យន្ដហោះ​ចុះចត​ជា​បន្ទាន់ បន្ទាប់​ពី​រង​ការ​ឆាប​ឆេះ​ដ៏​ចម្លែក

កាលពីរសៀលថ្ងៃអង្គាម្សិលម៉ិញនេះ យន្ដហោះមួយគ្រឿង បានត្រឡប់ មកចុះចតវិញជាបន្ទាន់ នៅព្រលាន​យន្ដហោះ ក្រុង​ «Liege» ភាគ​ខាង​កើត​នៃប្រទេសប៊ែលហ្សិក។ អ្នករស់នៅ ជុំវិញព្រលានយន្ដហោះ បានប្រាប់ឲ្យដឹងថា ពួក​គេ​បាន​មើល​ឃើញ អគ្គិភ័យ​បាន​​ឆាប​ឆេះ ចេញពីម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះនោះ ដែលទើបនឹង​ងើប​ហោះ​ចេញ បាន​បន្តិច។
យន្ដហោះ​ចុះចត​ជា​បន្ទាន់ បន្ទាប់​ពី​រង​ការ​ឆាប​ឆេះ​ដ៏​ចម្លែក
យន្ដហោះដឹកទំនិញ ធុនប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ីស្ត្រាអែល ឈ្មោះ «El Al» ដែលបានជួបបញ្ហា តម្រូវឲ្យចុះចតបន្ទាន់។ (រូបថតផ្តិតពីវីដេអូ)

កាលពីរសៀល ថ្ងៃអង្គារម្សិលម៉ិញនេះ យន្ដហោះដឹកទំនិញ ប្រភេទប៊ូអីង (Boeing 747) មួយគ្រឿង បាន​ហោះ​ត្រឡប់ មក​ចុះ​ចត នៅនឹងព្រលានយន្ដហោះ ក្រុង «Liege - នៅភាគខាងកើត នៃប្រទេសប៊ែលហ្សិក» វិញ​ បន្ទាប់​ពី​ប្រព័ន្ធ​បញ្ជាយន្ដហោះ បានឲ្យសញ្ញា ទៅក្រុមអ្នកកាន់ចង្កូតយន្ដហោះ ពីបញ្ហាមួយ ដែល​បាន​កើត​ឡើង នៅ​នឹង​ម៉ាស៊ីន​ប្រតិកម្ម។

លោក «Christian Delcourt» អ្នកនាំពាក្យនៃព្រលានយន្ដហោះ «Liege Airport» បាន​ថ្លែង​ឲ្យ​ដឹង នៅ​យប់​ថ្ងៃ​អង្គារ​ថា អ្នកបើកបរ​យន្ដហោះ បានបញ្ជាយាន​របស់ខ្លួន ឲ្យត្រឡប់​មក​ចុះចត​វិញ ដោយគ្មាន​គ្រោះថ្នាក់​អ្វី ជា​ឧបសគ្គ​ឡើយ។ លោកបាន​បន្តទៀតថា យន្ដហោះខាងលើ នៃក្រុមហ៊ុន​អាកាសចរណ៍ «El Al» របស់​​ប្រទេស​​​អ៊ីស្ត្រាអែល​ ត្រូវងើបខ្លួនហោះចេញ ពីព្រលានយន្ដហោះនេះ ដើម្បីហោះឆ្ពោះទៅកាន់​ព្រលាន​យន្ដហោះអន្តរជាតិ នៃ​រដ្ឋធានី តែលអាវីវ (Tel Aviv) ប្រទេស​អ៊ីស្ត្រាអែល។

អ្នកនាំពាក្យបានអះអាងទៀតថា៖ «យើងបានគិតជាដំបូងថា សត្វស្លាបទំនង ជាត្រូវបានស្រូប​ចូល ទៅ​ក្នុង​ម៉ាស៊ីន​ប្រតិកម្ម​របស់​យន្ដហោះ តែនៅទីបំផុត យើងគិតថា វាទំនងជា​ពុំមាន​ករណី​នេះ កើត​ឡើង​ទេ។ បញ្ហា​ប្រហែល​ជា​​អាច​​កើត​​ឡើង មកពីការ​បែក​ធ្លាយ​តិច​តួច នៃ​ប្រេង​ឥន្ទនៈ? យើងនៅមិនទាន់​ដឹង​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ នៅ​វេលា​នេះ ដោយសារ​ការ​សិក្សា​អង្កេត​មួយ កំពុងធ្វើទៅ​លើបញ្ហា របស់​យន្ដហោះ។»។

សាក្សីជាច្រើន ដែលរស់នៅជុំវិញព្រលានយន្ដហោះ បានលើកឡើងអ្វី ដែលពួកគេ​បាន​ឃើញ ដោយ​ផ្ទាល់​ភ្នែក ថា​មាន​អណ្ដាត​ភ្លើង បាន​ឆេះ​ចេញ ពី​ម៉ាស៊ីន​ប្រតិកម្ម។ ម្នាក់ ពីក្នុង​ចំណោម​សាក្សី​ទាំង​នោះ បាន​និយាយ​ប្រហាក់​ប្រហែល​គ្នា ដូច្នេះ​ថា៖ «ខ្ញុំកំពុង​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ ក្នុង​ផ្ទះ​របស់​ខ្ញុំ ស្រាប់តែខ្ញុំ​បាន​​ឮ​​សម្លេង​ផ្ទុះ​មួយ បាន​លាន់​សូរ​ឡើង។ ខ្ញុំបានចេញ​ទៅ​ក្នុង​សួនច្បារ ខ្ញុំបានឃើញ​យន្ដហោះ​នេះ កំពុង​ហោះ​ឡើង ហើយ​ខ្ញុំ​បាន​ឃើញ​អណ្ដាត​ភ្លើង ឆេះចេញ​ពីម៉ាស៊ីន​ប្រតិកម្ម​​មួយ​ចំហៀង។ ខ្ញុំមិន​បាន​ថត​ជា​រូបភាព​ទេ ដោយ​ហេតុ​ថា វា​បាន​កើត​ឡើង​លឿន​បំផុត។»។

រាល់ទំនិញទាំងអស់ ដែលនៅក្នុងយន្ដហោះ ត្រូវបានបញ្ជូន ទៅដាក់យន្ដហោះមួយទៀត។ យន្ដហោះ​ដែល​ជួប​បញ្ហា នឹង​ត្រូវ​បញ្ឈរជើង នៅជាប់​ដី​ដូច្នេះ រហូត​លុះត្រា ការ​អង្កេត និងការ​ត្រួត​ពិនិត្យ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ជួសជុល​ផង​នោះ ត្រូវបាន​ធ្វើរួច​ជា​ស្ថាពរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់