ដំរី​ព្រៃ​ទាំង​១១ក្បាល ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ​គ្រាប់​បែក​ហើយ!

ទីបំផុតទៅ ដំរីព្រៃទាំង១១ក្បាល ដែលក្នុងនោះ មានកូនដំរីព្រៃ មួយក្បាលផង ត្រូវបានជួយ​សង្គ្រោះ ឲ្យ​ឡើង​ពី​រណ្ដៅ​គ្រាប់​បែក ដក់​ដោយ​ទឹកភក់​នោះហើយ បន្ទាប់ពីដំរីទាំងនេះ បានធ្លាក់ចូល​ទៅក្នុងទីនោះ អស់​រយៈ​ពេល​៤ថ្ងៃ​មក។
ដំរី​ព្រៃ​ទាំង​១១ក្បាល ត្រូវ​បាន​សង្គ្រោះ​ពី​រណ្ដៅ​គ្រាប់​បែក​ហើយ!
ហ្វូងសត្វដំរីព្រៃ ទាំង១១ក្បាល ដែលកំពុងជាប់ខ្លួន នៅក្នុងទឹកភក់ នៃរណ្ដៅគ្រាប់បែក ដែលបន្សល់ទុក តាំងពីសម័យសង្គ្រាម។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៧
  • កែប្រែចុងក្រោយ: March 25, 2017
  • ប្រធានបទ: សត្វព្រៃកម្ពុជា
  • អាន និងបញ្ចេញយោបល់

បន្ទាប់ពីបានជាប់ខ្លួន អស់រយៈពេលបួនថ្ងៃកន្លងមក ហ្វូងសត្វដំរីព្រៃទាំង១១ក្បាល រាប់​ទាំង​កូន​ដំរី​មួយ​ក្បាល​ផង ត្រូវ​បាន​ជួយ​សង្គ្រោះ ឲ្យងើបខ្លួន​ចេញពីរណ្ដៅគ្រាប់បែក ដែលបានបន្សល់ទុក តាំងពី​ចុង​ទសវត្សន៍​ឆ្នាំ​៦០​មក ហើយបាន​រត់ត្រឡប់ ចូលទៅក្នុងព្រៃ​ជ្រៅ​វិញ​អស់​ហើយ នៅរសៀល​ថ្ងៃសៅរ៍​នេះ។ នេះ បើ​តាម​លោក ​កែវ សុ​ភក៌ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី។

ហ្វូងសត្វដំរីព្រៃ ទាំង១១ក្បាល ត្រូវបានអ្នកស្រុករកឃើញ កំពុង​ជាប់​ខ្លួន នៅក្នុងរណ្ដៅ​គ្រាប់​បែក ជម្រៅ​ប្រមាណ​ជា៣ម៉ែត្រ ដែលដក់​ទៅ​ដោយ​ទឹកភក់ កាលពីថ្ងៃសុក្រ​ម្សិលម៉ិញ ក្នុងតំបន់​ព្រៃអភិរក្ស ស្ថិត​នៅ​ភូមិ អូរអាម ឃុំស្រែខ្ទម ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី។ ប៉ុន្តែបើតាមមើលសភាពជាប់គាំង នៅក្នុង​ទឹក​ភក់ របស់​សត្វដំរីព្រៃ​ទាំង​នោះ បាន​ធ្វើឲ្យ​គេ​គិតថា ពួកវាបាន​ជាប់ខ្លួន នៅទីនោះ មិន​តិច​ជាង បីថ្ងៃ​មកហើយ​នោះទេ (រាប់​ទាំងថ្ងៃ​នេះ ត្រូវជា​បួនថ្ងៃ)។

លោក ​កែវ សុ​ភក៌ បានពន្យល់​ថា ក្នុងរយៈកាល​កន្លងមក រណ្ដៅគ្រាប់បែក​ខាងលើ ត្រូវបានអ្នកស្រុក​ជីក​ពង្រីក​ ឲ្យ​ធំ​និង​ជ្រៅ​ជាង​មុន ដើម្បីផ្ទុកទឹក។ លោក​បន្ត​ឲ្យ​ដឹងថា សត្វដំរីព្រៃទាំង១១ក្បាល បានចុះ​ក្នុង​រណ្ដាៅ​នោះ​ ដើម្បី​ផឹក​ទឹក ប៉ុន្តែពួកវា​មិន​អាច​ឡើង មកលើវិញបានទេ។ លោកថា៖ «ពួកវាអាច​នឹងងាប់ ប្រសិនណា​ជា​គ្មាន​អ្នក​ស្រុក បាន​មើល​ឃើញ​ទាន់​ពេល​ទេនោះ»។

ដើម្បីសម្រួលដល់ការកម្រើកខ្លួន របស់សត្វដំរីទាំងនេះ ក្រុមអ្នកជួយសង្គ្រោះ ដែលមាន​ការ​ចូល​រួម​ ពី​មន្ត្រី​មន្ទីរ​​បរិស្ថាន​​​ខេត្ត​​មណ្ឌល​គិរី មន្ដ្រី​អង្គការ​អភិរក្ស​សត្វ​ព្រៃ ឧទ្យានុរក្ស និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ បាន​បូម​ទឹក​​យក​ទៅ​បាញ់​​ស្រោច ​ពី​លើ​ពួកវា។ បន្ទាប់មក ពួកអ្នក​ជួយសង្គ្រោះ បានជីកមាត់​រណ្ដៅ​​ដោយ​​ចប​កាប់ ធ្វើ​យ៉ាង​​ណា ឲ្យ​មាត់​​រណ្ដៅ​​មាន​​ជម្រាល ដើម្បីអាច​ឲ្យ​សត្វ​ដំរី តោងឡើង​មកខាង​លើវិញ​បាន។

សត្វដំរីព្រៃ នៅកម្ពុជា ត្រូវបានក្រុមអ្នកការពារ​បរិស្ថាន ចាត់ទុកជា ពូជសត្វព្រៃដ៏កម្រ និង​កំពុង​រងការ​គម្រាម​កំហែង នូវ​ការ​រលត់​ផុតពូជ មិនខុសគ្នា​ប៉ុន្មាន ពីប្រភេទសត្វដំរី នៅក្នុងទ្វីបអាហ្វ្រិក​នោះឡើយ។ ក្រុម​អ្នក​ការពារ​បរិស្ថាន បាន​គិត​ថា មកដល់ថ្ងៃនេះ សត្វដំរីព្រៃទាំងនោះ នៅសេសសល់ ប្រមាណ​ជាង១០០ក្បាល​ប៉ុណ្ណោះ ​នៅ​ទូទាំង​ប្រទេសកម្ពុជា។ ការគម្រាម​កំហែង ពីការផុតពូជ​របស់​ពពួកសត្វព្រៃ​ទាំងនោះ មាន​មូលហេតុ​បណ្ដាល​មក​ពី​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ប្រមាញ់ ដើម្បីយក​ភ្លុក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់