បើ​ប្រធានាធិបតី ត្រាំ ចង់​ធ្វើ​សង្គ្រាម... ត្រូវ​មាន​«ភ្លើង​ខៀវ»​ពី​សភា

ប្រសិនជាលោក ដូណាល់ ត្រាំ (Donald Trump) ចង់ធ្វើសង្គ្រាម នៅក្នុងប្រទេសស៊ីរី ប្រធានាធិបតី​ទើបនឹង​ចូល​កាន់​តំណែងរូបនេះ ចាំបាច់ត្រូវសុំ«ភ្លើងខៀវ» ពីសភាអាមេរិក ឬយ៉ាងហោចណាស់ ក៏ត្រូវសុំយោបល់ ពីស្ថាប័ននីតិបញ្ញត្តិ ទាំងពីរថ្នាក់ ដែលតំណាងឲ្យប្រជាជាតិអាមេរិក ទាំងមូលដែរ។ នេះជាការលើកឡើង សឹងតែព្រមៗគ្នា របស់ក្រុមអ្នកតំណាងរាស្ត្រ ព្រឹទ្ធសមាជិកអាមេរិក បន្ទាប់ពីការបាញ់កាំជ្រួចរយៈមធ្យម ជាច្រើនគ្រាប់ ពីសំណាក់កងទ័ពអាមេរិក សំដៅកំទេច​មូលដ្ឋានយោធា​មួយ របស់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បត្តិ៍មុន។
បើ​ប្រធានាធិបតី ត្រាំ ចង់​ធ្វើ​សង្គ្រាម... ត្រូវ​មាន​«ភ្លើង​ខៀវ»​ពី​សភា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ (រូបថត Reuters)
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ១១ មេសា ២០១៧
  • កែប្រែចុងក្រោយ: April 12, 2017
  • ប្រធានបទ: នយោបាយអាមេរិក
  • អាន និងបញ្ចេញយោបល់

ការបាញ់កាំជ្រួច កំទេចបន្ទាយយោធាមួយ នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បត្តិ៍ ក្រោមបញ្ជារបស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបចូលមកកាន់តំណែង បានប្រមាណជា៣ខែនេះ បានបង្កឲ្យមានការជជែកវែកញែក ដ៏ខ្លាំងក្លាឡើង ទៅលើអំណាច ជា«អគ្គមេបញ្ជាការកងទ័ព» របស់ប្រធានាធិបតីអាមេរិក ដែលចាំបាច់ ត្រូវមានការត្រួតពិនិត្យ ពីសំណាក់អំណាចនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)។

ប្រតិបត្តិការដ៏ខ្លាំងក្លានោះ ត្រូវបានរដ្ឋាភិបាលអាមេរិកអះអាងថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយអាវុធគីមី កាលពីថ្ងៃអង្គារ ពីសំណាក់កងទ័ពស៊ីរី ស្និតនឹងប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad) ទៅលើខេត្តមួយ ដែលសម្បូរដោយក្រុមអ្នកបះបោររស់នៅ ហើយបណ្ដាលឲ្យជនស៊ីវិល ជាច្រើនសិបនាក់ ជាពិសេសកុមារ បានបាត់បង់ជីវិត។

គ្មានយុទ្ធសាស្ត្រ...

ក្រុមអ្នកតំណាងរាស្ត្រអាមេរិកភាគច្រើន ទាំងមកពីគណបក្សសាធារណរដ្ឋ ទាំងមកពីគណបក្សប្រជាធិបតេយ្យ សុទ្ធតែសំដែងការគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះប្រតិបត្តិការយោធា «ដ៏តូច» មួយនេះ ដើម្បីជាការព្រមាន និងប្រតិកម្ម​ទៅប្រធានាធិបតីស៊ីរី លោក បាឆារ អាល់-អាសាធ ថាការប្រើប្រាស់អាវុធគីមី ដែលត្រូវបានហាមឃាត់ មិនមែនអាចធ្វើឡើង ដោយគ្មាន«ទោសពៃរ៍»នោះឡើយ។

ប៉ុន្តែក្រុមអ្នកតំណាងប្រជាជាតិទាំងនេះ បានគិតឃើញថា កាំជ្រួចអាមេរិក ប្រភេទ «Tomahawk» ទាំង៥៩ដើម ហាក់ដូចជា​ត្រូវបាន​បាញ់​ចេញទៅ ទាំង​គ្មាន​យុទ្ធសាស្ត្រ​អ្វីទាំងអស់ និងទាមទារឲ្យប្រធានាធិបតី ត្រាំ កុំធ្វើដូចប្រធានាធិបតីមុន លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលបានលូកដៃ ចូលក្នុងសង្គ្រាមប្រឆាំង​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) នៅក្នុងប្រទេស ស៊ីរី និង អៀរ៉ាក់ ទាំងគ្មានការយល់ព្រម ពីសំណាក់សភាជាតិ ទាំងពីរថ្នាក់។

សមាជិកសភាអាមេរិកភាគច្រើន បានអះអាងថា ប្រសិនជាសហរដ្ឋអាមេរិក ត្រូវប្រកាសប្រយុទ្ធ​ដោយចេញមុខ ទល់នឹងក្រុមរដ្ឋអ៊ីស្លាម ដោយសារមានការយល់ព្រម ពីសភាតំណាងរាស្ត្រនោះ ប្រទេសមហាអំណាចមួយនេះ ចាំបាច់ត្រូវមានយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយ ដែលមានសភាជាតិទទួលដឹងឮ។ លោក បប់ គ័រឃើរ (Bob Corker មកពីគណបក្សសាធារណរដ្ឋ) ប្រធានគណៈកម្មាធិការកិច្ចការបរទេស របស់ព្រឹទ្ធសភាអាមេរិក បានថ្លែងឲ្យដឹងថា៖ «វាពិតជាមិនត្រូវរំលងបានទេ ប្រសិនជាការចេញទៅប្រយុទ្ធ ប្រឆាំងនឹងក្រុមភេរវជន ត្រូវបានសម្រេចធ្វើ នៅក្នុងរយៈពេលវែងមួយ»។

អំពើខុសច្បាប់...

ប្រធានាធិបតីអាមេរិក មានសិទ្ធិអំណាច ក្នុងការបញ្ជាកម្លាំងទ័ព ឲ្យចេញទៅធ្វើសង្គ្រាម នៅក្រៅប្រទេស ដោយប្រើប្រាស់តំណែងរបស់ខ្លួន តាមរយៈរដ្ឋធម្មនុញ្ញ ជាអគ្គមេបញ្ជាការកំពូល របស់កងទ័ពអាមេរិក។ បន្ទាប់ពីសង្គ្រាម​នៅវៀតណាមបានបញ្ចប់ទៅ សភាអាមេរិកបានបង្កើតច្បាប់ថ្មីមួយ ហៅថា «War Powers Resolution» ដើម្បីដាក់កំហិតទៅប្រធានាធិបតី ឲ្យចាំបាច់ត្រូវទទួលបាន «ការអនុញ្ញាត» ពីសភាទាំងពីរថ្នាក់សិន សម្រាប់គ្រប់កិច្ចអន្តរាគមន៍យោធា នៅឯក្រៅប្រទេស ទាំងឡាយណា ដែលមានរយៈពេល វែងជាង៦០ថ្ងៃ។ ប៉ុន្តែច្បាប់ថ្មីនេះ ត្រូវបានប្រធានាធិបតីជាច្រើន​បញ្ជៀស មិនយកមកអនុវត្តទេ ដូចជាសម័យកាលលោក ប៊ីល គ្លីនតុន (Bill Clinton - សង្គ្រាមនៅប៊ូស្នៀ ឆ្នាំ១៩៩៥ និងនៅកូសូវ៉ូ ឆ្នាំ១៩៩៩) និងលោក បារ៉ាក់ អូបាម៉ា (សង្គ្រាមនៅលីប៊ី ឆ្នាំ២០១១) ជាដើម។

នៅក្រោយការបាញ់កាំជ្រួច កាលពីថ្ងៃព្រហស្បត្តិ៍នោះមក ក្រុមអ្នកតំណាងរាស្ត្រ និងព្រឹទ្ធសមាជិកជាច្រើននាក់ បានអំពាវនាវឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ចាំបាច់ត្រូវមើលរដ្ឋធម្មនុញ្ញ និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។ លោក ធីម ខេន (Tim Kaine) ព្រឹទ្ធសមាជិក មកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា៖ «ការបដិសេធ មិនសុំការយល់ព្រម ពីសំណាក់សភាទាំងពីរថ្នាក់ គឺជាអំពើខុសច្បាប់»។ រីឯលោក «Justin Amash» អ្នកតំណាងរាស្ត្រមួយរូបទៀត មកពីគណបក្សសាធារណរដ្ឋ បានថ្លែងអះអាងថា៖ «នៅពេល ដែលគេបើកការវាយប្រហារ ទៅលើប្រទេសអធិបតេយ្យមួយ ដូចយ៉ាងប្រទេសស៊ីរី ជាដើមនោះ គេត្រូវមានការអនុញ្ញាត ពីសភាជាតិ និងការគាំទ្រ ពីប្រជាជនអាមេរិក»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់