ស្លាប់​ក្នុង​ចាន​ងូត​ទឹក ព្រោះ​«ឆក់​ចរន្ដ»​ពី​ទូរស័ព្ទ​អាយហ្វូន

បុរស​ជនជាតិអង់គ្លេសមួយរូប អាយុ៣២ឆ្នាំ ត្រូវបានរកឃើញស្លាប់ កាលពីខែធ្នូកន្លងទៅ បន្ទាប់​ពី​បុរស​រូប​នេះ ​បាន​ប្រើប្រាស់​ទូរស័ព្ទ អាយហ្វូន (iPhone) នៅក្នុងបន្ទប់ងូតទឹក។ វេជ្ជបណ្ឌិត ដែលទទួលបន្ទុក​ស្រាវ​ជ្រាវ ទៅ​លើ​សាក​សព បាន​ជូន​ដំណឹង ពី​ហេតុការណ៍​នេះ​រូច​ហើយ ទៅកាន់ក្រុមហ៊ុន អ៊េបផល (Apple) ដែល​ជា​បីតា អ្នក​បង្កើត​ទូរស័ព្ទ ដ៏​ទំនើប​ខាង​លើ។
ស្លាប់​ក្នុង​ចាន​ងូត​ទឹក ព្រោះ​«ឆក់​ចរន្ដ»​ពី​ទូរស័ព្ទ​អាយហ្វូន
ទូរស័ព្ទអាយហ្វូនស៊ីរីថ្មី ដែលអាចដាក់ត្រាំក្នុងទឹកបាន។ (រូបថតឯកសារ)

វេជ្ជបណ្ឌិតជំនាញ ខាងការស៊ើបអង្កេត ទៅលើសាកសពមួយរូប ទើបនឹងធ្វើរបាយការណ៍មួយ ទៅ​កាន់​ក្រុម​ហ៊ុន​យក្ស អ៊េបផល (Apple) របស់​អាមេរិក ដើម្បីជូនដំណឹងថា ការប្រើប្រាស់​ទូរស័ព្ទ​ដ៏ទំនើប ប្រភេទ អាយហ្វូន (iPhone) របស់​ក្រុមហ៊ុន​នេះ នៅក្នុង​បន្ទប់​ងូតទឹក អាចនឹងបង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ហើយអាច​ឈាន ទៅ​ប៉ះពាល់​ដល់​ជីវិត​នោះ​ទៀត។ ជាភស្ដុតាង ដែលវេជ្ជបណ្ឌិត បានរកឃើញ​ដោយ​ផ្ទាល់​នោះ គឺហេតុការណ៍​ខាង​លើ បាន​សម្លាប់​បុរស​ជាតិ​អង់គ្លេស​ម្នាក់ ដែលជា​អ្នករស់នៅ ក្នុង​រាជធានី ឡុងដ៍ (ប្រទេសអង់គ្លេស) រួច​ជា​ស្រេច​ហើយ។

សារព័ត៌មានអង់គ្លេស «Daily Mail» បានផ្សាយឲ្យដឹង កាលពីថ្ងៃសុក្រកន្លងទៅថា ជនរងគ្រោះ​ដែល​មាន​ឈ្មោះ «Richard Bull» និង​មាន​អាយុ​៣២ឆ្នាំ ត្រូវបាន​ភរិយា​របស់​លោក រក​ឃើញ​ថា បាន​បាត់​បង់​ស្មារតី នៅ​ក្នុង​ចាន​ងូត​ទឹក។ ស្ត្រីជា​ភរិយា​បាន​ហៅ រក​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ និងបានគិត នៅក្នុង​ជំហាន​ដំបូង​ថា ស្វាមី​របស់​អ្នកស្រី ទំនងជារងគ្រោះ ដោយសារហេតុភេទអ្វីមួយ។

ប៉ុន្តែនៅពេលមកដល់ ក្រុមអ្នកជួយសង្គ្រោះ មិនអាចជួយអ្វីបានទេ ព្រោះលោក «Richard Bull» បាន​ស្លាប់​ទៅ​ហើយ។ ពួកគេបានរកឃើញថា បុរសរងគ្រោះ​មានស្នាមរលាក នៅនឹងប្រអប់ដៃ និងនៅលើដើម​ទ្រូង។ នៅ​ក្នុង​ចាន​ងូតទឹក គេឃើញមានទូរស័ព្ទ អាយហ្វូន និងឆ្នាំងសាកថ្មមួយ ព្រមទាំងនៅលើកម្រាលឥដ្ឋ មាន​ប្រអប់​ដោត​ចរន្ដ​អគ្គិសនី​​បន្ត មួយ​គ្រឿង​ទៀត។

នៅក្នុងបន្ទប់ងូតទឹក ទូរស័ព្ទ អាយហ្វូន ក្លាយជាឃាតករបិតមុខ...

អ្នកស៊ើបអង្កេត បានសង្ស័យជាបឋមថា ការធ្វើអត្តឃាត ទំនងជាមូលហេតុដ៏សំខាន់ នៃ​មរណភាព​នេះ ប៉ុន្តែ​វេជ្ជ​បណ្ឌិត​ពិនិត្យ​សាកសព បានរកឃើញសេចក្ដីសន្និដ្ឋាន បែបផ្សេង៖ លោក «Richard Bull» ត្រូវ​បាន​សម្លាប់​ដោយ​ឃាតករ​លាក់​មុខ​មួយ... គឺ​ទូរស័ព្ទ អាយហ្វូន របស់លោក។ វេជ្ជបណ្ឌិតជំនាញ បានអះអាងថា ខ្សែ​របស់​ឆ្នាំង​សាក ដែល​តភ្ជាប់​មកទូរស័ព្ទ ទំនងជាបានប៉ះទឹក ក្នុងចានងូតទឹក​ដោយចៃដន្យ ហើយទំនងជា​បាន​បង្ក ឲ្យ​ឆ្លង​ចរន្ដ ឆក់​ជន​រងគ្រោះ រហូតដល់ស្លាប់ដូច្នេះ។

រឿងរ៉ាវបានកើតឡើង នៅថ្ងៃទី១១ ខែធ្នូកន្លងទៅ នៅមុនពេលដែលលោក «Richard Bull» ត្រូវ​មាន​កម្មវិធី ទៅ​ទទួល​ទាន​បាយ​ពេល​ថ្ងៃមួយ នៅ​មុន​បុណ្យ​ណូអែល ជាមួយ​បងប្អូន និងឪពុកម្ដាយ​របស់លោក។ ម្ដាយ​របស់​លោក បាន​ថ្លែង​ព្រមាន តាមរយៈសារព័ត៌មានអង់គ្លេស ទៅកាន់បណ្ដាអ្នកប្រើប្រាស់ទាំងអស់ ឲ្យ​ប្រយ័ត្ន​ប្រយែង ពី​គ្រោះថ្នាក់​ដែល​អាចកើតឡើង ជាមួយនឹងទូរស័ព្ទរបស់ខ្លួន។ ស្ត្រីវ័យចំណាស់បានថ្លែងឡើងថា៖  «ខ្ញុំ​ព្រួយ​បារម្ភ​ណាស់ សម្រាប់​ក្មេងៗ យុវជនៗ​សម័យនេះ ដែលញៀន​នឹងទូរស័ព្ទ​របស់ខ្លួន មិន​អាច​អត់​បាន។ ​ពួក​គេ​មិន​បាន​ដឹង ពី​គ្រោះថ្នាក់ ថា​វា​នឹង​កើត​ឡើង ដោយ​មាន​ទំហំ​បែប​ណា​​នោះទេ។»៕​


Loading...

អត្ថបទទាក់ទង


មតិ-យោបល់