បុត្រី​ព្រះអង្គ​ម្ចាស់ ដួងសុវណ្ណរដ្ឋ សន្លប់​ពេល​ឃើញ​សព​បិតា

ទើបតែបានជួបភ័ក្រវិញ ក្នុងរយៈពេលមិនបានប៉ុន្មានផង ព្រះបិតាទ្រង់ក៏បានលា ចាកចោលបុត្រី​នេះទៅ​ទៀត! ភាព​រំជួល​ចិត្ត​ដ៏​ខ្លាំង​នេះ បានកើតឡើងចំពោះអ្នកស្រី ដួង សុជាតា រហូតដល់​«សន្លប់»​បាត់​ស្មារតី បន្ទាប់​ពី​អ្នកស្រី​បាន​ត្រឡប់​ មក​​ដល់​​មាតុ​ប្រទេសវិ​ញ នៅថ្ងៃសៅរ៍នេះ ដើម្បីចូលរួមធ្វើបុណ្យសព នៃ​ព្រះអង្គ​ម្ចាស់ ដួង សុវណ្ណរដ្ឋ ដែល​បាន​លាចាក​លោក​ទៅ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមក។
បុត្រី​ព្រះអង្គ​ម្ចាស់ ដួងសុវណ្ណរដ្ឋ សន្លប់​ពេល​ឃើញ​សព​បិតា
ទិដ្ឋភាពដួលសន្លប់ របស់អ្នកស្រី ដួង សុជាតា បន្ទាប់ពីបានឃើញមឈូសសពបិតា របស់អ្នកស្រី ភ្លាមៗ។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 25, 2017
  • ប្រធានបទ: ជីវិត
  • អាន និងបញ្ចេញយោបល់

«ប៉ាអ៊ើយ... ខ្ញុំមកដល់ហើយ... ប៉ាមិនទុកឲ្យខ្ញុំមកទាន់ដង្ហើមប៉ាចុងក្រោយទេ ប៉ាឲ្យកូនសុំទោស...» ទាំង​នេះ ជាសម្លេងដ៏សោកសង្រេង របស់អ្នកស្រី ដួង សុជាតា បុត្រីនៃព្រះអង្គម្ចាស់ ដួង សុវណ្ណរដ្ឋ ចេញពីពិធី​បុណ្យ​សព​ទ្រង់ នៅរសៀលនេះ។ កញ្ញា ភូ ទីតា សកម្មជនខាងកិច្ចការសង្គមមួយរូប បានបង្ហោះ​វីដេអូ ផ្សាយ​បន្ត​ផ្ទាល់ ពី​ទិដ្ឋភាព​ដ៏​ខ្លោចផ្សារ នៅមុននេះបន្តិច ដោយបានសរសេរបញ្ជាក់ថា៖ «បុត្រីរបស់ព្រះអង្គ ដួង​សុវណ្ណ​រដ្ឋ បាន​មក​ដល់​កម្ពុជា​ហើយ ហើយក៏បានមកដល់​បុណ្យសព​លោកតា ដែរ»។

ពាក្យ«លោកតា» ដែលកញ្ញា ភូ ទីតា និយាយលើកមកនេះ សំដៅទៅរកនាមហៅក្រៅ «តាប៉ក់» ដែលប្រជា​ពលរដ្ឋ រស់​នៅ​ភូមិផង​របង​ជាមួយ ក្នុងភូមិ​ព្រែក​តាមាក់ ឃុំព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ហៅ​ព្រះអង្គ​ម្ចាស់ ដួង សុវណ្ណរដ្ឋ ដែលបានរស់នៅ​លាក់​ព្រះកាយ ​អស់​ជាច្រើន​សិបឆ្នាំ មុននឹង​ត្រូវ​បាន​រក​ឃើញ​​ព្រះអង្គ​វិញ កាលពី​ប៉ុន្មានខែមុននេះ។ តែជីវិតនៅលើលោកយើងនេះ មិនទៀងឡើយ ព្រោះ​​ព្រះអង្គ​ម្ចាស់ ដែល​មាន​​​លោហិត​​ជាព្រះញាតិ​វង្ស សែខាង ស៊ីសុវត្ថិ អង្គនេះ បានទទួលមរណភាព កាលពី​​​រសៀល​​ម៉ោ​ង ២ និង១០នាទី ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅហើយ។

ពិធីបូជាសព នឹងគ្រោងធ្វើនៅថ្ងៃស្អែកនេះ...

នៅក្នុងវីដេអូដំបូងឡើយ គេឃើញអ្នកស្រី ដួង សុជាតា ដែលសព្វថ្ងៃជាសាស្ត្រាចារ្យរបាំព្រះរាជទ្រព្យ នៅក្នុង​ប្រទេស​កាណាដា បានស្ទុះចូល​ទៅ​ក្នុង​គេហដ្ឋាន ដ៏ចាស់ទ្រុឌទ្រោម ដែលមានតំកល់សព របស់ព្រះអង្គ​ម្ចាស់។ អ្នកស្រី បានស្រែកយំឡើង និងបានដង្ហោយស្រែករក «ប៉ាៗ» មុននឹងសន្លប់បាត់ស្មារតី។ ដោយសារ​មាន​ការ​ជួយ​ធ្វើ​ចលនា​បេះដូង ដាក់ប្រេងខ្យល់... ពីអ្នកនៅក្នុងពិធីជាច្រើននាក់ អ្នកស្រី ដួង សុជាតា បាន​ដឹង​ខ្លួន​ឡើង​វិញ ហើយបាន​បន្ត​យំ​ស្រណោះ​សោកស្ដាយ ជាបន្តទៀត។

កាលពីម្សិលម៉ិញ កញ្ញា ភូ ទីតា បានសរសេរពាក្យប៉ុន្មានឃ្លា បង្ហោះនៅលើបណ្ដាញសង្គម ដែលទំនងជា​បង្ហាញ ពី​អារម្មណ៍​ដ៏សោកសង្រេងនេះ ជំនួសឲ្យគ្រួសារអ្នកស្រី ដួង សុជាតា និងព្រះអង្គម្ចាស់ ដួង សុវណ្ណ​រដ្ឋ។ កញ្ញា​បាន​សរសេរថា៖ «និរាសព្រាត់ប្រាស់គ្នា​ជាមួយបុត្រី រស់នៅដោយភៀសព្រះកាយ និងលាក់ប្រវត្តិ អស់​រយៈ​ពេល​ជា​យូរឆ្នាំ បង្ខំចិត្តជម្លៀសបុត្រីខ្លួន ទៅនៅស្រុកគេជាង៣០ឆ្នាំ លោកទាំងពីរទើបតែជួបគ្នា មិន​ទាន់​បាន​៤ខែ ពេញ​លេញ​ផង ឥឡូវ​លោក​ត្រូវឃ្លាតឆ្ងាយ​ពីបុត្រីទៀត ឃ្លាតគ្មានថ្ងៃជួបវិញ លោក​ឃ្លាត​ទៅ​រហូត​ហើយ។ ហឺ ពេលវេលា​សប្បាយ​របស់​លោក បានតែមួយភ្លេត អ្នកដែលដឹងរឿងពួកគាត់ ទើបយល់​ពី​អារម្មណ៍​មួយ​នេះ។»៕

» វីដេអូខាងក្រោម បង្ហាញពីទិដ្ឋភាពដ៏ខ្លោចផ្សារនេះ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់