អ្នកវិភាគថា ការ​លា​ឈប់​របស់​សមាជិក​ណា​ម្នាក់​ពី គ.ជ.ប នឹង​បង្ក​ឲ្យ​មាន​«វិបត្តិ​ធម្មនុញ្ញ»

វិបត្តិធម្មនុញ្ញ នឹងកើតមានឡើង ប្រសិនជាមានសមាជិកណាម្នាក់ របស់គណៈកម្មាធិការជាតិរៀបចំ ការបោះ​ឆ្នោត លា​ឈប់​ពី​ស្ថាប័ន​​ធម្មនុញ្ញ​មួយ​នេះ។ បន្ទាប់មក ការជំនះឲ្យមានការបោះឆ្នោត ទាំងវិបត្តិ​ធម្មនុញ្ញ​នេះ នឹង​បង្ក​ឲ្យ​មាន«អធម្ម​នុញ្ញ​ភាព» ទៅ​ដល់​លទ្ធផល នៃ​ការ​បោះឆ្នោត ហើយរដ្ឋាភិបាល ដែលចេញពីការ​បោះ​ឆ្នោត ដែល​មាន​អធម្មនុញ្ញ​ភាព នឹងគ្មាន​ភាព​ស្របច្បាបទេ។ នេះ ជាការអះអាង​ឡើង របស់​​អតី​ត​​មន្ត្រី​ច្បាប់​មួយ​រូប ពី​​ប្រទេស​​កម្ពុជា នៅ​ក្នុង​កិច្ច​​សម្ភាស​​មួយ ជាមួយ​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ។
អ្នកវិភាគថា ការ​លា​ឈប់​របស់​សមាជិក​ណា​ម្នាក់​ពី គ.ជ.ប នឹង​បង្ក​ឲ្យ​មាន​«វិបត្តិ​ធម្មនុញ្ញ»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 09, 2017
  • ប្រធានបទ: កិច្ចសម្ភាស
  • អាន និងបញ្ចេញយោបល់

បើមានការលាឈប់ ពីសំណាក់សមាជិកណាម្នាក់ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ ​វា​នឹង​បង្ក​ឲ្យមាន«វិបត្តិធម្មនុញ្ញ» សម្រាប់ស្ថាប័ន​ធម្មនុញ្ញ​មួយនេះ។ ហើយប្រសិន​ជា​លោក រ៉ុង ឈុន បាន​​ប្រកាស ពី​ការ​លា​ឈប់​របស់​លោក ចេញពី គ.ជ.ប ក្នុងករណី​ដែល​គណបក្ស​ប្រឆាំង ត្រូវ​បាន​រំលាយ​នោះ វា​គឺ​ជា​ការ​«ព្រមាន» ដោយ​ប្រយោល​មួយ ប្រាប់​ជា​មុន​ពី«អធម្មនុញ្ញភាព» នៃ​ស្ថាប័ន​កំពូល សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត។

នេះ បើតាមការលើកឡើង របស់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ខ្មែរ ដែលកំពុង​រស់នៅ​ចូល​និវត្តន៍ នៅ​ក្នុង​ប្រទេស​បារាំង តបទៅនឹងព្រឹត្តិការណ៍​នយោបាយ​ចុងក្រោយ ជុំវិញ​ការ​ប្រកាស​លា​ឈប់ របស់​សមាជិក​​មួយ​រូប ពី​គណៈកម្មាធិការ​​ជាតិ​​រៀបចំ​ការ​បោះឆ្នោត ប្រសិន​ណា ជាគណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយ​ក្រោម​ច្បាប់​មួយ ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជា​ឲ្យ​ធ្វើ​វិសោធនកម្ម។

លោក រ៉ុង ឈុន អតីត​ប្រធាន​​​​សមាគម​​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែលជាអ្នក​ស្មោះស្ម័គ្រ​មួយរូប របស់​គណបក្ស​ប្រឆាំង បានប្រកាស​ពីមូលហេតុ នៃជំហរ​ដើរចេញ ពីគ.ជ.ប ថានោះ​ដោយសារ លោក​​ពុំ​​អាច​​ធ្វើ​​ជា​​អាជ្ញា​កណ្ដាល​ ដោយ​គូ​ប្រកួត​«​គីឡូ​»មិន​ស្មើ​គ្នា​ បែប​នេះ​ត​ទៅ​ទៀត។

ប៉ុន្តែសម្រាប់អតីតមន្ត្រីច្បាប់ វ័យចំណាស់ បានមើលឃើញ​វែងឆ្ងាយ ពីទិដ្ឋភាព​ច្បាប់ ដែល​និយាយ​ពី ដំណើរ​​ការ​ប្រព្រឹត្តិ​ទៅ នៃ​ស្ថាប័ន គ.ជ.ប និង​ជាពិសេស រដ្ឋាភិបាលដែលកើត​ចេញ ពី​ការ​បោះឆ្នោត រៀបចំ​ដោយ​ស្ថាប័ន គ.ជ.ប​ មួយ ដែល​គ្មាន​​«ធម្មនុញ្ញភាព» គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។

លោក ព្រហ្ម គិត បានថ្លែងឡើងថា៖ «រឿងនេះ ងាយយល់ទេ គឺ គ.ជ.ប ជាស្ថាប័ន​ធម្មនុញ្ញ កើត​ចេញ​ពី​រដ្ឋធម្មនុញ្ញ ហើយ​សមាជិក​អចិន្ត្រៃយ៍ ទាំង៩នាក់របស់ គ.ជ.ប ចាំបាច់​ត្រូវ​ទទួល​បាន​ការ​គាំទ្រ ពី​គណបក្ស​ដែល​មាន​សម្លេង ក្នុង​សភា។ ក្នុង​រដ្ឋធម្មនុញ្ញ ដែល​កើត​ចេញ ពី​ការ​ធ្វើ​វិសោធនកម្ម​រួមគ្នា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពីចុង​​ឆ្នាំ២០១៤ បានចែងនៅ​ត្រង់​ចំណុច​នេះ​ថា គណបក្ស​សម្លេង​ភាគ​ច្រើន រើស​សមាជិក គ.ជ.ប បាន​៤នាក់ គណបក្ស​សម្លេង​ភាគតិច បាន​៤នាក់ និងពីខាង​សង្គម​ស៊ីវិល ​១នាក់។»។

លោកបានបន្តទៀតថា៖ «ចុះបើគណបក្ស​សម្លេងភាគតិច ត្រូវគេ​រំលោយ​បាត់​ហើយ តើ​រដ្ឋសភា​នេះ នឹង​ក្លាយ​ជា​អ្វី? ហើយ​សួរ​ថា តើបាន​គណបក្ស​សម្លេង​ភាគ​តិច​ណា មកជ្រើសរើស​សមាជិក គ.ជ.ប ថ្មី ជំនួស​ឲ្យ​សមាជិក គ.ជ.ប ដែល​ទើប​នឹង​លា​ឈប់​នេះ?»។

មន្ត្រីចូលនិវត្តន៍រូបនេះ បានពន្យល់ថា គ.ជ.ប ដែលគ្មាន​សមាជិក​អចិន្ត្រៃយ៍ពេញ ទាំង៩រូប នៅ​ធ្វើការ នឹង​ក្លាយ​ជា​ស្ថាប័ន «អធម្មនុញ្ញភាព» ហើយនឹងត្រូវ​គេ​មើល​ឃើញ​ថា ជាស្ថាប័ន​គ្មាន​សមត្ថកិច្ច​ត្រឹមត្រូវ​ ស្រប​តាម​ផ្លូវ​ច្បាប់ ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត ប្រកប​ដោយ​យុត្តិធម៌ និងអាច​ទទួល​យក​បាន​នោះឡើយ។ ហើយ​បើ​គេ​នៅ​តែ​ជំនះ ធ្វើការ​បោះឆ្នោត ក្រោមការរៀបចំ ពីសំណាក់​​ស្ថាប័ន«អធម្មនុញ្ញភាព»មួយ​នេះ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ ក៏គ្មានភាព​ស្រប​ច្បាប់​ដែរ។ ហើយនេះ គេមិនចាំបាច់​និយាយ​វែងឆ្ងាយ រហូត​ដល់​ការ​បង្កើត​រដ្ឋាភិបាល ដែល​ចេញ ពី​ការ​បោះឆ្នោត ដែល​«ខុស​ច្បាប់»​នេះ​ផង​ទេ។

ការព្រួយបារម្ភ ពីការរំលោយចោល នូវគណបក្សសង្គ្រោះជាតិ បានកើត​ឡើង បន្ទាប់ពីការប្រកាស របស់​លោក ហ៊ុន សែន កាលពី​សប្ដាហ៍មុន ដែលបាន​បញ្ជា ទៅសមាជិកសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ឲ្យ​ធ្វើ​វិសោធនកម្ម ទៅលើច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ជាពិសេស​កែប្រែ ឬបន្ថែម នៅ​ត្រង់​ចំណុច​ ដែល​«អនុញ្ញាត​ឲ្យ​រំលាយ​គណបក្សមួយ» ប្រសិនជាមេដឹកនាំ​គណបក្សនោះ ជាប់​​ទោស​ទណ្ឌ​​តាម​​ផ្លូវ​​តុលាការ។

បុរសខ្លាំងកម្ពុជា បានលើកឡើងថា៖ «ក្នុង​ពេល​​រំលាយ​ ក្នុង​គណៈកម្មការ​នាយក​​​ទាំង​ប៉ុន្មាន​ បាត់​​សិទ្ធិ​​ទាំង​អស់។ ហាមឃាត់ ៥​ឆ្នាំ ​ឥត​ឲ្យ​ធ្វើ​នយោបាយ។ យើង​លេង​​អា​ធុន​​ហ្នឹង​ ដែរ​មើល។ នេះ​មិន​មែន​ សម្រាប់​​តែ​​គណបក្ស​​ប្រជាជន​​ឯណា សម្រាប់​បក្ស​​ទាំងអស់​ រាប់​ទាំង​​បក្ស​​ប្រជាជន។ រំលាយ​ចោល​​បក្ស​​ហើយ ហើយ​​ហាម​ឃាត់​​សិទ្ធិ​​ធ្វើ​​នយោបាយ ​របស់​មេ​ដឹកនាំ។ កុំ​ហាម​ពីរ​បី​នាក់ ហាម​​មួយ​​គណៈ​នាយក​​តែ​ម្ដង ដើម្បី​​ឲ្យ​​រាង​​ចាល។»។

ទោះជាលោក ហ៊ុន សែន បានថ្លែងមិនចំពោះក៏ដោយ តែគេបានមើល​ឃើញ​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែលកំពុងជាប់បណ្ដឹងជាច្រើន នៅឯតុលាការ គឺជាទិសដៅ​ធំបំផុត របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​យក​មក​ធ្វើ​ជា​ហេតុផល ក្នុងដំណើរ​​ទៅ​​រំលាយ​​គណបក្ស​ប្រឆាំង។ កាលពី​សប្ដាហ៍​មុន​ដដែល នាយក​រដ្ឋមន្ត្រី​បី​ទសវត្សន៍​ជាង​រូប​នេះ បានថ្លែងព្រមាន រឹបអូស​យក​ទ្រព្យ​សម្បត្តិ៍ទាំងអស់ របស់​លោក សម រង្ស៊ី រួម​ទាំង​ស្នាក់ការ​បក្ស ដែលត្រូវ​បាន​ទិញ ដាក់​ឈ្មោះ​លោក សម រង្ស៊ី នោះ​ថែម​ទៀត។

បញ្ជាខាងលើរបស់លោក ហ៊ុន សែន ត្រូវបានលោក ព្រហ្ម គិត ចាត់ទុកថា ពោរពេញ​ដោយ​«គ្រោះថ្នាក់»​​សម្រាប់​ជាតិ ហើយជា​ជំហាន​ថ្មី​បន្ថែម​ទៀត ដើម្បីអនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន នៅ​កាន់​អំណាច​តែ​ម្នាក់​ឯង និង​ជា​រៀង​រហូត​ទៅ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់