អេនជឺលីណា ជូលី កំពុង​រៀបចំ​សម្ពោធ​ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» នៅ​ក្រុង​សៀមរាប

ពីទីក្រុងសៀមរាប ខេត្តភាគខាងជើង នៃប្រទេសកម្ពុជា កំពូលតារាហូលីវូដ ដែលបានក្លាយ​ជាអ្នក​ដឹកនាំ​រឿង​ នាង អេនជឺលីណា ជូលី (Angelina Jolie) កំពុងរៀបចំ​សម្ពោធ ការចាក់បញ្ចាំង​លើក​ដំបូង​បង្អស់ នូវ​ភាពយន្ដ​របស់​អ្នកស្រី រឿង «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» ដែលនឹង​ចេញ​បញ្ចាំង នៅពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ក្នុង​លក្ខណៈ​ជា​ជំហាន​ដំបូង មុននឹងភាពយន្ដ ត្រូវបានចេញ​បញ្ចាំង នៅតាមបណ្ដា​ប្រទេស​ផ្សេង​ទៀត នៅ​លើ​ពិភពលោក។
អេនជឺលីណា ជូលី កំពុង​រៀបចំ​សម្ពោធ​ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» នៅ​ក្រុង​សៀមរាប
នាង អេនជឺលីណា ជូលី កំពូលតារាភាពយន្ដ ដែលបានក្លាយជាមកជាអ្នកដឹកនាំរឿង។ (រូបថតផ្តិតពីវីដេអូ)

នៅក្នុងកម្មវិធី ចាក់បញ្ចាំងដំបូង នៃភាពយន្ដរឿង «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ (ជាភាសា​​អង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» នឹងត្រូវចាប់ផ្ដើម​ធ្វើ នៅ​ថ្ងៃ​សៅរ៍​ទី១៨ ខែ​កុម្ភៈ​នេះ​ហើយ ចាប់ពីម៉ោង ៦ល្ងាចទៅ នៅលើលានជល់ដំរី ក្នុងបរិវេណ​ប្រាសាទ​អង្គរធំ។

ដំណឹងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានពីខេត្តសៀមរាប នៅមុននេះបន្តិច បាន​អះអាង​ថា នៅ​ខណៈ​នេះ កំពូលតារាហូលីវូដ ដែលបានក្លាយជា​អ្នកដឹកនាំរឿង នាង អេនជឺលីណា ជូលី (Angelina Jolie) កូន​ប្រុស​ស្រី​របស់​អ្នកស្រី រួមនឹងក្រុមការងារផង បានបង្ហាញខ្លួន​ នៅខាងមុខ​ព្រះរាជ​ដំណាក់ ក្នុងខេត្ត​សៀម​រាប។ ការ​បង្ហាញ​វត្តមាន ដែលគេជឿថា អ្នកស្រីទំនងជា​មាន​ជំនួប​ផ្លូវការ​អ្វីមួយនៅទីនោះ មុននឹង​អ្នកស្រី ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​វេលា​ម៉ោង ១២ (ក្នុងថ្ងៃដដែលនេះ) ​នៅ​សណ្ឋាគារ «Raffles Grand Hotel d'Angkor»។

ភាពយន្ដហូលីវូដ ដែលថតជាភាសាខ្មែរ និងមានការចូលរួម ពីតារាជាតិជាច្រើននេះ នឹងត្រូវ​ចាក់​បញ្ចាំង នៅ​​ពាស​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា។ កម្មវិធីចាក់បញ្ចាំង ដែលគេបានដឹង តាមរយៈទំព័រហ្វេសប៊ុក «Angelina Jolie / Angie» បានអះអាងថា៖ «ការចាក់បញ្ចាំង នៅរាជធានីភ្នំពេញ នឹងធ្វើនៅថ្ងៃទី ២១ ខែកុម្ភៈ ចាប់​ពី​ម៉ោង ៦ល្ងាច​ នៅ​ពហុ​កីឡាដ្ឋាន​អូឡាំពិក។ ការចាក់បញ្ចាំង នៅក្រុងបាត់ដំបង នឹងធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ (ទី​កន្លែង និងពេល​វេលា នៅ​មិន​ទាន់​ឲ្យ​ដឹង នៅឡើយ)»។

» ទិដ្ឋភាព នៃការរៀបចំចាក់​បញ្ចាំង​ភាពយន្ដ នៅលើលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ៖

ភាពយន្ដ «មុន​ដំបូង ​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជាការដកស្រង់រសជាតិ នៃជីវិត«ពិត»ដ៏​ខ្លោច​ផ្សារ នៅ​​ក្រោម​​របប​ប្រល័យ​ពូជសាសន៍ ខ្មែរក្រហម របស់​ប្រជាជនខ្មែរមួយរូប ឈ្មោះ លឿង អ៊ឹង។ ទោះ​នៅ​ក្នុង​​សម័យ​​នោះ អ្នកស្រី លឿង អ៊ឹង នៅមានវ័យជាកុមារភាពម្នាក់ (អាយុ៥ឆ្នាំ) ក៏ដោយ តែអ្នកស្រី​​បាន​​ចងចាំ​​ហេតុការណ៍ ដ៏​រន្ធត់​តក់ស្លុត ពីសង្គ្រាមព្រាត់ប្រាស់ ដែលបានកើតឡើង ក្នុងទសវត្សន៍ឆ្នាំ៧០ ជាពិសេស​ហេតុការណ៍ នៅ​នឹង​ភ្នែក នៃ​​ការ​​បណ្ដើរ នាំឪពុក​អ្នកស្រីចេញទៅ ពីសំណាក់ក្រុមខ្មែរក្រហម ដែលគ្មានថ្ងៃ​វិល​ត្រឡប់។ ទិដ្ឋភាពនៅ​ក្នុង​ចិត្ត​អស់​ទាំងនោះ បានជំរុញឲ្យអ្នកស្រី សរសេរ​ប្រលោមលោក «មុន​ដំបូង ​ខ្មែរ​ក្រហម​​សម្លាប់​​ប៉ា​​​របស់​ខ្ញុំ» នេះ​ឡើង មុន​នឹង​បោះពុម្ភ​ផ្សាយ ជាសៀវភៅ​នៅក្នុងឆ្នាំ២០០០៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់