ដួងសុវណ្ណរដ្ឋ សែរាជវង្ស​ ស៊ីសុវត្ថិ ប្រាថ្នា​«ស្លាប់​​ក្នុង​​ខ្ទម​កម្សត់»

ព្រះអង្គម្ចាស់ ធ្លាប់មានបន្ទូលហើយ ថាទ្រង់សុខចិត្តស្លាប់ នៅក្នុង​ខ្ទម​កម្សត់​នេះ បើទោះជាព្រះអង្គត្រូវបាន​គេ​រក​ឃើញ​វិញ និង​ទទួល​ស្គាល់​ថា ទ្រង់​ពិត​ជា​មាន​​សាច់​​ឈាមរាជវង្សខ្មែរ សែខាង ស៊ីសុវត្ថិ នោះក៏ដោយ។ រស់​នៅ​លាក់​ព្រះ​កាយ ចេញ​ពី​ព្រះ​រាជ​បល្ល័ង្គ អស់រយៈ​ពេល​ជា​ច្រើន​សិបឆ្នាំ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួង​សុវណ្ណ​រដ្ឋ បានលាចាក​លោក​យើងនេះទៅ ដោយលែងវិល​ត្រឡប់វិញ កាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០១៧នេះ​ នៅក្នុងខ្ទមកម្សត់​របស់​​ទ្រង់។
ដួងសុវណ្ណរដ្ឋ សែរាជវង្ស​ ស៊ីសុវត្ថិ ប្រាថ្នា​«ស្លាប់​​ក្នុង​​ខ្ទម​កម្សត់»
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងសុវណ្ណរដ្ឋ កាលពីនៅមានព្រះជន្ម និងមឈូសតំកល់សពទ្រង់ នៅថ្ងៃនេះ។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 25, 2017
  • ប្រធានបទ: ជីវិត
  • អាន និងបញ្ចេញយោបល់

ព្រះអង្គម្ចាស់ ដួងសុវណ្ណរដ្ឋ ដែលពលរដ្ឋក្នុង ភូមិ​ព្រែក​តាមាក់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ស្គាល់លោក​ជា​«តាប៉ក់» និងឈ្មោះក្នុង «បូណា» ទើបនឹងបានបង្ក ឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅ​ប្រមាណជា៤ខែមុននេះ ទៅដល់បណ្ដា​ប្រជា​នុរាស្ត្រ និងរាជរង្សខ្មែរ ជុំវិញជីវិត​លាក់​ព្រះ​កាយ​​របស់ទ្រង់ រាប់ចាប់តាំងពីឆ្នាំ១៩៧៦មក។ តែនៅវេលានេះ ព្រះអង្គបាន​ទទួល​មរណភាព​ទៅ​ហើយ កាលពី​រសៀល​ម៉ោ​ង ២ និង១០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងវីដេអូជាច្រើន ដែលទើបនឹងត្រូវបានយកមកបង្ហោះ នៅប៉ុន្មានម៉ោងមុននេះ គេឃើញមឈូស ដែល​មាន​ដាក់​សព​របស់​ព្រះអង្គ​ម្ចាស់ ត្រូវបាន​រៀបចំ​លំអ​ពីលើ ដោយផ្កាពណ៌ចម្រុះ នៅក្នុងគេហដ្ឋាន​ឈើ​របស់​ទ្រង់ តាម​បែបជារាស្ត្រសាមញ្ញ នៅតាមតំបន់ស្រុក​ស្រែ​ចំការ។ វីដេអូ​ទាំងនេះ បានបន្ថែម​ពីលើរូបភាព​មួយ​ចំនួន​​ទៀត​ កាលពីថ្ងៃម្សិលម៉ិញ ដែលបង្ហាញឲ្យឃើញថា សពទ្រង់បាន​ដាក់​តំកល់​ជាដំបូង នៅលើគ្រែ​ដ៏​កញ្ចាស់ ជា​មួយ​​នឹង​ការ​រៀប​ចំ​ការ​ធ្វើបុណ្យសព ដោយមានការចូលរួម​ពីអ្នកភូមិ។

ស្ថានភាពនេះ ធ្វើឲ្យគេនឹកឃើញ ពីពាក្យសំដីរបស់ព្រះអង្គម្ចាស់ កាលពីពេលនៅមានជីវិត ដែលបញ្ជាក់​ហើយ​​បញ្ជាក់ទៀតថា ទ្រង់​មិន​មានបំណង ត្រឡប់​ទៅរស់នៅ ក្នុងនាមជាសាច់សាលោហិត នៃព្រះញាតិ​​វង្ស​​នោះ​​​វិញ​​ឡើយ តែព្រះអង្គសុខចិត្តរស់នៅ សម្រាប់​ជីវិតដែលនៅសេសសល់ និងស្លាប់ នៅ​ក្នុង​ខ្ទមកម្សត់​របស់​ទ្រង់។ បន្ទូល​របស់​ទ្រង់​ខាង​លើនេះ បានធ្វើឡើងយ៉ាងច្បាស់លាស់ នៅ​បន្ទាប់​​ពី​ក្រុម​ព្រះញាតិវង្ស ក្នុង​នោះ​មាន​​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផង បានអះអាងថា លោកតាប៉ក់ ឈ្មោះ​ បូណា ​រូបនេះ គឺពិត​ជា​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ដួង​សុវណ្ណ​រដ្ឋ ដែលធ្លាប់ជាជំនិត របស់​អតីតព្រះ​មហាក្សត្រ សម្ដេច​ព្រះ​នរោត្ដម សីហនុ។ ព្រះអង្គម្ចាស់ ធម្មិកោ ថែមទាំង​ធ្លាប់​​ស្នើរ ឲ្យមាន​អន្តរាគមន៍ ពី​ព្រះ​អង្គ​ម្ចាស់ នរោត្ដម រណឬទ្ធិ ក្នុងថានៈព្រះ​អង្គ​ជា​ប្រធាន​ឧត្តម​ទីប្រឹក្សា នៃ​ព្រះ​មហាក្សត្រ ដើម្បីផ្គត់ផ្គង់​ព្រះអង្គម្ចាស់​លាក់កាយ ​អង្គ​នេះ​​ទៀតផង។

ព្រះអង្គម្ចាស់ ដួង សុវណ្ណរដ្ឋ បានលើកឡើង នៅក្នុងកិច្ចសម្ភាសមួយ ជាមួយអ្នកសារព័ត៌មាន កាលពីខែកញ្ញា​កន្លង​មកថា បើព្រះអង្គ​មានបំណង ចង់វិល​ត្រឡប់ទៅរកជីវិត ជាសែរាជវង្សនោះ ម្លេះព្រះអង្គធ្វើបានសម្រេច តាំង​ពី​យូរ​ហើយ និងមិនសុខចិត្ត​ទ្រាំរស់នៅ ក្នុង​ជីវភាព​អញ្ចឹងទេ។ ប៉ុន្តែ​ស្ថានភាព​របៀប​នេះ មិនបានធ្វើឲ្យ​ព្រះអង្គ​ម្ចាស់ ស្ដាយ​ស្រណោះខ្លួនអ្វីឡើយ។ ព្រះអង្គបានមានបន្ទូលថា៖ «អត់(ស្ដាយស្រណោះ)អីទេ។ គិត​ទៅ​ថា ខ្ញុំក៏​ស្លាប់ អ្នកណា​ក៏​ស្លាប់ មើលស្ដេចសោយរាជ្យហ្នឹង ងាប់មុនខ្ញុំទៅទៀត មិនមែន​ងាប់​ក្រោយ​ខ្ញុំទេ (សើច) កើត​មក​កើត​មុនខ្ញុំ ក៏ប៉ុន្តែងាប់ទៅវិញ ក៏ងាប់មុនខ្ញុំដែរ។»។

ព្រះអង្គម្ចាស់ បានអះអាងថា ព្រះអង្គពេញចិត្តនឹងជីវិត នៅក្នុងខ្ទមកម្សត់ របៀបជារាស្ត្រសាមញ្ញបែបនេះ។ ព្រះ​អង្គ​បន្ត​ថា៖ «បាទ ពេញចិត្តណាស់ ៗ។ ចង់ដើរទៅដួលអញ្ចឹងទៅ គេមកលើកទៅ​ក៏បាន គេគ្រាហ៍ដើរ​ទៅ​ក៏​បាន គេមិនគ្រាហ៍​ក៏បាន សុខចិត្តដើរទៅណា ដើរតែខ្លួនឯង ចង់ទៅណាទៅៗ។»។

ប៉ុន្តែបំណងប្រាថ្នា ក្នុង​ការរស់នៅ តាមបែបជីវភាព ជារាស្ត្រសាមញ្ញរបស់ទ្រង់ មិនបានអង្រួនចិត្តមច្ចុរាជ កុំ​ឆក់​​យកជីវិតរបស់​ព្រះអង្គ​ម្ចាស់ កាលពីថ្ងៃ​ព្រហស្បត្តិ៍​កន្លងមកនេះឡើយ ជាពិសេសនៅពេលដែលទ្រង់ រង​អាពាធ​ធ្ងន់ធ្ងរ ដែលគ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា មិន​អាចព្យាបាលបាន។ ប្រភពពី​អ្នក​ស្និត នឹងព្រះអង្គម្ចាស់ បាន​ឲ្យ​ដឹង នៅតាមបណ្ដាញសង្គមថា ព្រះអង្គម្ចាស់មានអាការៈ «ធ្លាយ​ក្រពះ»។ ដោយ​សារ​ព្រះអង្គ មាន​ព្រះជន្ម​ចំណាស់​​ខ្លាំង​ណាស់​ហើយ (ប្រភពអះអាងថា ព្រះអង្គ​មានព្រះជន្ម៩៦ឆ្នាំ ខណៈឯកសារ​មួយចំនួន អះ​អាង​ថា ព្រះអង្គ​មាន​ព្រះជន្ម ៩៤ឆ្នាំ) ទើបក្រុមគ្រូពេទ្យ​មិនអាច​ធ្វើការ​វះកាត់​បាន និងបាន​សម្រេច​​បញ្ជូន​ទ្រង់​ត្រឡប់ ទៅ​កាន់​ខ្ទម​កម្សត់​ ក្នុងភូមិព្រែកតាមាក់វិញ រហូតដល់ព្រះអង្គ​បានផុត​ដង្ហើម។

» រូបថតព្រះអង្គម្ចាស់ នៅមុនផុតដង្ហើម៖

គណនេយ្យហ្វេសប៊ុកមួយ ដាក់ឈ្មោះ «Somalyna Khmer» បានសរសេរវិយោគកថា នៅក្រោយ​ការ​ផុត​ដង្ហើម​របស់​ទ្រង់​ថា៖ «លោកតា​មិនអាចចាំកូន និង​ចៅបានទេ ចៅរកទិញសំបុត្រយន្តហោះបានហេីយ ប៉ុន្មាន​ថ្ងៃ​ទៀត​សោះ លោកតាមិនអាចចាំបាន!! លោក​តាសុខចិត្តលះបង់សព្វបែបយ៉ាង សុខ​ចិត្ត​រស់​ជា​រាស្រ្ត​សាមញ្ញ កម្សត់​ម្នាក់ឯង លោកតាព្រាត់ប្រាស់កូនៗទាំងអស់ លោកតា​រស់ក្នុងក្តីសង្ឃឹម ថាថ្ងៃណាមួយ នឹង​បាន​ជួប​កូនស្រី ដែលនៅ​សល់​តែ​មួយ​គត់ របស់លោកតា អស់រយៈពេលជាង ៣០ ឆ្នាំ។ លោកតា​បាន​ជួប​កូន​ស្រី​តែ​មួយ ដែល​ជា​ទី​ស្រទ្បាញ់​របស់លោកតា មិនយូរប៉ុន្មានផង លោកតា​ត្រូវ​លា​ចាក​លោក ដោយ​មិនអាច​រង់ចាំ​​កូន និង​ចៅ​បាន។ លោកតា​អេីយ សូមលោកតា​អហោសិកម្ម​ឲ្យ​ចៅ​ផង ចៅទៅមិនទាន់​ដង្ហេីម​​លោកតា​ទេ ចៅ​​មិន​​អាច​​ធ្វេី​​​តាម​​​​សំណូម​ពរ​​ទី​ពីរ របស់​លោកតា​​បាន សូមវិញ្ញាណក្ខន្ធ​លោកតា ទៅកាន់ដល់​​សុគតិភព ជាតិ​ណាៗ​កុំ​ឲ្យ​​មាន​វាសនា ដូច​ជាតិ​នេះ។ សូម​​ឲ្យ​ជួប កុំ​ឲ្យ​ព្រាត់។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់