ផ្ទុះ​អាវុធ​ និង​រថយន្ដបំបុក​ចូល​ហ្វូង​មនុស្ស នៅ​ក្បែរ​រដ្ឋសភា​អង់គ្លេស

ស្នូរផ្ទុះអាវុធ បានលាន់ឮឡើងនៅមុននេះបន្តិច នៅពីមុខអាគាររដ្ឋសភាអង់គ្លេស កណ្ដាលរាជធានីឡុង។ ដំណឹងផ្សាយភ្លាមៗ បានឲ្យដឹងថា ភ្នាក់ងារនគរបាលម្នាក់ ត្រូវបានចាក់ឲ្យរបួស ខណៈរថយន្ដមួយគ្រឿង ត្រូវបានបើកបំបុកចូល ទៅក្នុងហ្វូងមនុស្ស ដែលស្ថិតនៅក្បែរនោះ។
ផ្ទុះ​អាវុធ​ និង​រថយន្ដបំបុក​ចូល​ហ្វូង​មនុស្ស នៅ​ក្បែរ​រដ្ឋសភា​អង់គ្លេស
ទិដ្ឋភាពមនុស្សរបួស នៅលើស្ពាន «Westminster» ក្បែរអាគាររដ្ឋសភាអង់គ្លេស កណ្ដាលរាជធានីឡុង។ (រូបថតលើទ្វីសធើរ)

ស្នូរផ្ទុះអាវុធ បានលាន់ឭឡើង នៅមុននេះបន្តិច នៅខាងមុខអាគាររដ្ឋសភា នៃចក្រក្រភពអង់គ្លេស កណ្ដាលរាជធានីឡុង។ ប្រភពផ្លូវការ ពីនគរបាលអង់គ្លេស បានឲ្យដឹងថា នគរបាលម្នាក់ ត្រូវបានចាក់ឲ្យមានរបួស ហើយជនបង្កម្នាក់ ត្រូវបានបង្ក្រាប ដោយកងកម្លាំងនគរបាល នៅនឹងកន្លែង។

នៅក្នុងពេលមានស្នូរផ្ទុះអាវុធនេះ តំណាងរាស្ត្រជាច្រើននាក់ កំពុងមានវត្តមាន នៅក្នុងរដ្ឋសភា។ ពួកគេត្រូវបានជម្លៀសខ្លួនភ្លាមៗ ទៅកាន់បន្ទប់សុវត្ថិភាពមួយ ដែលស្ថិតនៅក្នុងអាគារនោះ។

ទន្ទឹមនឹងព្រឹត្តិការណ៍ដដែលនេះ មានរថយន្ដមួយគ្រឿងផ្សេង បានបើកបំបុកចូលទៅក្នុងហ្វូងមនុស្ស នៅពីលើស្ពាន «Westminster»។ បណ្ដាញទូរទស្សន៍ «BBC» បានរាយការណ៍ភ្លាមៗថា មនុស្ស១២នាក់ បានរងរបួស ពីហេតុការណ៍នេះ និងមួយចំនួន កំពុងទទួលការសង្គ្រោះជាបន្ទាន់ នៅទីនោះតែម្ដង។ ចរាចរណ៍នៅលើស្ពាន ត្រូវបានកាត់ផ្ដាច់។

ដំណឹងចុងក្រោយ បានស្រង់ប្រភពផ្លូវការ ពីនគរបាលអង់គ្លេស បញ្ជាក់ថា ហេតុការណ៍នេះ ជាអំពើភេរវកម្ម។ អ្នកនាំពាក្យ របស់ការិយាល័យនាយករដ្ឋមន្ត្រី ស្ថិតនៅ «Downing Street» បានអះអាងថា អ្នកស្រី ថេរីសា មេ (Theresa May) មិនមានរងគ្រោះអ្វីទេ ហើយកំពុងស្ថិតក្នុងកន្លែងមានសុវត្ថិភាព។

ហេតុការណ៍ជាបន្ត ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលមានទីតាំង នៅក្នុងប្រទេសបារាំង នឹងរាយការណ៍បន្ថែម ក្នុងពេលបន្តិចទៀត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់