ខ្សែ​ប្រយុទ្ធ​​សង្គ្រោះ​អ្នក​ចាំទី​ពី​គ្រោះ​ត្រឡប់​អណ្ដាត ពេល​កំពុង​ប្រកួត

ការប្រកួតជើងឯកបូកពិន្ទុ នៅក្នុងប្រទេសឆែក ទើបនឹងរកបាន វីរបុរសថ្មីមួយរូប កាលពី​ចុង​សប្ដាហ៍​នេះ។ កីឡាករ​ខ្សែ​ប្រយុទ្ធ​ម្នាក់ របស់ក្រុម «Slovacko» បានជួយ​សង្គ្រោះ​ជីវិត អ្នកចាំទី​របស់​ក្រុម «Bohemians» ​បន្ទាប់​ពីអ្នក​ចាំ​ទី​រូប​នេះ បានរត់​ទៅបុក​កីឡាករ​រួម​ក្រុម បង្កើតឲ្យមានអាការៈ​​​ត្រឡប់​អណ្ដាត ដ៏​ទាន់​ហន់​មួយឡើង។
ខ្សែ​ប្រយុទ្ធ​​សង្គ្រោះ​អ្នក​ចាំទី​ពី​គ្រោះ​ត្រឡប់​អណ្ដាត ពេល​កំពុង​ប្រកួត
ទិដ្ឋភាពពេលកីឡាករ «» កំពុងចាប់ទាញអណ្ដាត របស់កីឡាករគូប្រកួត ដែលកំពុងមានអាការៈ​ត្រឡប់​អណ្ដាត។ (រូបថតលើទ្វីសធើរ)

នៅវេលានោះ ការប្រកួតបានដើរ មកដល់​នាទីទី២៩ហើយ រវាងក្រុម «Bohemians» និង​ក្រុម «Slovacko» ក្នុង​ក្រប​ខណ្ឌ​ប្រកួត​បូក​ពិន្ទុ ដណ្ដើមជើងឯក​ធំជាង​គេ នៅក្នុង​ប្រទេសឆែក កាល​ពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ខ្សែប្រយុទ្ធ​របស់ក្រុម «Slovacko» គឺកីឡាករអន្តរជាតិ មកពីប្រទេស​តូហ្គោ ឈ្មោះ «Francis Koné» បាន​រត់​តាម​បាល់ ប្រជែង​ជា​មួយ​នឹង​ខ្សែរ​ការពារ​របស់​ក្រុម «Bohemians»។ ខណៈ​នោះ កីឡាករ​ចាំ​ទី​របស់​ក្រុម​ «Bohemians» ឈ្មោះ «Martin Berkovec» បានរត់ចេញ​មក​ធ្វើអន្តរាគមន៍ ដើម្បី​ទះ​បាល់ ឲ្យ​ចេញ​ឆ្ងាយ ពី​តំបន់​គ្រោះ​ថ្នាក់។

តែការចេញ​មក​សង្គ្រោះបាល់ របស់កីឡាករចាំទី បានបុកជាទម្ងន់ ជាមួយនឹងខ្សែការពារ ដែលជាកីឡាករ​រួម​ក្រុម។ ហេតុការណ៍​នេះ បានបណ្ដាល​ឲ្យ​អ្នក​ចាំទីរូបនេះ ទទួលរងនូវ​អាការៈ​​យ៉ាង​ទាន់​ហន់​មួយ ដែល​អាច​នឹង​ត្រឡប់លេប​​អណ្ដាត ចូលទៅក្នុង ហើយអាច​ធ្វើឲ្យខក់ និង​ថប់​ដង្ហើម។

កីឡាករ «Francis Koné» ដែលបានឃើញអាការៈនេះ មិនបាន​បង្អង់យូរ ក្នុងការជួយ​កីឡាករ​គូប្រកួត​របស់​ខ្លួន សូម្បី​មួយ​វិនាទី​ឡើយ (សូមទស្សនាវីដេអូខាងក្រោម)។ ខ្សែប្រយុទ្ធ​ជាតិ​តូហ្គោ​រូប​នេះ បានចាប់​បើក​មាត់កីឡាករ «Martin Berkovec» នឹងចាប់ទាញ​អណ្ដាត​មកវិញ មុននឹង​កីឡាករ​ក្នុង​ក្រុម «Bohemians» ផ្សេង​ទៀត បាន​ស្ទុះ​ចូល​មក​ជួយ បង្វិលខ្លួន​កីឡាករ​រងគ្រោះ ដាក់ឲ្យគេង​ចំហៀង​វិញ។

កីឡាករខ្សែប្រយុទ្ធ បានថ្លែងឡើងនៅ​ក្រោយ​ការប្រកួតថា ហេតុការណ៍​របៀបនេះ បានកើតឡើង​ចំពោះ​ខ្លួន ជា​លើក​ទីបួន​ហើយ។ លោកបានថ្លែងឡើង​ថា៖ «លើកនេះ ជាលើកទីបួន​ហើយ សម្រាប់​ខ្លួនខ្ញុំ។ លើក​ទីមួយ នៅ​ក្នុង​ប្រទេស​ថៃ ពីរដង​នៅក្នុង​ទ្វីបអាហ្វ្រិក ហើយយប់​នេះ ជាលើកចុង​ក្រោយគេ។ និយាយ​ទៅ ខ្ញុំតែងតែ​សង្កេត​មើល​ថា តើរាល់​កីឡាករ​ទាំងអស់ ដែលរងគ្រោះ​នៅក្នុង​ការប្រកួត មានអាការៈ​លេប​អណ្ដាត​ដូច្នេះ ឬ​អត់។»។

ជាការសង្កេត និងភាពរហ័សដៃជើង ដែលធ្វើឲ្យអ្នកដឹងពីហេតុការណ៍ខាងលើ អត់ទ្រាំមិនជញ្ជក់​​មាត់​សរសើរ​​មិន​បាន។ ថ្លែង​ពីមន្ទីរពេទ្យ ដែលខ្លួនកំពុង​សម្រាកព្យាបាល កីឡាករ «Martin Berkovec» បាន​ពោល​ពាក្យ​អរគុណ ទៅ​កីឡាករ «Francis Koné» ដែលបាន​ជួយ​សង្គ្រោះ​ជីវិត​ខ្លួន ហើយទទួល​ស្គាល់​ថា បើ​គ្មាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ ពីមិត្តរួម​អាជីព​រូបនេះទេ ស្ថានភាពរងគ្រោះ​របស់ខ្លួន អាចនឹងមានសភាព​ធ្ងន់ធ្ងរ​ជាង​នេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់