឆ្វេងនិយម) ឬមកពីគណបក្ស​អ្នក​សាធារណរដ្ឋ​ (ស្ដាំ​និយម) ខណៈគណបក្សរណសិរ្យជាតិ (ស្ដាំនិយមជ្រុល) ទំនង​ជាមិនអាច ឡើងមក​កាន់អំណាច​​បាន​ឡើយ បើ​ទោះ​ជាគណបក្ស​នេះ មានសន្ទុះ​ខ្លាំង នៅក្នុងការស្ទង់​មតិ​ក៏ដោយ។

លោក បានរៀបរាប់ទៀតថា ក្នុងរយៈកាលកន្លងមក គណបក្សសង្គមនិយម​របស់​បារាំង មានភាព​ជិតដិត​«ខ្លាំង ​និង​ជា​ប្រវត្តិសាស្ត្រ» ជាមួយ​នឹង​​គណបក្សកុម្មុយនីស​រៀតណាម ដែលគេគិតថា ជា«ចៅហ្វាយ» នៅ​ពី​ក្រោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។ រីឯរដ្ឋាភិបាល​បារាំង មកពីគណបក្ស​អ្នកសាធារណរដ្ឋ​វិញ ក៏ធ្លាប់​មាន​ទំនោរ​រ ទៅខាង​រដ្ឋាភិបាលលោក ហ៊ុន សែន ដែរ​ (ដូចជា ក្នុងសម័យកាល​ប្រធានាធិបតី នីកូឡា ហ្សាកូហ្សី "Nicolas Sarkozy" ធ្លាប់​ទទួល​លោក ហ៊ុន សែន និង​ភរិយា ឲ្យអង្គុយ​នៅជួរមុខ ទៅលើ​វេទិកា នៃ​ការ​ដង្ហែ​ព្យុះ​ហយាត្រា ថ្ងៃ​បុណ្យ​ជាតិ ១៤កក្កដា ជាដើម)។

លោក ព្រហ្ម គិត បានថ្លែងថា៖ «ដូច្នេះ មានតែរដ្ឋាភិបាល​បារាំងមួយថ្មីទេ ដែលអាចជួយ​ឲ្យ​នយោបាយ របស់​គណបក្ស​ប្រឆាំង នៅក្នុង​ប្រទេសកម្ពុជា អាចមាន​ចន្ទល់​ដ៏រឹងមាំ និងមានសន្ទុះ​ទៅមុខ បានល្អប្រសើរ​ជាង ​រដ្ឋាភិបាល​បារាំង​មុនៗ ជាពិសេស​រដ្ឋាភិបាល​បារាំង​ថ្មីនេះ មានលទ្ធភាព​រុញ​សហភាព​អ៊ឺរ៉ុប ឲ្យមាន​ទឹក​មាត់​កាន់​តែ​ប្រៃ ទៅ​លើ​ស្ថានការណ៍​នយោបាយ និង​សង្គម នៅ​កម្ពុជា»។

យ៉ាងណា សាធារណមតិទូទៅ តែងបានមើលឃើញថា ប្រទេសបារាំង​ក្នុងរយៈកាលកន្លងមក តែង​​មាន​នយោបាយ​​សម្រម​សម្រួល និង​នយោបាយ​​«ហៃអើ»​និយម យ៉ាងច្រើន នៅចំពោះ​ស្ថានការណ៍​ធំៗ​ទាំង​ឡាយ នៅ​ក្នុង​ប្រទេស​កម្ពុជា រួមទាំងព្រឹត្តិការណ៍​ក្រោយ​ការ​បោះឆ្នោត ឆ្នាំ២០១៣ ដ៏​ចម្រូងចម្រាស់​នោះ​ផង។ ការ​បោះ​ឆ្នោត​នៅ​ពេល​នោះ បានរងការ​រិះគន់​ពីគ្រប់ទិសទី (រាប់​ទាំង​សហគមន៍អ៊ឺរ៉ុប) ថា​ពោរពេញ ដោយ​ភាព​​មិន​ប្រក្រតី ខណៈ​ប្រទេសបារាំង​ឯណេះ​វិញ បាន​ប្រកាសទទួលស្គាល់ លទ្ធផល​នៃ​ការ​បោះឆ្នោត ទទួល​ស្គាល់​​រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ទី៥ ដែលត្រូវបានបង្កើត​ឡើង ដោយមាន​ការចូលរួម (ចូលប្រជុំ​បើក​នីតិកាល​ថ្មី នៃ​រដ្ឋសភា​ជាតិ) ពីក្រុម​តំណាងរាស្ត្រ​ជាប់ឆ្នោត មកពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​ប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់