ISIS ប្រកាស​ទទួល​ស្គាល់​ការ​ផ្ទុះ​អាវុធ​កណ្ដាល ប៉ារីស មុន​នេះ

នគរបាលបារាំងម្នាក់ បានស្លាប់ និង២នាក់ទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារមួយ នៅមុននេះបន្តិច នៅលើមហាវិថីដ៏ល្បីឈ្មោះ «Champs-Elysées» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ខណៈខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់។ ភ្លាមៗក្រោយហេតុការណ៍ ទីភ្នាក់ងារឃោសនា «Amaq» របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខមកប្រកាសទទួលស្គាល់ ការផ្ទុះអាវុធនេះ ថាជាស្នាដៃរបស់ក្រុមខ្លួន។ ជនខ្មាន់កាំភ្លើង ទំនងជាត្រូវបានស្គាល់អត្តសញ្ញាណ ថាមានឈ្មោះ «Abu Youssef al Belgik» និងមកពីប្រទេស ប៊ែលហ្សិក។
ISIS ប្រកាស​ទទួល​ស្គាល់​ការ​ផ្ទុះ​អាវុធ​កណ្ដាល ប៉ារីស មុន​នេះ
មហាវិថីដ៏ល្បីឈ្មោះ «Champs-Elysées» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ (រូបថតឯកសារ)

នគរបាលបារាំងម្នាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះអាវុធមួយ កាលពីវេលាម៉ោង ២១យប់ ថ្ងៃព្រហស្បត្តិ៍នេះ​ នៅលើមហាវិថីដ៏ល្បីឈ្មោះ «Champs-Elysées» នៃរដ្ឋធានីប៉ារីស ដែលសម្បូរដោយអ្នកទេសចរណ៍ និងហាងលក់ទំនិញ ដ៏ប្រណិតៗ។ ខ្មាន់កាំភ្លើង ត្រូវបាន«បង្ក្រាប» ដើម្បីការពារខ្លួន ពីសំណាក់កងកម្លាំង នៅនឹងកន្លែង។ នេះ បើតាមការប្រកាសឲ្យដឹង របស់ក្រសួងមហាផ្ទៃបារាំង នៅមុននេះបន្តិច។ ប្រភពពីនគរបាល​យុត្តិធម៌​បារាំង បានអះអាង​បន្ថែមថា ជនខ្មាន់កាំភ្លើងបានស្លាប់ហើយ។

ប្រភពដដែលនោះ បានឲ្យដឹងបន្តថា៖ «ជនបង្ក​បានមកដល់ទីកន្លែង​កើតហេតុ ដោយជិះរថយន្ដ។ នៅពេលចុះពីរថយន្ដ ជននេះបានបើកការបាញ់រះ ទៅលើរថយន្ដនគរបាល ដែលមានដឹកនគរបាល ដោយប្រើកាំភ្លើងស្វ័យប្រវត្តិ បណ្ដាលឲ្យនគរបាលម្នាក់ បានបាត់បង់ជីវិត ហើយបាន​បន្តការបាញ់​សម្រុក ទៅ​លើ​កងកម្លាំង​នគរបាល​ដទៃ​ទៀត មុននឹងត្រូវបានបង្ក្រាប។»។

សង្កាត់ជុំវិញមហាវិថី ត្រូវបានហ៊ំព័ទ្ធ...

សង្កាត់ទាំងមូល ដែលស្ថិតនៅជុំវិញ នៃមហាវិថី «Champs-Elysées» ត្រូវបានហ៊ំព័ទ្ធជុំជិត ដោយកងកម្លាំងនគរបាល និងកងកម្លាំងអន្តរាគមន៍ពិសេស របស់អាជ្ញាធរបារាំង ដែលត្រូវបានបញ្ជូន ទៅដល់ភ្លាមៗ។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងទៀតថា៖ «ការត្រួតពិនិត្យ កំពុងប្រព្រឹត្តិទៅ ក្នុងនោះ មានទាំងប្រតិបត្តិការ ដោះគ្រាប់បែក ដែលអាជ្ញាធរសង្ស័យថា ទំនងជាមាន​នៅក្នុងរថយន្ដ របស់ខ្មាន់កាំភ្លើង»។ ប្រភពផ្សេងទៀត​​ពីនគរបាល បានអះអាងថា ខ្មាន់កាំភ្លើង​ទំនងជា​មាន​គ្នា​ម្នាក់ទៀត ហើយការតាមប្រម៉ាញ់​ជនម្នាក់នេះ កំពុងធ្វើទៅ យ៉ាងស្វិតស្វាញ។

នេះជាការវាយប្រហារ ដែលបានកើតឡើង នៅបីថ្ងៃមុនការបោះឆ្នោត​ប្រធានាធិបតី​បារាំង ក្នុងថ្ងៃអាទិត្យ ទី២៣ ខែមេសា ខាងមុខនេះ។ ការផ្ទុះអាវុធ បានបង្កឲ្យមានការភ័យរន្ធត់ ជាទូទៅ សម្រាប់បណ្ដាអ្នកទេសចរណ៍ ដែលតែងមកដើរកំសាន្ដ នៅលើមហាវិថីនេះ ដែលពោរពេញ ដោយការតុបតែងរចនា ដោយ​ភ្លើងភ្លឺចិញ្ចាចចិញ្ចែង។ ភោជនីយដ្ឋាន​មួយចំនួន បានជម្លៀស​អតិថិជន​របស់ខ្លួន ទៅលាក់ខ្លួន នៅក្នុងបន្ទប់ក្រោមដី បន្ទាប់ពីបានឮស្នូរ គ្រាប់កាំភ្លើង។

ក្រុមរដ្ឋអ៊ីស្លាម ចេញមុខទទួលស្គាល់...

ការវាយប្រហាវនេះ ក៏មិនចាំបាច់ប្រើពេលច្រើន ដើម្បីដឹង ពីអ្នកទទួលខុសត្រូវនោះដែរ។ នៅប៉ុន្មានម៉ោង​ក្រោយ​ការ​កើត​ហេតុ ទីភ្នាក់ងារ «Amaq» ដែលជាអង្គភាពឃោសនា របស់អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខ មកប្រកាសទទួល​ស្គាល់ ថា​ជាទង្វើ​របស់ក្រុមខ្លួន និងបានបង្ហាញ ពីអត្តសញ្ញាណ នៃខ្មាន់កាំភ្លើង ថាមានឈ្មោះ «Abu Youssef al Belgiki» មកពីប្រទេសប៊ែលហ្សិក។

ប៉ុន្តែការប្រកាសទទួលស្គាល់នេះ នៅមិនទាន់ត្រូវបានបញ្ជាក់ ដោយអាជ្ញាធរបារាំងនៅឡើយ ខណៈការស៊ើបអង្កេត ទៅលើហេតុការណ៍ខាងលើ ត្រូវបាន​ចាត់​ឲ្យការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃរដ្ឋធានីប៉ារីស ជាអ្នកទទួលបន្ទុក៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់