ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវមុី ទម្លាយរឿង​ថ្នាក់​លើ«ទើស»

ការទ្រាំលាក់ទុកក្នុងចិត្ត របស់កីឡាការិនីម្ចាស់​មេដាយមាស កញ្ញា ស៊ន សៀវម៉ី មិនមែនចេះ​តែមាន​​រហូតនោះ​ទេ។ ទ្រាំ​មិន​បាន រហូត​ដល់​ថ្នាក់​កីឡាការិនី​រូបនេះ ទម្លាយរឿង​អាក់អន់​ស្រពន់ចិត្ត ជាមួយនឹង​អ្នក​គ្រប់​គ្រង​របស់​នាង ចេញនៅលើ​​បណ្ដាញ​សង្គម នូវ​អ្វី​ដែល​នាង​ហៅ​ថា «ធ្វើមេគេ តែចូលចិត្តទើស នឹង​កូនចៅ» ជ្រុល​​ហួស​ហេតុ។
ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវមុី ទម្លាយរឿង​ថ្នាក់​លើ«ទើស»
កញ្ញា ស៊ន សៀវម៉ី កីឡាការិនីតៃក្វាន់ដូ ម្ចាស់មេដៃមាស ឆ្នាំ២០១៤។ (រូបថតលើបណ្ដាញសង្គម)
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៦ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 06, 2017
  • ប្រធានបទ: ជនល្បីៗ
  • អាន និងបញ្ចេញយោបល់

«ពេលកាត់លុយ មិនឃើញទើស» តែបែរជា«មកទើសជ្រុលហួសហេតុ នៅពេលនាងឈឺ»ទៅវិញ។ នេះ ជា​អត្ថន័យចំៗ​ ដែល​កីឡាការិនី​តៃក្វាន់ដូ ម្ចាស់​មេ​ដៃ​មាស កញ្ញា ស៊ន សៀវម៉ី បាន​ទម្លាយ​ឲ្យគេឯង​បាន​ដឹង នៅ​លើ​បណ្ដាញ​សង្គម ពី​រឿងរ៉ាវ​អាក់អន់​ស្រពន់ចិត្ត របស់​នាង ដែលទំនង​ជានាង ចង់ចង្អុល​ទៅកាន់​អ្នក​គ្រប់គ្រង​របស់​នាង។ សារ​ដែល​នាង​បាន​បង្ហោះ នៅលើ​គណនេយ្យ​​ហ្វេសប៊ុក​របស់​នាង​នោះ ត្រូវបាន​លប់​ចេញ​ទៅ​វិញ នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក។

តែនៅលើបណ្ដាញសង្គម អ្វីៗដែលបានកើតឡើង ចំពោះតារា ឬជនល្បីៗ មិនអាច​លាក់បាំង ពីការ​ឃ្លាំ​មើល​របស់​ប្រិយ​មិត្ត​ទាំងឡាយ​នោះ​បាន​ឡើយ។ ហើយជា​ពិសេស ពាក្យសំដី​របស់​កីឡាការិនីរូប​នេះ ក៏​ត្រូវ​បានគេ​ថត​ចម្លង យក​មក​ផ្សាយ​បន្ត យ៉ាង​ព្រោងព្រាត​ដូចគ្នាដែរ។ ពាក្យសំដី​នោះ​​ចាប់​ផ្ដើម​ឡើង ដោយឃ្លា​មួយ​នេះ​ថា៖ «ធ្វើ​ជា​មេគេ ហេតុអី​ក៏ចូលចិត្ត​ទើស នឹងកូនចៅម្លេះ?» មុននឹង​បន្ត​ថា៖ «អត់យល់​សោះ​ហ្មង! ពេល​កាត់​លុយ​ខ្ញុំ ដូច​មិន​ឃើញ​ទើស​សោះ។»?

សៀវម៉ី ដែលមានកំពស់​ខ្ពស់ស្រឡះ បាន​ត្អូញត្អែរ ពីខ្លួននាង​ដែល​ថា កំពុងមាន​ជំងឺ មិនអាច​ធ្វើការ​ហ្វឹក​ហាត់ ​សម្រាប់​វិញ្ញាសារ ដែល​ជា​ជំនាញ​របស់​នាង​បាន​ទេ។ ម្ចាស់​មេដាយ​មាស ពី​កីឡា​ស៊ីហ្គេម ក្នុង​ឆ្នាំ២០១៤ បាន​សរសេរ​ថា៖ «ឥឡូវ ខ្ញុំហាត់​មិនសូវ​កើត ខ្ញុំដឹង។ តែខ្ញុំមាន​ក្រដាស​ចេញ​ពីពេទ្យ ថាខ្ញុំឈឺ​មែន ហើយ​លុយ​ទៅ​ពេទ្យ ក៏[ជា]លុយ​ខ្ញុំ​ទាំងអស់​ដែរ។» ហើយបានបន្ត​ពាក្យ​គម្រាម​ថា៖ «បើចង់ដកខ្ញុំ​ចេញ​ពី​តៃក្វាន់ដូ ក៏​ធ្វើ​ក្រដាស​ដក​ទៅ កុំ​នៅ​ទើស​ច្រើន​ពេក ព្រោះខ្ញុំហត់​នឹងការហាត់​ហើយ មិនចង់ហត់​នឹង​មេទើស​ទេ!»។

នៅក្នុងការទម្លាយដ៏ខ្លីនោះ នាងនៅបានបង្ហើបឲ្យដឹង ពីក្រិត្យក្រមខ្លះៗ នៃជីវិត​ក្នុងក្រុមកីឡា​ដែល​ថា មាន​រឿង​អ្វី​ក៏​ដោយ កីឡាកររួមក្រុម​គប្បី​ជួបជជែកគ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា។ ស៊ន សៀវម៉ី បានរៀបរាប់​បន្ត​ថា៖ «[មេ]​ប្រាប់​កូនចៅថា មាន​រឿងអី​ឲ្យនិយាយ​ទល់មុខគ្នា តែ[មេ]ខ្លួន​ឯង​វិញ និយាយ​តែ​[ពី]ក្រោយ​ខ្នង​កូនចៅ។ ដក​ខ្ញុំ​ចេញ​ពី "Teakwondo" ទៅ បើ​គិតថា​ខ្ញុំហាត់​លែង​កើត។»។

គេមិនដឹងថា តើការអាក់អន់ស្រពន់ចិត្តនេះ កើតឡើងរវាងត្រឹមតែក្លឹបហ្វឹកហាត់ ឬរហូតដល់ថ្នាក់ គណៈ​កម្មា​ធិការ​​អូឡាំពិក​​កម្ពុជា​​នោះ​ទេ។ តែបើ​តាម​ការលើកឡើង​របស់​កីឡាការិនី ដែលព្រមាន​ឲ្យ​ដក​នាង ចេញ​ពី​បញ្ជី​កីឡាករ​តៃក្វាន់ដូ​នោះ វា​ទំនង​ជា​មាន​ទាក់ទង ដល់​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ច្រើន​ជាង។ យ៉ាង​ណា​ក៏​ដោយ ក៏​មក​ដល់​ម៉ោង​នេះ គេមិនឃើញប្រតិកម្ម ចេញពី​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា និង​ពី​ក្លឹប​តៃក្វាន់ដូ ដែល​កីឡាការិនី​ខ្មែររូប​នេះ ហាត់​ជាមួយ​នោះ​នៅ​ឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់