មាន​គេ​«កែ​លិខិត»​ប្រមុខ​រដ្ឋ​ស្ដី​ទី សាយ ឈុំ?

នរណាអេះ ថ្លើមធំហ៊ានកែតម្រូវ ពីលើលិខិតរបស់លោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា? លិខិតចុះលេខ ០០៩/១៧ នោះ ថែមទាំងមានចំណារ «យល់​ព្រម» ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ផង​ទៀត។ តើមកពីមូលហេតុអ្វី ទើបមានការ​កែតម្រូវ​ដូច្នេះ?
មាន​គេ​«កែ​លិខិត»​ប្រមុខ​រដ្ឋ​ស្ដី​ទី សាយ ឈុំ?
លោក សាយ ឈុំ ត្រូវបានគេសែង ចូលក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅរាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃសៅរ៍ ទី២១ ខែ​ឧសភា ឆ្នាំ២០១១។ (រូបថត AP)

ការកែតម្រូវនេះ ទំនងជាបណ្ដាល​មកពី​កំហុស​អក្ខរាវិរុទ្ធ ដ៏ច្រើន​សន្ធឹកសន្ធាប់ នៅ​លើ​លិខិត​នោះ ខណៈ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ហត្ថលេខា​រួច​រាល់ ដោយ​មាន​ទាំង​ចំណារ ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ផង​។ តែ​អ្នក​កែ​តម្រូវ​នោះ នៅ​តែ​មិន​បាន​មើល ឲ្យបានគ្រប់​ជ្រុងជ្រោយ ហើយបាន​បន្សល់​ទុក នូវកំហុស​អក្ខរាវិរុទ្ធ​ជា​​ច្រើន​ទៀត​ នៅ​លើ​លិខិត​នោះ​ដដែល។

លិខិតចុះលេខ ០០៩/១៧ ត្រូវបានចេញផ្សាយ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនានេះ ប្រកាស​ឲ្យដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា គឺជាអ្នកទទួល​រ៉ាប់រង នូវរាល់ការ​ចំណាយ សម្រាប់​រៀបចំ​បុណ្យសព លោក សុខ អាន ដែល​បាន​ទទួល​មរណភាព កាលពីថ្ងៃទី១៥ ខែមីនាកន្លងមក។ លិខិត ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ​ទទួល​បាន​នៅ​ក្រោយ​កិច្ចប្រជុំ គណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជនក​ម្ពុជា​នោះ បាន​បញ្ជាក់​បន្ថែម​ថា សូមនាយករដ្ឋមន្ត្រី «បង្វែរលុយ» ៣០០០លានរៀន (ឬ​៣០០​កោដិ​រៀល ប្រមាណ​ជាង ៧៥ម៉ឺនដុល្លារ) ដែលកន្លង​មក​បាន​សុំ​ពីថវិការដ្ឋ ដាក់​«ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​វិញ»។

លិខិតរបស់លោកប្រមុខរដ្ឋស្ដីទី ត្រូវបានចេញផ្សាយភ្លាមៗ បន្ទាប់ពីទទួលបានចំណារយល់ព្រម ពី​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀល​ថ្ងៃដដែល។ ខាងលើ​នេះ ជា​រូបថត​លិខិត​ដើម ដែល​គ្មាន​ការ​កោសលប់ កែតម្រូវ ពីលើកំហុសអក្ខរាវិរុទ្ធ ដែលមានយ៉ាងច្រើន នៅលើ​លិខិត​នោះទេ។

ផ្ទុយទៅវិញ លិខិតដែលចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកមួយ ដែលគេស្គាល់ថា ជាសារព័ត៌មាន​នាំ​ពាក្យ​ឲ្យ​រដ្ឋាភិបាល និងគណបក្សប្រជាជន​កម្ពុជានោះ មានឃើញស្នាម​កោសលប់ និង​បន្ថែម ទៅ​លើ​ពាក្យ​ពេជន៍ ដែល​ខុស​ទាំងនោះ។ តែលោក​ម្ចាស់អើយ! ពាក្យខុស​ច្រើន​ពេក អ្នក(ចាំជួយ)កែតម្រូវ កែ​មិនអស់​ទេ​ទាន!


Loading...

អត្ថបទទាក់ទង


មតិ-យោបល់