ស្ត្រី​ទី​មួយ​អាមេរិក «បដិសេធ​មិន​រួម​គ្រែ»​ជា​មួយ ត្រាំ

ដោយស្រង់ប្រភព ពីអ្នកស្និតនឹង​គ្រួសារប្រធានាធិបតី ទស្សនាវដ្ដី «US Weekly» បានទម្លាយ​ឲ្យដឹងថា អ្នកស្រី មេឡានី ត្រាំ (Melania Trump) ដែលជាស្ត្រីទីមួយអាមេរិក ទំនងជាមិន​មាន​អារម្មណ៍​ អ្វីទៀតឡើយ ជាមួយ​ស្វាមី​របស់​​អ្នកស្រី​។ ប្រភពនោះ បានអះអាងថា អ្នកស្រីបាន​ព្យាយាម​ជួប​លោក ដូណាល់ ត្រាំ (Donald Trump) តិច​ជាង​ពេល​កន្លង​មក និងមិនគេង​រួមគ្រែ ជាមួយលោក​​ទៀតផង។
ស្ត្រី​ទី​មួយ​អាមេរិក «បដិសេធ​មិន​រួម​គ្រែ»​ជា​មួយ ត្រាំ
អ្នកស្រី មេឡានី សម្លឹងមើលលោក ដូណាល់ ត្រាំ ដែលកំពុងញញឹម ធ្វើមាត់ស្រួច។ (រូបថតលើទ្វីសធើរ)

ពាក្យចចាមអារាមជាច្រើន បានបង្កចម្ងល់ ឆ្ងល់ឡើងថា តើអ្នកស្រី មេឡានី ត្រាំ (Melania Trump) ក្នុង​ថានៈ​ជា​ស្ត្រី​ទី​មួយ​អាមេរិក ពិតជាមិនមានភាពសុខដុមរមនា នៅក្នុងជីវិតអ្នកស្រី មែនឬ? ទស្សនាវដ្ដី «US Weekly» បាន​ផ្ដល់​ចម្លើយ​ថា ពិតជាដូច្នេះ​មែនហើយ! ទស្សនាវដ្ដីអាមេរិកនេះ បានស្រង់ប្រភព​អ្នកជិតដិត​ច្រើន​រូប របស់​​គ្រួសារ​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មក​ចុះផ្សាយ​ថា អ្នកស្រី មេឡានី ត្រាំ មិន​ចង់​លាក់​បាំង​អ្វី​ទៀត​ឡើយ ពីជីវិត​របស់​អ្នកស្រី ដែលអ្នកស្រីបានស៊ូទ្រាំ រស់នៅក្នុងរនាំងខណ្ឌ ដ៏សែន​អពមង្គល​មួយ។

គេបានដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថ​ចូលកាន់តំណែង អ្នកស្រី មេឡានី មិនបានប្ដូរ​មក​រស់​នៅ​ ក្នុង​សេតវិមាន ជាមួយនឹង​ស្វាមីអ្នកស្រីទេ ហើយបាន​បន្តរស់នៅ​ក្នុង​ក្រុង ញ៉ូយក ក្រោម​មូលហេតុ​ថា មិន​ចង់បង្ក​ភាព​រអាក់​រអួល ទៅដល់ការរៀនសូត្រ របស់កូនប្រុសពៅ​ប្រធានាធិបតី ឈ្មោះ បារ៉ន ត្រាំ (Barron Trump)។ ប៉ុន្តែ នៅ​ពេល​ដែល​ស្វាមីភរិយា​ទាំង​ពីរនាក់ បានមក​ជួបគ្នា​ម្ដងម្កាលនោះ អ្នក​ទាំងពីរ​មិន​បានទទួល​ទាន​ដំណេក នៅក្នុងគ្រែ​ជាមួយ​គ្នាទេ។ នេះ បើតាមប្រភពជាច្រើន​ផ្សេងទៀត ដែលបាន​បង្ហើប​រឿង​នេះ ប្រាប់​ទស្សនាវដ្ដី «US Weekly»។

ប្រភពដែលនៅជិតដិត ជាមួយប្ដីប្រពន្ធប្រធានាធិបតី បាននិយាយថា៖ «ពួកគេ ឈប់គេង​ជាមួយ​គ្នា​ទៀត​ហើយ។ (មួយ​រយៈ​ពេលនេះ) ពួកគេ មិនដែលរួមដំណេក ជាមួយគ្នាទាល់តែសោះ។»។ ប្រភពមួយ​ទៀត បាន​បញ្ជាក់​បន្ត​ថា ជួនកាល​ស្វាមីភរិយា​ប្រធានាធិបតី​មួយ​​គូនេះ បានគេង​នៅក្នុង​បន្ទប់តែមួយ តែនៅលើ​គ្រែ​ពីរ​ផ្សេង​គ្នា។

ទស្សនាវដ្ដីបានលើកការអះអាងទាំងនោះ មករាយការណ៍ទៀតថា អ្នកស្រី មេឡានី សំដែងការខឹង​សម្បា​យ៉ាង​ខ្លាំង ចំពោះ​លោក ដូណាល់ ត្រាំ ដែលបានឲ្យអ្នកស្រី រស់នៅក្នុងរនាំងជីវិតមួយ ដែលអ្នកស្រីមិនដែល​សុបិន្ដ​ចង់​បាន។ ប្រភព​ដដែល​បាន​និយាយ​បន្តថា៖ «ដូច្នេះហើយ ទើបស្ត្រីទីមួយ​ព្យាយាម​ជួប​លោក ត្រាំ ឲ្យ​បាន​តិច​បំផុត។ លោក ត្រាំ មិនបាន​ធ្វើឲ្យ​អ្នកស្រី មេឡានី ចាប់​អារម្មណ៍​នោះ​ទេ។ តំណែងជា​ប្រធានាធិបតី និង​ទ្រព្យសម្បត្តិ ក៏​ដូចគ្នាអញ្ចឹង​ដែរ។»។

តាំងពីថ្ងៃស្បថ​ចូលកាន់​តំណែង កាលវិភាគរបស់លោក ត្រាំ សម្រាប់​ភរិយា​របស់លោក មាន​ចំនួន​​តិច​តួច​បំផុត។ ក្នុង​រយៈពេល​​៣សប្ដាហ៍​ចុងក្រោយ​នេះ អ្នកស្រី មេឡានី មិនបាន​ជាន់ជើង ចូលក្នុងរដ្ឋធានី វ៉ាស៊ីនតោន សូម្បី​តែ​មួយ​ជំហាន។ ម្ដងម្កាល​ដែលអ្នកស្រី បានចេញមុខ​នៅក្នុងពិធីការ​ជា​ផ្លូវការ វាគ្រាន់​តែ​ជាភារកិច្ច​មួយ ដែល​អ្នកស្រី​បាន​ធ្វើ ទាំង​ទើសទាល់​ប៉ុណ្ណោះ បើសូម្បីពេល​អ្នកស្រី បានចេញ​មុខ​ ទៅទទួល​ភរិយា​​នាយករដ្ឋមន្ត្រី​​ជប៉ុន អ្នកស្រី «Akie Abe» នៅ​ក្រុង «Palm Beach» នោះ​ក៏ដោយ។

ប្រភពស្និតនឹងគ្រួសារប្រធានាធិបតី បានពន្យល់ថា ក្នុងពេល​ទស្សនកិច្ច របស់​នាយករដ្ឋមន្ត្រី​ជប៉ុន មក​កាន់​ទឹកដី​អាមេរិក អ្នកស្រី មេឡានី បានសុខចិត្ត​ទៅ​ទទួល ភរិយា​នាយករដ្ឋមន្ត្រីជប៉ុន ដោយ​សារ​តែ​អ្នកស្រី មេឡានី ស្ថិត​នៅ​ក្បែរ​នោះ (ក្បែរក្រុង«Palm Beach») ស្រាប់ហើយ។ ប៉ុន្តែស្ត្រីទីមួយ​អាមេរិក បាន​បដិសេធ​មិន​​មក​ទទួល​អ្នកស្រី «Akie Abe» នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ទេ។

ទាក់ទងសុំប្រតិកម្ម ដោយទស្សនាវដ្ដី «US Weekly» អ្នកនាំពាក្យរបស់ស្ត្រីទីមួយអាមេរិក បាន​បក​ស្រាយ​ថា ព័ត៌មាន​ដែល​ប្រភព​ខាងលើ​បាន​ផ្ដល់នោះ មានចរិតខុសចាក ពីការ​ពិតទាំង​ស្រុង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់