អតីត​អ្នក​ច្បាប់​ថា បណ្ដឹង​រឿង​«ក៥»​ប្រឆាំង ហ៊ុន សែន-ហេង សំរិន មិន​អាច​ធ្វើ​បាន

នៅក្នុងពេលនេះ ទោះជាស្ថិត​ក្នុងលក្ខខណ្ឌណាក៏ដោយ ក៏គេ​មិន​អាច​ធ្វើ​បណ្ដឹង​ ពាក់ព័ន្ធ​នឹង​​ព្រឹត្តិការណ៍ «ក៥» ដែល​បាន​កើត​ឡើង តាំងពីទសវត្សន៍​ឆ្នាំ៨០ ប្រឆាំង​នឹង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​នោះ​ទេ។ នេះ ជាការអះអាងឡើង របស់លោក ព្រហ្ម គិត អតីត​មន្ត្រី​ច្បាប់​​ពី​ប្រទេស​កម្ពុជា នៅក្នុងកិច្ច​សម្ភាស​មួយ ជាមួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ។
អតីត​អ្នក​ច្បាប់​ថា បណ្ដឹង​រឿង​«ក៥»​ប្រឆាំង ហ៊ុន សែន-ហេង សំរិន មិន​អាច​ធ្វើ​បាន
ពីឆ្វេងមកស្ដាំ៖ លោក ហ៊ុន សែន និងលោក ហេង សំរិន។ (រូបថតឯកសារ)

បណ្ដឹងរបៀបនេះ អាចធ្វើទៅបាន លុះត្រាមានការព្រមព្រៀង រវាងអង្គការសហប្រជាជាតិ ជា​មួយ​នឹង​រដ្ឋាភិបាល​ខ្មែរ​មួយ ដែលមិនមែន ជារដ្ឋាភិបាលដឹកនាំ​ដោយរដ្ឋាភិបាល លោក ហ៊ុន សែន (ដូច​ទៅ​នឹង​ករណី​សាលា​ក្ដី​វិសាមញ្ញ ដែលកំពុងកាត់ទោស មេដឹកនាំខ្មែរក្រហម សព្វថ្ងៃ)។ គេមិនអាចដាក់​ពាក្យ​បណ្ដឹង ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «ក៥» នេះ ចូលទៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ហៅកាត់ តាមភាសា​អង់គ្លេស «ICC» ឬ​ភាសា​បារាំង «CPI») បាន​ទេ ដោយហេតុថា សាលាក្ដីអន្តរជាតិមួយ​នេះ គ្មានយុត្ថាធិការ ដើម្បី​ចាត់​ការ​ទៅ​លើ​សំនុំ​រឿង ដែលបាន​កើត​ឡើង មុនថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ (ថ្ងៃដែល​អនុសញ្ញា​ក្រុង រ៉ូម ទាក់​ទង​នឹង​ការ​បង្កើត​សាលា​ក្ដី​នេះ បាន​ចូល​ជា​ធរមាន) នោះឡើយ។

ខាងលើនេះ ជាសេចក្ដីសង្ខេបមួយ ពីការលើកឡើងរបស់អតីតមន្ត្រីច្បាប់ខ្មែរ លោក ព្រហ្ម គិត ដែល​សព្វ​ថ្ងៃ​កំពុង​រស់​នៅ ក្នុងតំបន់​ភាគ​ខាងត្បូង នៃប្រទេសបារាំង។ អតីតមន្ត្រីរូបនេះ បានផ្ដល់​កិច្ច​សម្ភាស​មួយ ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដើម្បីបកស្រាយ​ឲ្យឃើញ ពីទិដ្ឋភាពច្បាប់​អន្តរជាតិ ថាតើអាច​ទៅរួច​ឬទេ ជុំ​វិញ​ការ​លើក​ឡើង កាលពី​ពេល​ថ្មីៗនេះ របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា ​កំពុង​«កសាង​សំណុំ​រឿង ដើម្បី​ឲ្យ​តុលាការ​អន្តរជាតិ តាម​ចាប់ ហ៊ុន សែន និង ហេង សំរិន យក​ទៅ​កាត់​ទោស​ តាម​ច្បាប់​អន្តរជាតិ ពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សលោក» ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ «ក៥»។

ប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅ​​និរទេស​ខ្លួន ចេញពីការ​ចាប់ចង របស់​អាជ្ញាធរខ្មែរ បាន​សរសេរ​នៅ​លើ​ទំព័រ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃអង្គារម្សិលម៉ិញ ចោទលោក ហ៊ុន សែន និងលោក ហេង សំរិន ថា​ជា​«ឃាតករ ជាប់​ពាក់ព័ន្ធ ក្នុងការសម្លាប់រង្គាល មកលើពលរដ្ឋខ្មែរ កាលពី​សម័យ​ផែនការ "ក៥"» និង​ថា​ លោក​ទាំង​ពីរ «បានអនុវត្ត ផែនការ ក៥ តាមបញ្ជា​ពីយួន ដែលចង់ឲ្យខ្មែរ​សម្លាប់ខ្មែរ តទៅទៀត បន្ទាប់​ពី ប៉ុល ពត»។

លោក សម រង្ស៊ី បានសរសេរបន្តថា៖ «យើងកំពុងតែកសាងសំណុំរឿង ដើម្បីឲ្យតុលាការ​អន្តរជាតិ តាម​ចាប់ ហ៊ុន សែន និង ហេង សំរិន យកទៅកាត់ទោស​តាមច្បាប់អន្តរជាតិ ពីបទឧក្រិដ្ឋកម្ម ប្រឆាំង​​មនុស្ស​​លោក គឺការ​សម្លាប់​រង្គាល ឬការកែនពលរដ្ឋ​​ស្លូតត្រង់​ដោយបង្ខំ បញ្ជូនទៅឲ្យស្លាប់ ក្នុងទ្រង់ទ្រាយធំ ដូចកាល ៤-១០ ឆ្នាំ​ក្រោយ​ពី​របប ប៉ុល ពត»។

តុលាការអន្តរជាតិនោះ នៅឯណា?

«ចង់ប្ដឹងលោក ហ៊ុន សែន និងលោក ហេង សំរិន ឡើងទៅតុលាការអន្តរជាតិ? ថាតើតុលាការអន្តរជាតិ នៅ​ឯ​ណា?» នេះ ជាសំណួររបស់លោក ព្រហ្ម គិត ដែលចោទសួរត្រឡប់មកវិញ មុននឹងបន្តដូច្នេះ៖ «បើថា តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែលយើងហៅថា "CPI" (ហៅតាមភាសាបារាំង) នេះ គឺមិនអាចទៅរួចទេ ព្រោះ​តុលាការ​នេះ​គ្មាន​យុត្ថាធិការ ឬអំណាច​ទៅចាត់ការ លើរឿងរ៉ាវដែល​កើតឡើង នៅមុនខែកក្កដា ឆ្នាំ២០០២​នោះ​ឡើយ»។

ផ្ទុយទៅវិញ តុលាការអន្តរជាតិ ដែលមានលក្ខណៈវិសាមញ្ញមួយ អាចនឹងកើតឡើង ដើម្បីចាត់ការលើ​«ផែនការ ក៥»​នេះ​បាន ប្រសិនជាអង្គការសហប្រជាជាតិ យល់ព្រមឲ្យមាន ដោយយោង​ទៅលើស្ថាន​ទំងន់​ទោស ដែល​មាន​នៅក្នុង​អំពើឧក្រិដ្ឋនោះ ដូចករណីសាលាក្ដីវិសាមញ្ញ សម្រាប់កាត់ទោស ទៅលើមេដឹកនាំ​ខ្មែរ​ក្រហម​​សព្វ​ថ្ងៃ​​អញ្ចឹង។ ហើយការយល់ព្រមនេះ ក៏ត្រូវមានការ​ព្រមព្រៀង ពីប្រទេស​សាមី​ដែរ។ លោក ព្រហ្ម គិត បាន​ពន្យល់ ដោយ​លើក​យក​ករណី នៃការ​កាត់​ទោស ទៅលើមេដឹកនាំ​ខ្មែរ​ក្រហម មក​បញ្ជាក់​ថា បើ​ប្រទេស​សាមី គេថា គ្មានអំពើ​ឧក្រិដ្ឋ​នេះ​​កើត​​ឡើង​ទេ ក៏អង្គការ​សហប្រជាជាតិ មិនអាច​រំលោភ​​លើ​អធិបតេយ្យ​ភាព របស់​ប្រទេស​សាមី​នោះ រួចហើយទៅបង្កើត​សាលាក្ដី​វិសមញ្ញមួយ ទាំង​ប្រថុយ​ប្រថាន​នោះ​ដែរ។

ដូច្នេះ វាមានភាពចាំបាច់ សម្រាប់រដ្ឋាភិបាល នៃប្រទេសសាមី ដែលត្រូវមានឆន្ទះ​នយោបាយ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ ដែលជាពលរដ្ឋ​របស់ខ្លួន នៅក្នុង​ហេតុការណ៍​មួយ នៃ​ប្រវត្តិសាស្ត្រ​។ លោក ព្រហ្ម គិត បាន​បន្ត​ថា៖ «រដ្ឋាភិបាលនោះ គឺប្រាកដជាមិនមែន រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ​ឡើយ។ លោក ហ៊ុន សែន មិនល្ងង់ទៅយល់​ព្រម ឲ្យបង្កើត​តុលាការ​វិសាមញ្ញ​មួយ​ឡើង​ ដើម្បី​យក​មក​កាត់​ទោស​​ខ្លួន​លោក​​នោះ​ទេ។»។

គ្រួសារជនរងគ្រោះ ត្រូវអស់សង្ឃឹមឬ?

យ៉ាងណា អតីតមន្ត្រីច្បាប់ចំណាស់រូបនេះ បានបញ្ជាក់ថា ជនរងគ្រោះ ឬគ្រួសារ​ជន​រង​គ្រោះ​ នៅ​ក្នុង​«ផែនការ ​ក៥» ដែលសព្វថ្ងៃ​រស់នៅ​ឯបរទេស (ឧទាហរណ៍ អាមេរិក បារាំង ឬអូស្ត្រាលី) អាចដាក់​ពាក្យ​បណ្ដឹង ទៅ​កាន់​តុលាការ​នៃ​ប្រទេស ដែលខ្លួន​​កំពុងរស់នៅ​នោះ ដើម្បីឲ្យតុលាការ​នៃប្រទេសនោះ រក​យុត្តិធម៌​ឲ្យខ្លួន ឬអាច​ឈាន ទៅស្វែងរក​ជន​ទទួល​ខុសត្រូវ ក្នុងរឿងនេះ មកផ្ដន្ទាទោស​បាន (ច្បាប់ប្រទេសខ្លះ អនុញ្ញាតឲ្យ​ចាត់​ការ​ ក្នុង​សំនុំ​រឿង​ប្រហាក់​ប្រហែល​នេះ ដោយមិនចាំបាច់ ថាជន​រងគ្រោះ ជាពលរដ្ឋ​ ឬមាន​សញ្ជាតិ​របស់​ប្រទេស​នោះ​ទេ)។

លោក ព្រហ្ម គិត បានថ្លែងបន្តថា ជាការពិតហើយ លោក ហ៊ុន សែន និងលោក ហេង សំរិន ដែលរស់នៅ​​ក្នុង​ប្រទេស​កម្ពុជា ពិតជាមិនស្ថិត​ក្រោម​ចំណាត់ការច្បាប់ របស់ប្រទេស​ទាំង​នោះ​ទេ។ ប៉ុន្តែ ប្រសិនជា​តុលាការ​នៃ​ប្រទេស​ណា​មួយ ដែលម្ចាស់បណ្ដឹង​បានប្ដឹង បានរកឃើញថា លោកទាំងពីរ​មាន​ទោសមែន នោះ​តុលាការ​អាច​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​ពួក​គាត់ ហើយដីកានេះ នឹងមាន​សុពលភាព នៅក្នុងប្រទេស​នោះ​ផ្ទាល់ និង​ប្រទេស​ផ្សេង​ទៀត ដែលមាន​កិច្ច​ព្រមព្រៀម​បត្យាប័ន​ជា​មួយ។

អតីតមន្ត្រីខ្មែរ បានលើកជាឧទាហរណ៍ថា ជនរងគ្រោះ​ក្នុងផែនការ ក៥ ដាក់​ពាក្យ​បណ្ដឹង ក្នុង​ប្រទេស​បារាំង - លុះ​តុលាការ​រក​ឃើញថា លោក ហ៊ុន សែន ឬលោក ហេង សំរិន មាន​ទោស​ក្នុង​រឿង​នេះ​មែន តុលាការ​បារាំង​អាច​ចេញ​ដីកា ឲ្យ​ចាប់​ខ្លួន នៅលើទឹកដី​បារាំង។ ហើយបន្ទាប់មក​រដ្ឋាភិបាល​បារាំង នឹងស្នើរ​ទៅ​ប្រទេស​ផ្សេង​ទៀត ដែល​បាន​ធ្វើ​«កិច្ច​ព្រម​ព្រៀង បញ្ជូនជនមានទោស (បត្យាប័ន)» ជាមួយ​បារាំង ដើម្បីតាម​ចាប់​​លោក​​ទាំង​ពីរ មក​អនុវត្តន៍​ទោស នៅ​ក្នុង​ប្រទេស​បារាំង។

សូមជម្រាបជូនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានការទទួលស្គាល់ ពីអង្គការ​សហ​ប្រជាជាតិ ត្រូវ​បាន​បង្កើត​ឡើង តាមរយៈ​អនុសញ្ញា​ក្រុង រ៉ូម (ប្រទេស​អ៊ីតាលី) ក្នុង​​ឆ្នាំ​១៩៩៨ តែ​អនុសញ្ញា​នេះ ចាប់​មាន​​សុពល​ភាព និង​ការ​អនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២នេះ​ប៉ុណ្ណោះ ពោល​គឺ៤ឆ្នាំ ក្រោយ​ការ​ចុះ​ហត្ថលេខា។ នៅ​ពេល​ចាប់​ផ្ដើមដំបូង ប្រទេសចំនួន ៦០ បាន​ផ្ដល់​​សច្ចាប័ន លើ​អនុសញ្ញា​ខាង​លើ។ តែ​រហូត​មក​ដល់​ថ្ងៃទី ៤ ខែ​មិនា ឆ្នាំ​២០១៦នេះ ប្រទេសដែលបានចូល ជាសមាជិក​​អនុសញ្ញា មានចំនួន​​ឡើង​ដល់ ១២៤ប្រទេស។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ឬតុលាការឧក្រិដ្ឋកម្មអន្តរជាតិ) នេះ ខុសគ្នា ពីសាលាក្ដី​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​​ឡេអេ (ប្រទេស​​ហូឡង់) ដែល​ជា​ស្ថាប័ន​​អន្តរជាតិ​​មួយ​​ទៀត បង្កើតឡើង​តាំង​ពី​ឆ្នាំ ១៩៤៥ និង​​មាន​​អំណាច ត្រឹមតែផ្ដល់​​យោបល់ ទៅ​លើ​ជម្លោះ​រវាងរដ្ឋ និង​រដ្ឋ​ប៉ុណ្ណោះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់