ភេរវកម្ម​នៅ​ឡុងដ៍៖ នគរបាល​អង់គ្លេស​ចាប់​ខ្លួន​បាន៧នាក់

កងកម្លាំងពិសេសអង់គ្លេស បានធ្វើការប្រមាញ់ តាមស្វែងរកចាប់ខ្លួន ជនជាប់ពាក់ព័ន្ធ នឹងភេរវកម្ម កាល​ពី​ល្ងាច​ម្សិល​ម៉ិញ កណ្ដាល​រាជធានី​ឡុងដ័។ ការតាមប្រមាញ់នោះ ធ្វើឡើង នៅក្នុងសង្កាត់មួយ នៃ​ក្រុង «Birmingham» ដែល​ជន​សង្ស័យ​ម្នាក់ ធ្លាប់បាន​ស្នាក់នៅ។ ជនសង្ស័យនោះ មានឈ្មោះ «Mohamed Abrini» ធ្លាប់​បាន​ជាប់​ទាក់​ទង នៅក្នុងភេរវកម្មក្នុងរដ្ឋធានី ប៉ារីស (បារាំង) និងរដ្ឋធានី ប្រ៊ុយសែល (ប៊ែលហ្សិក) កាល​ពី​ពេល​កន្លង​ម។
ភេរវកម្ម​នៅ​ឡុងដ៍៖ នគរបាល​អង់គ្លេស​ចាប់​ខ្លួន​បាន៧នាក់
ខាងឆ្វេង-លើ៖ ទិដ្ឋភាពជុំវិញជនបង្ក ដែលទើបត្រូវបានបង្ក្រាប។ ខាងស្ដាំ-ក្រោម៖ ទិដ្ឋភាពជុំវិញភ្នាក់ងារនគរបាល ដែលត្រូវបានចាក់ ដោយជនបង្ក។ (រូបថតលើទ្វីសធើរ)
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 23, 2017
  • ប្រធានបទ: ភេរវកម្ម
  • អាន និងបញ្ចេញយោបល់

នៅយប់ថ្ងៃពុធ ចូលមកព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នគរបាលអង់គ្លេស បានចាប់ខ្លួនមនុស្ស បានចំនួន៧នាក់ ដែល​ជាប់​សង្ស័យ ថាមានពាក់ព័ន្ធនឹងភេរវកម្ម ក្បែរវិមានរដ្ឋសភា កណ្ដាលរាជធានី ឡុងដ៍័ កាលពីល្ងាច​ម្សិលម៉ិញ។ ភេរវកម្ម ដែល​បាន​បណ្ដាល​ឲ្យមនុស្ស៣នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ ចំនួនជនរងគ្រោះ​​ដល់​ជីវិត ​នៅ​ក្នុង​ភេរវកម្ម បាន​ថយ​មកនៅត្រឹមតែ៣នាក់វិញ ដែលខុសពីការប្រកាស កាលពីយប់ម្សិលម៉ិញ ថា​ជន​រងគ្រោះ​៤នាក់ បាន​ស្លាប់បាត់បង់ជីវិត។

លោក «Mark Rowley» មេបញ្ជាការកងកម្លាំង​ប្រឆាំងភេរវកម្ម នៃនគរបាល «Scotland Yard» បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​បាន​ធ្វើប្រតិបត្តិការ ចាប់ខ្លួនបាន៧នាក់ នៅ៦កន្លែងផ្សេងគ្នា ក្នុងក្រុង "Birmingham (ភាគ​ពាយ័ព្យ នៃ​រាជធានី​ឡុងដ៍)" ក្នុងរាជធានី ឡុងដ៍ និងក្នុងតំបន់ផ្សេងទៀត នៅលើផ្ទៃប្រទេស»។

លោកមេបញ្ជាការ បានពន្យល់បន្តថា ជនរងគ្រោះ​ ដែលបានបាត់បង់ជីវិត​ទាំងបីនាក់ រួមមាន៖ នគរបាល​អាយុ​៤៨ឆ្នាំ​ម្នាក់ បុរសអាយុជាង ៥០ឆ្នាំ ម្នាក់ និងស្ត្រីអាយុជាង ៤០ឆ្នាំម្នាក់​ទៀត ខណៈមនុស្ស ៧នាក់​ផ្សេង​ទៀត ដែល​រង​របួស កំពុង​ស្ថិត​ក្រោម​ការព្យាបាល នៅឯមន្ទីរពេទ្យ។

ពីល្ងាចម្សិលម៉ិញ ជនបង្កដែលស្លៀកពាក់ពណ៌ខ្មៅ មានដុះពុកចង្កា និងពុកមាត់ បានបើក​រថយន្ដ​តូច ទៅ​បំបុក​អ្នក​ដំណើរ​ថ្មើរ​ជើង នៅលើស្ពាន «Westminster» នៅចំពីមុខនាឡិការសកល «Big Ben»។ បន្ទាប់​មក ជន​នេះ​បាន​កាន់​កាំបិត​ ចុះ​ចេញពីរថយន្ដ ទៅចាក់នគរបាលម្នាក់ នៅខាងមុខអាគារ​រដ្ឋ​សភា​អង់គ្លេស មុន​នឹង​ព្យាយាម​ចូល​​ទៅ​ក្នុង​អាគារ​រដ្ឋសភា។ ប៉ុន្តែជនបង្ករូបនេះ ត្រូវបានកងកម្លាំងប្រចាំការ នៅទីនោះ បាញ់សម្លាប់។

ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស​ជាច្រើន បានរាយការណ៍ថា នគរបាលបានរកឃើញជនជាច្រើន នៅក្នុងក្រុង «Birmingham» នៅភាគ​កណ្ដាលនៃប្រទេស ដែលជាប់សង្ស័យ នៅក្នុងភេរវកម្ម។ ទូរទស្សន៍ប៊ីប៊ីស៊ី បាន​អះអាង​ថា រថយន្ដ​ធុនតូច ដែលត្រូវបានជនបង្ក បើកទៅ ជារថយន្ដដែលត្រូវបានជួល ចេញពីក្រុង «Birmingham»។ ក្រុមសារព័ត៌មាន ក៏អះអាងដែរថា ក្រុម«អ៊ីស្លាមនិយមជ្រុល» គឺក្រុមជាប់​​សង្ស័យ​ធំ​ជាង​គេ នៅ​ក្នុង​​ហេតុការណ៍ ភេរវកម្ម​ដ៏អាក្រក់​ខាងលើ។

មកដល់ម៉ោងនេះ គេនៅមិនទាន់ឃើញ មានក្រុមណាមួយ ចេញមុខមកទទួលខុសត្រូវ ក្នុងការវាយប្រហារនេះនៅឡើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់