ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជា​អ្នក​បង្ហើប​រឿង សម រង្ស៊ី និយាយ​ថា ហ៊ុន ម៉ាណែត កូន​យួន

«បើអ្នកឯងពូកែ អ្នកឯងដេញ ម៉ៅ មុន្នីវណ្ណ ចេញពីបក្ស» នេះ​ ជាសំដីខ្លាំងៗ របស់លោក ហ៊ុន សែន បន្ទាប់ពី​លោក​បាន​អះអាងថា គឺអ្នក​តំណាងរាស្ត្រ​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ជាអ្នកបង្ហើប​ប្រាប់​លោក ថា​គឺ​លោក សម រង្ស៊ី ជាអ្នក​លើកឡើង ពីរឿងរ៉ាវ​ចោទប្រកាន់ កូនប្រុស​របស់​លោក គឺលោក ហ៊ុន ម៉ាណែត ថា​ជាកូន​កើត​ចេញ ពីការសាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី និងអតីតមេទ័ពយួន លោក ឡេ ឌឹកថូ។
ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជា​អ្នក​បង្ហើប​រឿង សម រង្ស៊ី និយាយ​ថា ហ៊ុន ម៉ាណែត កូន​យួន
ពីឆ្វេងទៅស្ដាំ៖ លោក ឡេ ឌឹកថូ អតីតមេទ័ពវៀតណាម និងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី។ (រូបថតឯកសារ)

ការបង្ហើបជាសាធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ថាមន្ត្រីជាន់​ខ្ពស់ នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង គឺ​ជា​«ជន​ជិតដិត» ឬ«រនុក​ក្នុង» របស់លោក ហ៊ុន សែន នេះ មិនមែនទើប​តែ​កើត​ឡើង ជា​លើក​ទី​មួយ​ទេ។ នៅរសៀលថ្ងៃទី៦ ខែមិនានេះ លោក ហ៊ុន សែន បានចោទ​មន្ត្រីជាន់​ខ្ពស់ និង​ជាអ្នកតំណាង​រាស្ត្រ មក​ពី​គណបក្ស​សង្គ្​រោះជាតិ​មួយរូបទៀត គឺជាអ្នកនិយាយប្រាប់លោក ថាលោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង ជា​អ្នកចោទ​ប្រកាន់ថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី ជាកូនអត់​ខាន់ស្លារ កើត​ចេញ​ពី​ការ​សាហាយ​ស្មន់ រវាង​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក និងលោក ឡេ ឌឹកថូ អតីត​មេទ័ព​យួន។

លោក ហ៊ុន សែន បានថ្លែងខ្លាំងៗដូច្នេះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ ទៅកាន់ក្រុម​និស្សិត​បញ្ចប់​ឆ្នាំ​សិក្សា នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅសាលមហោស្រព​កោះពេជ្រ​ រាជធានីភ្នំពេញ ដោយបានព្រមាន​ដោយ​ចំមុខ ថា​លោក​នឹង​មិន​អត់​អោន ឲ្យលោក សម រង្ស៊ី ដែល​លោកថា ជាអ្នកលើកឡើង​ អំពីរឿងរ៉ាវ​ដ៏អាស្រូវ​ និងដ៏ឈឺចាប់​​នេះ​ឡើយ។ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «អ្នកដែលចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធមេដឹកនាំ​វៀតណាម ឡេ ឌឹកថូ ចោទ​ថា កូនខ្ញុំ ហ៊ុន ម៉ាណែត ជាកូនមេដឹកនាំ​វៀតណាម ឡេ ឌឹកថូ អ្នក[នោះ នឹង]មិនរួច​ខ្លួន​ទេ មិន​រួចខ្លួន​ទាំង​បុគ្គល មិនរួចខ្លួន​ទាំង​បក្ស​របស់​អ្នកឯង បើអ្នកឯង មិនធ្វើសកម្មភាព​ណាមួយ ឲ្យខ្ញុំពេញចិត្ត​នោះ​ទេ»។

«... មិនរួចខ្លួនទាំងបុគ្គល មិនរួចខ្លួនទាំងបក្សរបស់អ្នកឯង...»

នាយករដ្ឋមន្ត្រីកម្ពុជា ដែលមិនរង្គើពីតំណែង តាំងពីជាងបីទសវត្សន៍មកនោះ បានថ្លែងគម្រាមបន្តថា៖ «ខ្ញុំសូម​ប្រកាស​ជា​សាធារណៈ ម៉ៅ មុន្នីវណ្ណ ដែលជាតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ បាន​វ៉ៃ​[សារ]​បញ្ជូន​មក​ខ្ញុំ (...) នៅ[តាម] វ៉ាត់ស្អាប់ (WhatsApp) (...) នៅពេលនោះថា លោកពូ ខ្ញុំស្ដាប់ សម រង្ស៊ី និយាយ​ផ្ទាល់​ក្នុង​អង្គ​ប្រជុំ រួច​ហើយ​បាន​គេ​ឲ្យគ្នាគេធ្វើ»។

បន្ទាប់មកលោក ហ៊ុន សែន បានបញ្ជាក់ថា លោកនឹង«ឲ្យ» សារព័ត៌មានក្នុងស្រុកមួយ ដែល​គេ​ស្គាល់​ថា ជា​អ្នក​នាំ​ពាក្យ​ឲ្យ​លោក និង​រដ្ឋាភិបាល​របស់​លោកនោះ ចុះផ្សាយនៅវេលាល្ងាចនេះ ពីសារ​របស់​លោក ម៉ៅ មុន្នីវណ្ណ ​ដែល​បាន​ផ្ញើរ​ទៅ​លោក។ លោកនាយករដ្ឋមន្ត្រី បានថែមទាំង​ប្រើប្រាស់​ភាសា​ពន្យុះ ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ថា៖ «ឥឡូវបើអ្នកឯងចិត្ត​សឿង អ្នកឯងដេញ ម៉ៅ មុន្នីវណ្ណ ចេញ​ពីបក្ស។ ម៉ៅ មុន្នីវណ្ណ ពី​ម្សិល​ មក​ទារ​អាំងប៉ាវ​ពី​ខ្ញុំ​ទៀត (...) ថាលោកពូ ជំពាក់​អាំងប៉ាវ​ធំ។»។

ភ្លាមៗនេះ គេមិនឃើញប្រតិកម្ម ពីលោក ម៉ៅ មុន្នីវណ្ណ ឬពីគណបក្សសង្គ្រោះជាតិនោះទេ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅខណៈនេះ ក៏កំពុង​ព្យាយាម ដើម្បីសុំការឆ្លើយតប​ពីលោក ម៉ៅ មុន្នីវណ្ណ នោះដែរ។



លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាច្រើនដង ដើម្បីឲ្យគេឯង​ជឿជាក់ថា លោកមានមនុស្ស​របស់​លោក ឬ​ភ្នាក់ងារ​ចារកម្ម ឬ​«រនុក​ក្នុង»របស់លោក នៅគ្រប់ទីកន្លែង​ទាំង​អស់។ កាលពីប៉ុន្មាន​ឆ្នាំ​មុន លោក ហ៊ុន សែន ធ្លាប់​បាន​និយាយ​ថា លោក សុន ឆ័យ ដែលជាមន្ត្រីជាន់ខ្ពស់ នៅក្នុងគណបក្ស​សង្គ្រោះ​ជាតិ ក៏​ជា​មនុស្ស​របស់​លោក​ដែរ។ តែការប្រកាសនេះ ត្រូវបានលោក សុន ឆ័យ ថ្លែងចំអក​ឲ្យវិញថា គ្មានមេចារកម្ម​ណា​ម្នាក់ ទៅ​និយាយ​បង្ហើប​មុខ​បង្ហាញ​​ភ្នាក់ងារ​របស់ខ្លួន ឲ្យគេឯងស្គាល់​ជា​សាធារណៈ​ដូច្នេះទេ ក្រៅតែ​ពី​លោក ហ៊ុន សែន ខ្លួនលោក មានល្បិច​កល​អ្វីផ្សេង​នោះ។

កាលពីប៉ុន្មានសប្ដាហ៍មុន លោក ហ៊ុន សែន ក៏បានប្រកាសដែរថា លោកមានមនុស្សរបស់លោក ធ្វើការនៅក្នុងសារព័ត៌មានភ្នំពេញប៉ុស្ដ៍ ដែលគេស្គាល់ថា ជាសារព័ត៌មាន​ឯករាជ្យមួយ នៅកម្ពុជា។ ហើយ​ថ្មីៗ ចុង​ក្រោយ​បំផុត​នេះ លោក​នាយករដ្ឋមន្ត្រី ថែមទាំងប្រកាស​ទៀតថា ការផ្លាស់ប្ដូរ​មេដឹកនាំ នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​សប្ដាហ៍​មុន គឺជាផែនការ​របស់​លោក។

«... បង្វែរអារម្មណ៍ កុំឲ្យពលរដ្ឋគិតពីរឿងជាតិ... »

ចំពោះរឿងរ៉ាវដ៏អាស្រូវ ដែលលើកឡើងថា មានការលួចសាហាយស្មន់ រវាងអ្នកស្រី ប៊ុន រ៉ានី និងអតីតមេទ័ព​យួន រហូតបង្កើតបានលោក ហ៊ុន ម៉ាណែត នោះ ជារឿងរ៉ាវចាស់វស្សាមួយ ដែលមិនមែន​ទើប​តែ​កើត​មាន ក្នុង​ប៉ុន្មានខែ​នេះ​ទេ តែគេគួររំលឹក​ឡើង​វិញថា រឿងនេះត្រូវបានក្រុមអ្នកមិនស្រប នឹងលោក ហ៊ុន សែន លើក​មក​សរសេរ បង្ហោះ​ផ្សាយ​ជា​ច្រើន​ដង ច្រើនលើក​ច្រើនគ្រា តាំងពីច្រើនឆ្នាំមុនម្លេះ។ លោក សម រង្ស៊ី ខ្លួន​លោក ក៏​ធ្លាប់​ចេញ​លិខិត​មួយ កាលពីខែមិថុនាឆ្នាំទៅម៉ិញ សរសេរសម្ដែង​​ការ​​សោក​ស្ដាយ និងចូលរួម​ការ​ឈឺចាប់ ក្នុង​ករណី​នេះ ជាមួយ​លោក ហ៊ុន សែន នោះ​ដែរ។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅបាននិយាយ​ទាក់ទង​នឹងរឿងរ៉ាវនេះ នៅពេលបន្ទាប់មកទៀតថា៖ «ខ្ញុំមិនជឿថា អ្នកដែលប្រតិកម្មបែបនេះ (ជាមនុស្ស)ល្ងង់ គិតស្រាល ចោទប្រកាន់​គេ​​គ្មាន​មូលដ្ឋាន​​បែបនេះ មាន​​បំណង​អាក្រក់ គ្រាន់តែយក​រឿង​បុគ្គល យកមកបាំងមុខ យកមកបង្វែរ​អារម្មណ៍ កុំឲ្យ​ប្រជា​ពលរដ្ឋ​​គិត​​ពី​រឿង​​ជាតិ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់