ត្រាំ ដក​អាមេរិក​ចេញ​ពី​សន្ធិសញ្ញា ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​សេរី នៅ​តំបន់​ប៉ាស៊ីភិក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលទើបនឹងចូលមកកាន់តំណែង បាន២ថ្ងៃ បានចុះហត្ថលេខា នៅថ្ងៃចន្ទនេះ ចេញពីសេតវិមាន នូវឯកសារមួយ ដើម្បីដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញា ផ្លាស់ប្ដូរពាណិជ្ជកម្ម ដោយសេរី នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិក ហៅកាត់តាមភាសាអង់គ្លេស «TPP»។ សន្ធិសញ្ញានេះ ធ្លាប់ត្រូវបានរដ្ឋបាល របស់ប្រធានាធិបតីទើបផុតតំណែង ប្រើពេលយ៉ាងយូរ ក្នុងការចរចា ទម្រាំបានចេញជារូបរាង។
ត្រាំ ដក​អាមេរិក​ចេញ​ពី​សន្ធិសញ្ញា ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​សេរី នៅ​តំបន់​ប៉ាស៊ីភិក
លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក។ (រូបថត Reuters)

សន្ធិសញ្ញា «ផ្លាស់ប្ដូរពាណិជ្ជកម្មដោយសេរី នៅក្នុងតំបន់មហា​សាគរ​ប៉ាស៊ីភិក» ហៅកាត់តាម​ភាសា​អង់គ្លេស «TPP» ត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ២០១៥ ដោយប្រទេស ចំនួន១២ នៅក្នុងតំបន់នេះ ដែល​មាន​សក្ដា​​នុពល​​សេដ្ឋកិច្ច ស្មើនឹង​៤០ភាគរយ នៃ​សេដ្ឋកិច្ច​ពិភពលោក។ បើទោះជា​សន្ធិសញ្ញា​នេះ នៅ​មិន​​ទាន់​​ចូល​​ជា​​ធរមាន ទៅ​ឲ្យ​​បណ្ដា​ប្រទេស​ហត្ថលេខី អនុវត្តន៍​នោះ​ក៏ដោយ តែសន្ធិសញ្ញានេះ ត្រូវបានគេមើល​ឃើញ​ថា បែរ​​ជា​​​ផ្ដល់​​ទម្ងន់ សម្រាប់​មហាយក្សតំបន់ គឺប្រទេសចិន ដែលនៅក្រៅសន្ធិសញ្ញា​នោះទៅវិញ។

នៅចំពោះអ្នកយកព័ត៌មានច្រើននាក់ នៅក្នុងពេលចុះហត្ថលេខា លើលិខិតដកខ្លួន ចេញពីសន្ធិសញ្ញានោះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកទី៤៥ ដែលទើបនឹងស្បថចូលកាន់តំណែង បាន​២ថ្ងៃ បាន​ថ្លែង​ការពារ​​ការសម្រេចចិត្ត​ របស់​លោក​ខាង​លើនេះ ថាជា«រឿងល្អមួយ សម្រាប់​ពលករ​អាមេរិកាំង។ លោក​ថា៖ «យើងបានជជែកពីរឿងនេះ តាំងពីយូរហើយ»។

លោកប្រធានាធិបតី ត្រាំ ​ធ្លាប់បានបរិហារ សន្ធិសញ្ញា «TPP» នៅក្នុងពេលឃោសនាបោះឆ្នោត នា​ពេល​កន្លង​មក​ថា ជាសន្ធិសញ្ញាដែលមិនសមប្រកប និងបានសន្យាថា នឹងលប់ចោលវិញ ក្នុងពេល​ដ៏​ឆាប់​បំផុត ប្រសិន​ជា​លោក​ជាប់​ឆ្នោត។

ប៉ុន្តែសម្រាប់រដ្ឋបាល របស់ប្រធានាធិបតី ដែលទើបនឹងបញ្ចប់តំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) វិញ ធ្លាប់​បាន​បង្ហាញ ផ្ទុយ​ពី​ការ​លើក​ឡើង របស់លោក ត្រាំ ទៅវិញ។ សន្ធិសញ្ញាមួយនេះ មិន​ត្រឹម​​តែ​បាន​លើក​លែង ការ​ត្រួត​ពិនិត្យ ផ្នែក​ពន្ធដារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែជាសន្ធិសញ្ញា ដែលបានផ្ដល់​គុណ​សម្បត្តិ​ជា​ច្រើន​ ដូចជា​បើក​ឲ្យ​មាន​ការ​ដេញ​ថ្លៃ ពី​សំណាក់​សហគ្រាស​បរទេស ដើម្បី​ជា​ប្រយោជន៍ ដល់​សហគ្រាស​​សាធារណៈ របស់​ប្រទេស​ជា​សមាជិក និង​ការគោរពលក្ខខណ្ឌការងារ តាមការកំណត់ របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ជាដើម។

កាលពីចុង​ឆ្នាំទៅម៉ិញ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលជាអ្នកការពារ​យ៉ាង​ម៉ឺងម៉ាត់ នូវ​សន្ធិសញ្ញាមួយនេះ បានទទួលស្គាល់ថា «TPP» ដែលគ្មានសហរដ្ឋអាមេរិក ហាក់ដូចជា​គ្មានន័យ​​អ្វី​ទាំង​អស់។ សូមជម្រាបជូនដែរថា ប្រទេសជាសមាជិក របស់សន្ធិសញ្ញា «TPP» មាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិក ញ៉ូហ្សេឡេន ប៉េរូ សិង្ហបូរី សហរដ្ឋអាមេរិក និងវៀតណាម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់