ភេរវកម្មនៅ​ស្ដុកខុល៖ រក​ឃើញ​គ្រាប់​បែក​ក្នុង​រថយន្ដ​ដឹក​ទំនិញ ដែល​បើក​បុក​សម្លាប់​មនុស្ស

នគរបាលនៃប្រទេសស៊ុយអែដ ទំនងជាបានរកឃើញ គ្រាប់បែកឆ្នៃមួយគ្រាប់ នៅក្នុងរថយន្ដដឹកទំនិញ ដែល​ត្រូវ​​បាន​ភេរវជន បើក​បំបុក​ចូលក្នុងហ្វូងមនុស្ស កាលពីរសៀល​ថ្ងៃសុក្រម្សិលម៉ិញ កណ្ដាល​រាជធានី ស្តុកខុល (Stockholm)។ នេះ បើ​តាម​ការ​ផ្សាយ របស់​ទូរទស្សន៍​ក្នុង​ស្រុក ដោយស្រង់​ប្រភព​មួយ ស្និត​នឹង​ការ​ស៊ើបអង្កេត​មក​បញ្ជាក់។
ភេរវកម្មនៅ​ស្ដុកខុល៖ រក​ឃើញ​គ្រាប់​បែក​ក្នុង​រថយន្ដ​ដឹក​ទំនិញ ដែល​បើក​បុក​សម្លាប់​មនុស្ស
ទិដ្ឋភាពភ្លាមៗ នៅក្រោយរថយន្ដដឹកទំនិញ បានបើកបុកចូលហ្វូងមនុស្ស មុននឹងជាប់ខ្លួន នៅខាងក្រោមអាគារ។ (រូបថតលើទ្វីសធើរ)

ទូរទស្សន៍ «SVT» ក្នុងប្រទេសស៊ុយអែដ បានស្រង់ប្រភពមួយស្និតនឹងការស៊ើបអង្កេត មក​បញ្ជាក់​ថា នគរបាល​ស៊ុយអែដ ទំនង​ជា​បាន​រក​ឃើញ​គ្រាប់​បែក​ឆ្នៃ​មួយ​សម្រាប់ នៅក្នុងរថយន្ដដឹកទំនិញ ដែលត្រូវបាន​ប្រើ​ប្រាស់​ យក​មក​បំបុក​ចូល​ក្នុង​ហ្វូង​មនុស្ស កាលពីរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ម្សិលម៉ិញ កណ្ដាល​រាជធានី ស្ដុកខុល (Stockholm) បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោច ៤នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស។

អ្នកនាំពាក្យនគរបាលស៊ុយអែដ អ្នកស្រី «Lars Byström» មិនបានបញ្ជាក់ ពីព័ត៌មានខាងលើនេះទេ នៅ​ពេល​ដែល​ទី​ភ្នាក់ងារ​​ព័ត៌មាន អាល្លឺម៉ង់ «DPA» បានសាកសួរសុំប្រតិកម្ម។ អ្នកស្រីគ្រាន់តែនិយាយថា៖ «យើង​មិន​ដែល​ធ្វើ​អត្ថាធិប្បាយ ពីអ្វី​ដែល​យើង​រកឃើញនោះទេ»។

ប្រភព ដែលស្រង់សំដីដោយទូរទស្សន៍ស៊ុយអែត បានអះអាងបន្ថែមថា គ្រាប់បែកនោះ មិន​បាន​ផ្ទុះ​ឡើង​ទេ តែ​ត្រូវ​បាន​រក​ឃើញ នៅក្នុងស្បោងមួយ ក្នុង​រថយន្ដ​បង្ក​ហេតុ ដែលបាន«បាត់» កាលពី​ប៉ុន្មាន​ម៉ោង​មុន។ គេ​ជឿ​ថា រថយន្ដ​ខាង​លើ ត្រូវ​បាន​លួច ដើម្បីយក​មក​ប្រើប្រាស ក្នុង​ការវាយប្រហារ។

អង្គការភេរវនិយម រដ្ឋអ៊ីស្លាម មានជាប់ពាក់ព័ន្ធ?

ជនសង្ស័យម្នាក់ ដែលនគរបាលគិតថា ជាអ្នកបើកបររថយន្ដ​នោះ ត្រូវ​បាន​ឃាត់​ខ្លួន កាលពីយប់​ថ្ងៃ​សុក្រ ក្នុង​ក្រុង «Märsta» ភាគខាងជើងនៃតំបន់ជាយក្រុង របស់រាជធានី ស្តុកខូល។ ជននេះ ត្រូវបានបញ្ជូន​ទៅ​ឃុំ​ខ្លួន ជា​បណ្ដោះ​អាសន្ន ក្នុង​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រោមបទចោទប្រកាន់ ថាប្រព្រឹត្តអំពើមនុស្សឃាត ដោយមាន​«លក្ខណៈ​ជា​ភេរវកម្ម»។ នេះ ​បើ​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត របស់អាជ្ញាធរស៊ុយអែដ ដែលបាន​ថ្លែង​ឲ្យ​ដឹង តាម​រយៈ​វិទ្យុ​សម្លេង​ក្នុង​ស្រុក​មួយ។

ប្រភពផ្សេងទៀត ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ស្រង់សំដីមកអះអាងដែរ​នោះ បាន​បញ្ជាក់​ថា ជន​សង្ស័យ​ម្នាក់​នេះ អាយុ​៣៩ឆ្នាំ មាន​ដើមកំណើត​ពីប្រទេសអ៊ូបេគីស្ដង់ និង​ជាអ្នកជិតដិតមួយ​រូប របស់​ក្រុម​រដ្ឋអ៊ីស្លាម​ (ពាក្យ​​​អារ៉ាប់​​​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS)។

ការិយាល័យ​ស៊ើបអង្កេត របស់ព្រះរាជអាជ្ញានៃប្រទេសស៊ុយអែដ នៅមិនទាន់​បំភ្លឺ​ឲ្យបាន​លំអិត ទាក់ទង​នឹង​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​នៅឡើយ។ ប៉ុន្តែការលើកបង្ហាញ ពីអត្តសញ្ញាណ​របស់​ជននេះ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​លក្ខណៈ​ដូចគ្នា សឹងតែទាំងស្រុង ជាមួយនឹងរូបភាព កាម៉េរ៉ាសុវត្ថិភាព ដែល​បាន​ថត​ជាប់ ​នៅ​នឹង​ (ឬ​នៅ​ជុំ​វិញ) កន្លែង​កើត​ហេតុ និងដែលត្រូវបាន​យកមកផ្សាយ ដើម្បីស្វែងរក​ចាប់ខ្លួន​ជននេះ នៅ​ក្រោយ​ការ​វាយ​ប្រហារ​ភ្លាមៗ។

អ្នកស្រី «Lars Byström» បាន​អះអាងថា មកដល់វេលានេះ មានតែជនសង្ស័យ​ខាងលើ​ម្នាក់​គត់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់