ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!

ជនសង្ស័យ នៅក្នុងករណីឃាតកម្ម សម្លាប់លោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ កាល​ពីខែ​កក្កដា ឆ្នាំ​ទៅ​ម៉ិញ​នោះ ដែល​គេ​ស្គាល់​ឈ្មោះថា ជួប សម្លាប់ មានអាយុ​​មិនទាន់​ដល់បីខែស្រួល​បួល​​ផងទេ។ នេះ បើ​តាម​លិខិត​ប្រកាស​​បើក​​សវនាការ​​មួយ​សន្លឹក របស់សាលាដំបូង រាជធានីភ្នំពេញ ដែលទទួល​បាន​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់ ដោយ​មន្ត្រី​ជាន់​ខ្ពស់ របស់​ស្ថាប័ន​នេះ ជាច្រើននាក់។
ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!
លោក អឿត អាង ហៅ ជួប សម្លាប់ ជនសង្ស័យ នៅក្នុងករណីឃាតកម្ម សម្លាប់លោក កែម ឡី។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 07, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អាន និងបញ្ចេញយោបល់

លិខិតប្រកាសបើកសវនាការ ទៅលើសំនុំរឿងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី ត្រូវបាន​ចេញ​ផ្សាយ​ជា​សាធារណៈ និង​បានមកដល់ដៃ របស់ក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ ដោយ​បាន​បញ្ជាក់​ថា សវនាការ​​ទៅលើរឿងក្ដី ដ៏រសើបមួយនេះ នឹងត្រូវបើកធ្វើ នៅថ្ងៃទី១ ខែមីនា ខាងមុខ។ ប៉ុន្តែ​អ្វី ដែល​គេ​កាន់​តែ​ចាប់​​អារម្មណ៍​​ជាង​នេះ​ នៅលើលិខិតនោះ គឺការដាក់ថ្ងៃខែឆ្នាំកំណើត របស់​ជន​សង្ស័យ ដែល​គេ​ស្គាល់​ថា មាន​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅលើលិខិតនោះ កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមអ្នកតាមដានរឿងនេះ បានចំអកឲ្យសាលាដំបូងរាជធានី ទាក់ទងនឹងសំណេរថ្ងៃខែឆ្នាំ​កំណើត​នេះ​ថា ជន​សង្ស័យ​មិន​ទាន់​បាន​​ចាប់​កំណើត​នៅឡើយ នៅពេលមានឃាតកម្ម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និង​មិន​ទាន់​មាន​អាយុ បាន​បីខែ​ស្រួល​បួល​ផងទេ បើរាប់​មក​ទល់​នឹងថ្ងៃបើកសវនាការ ដែល​នឹង​គ្រោង​ធ្វើ នៅ​ដើម​ខែ​មិនា។

សម្រាប់ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ វិញ បាន​សរសេរនៅលើ​គណនេយ្យ​ហ្វេសប៊ុក​ របស់​ព្រះអង្គ​ យ៉ាង​ចាស់ដៃ​ ទៅ​​លើ​​ករណី​​នេះ ថា៖ «ពេល​ដែល​​អ្នក​ដឹកនាំ​រឿង​ សំ​លាប់​ខ្មែរ​​ស្នេហា​ជាតិ​​ច្រេីន​ពេកទៅ នាំឱ្យ​​មាន​​​​បាបកម្ម​ច្រេីន។ នេះហេីយ​​ជាហេតុ ដែល​សាច់​រឿងសំលាប់​ លោក​បណ្ឌិត កែម ឡី បាន​ក្លាយ​​ទៅ​​ជា​​​រឿង​​ល្ខោន យ៉ាង​ពេញ​ទំហឹង។»។

តុលាការរាជធានី ដែលមានអាគារធ្វើការដ៏ស្កឹមស្កៃ នៅជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក ជា​ស្ថាប័ន​យុត្តិធម៌ ​ថ្នាក់​មូលដ្ឋាន​មួយ របស់កម្ពុជា ដែលបណ្ដាជនរងគ្រោះ​ទាំងឡាយ តែងចូល​ទៅតស៊ូ និងស្វែង​រក​យុត្តិធម៌ រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះផង។ ជាការពិត​ហើយ​ថា ថ្ងៃខែឆ្នាំ​កំណើត របស់ជន​សង្ស័យ ដែល​សរសេរ​នៅ​លើ​លិខិត​នោះ ជាកំហុស​ដោយ​អចេតនា ដែល​កើត​ចេញ ពី​ការ​វាយ​អក្សរ​ច្រឡំ។ នេះ បើ​តាម​ការ​​អះអាង ​របស់អ្នកនាំពាក្យ​​អយ្យការ​​អម​​សាលាដំបូង លោក លី សុផាន់ណា នៅថ្ងៃអង្គារ​ដដែលនេះ។

យ៉ាងណា ក្រុមអ្នករិះគន់​នៅតែ​បន្ត ការ​វាយប្រហារទៀតថា បើសូម្បីតែអាយុរបស់ជនសង្ស័យ ដែល​​ត្រូវ​​បាន​​សរសេរ​​​ដាក់​​​ឲ្យ​​ឃើញ នៅ​ផ្ទាល់​​នឹង​ភ្នែក ហើយបានឆ្លង​កាត់​​មនុស្ស​ច្រើននាក់ ដើម្បីធ្វើការ​​ពិនិត្យ និង​​ចុះ​ហត្ថលេខា​​នោះ ក៏នៅ​តែ​មានការ​​ភ័ន្ដ​ច្រឡំ​ដូច្នេះ​បាន ចុះទម្រាំ​​ការ​​សម្រេច​​ក្ដី ដែល​និយាយ​​ចេញ តែ​​ពី​មាត់​ និង​ការ​​យល់​ឃើញ​​របស់​​ចៅក្រម​​នោះ តើវានឹង​ក្លាយ ​ជា​រឿង​អយុត្តិធម៌ យ៉ាង​ណា​ទៅ?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់