កាសែត​បារាំង​ថា សុខ អាន ជា​រដ្ឋ​បុរស​ការទូត​ និង​ចូល​ចិត្ត​មាន់​ជល់

មរណភាពរបស់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​កម្ពុជា បាន​បង្ក​ចំណាប់​អារម្មណ៍ ឲ្យ​​សារព័ត៌មាន​មួយ នៅក្នុងប្រទេសបារាំង បង្ហូរ​ទឹក​ខ្មៅ​របស់​ខ្លួន ​ដើម្បី​សរសេរ​រំលឹក​ឡើង​វិញ ពី​ប្រវត្តិ​សង្ខេប​របស់​លោក ជា​ពិសេស​​ពី​​ចំណង់​​ចំណូល​​ចិត្ត របស់​លោក កាល​ពី​ពេល​លោក នៅ​មាន​ជីវិត។
កាសែត​បារាំង​ថា សុខ អាន ជា​រដ្ឋ​បុរស​ការទូត​ និង​ចូល​ចិត្ត​មាន់​ជល់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដុតធូប នៅចំពោះសពលោក សុខ អាន អតីតមន្ត្រីជិតដិតរបស់លោក។ (រូបថតលើហ្វេសប៊ុក)

ប្រសិនជាមរណភាព របស់លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីទីស្ដីការគណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៧ ត្រូវបានសារព័ត៌មាន នៅបស្ចឹមលោក ចាប់អារម្មណ៍ យកមក​ចុះ​ផ្សាយ​នោះ​ មិន​មែន​ដោយ​សារ​តែ​លោក មានថានៈជាមន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ស្និតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សារព័ត៌មាន​ទាំង​នោះ បានស្គាល់លោក​យ៉ាង​ច្រើន ទាំងជីវិត​ឯកជន​របស់​លោក ទាំង​សមត្ថភាពក្នុង​កិច្ចការ​បរទេស​របស់​លោក ជា​ពិសេស​នៅក្នុង​សំនុំរឿង​​បេតិកភ័ណ្ឌ និង​វប្បធម៌ ដែល​លោក សុខ អាន ផ្ទាល់​ធ្លាប់​ដឹកនាំ​កម្ពុជា ឲ្យ​ដណ្ដើម​យកជ័យជំនះ​ការទូតនេះ ​ជាច្រើនដង​ នៅលើសង្វៀន​អង្គការ ​អ៊ុយណេស្កូ (UNESCO)។

សារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) ដ៏ល្បី បានចំណាយទំព័រ ដ៏វែងអន្លាយមួយរបស់ខ្លួន ដើម្បី​ចុះ​ផ្សាយ​ពី​ប្រវត្តិ​លោក សុខ អាន រាប់​ចាប់​តាំង​ពីពេល​លោក​ចាប់កំណើត ពី​ជីវិត​ឯកជន​របស់លោក រហូត​មក​ដល់​កិច្ចការ​បរទេស ទាក់ទង​នឹង​បេតិកភ័ណ្ឌ និង​វប្បធម៌ ដែល​សារព័ត៌មាន​អះអាង​ថា លោក សុខ អាន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្រើន។ នៅលើគេហទំព័រ​របស់​សារព័ត៌មាន​ដ៏​ធំ​នេះ ក៏​មាន​ចុះ​ផ្សាយ​ដែរ តាំង​ពី​មួយ​ថ្ងៃ​ក្រោយ​មរណភាព របស់​លោក សុខ អាន ម្លេះ។ តែ​ដំបូង​ឡើយ គេ​ត្រូវ​បង់​ថ្លៃ​ដើម្បី​អាច​ចូល ទៅ​អាន​អត្ថបទ​នេះ មុន​នឹង​អត្ថបទ​ដដែល ត្រូវបាន​ដាក់​ផ្សាយ​ជាសាធារណៈ (អានបាន ដោយមិនគិតថ្លៃ) នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។

លោក សុខ អាន និងសត្វស្លាប...

អ្នកនិពន្ធអត្ថបទ និងជាអ្នកសារព័ត៌មាន អ្នកស្រី «Florence Evin» បានសរសេរថា លោក សុខ អាន ជា​អ្នក​ស្រុក ​គិរីវង្ស ខេត្ត​​តាកែវ ដែល​បាន​កើត​នៅ​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​១៩៥០។ អត្ថបទបានបន្តថា លោក សុខ អាន ​ចេះ​ភាសា​បារាំង និង​អង់គ្លេស យ៉ាង​ស្ទាត់​ជំនាញ ហើយមាន​សញ្ញាប័ត្រ​ជា​ច្រើន ខាង​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ​ និង​សង្គមសាស្ត្រ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​ពិសេស សញ្ញាប័ត្រ​មក​ពី​សាលា​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់ (ENS) និង​ពី​សាលា​ភូមិន្ទ​រដ្ឋបាល (ENA) ក្នុងប្រទេសកម្ពុជា។

អ្នកស្រី «Florence Evin» បានសរសេរ​ពីជីវិតឯកជន របស់លោកថា លោក សុខ អាន និង​ភរិយា​របស់​លោក អ្នកស្រី ថេង អាយអាន្នី បានឆ្លងកាត់​​ជីវិត​​នរកអវិចី នៃ​របប​ខ្មែរ​ក្រហម និង​មាន​បុត្រា បុត្រីចំនួន ៥នាក់ ស្រី​ម្នាក់ ប្រុស​បួន​នាក់។ អត្ថបទ​បាន​បន្តថា លោក សុខ អាន ជាអ្នកស្រឡាញ់​សត្វ​ស្លាប និង​ផ្កា​កេសរកូល (Orchidée)។ លោក​មាន​ចិញ្ចឹម សត្វ​ស្លាប​ជា​ច្រើនក្បាល ក្នុង​ផ្ទះ​របស់​លោក នៅ​រាជធានីភ្នំពេញ និង​មាន់​ជល់​ជា​ច្រើន​ក្បាល​ទៀត នៅ​ក្នុងចំការ «សូម៉ា» របស់លោក ឯខេត្តតាកែវ (Il aimait soigner ses grandes volières de la maison familiale de Phnom Penh et ses coqs de combat dans sa ferme Soma à Takeo)។

រដ្ឋបុរសការទូត ដែលពោរពេញដោយសមត្ថភាព...

សម្រាប់ជីវិតសាធារណៈ របស់លោក សុខ អាន វិញ គេត្រូវចាប់ផ្ដើមរៀបរាប់ឡើងវិញ នៅ​ពេល​​លោក ​បាន​ក្លាយ​​ជា​​លេខា​ផ្ទាល់ របស់លោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រី​ការបរទេស នៃរបប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៨០មក។ បន្ទាប់​មក​ទៀត ក្នុង​នាម​ជា មន្ត្រី«ដៃស្ដាំ» របស់​លោក ហ៊ុន សែន ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី (រាប់​ចាប់​ពីឆ្នាំ១៩៨៥ រហូតមក​ទល់​ពេល​នេះ) លោក សុខ អាន បាន​កាន់កាប់​តំណែង​ជាន់​ខ្ពស់ និង​សំខាន់​ជាច្រើន ក្នុងនោះ​មាន​ដូចជា ឯកអគ្គរដ្ឋទូតកម្ពុជា (មិនមែន​ឯកអគ្គរាជទូតទេ ព្រោះ​ពេល​នោះ ​កម្ពុជា​ជា​ប្រទេស​កុម្មុយនីស) ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា (ឆ្នាំ១៩៨៥-១៩៨៨) - សមាជិក​​គណៈកម្មាធិការ​​កណ្ដាល​បក្ស (បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា) ​តាំង​ពី​ឆ្នាំ​១៩៩២ និងបាន​ជាប់ជា​តំណាង​​រាស្ត្រ មក​ពី​​គណបក្ស​​ប្រជាជន​​កម្ពុជា ​តាំង​​ពី​​ឆ្នាំ​១៩៩៣។

អត្ថបទបានបន្តទៀតថា នៅឆ្នាំ១៩៩៩​ លោក សុខ អាន បាននាំ «យុត្តិធម៌» ឲ្យបាន​ចេញជារូបរាង មក​ឲ្យ​ប្រជាជន​កម្ពុជា ដែល​បាន​រងគ្រោះ ដោយសារការប្រល័យពូជសាសន៍ នៅក្នុងរបបខ្មែរក្រហម។ លោក​បាន​ដឹកនាំ​ការ​ចរចា ជាមួយ​នឹងអង្គការ​សហប្រជាជាតិ រហូត​បង្កើត​បាន​ នូវអង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ ក្នុង​​តុលាការ​​កម្ពុជា ដើម្បី​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម។ ចាប់តាំង​ពីឆ្នាំ២០០៤​មក លោក សុខ អាន បាន​ក្លាយ​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

សារព័ត៌មាន​បាន​សរសេរ​សរសើរ លោក សុខ អាន ថា ជាមួយចំណេះ​​​​វប្បធម៌​​ជ្រៅជ្រះ និង​​យុទ្ធសាស្ត្រ​​​ដ៏​​ប៉ិន​ប្រសព្វ​របស់​លោក បានធ្វើឲ្យលោក​ក្លាយ​ជា«រដ្ឋបុរសការទូត» ដែលត្រូវបាន​ពេញចិត្ត និង​គោរព។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​បេតិកភ័ណ្ឌ ដ៏ជ្រាលជ្រៅ​របស់លោក នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ លោក សុខ អាន បាន​បិត​បញ្ចប់​ទំព័រ​ដ៏​គ្រោក​គ្រាត ជាមួយ​នឹង​ប្រទេសថៃ ដែល​តែងតែ​ទាមទារ​ចង់បាន ប្រាសាទព្រះវិហារខ្មែរ នៅក្បែរ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ តាំងពី៦០ឆ្នាំ​មក​ហើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់