កងទ័ព​ខ្មែរ-​សៀម ព្រម​ព្រៀង​ឲ្យ​មាន​ខ្សែ​ទូរស័ព្ទ​«ក្រហម»​មួយ

ប្រទេសថៃ និងប្រទេសកម្ពុជា បានព្រមព្រៀងគ្នា បង្កើតទូរស័ព្ទ​«ក្រហម»​មួយ​ខ្សែ រវាងកងទ័ព​ទាំង​សង​ខាង ដើម្បីលើក​ស្ទួយ នូវ​កិច្ច​​សហ​​ប្រតិបត្តិ​ការ​​ទ្វេរភាគី។ នេះ បើតាម​ការផ្សាយ​ឲ្យដឹង របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម «VNA» នៅ​ក្រោយ​ជំនួប​លើកទី១២ កាល​ពីថ្ងៃទី ៣០ ខែ​មីនា រវាង​​គណៈកម្មាធិការ​​ព្រំដែន​ទូទៅ កម្ពុជា-ថៃ (GBC) ក្នុង​ក្រុង​សៀមរាប។
កងទ័ព​ខ្មែរ-​សៀម ព្រម​ព្រៀង​ឲ្យ​មាន​ខ្សែ​ទូរស័ព្ទ​«ក្រហម»​មួយ
ខាងមុខពីឆ្វេងទៅស្ដាំ៖ លោក ប្រាវីត វង្សស៊ូវណ្ណ រដ្ឋមន្ត្រីការពារជាតិថៃ និងលោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិកម្ពុជា។ (រូបថត​ក្រសួង​ការពារជាតិកម្ពុជា)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 01, 2017
  • ប្រធានបទ: ព្រំដែនខ្មែរ-សៀម
  • អាន និងបញ្ចេញយោបល់

នៅក្នុងព័ត៌មានផ្លូវការ ដែលផ្សាយចេញ​ដោយគេហទំព័រ របស់ក្រសួងការពារជាតិកម្ពុជា គេមិនឃើញ​មាន​ការ​អះអាង ពី​ការបង្កើត​ឲ្យ​មាន នូវ​ទូរស័ព្ទ​«ក្រហម»​មួយខ្សែនេះទេ តែគេឃើញ​មានការលើកឡើង ដូចរៀង​រាល់​ជំនួបមុនៗ ទាក់ទង​នឹងការ​ថែ​រក្សា​ស​ន្តិភាព ស្ថេរ​ភាព​តាម​ប​ណ្តោយ​ព្រំដែន និងការព​ង្រឹង​ នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​​ល្អ រ​វាង​ក​ង​ទ័ព​​នៃប្រ​ទេស​ទាំង​ពីរ​ តែ​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម «VNA» បានផ្សាយឲ្យដឹង នៅថ្ងៃទី៣១ ខែមីនាម្សិល​ម៉ិញ ថាជំនួបលើកទី១២នេះ បាន​​សម្រេច​ឲ្យភាគី​កងទ័ព​ទាំង​សងខាង បង្កើតនូវ​ខ្សែ​ទូរស័ព្ទ​«ក្រហម»​​មួយ​ឡើង។ ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម បានស្រង់​សំដី​របស់​​អ្នក​នាំពាក្យ ក្រសួងការពារជាតិថៃ លោក «Kongcheep Tantrawanit» មក​បញ្ជាក់​ថា ខ្សែទូរស័ព្ទ​«ក្រហម»​ខាងលើ នឹងជួយ​សម្រួល ដល់ការសម្រេចចិត្ត ឲ្យបាន​ឆាប់​រហ័ស នៅ​ក្នុង​ប្រតិកម្ម ឬប្រតិបត្តិការណាមួយ ពីសំណាក់កងទ័ពនៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧នេះ ក្រសួងការពារជាតិកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ​កិច្ច​ប្រជុំគ​ណៈ​កម្មាធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១២ ដែល​បាន​ប្រព្រឹត្ត​ទៅ នៅសណ្ឋាគារ «សុខា​អង្គរ» ខេត្តសៀមរាប ដោយមានការចូលរួម ពីថ្នាក់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ៖ កម្ពុជា​តំណាងដោយ លោក ទៀ បាញ់ និងថៃតំណាងដោយ លោក ប្រាវីត វង្សស៊ូវណ្ណ (Prawit Wongsuwon)។

គម្រោងបង្កើតខ្សែទូរស័ព្ទរបៀបនេះ ត្រូវបានលើកឡើងម្ដងរួចហើយ នៅក្នុងដំណើរទស្សនកិច្ច កាលពី​ថ្ងៃ​ទី​១៩-២០ ខែ​មិថុនា របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅកាន់​ប្រទេសថៃ។ សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ចេញផ្សាយនៅពេលនោះ ដោយក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ខ្សែ​ទូរស័ព្ទ​ទាក់​ទង​​បន្ទាន់ (Hotline) នោះ ត្រូវបាន​បង្កើត​ឡើង ដើម្បីឲ្យ​​រដ្ឋមន្ត្រី​ក្រសួង​ការបទេស នៃ​ប្រទេស​​ទាំងពីរ ទាក់ទង​គ្នា​​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​បន្ទាន់ ​ដែល​កើតឡើង​។ ក្រសួងការបរទេសកម្ពុជា នៅបានអំពាវនាវ​ ឲ្យ​​ភាគី​​ថៃ​បន្ត​​​ឥរិយាបទ​​មនុស្ស​​ធម៌​​​យោគយល់ ដោយ​​ចាត់​វិធានការ​​ផ្លូវច្បាប់ ជំនួស​ការប្រើ​អាវុធ ​ចំពោះ​ជនល្មើស​ទាំងឡាយ ជាពិសេស​ពលករ​​ខ្មែរខុសច្បាប់​ នៅ​ប្រទេស​ថៃ​។

ទីភ្នាក់ងារព័ត៌មាន «VNA» នៅបានស្រង់សំដី របស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ មករាយការណ៍​បន្ថែម​ថា លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអះអាងពីទំនាក់ទំនង រវាង​ប្រទេសទាំងពីរ កម្ពុជា-ថៃ ដែល​បាន​ឈាន​ដល់​​ដំណាក់​កាល​​ដ៏ប្រសើរ​បំផុត​មួយ។ នៅក្នុងកិច្ចប្រជុំលើកទី ១២ នេះ ភាគទាំងពីរ​បាន​ជជែក​គ្នា​យ៉ាង​ច្រើន អំពីការ​ថែរក្សា​សន្តិសុខ និង​កិច្ច​ប្រតិបត្តិការ នៃកងទ័ព​កម្ពុជា-ថៃ ក្នុងការ​ដើរ​ល្បាត​មើល ព្រំដែន​រួម​«ខ្មែរ-សៀម»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់