អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ក្រុម​«ប្រតិកិរិយា»?

ពាក្យ«ប្រតិកិរិយា» កម្រត្រូវបាន​យក​មក​ប្រើប្រាស់​ណាស់ នៅក្នុងពេលបច្ចុប្បន្ននេះ។ បើមានការប្រើប្រាស់ ឬ​ការ​ប្រើប្រាស់​«ឡើង​វិញ» ក៏ច្រើនតែជាមន្ត្រី មកពីរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលបាន​ប្រើ​ពាក្យ​នេះ​​យ៉ាង​ញឹក​ញាប់ នៅ​ក្នុង​របប​កុម្មុយនីស សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ប៉ុន្តែលើកនេះ គឺជា​ការ​លើក​ឡើង របស់​លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ទីស្ដីការ​គណរដ្ឋមន្ត្រី។ លោក​បាន​ចាត់​ទុក​អង្គការ​អន្តរជាតិ​មួយ ថា​ជា​ផ្នែក​មួយ នៃ​ក្រុម​«ប្រតិកិរិយា»។
អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ក្រុម​«ប្រតិកិរិយា»?
ពីឆ្វេងមកស្ដាំ៖ លោក ផៃ ស៊ីផាន ដែលពាក់អាវខ្មៅ និងលោក ហ៊ុន សែន កាលពីលោក​នៅជាទាហាន​ខ្មែរ​ក្រហម។ (រូបថតហ្វេសប៊ុក)

នៅក្នុងសម័យកាល ដែលសម្បូរ​ដោយ​សង្គ្រាម​ចិត្តសាស្ត្រ ឬហៅ​ម្យ៉ាង​ទៀត ថាជា​សង្គ្រាម​«មនោគមន៍​វិជ្ជា» ពាក្យប្លែកៗ មានន័យ​មិនធម្មតា​ជាច្រើន តែងត្រូវ​បាន​យក​មកប្រើ ដើម្បីសម្គាល់ ឬហៅក្រុមបដិបក្ខរបស់ខ្លួន ជាពិសេស ដើម្បីជាឃ្លាដូចៗគ្នាមួយ សម្រាប់ឲ្យបរិវា អ្នកហែហមទាំងឡាយ យក​ទៅ​សូត្របន្ទរ​តាម។ នៅ​ក្នុង​សម័យ​កុម្មុយនីស​​ប្រល័យ​ពូជសាសន៍ មានពាក្យច្រើនណាស់ ដែលបានចេញមក ពីកម្មាភិបាលខ្មែរក្រហម ដូច​ជា​ពាក្យ «ខ្មាំង​ប្រឆាំង​បដិវត្ត ឬប្រឆាំងអង្គការ» «ខ្មាំងបង្កប់ CIA ឬ KGB» បូករួមនិងពាក្យស្លោក ដាច់​ណាត់​ដ៏​ច្រើន​ដទៃទៀត។

លុះមកដល់​សម័យ​កុម្មុយនីសបែបថ្មី ដែលដាក់ឈ្មោះខ្លួនឯង ថាជារបប «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ក្រោយឆ្នាំ១៩៧៩ ទាហាន​និង​កម្មាភិបាល​ខ្មែរ​ក្រហម​​រត់​ចោល​ជួរ​​ជា​ច្រើននាក់ ដែលត្រូវបានបន្តុប ឲ្យ​ឡើង​ធ្វើ​ជាមេដឹកនាំ នៅក្នុងរបបថ្មីនេះ ក៏បានប្រើប្រាស់ពាក្យសល់ ពីរបបខ្មែរក្រហមខ្លះ និង​បាន​បន្ថែម​ពាក្យ​ថ្មី​ខ្លះ​ទៀត ដើម្បី​ហៅ​គូ​បដិបក្ខ​របស់ខ្លួនដែរ មានជាអាទិ៍ «បនអនុត្តរ​ភាព - បនប្រតិកិរិយា - បនចក្រពត្តិ​វាតទី​និយម - បន​មូលធន​​និយម​សក្តិភូមិ ឬក្រុមធ្វើវិទ្ធង្សនា»។

ប៉ុន្តែ នៅក្រោយឆ្នាំ១៩៩៣ សកលភារូបនីយកម្ម ការផ្លាស់ប្ដូរបប និងទីផ្សាសេរី បានធ្វើឲ្យអតីតទាហាន និង​កម្មាភិបាល​ខ្មែរ​ក្រហម​ទាំងនោះ ភ្លេច (ឬធ្វើ​ជាភ្លេច) ធាតុដើមរបស់ខ្លួន លែងប្រើពាក្យទាំងនោះ​ទៀត​ហើយ​ និង​បែរ​ជា​មាន​ទម្លាប់​ថ្មី ដូចជាងាកមកប្រើប្រាក់ដុល្លា លេងកីឡាវាយកូនគោល ហៅខ្លួនឯងជាសម្ដេច ពាក់​អាវ​ធំ ស្លៀក​​ក្បិន ជិះ​រថយន្ដ​ថ្លៃៗ បើបន្ទប់ការិយាល័យគ្មានម៉ាស៊ីនត្រជាក់ ធ្វើការមិនកើតជាដើម។

ចម្លែកអី តែលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បែរជាយកពាក្យមួយ ពី​ក្នុង​ចំណោម​ពាក្យប៉ុន្មានខាងលើ មកប្រើ ខណៈគេលែងឮសូរ​មន្ត្រី​រដ្ឋាភិបាល​បន្លឺពាក្យនេះ តាំងពីច្រើន​ឆ្នាំ​មក​ហើយ។ ពាក្យនោះ គឺមន្ត្រីអ្នកនាំពាក្យ បានហៅអង្គការអន្តរជាតិមួយ ដែលមាន​ទីស្នាក់ការ​ធំ នៅ​ក្នុង​រាជធានី ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស ថាជាផ្នែកមួយ នៃក្រុម«ប្រតិកិរិយា»។

នៅក្នុងវចនានុក្រមភាសាខ្មែរ របស់សម្ដេចសង្ឃ ជួន ណាត ដែលមានតែមួយ តាំងពី៥០ឆ្នាំមកនោះ បាន​ពន្យល់​ពាក្យ «ប្រតិកិរិយា (ភាសាអង់គ្លេស៖ Reactionary - និងភាសាបារាំង៖ Réactionnaire)» ថា​មាន​ប្រភព​​ពី​​ពាក្យ​​ដើម «ប្រតិក្រិយា» មាន​ប្រភេទ​ជា«នាម» និងមានន័យ​ជាសម្រាយថា «ដូច ប្រតិកម្ម ដែរ, ប៉ុន្តែ​​​ពាក្យ​​​នេះ សព្វ​​ថ្ងៃ​​​ប្រើ​សំដៅ​ យក​ជន​ដែល​កាន់​ជើង ​ជួយ​ជ្រោមជ្រែង ដល់​ប្រតិកម្ម​​នយោបាយ ឬ​ដល់​​បក្ខ​ពួក​ ដែល​​ប្រឆាំង​​​ចំពោះ​​​សេចក្ដី​​​ចម្រើន ឬ​ក៏​ចំពោះ​គោល​បំណង​​របស់​ខ្លួន។ ជាឧទាហរណ៍៖ ចាំ​​ស្ដាប់​​មើល​ ជើង​​ការ​នយោបាយ​​​ពួក​​​ប្រតិក្រិយា​​សព្វ​ថ្ងៃ តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា?»។

ក្នុងន័យនេះ បញ្ជាក់ថា ក្រុមប្រតិកិរិយា ជាក្រុមជនទី៣ ឬទី៤ ដែលចាំជួយកាន់ជើង ជួយជ្រោមជ្រែង ផ្នែក​នយោបាយ ទៅដល់ក្រុមទី២ ដែល​ប្រឆាំង​នឹង​ក្រុម​ទី១ ហើយពាក្យ«ប្រតិកិរិយា»នេះ មិនបាន​សេចក្ដី​ថា ជា​ការ​ប្រឆាំងទៅនឹងប្រយោជន៍ធំ ឬប្រយោជន៍រួមនោះឡើយ វៀលែងតែក្រុមទី១ ឬក្រុមទី២ បាន​​លើក​​ខ្លួន​​ឯង​ថា ជាតំណាង​ឲ្យប្រយោជន៍ធំ ឬប្រយោជន៍រួម។

ចុះលោក ផៃ ស៊ីផាន បាននិយាយអ្វីខ្លះ ទាក់ទងនឹងពាក្យ«ប្រតិកិរិយា»? មន្ត្រីអ្នកនាំពាក្យ របស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ បានសរសេរ នៅលើទំព័រ​ហ្វេសប៊ុក​​របស់​លោក​ ដូច្នេះថា៖ «ដោយឡែកតែក្រុមប្រតិកិរិយា ដែល​ប្រឆាំង និងប្រមាថ ដល់ភាពក្សេមក្សាន្ត និងជោគជ័យរបស់កម្ពុជា តែងតែជួប​នឹង​បរាជ័យ ជានិច្ចកាល។ ឧទាហរណ៍ ដូចជាលោកសាស្ត្រាចារ្យ នៅអូស្ត្រាលី បានអំពាវនាវ ពីទីក្រុងហាណូយ វៀតណាម ឲ្យ​អាស៊ាន បិទទ្វា​បណ្តេញ​កម្ពុជា ចេញពីសមាគម​ប្រជាជាតិ​​អាស៊ាន (ASEAN) ចំពោះបរិបទឈូងសមុទ្រចិន​ខាង​ត្បូង។ ក៏ដូចគ្នានេះដែរ ចំពោះការលើកឡើងរបស់ "Global Witness" ចំពោះ​វេទិកា​សេដ្ឋកិច្ចអ​ន្តរជាតិ នៅ​ទីក្រុង "Davos" (Editor's Note: ក្នុងប្រទេសស្វីស)។ ការលើកឡើងនេះ ក៏បានបង្ហាញ​ការពិត នៃការ​អស់​សង្ឃឹម ដែល​ជាភាព​ទាល់ច្រក​របស់ខ្លួន ឆ្លើយតប​ទៅនឹង​ភាពបរាជ័យ របស់របាយការណ៍​ប្រតិកិរិយា ប្រឌិត បំផុស​បំផុល និង​ញុះញង់ ដែលតែងតែធ្វើ ក្នុង​រយៈ​ពេល​កន្លង​មក។»។

លោក​រដ្ឋលេខាធិការ បានបន្តសរុបសេចក្ដី នៅចុងបញ្ចប់ នៃសំណេររបស់លោកថា៖ «ការលើកឡើង របស់​អង្គការ​ប្រតិកិរិយា បិសាចអន្តរជាតិ គ្មាន​អ្វីក្រៅ​ពី​ការប្រឆាំង និងភាពសុខក្សេមក្សាន្ត ព្រមជាមួយ​នឹង​ជោគជ័យ របស់​ខ្មែរ​តែ​ប៉ុណ្ណោះ»។

តើអង្គការឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស​ «Global Witness» បានលើកឡើងពីអ្វីខ្លះ រហូត​ត្រូវ​លោក ផៃ ស៊ីផាន ចាត់ទុកជាក្រុម «ប្រតិកិរិយា»? មានច្រើនណាស់! ក្នុងនោះ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ចេញ​របាយការណ៍​ធំៗ​មួយ​ចំនួន ទាក់ទង​នឹងការកាប់បំផ្លាញព្រៃឈើ និង​សម្បត្តិ​ធនធាន​​ធម្មជាតិ​ ការ​​បើក​​កកាយ ពី​​អំពើ​​ពុក​រលួយ និងជាពិសេស ការឃុបឃិតគ្នា ដើម្បីធ្វើមានបាន ដែលមានលក្ខណៈ​​ជា​​ប្រព័ន្ធ នៅ​​ក្នុង​​ចំណោម​​​ក្រុម​​គ្រួសារ របស់​អ្នកកាន់អំណាច នៅកម្ពុជា និងនិយាយឲ្យចំ គឺក្រុម​​គ្រួសារ​​ត្រកូល «ហ៊ុន» តែ​​ម្ដង។

រីឯការហៅអង្គការនេះ ថាជាផ្នែកមួយ នៃក្រុម«ប្រតិកិរិយា» ពីសំណាក់លោក ផៃ ស៊ីផាន គឺមាន​ជាប់​ទាក់ទង នឹងករណីចុងក្រោយបង្អស់មួយ ដែល​អង្គការ «Global Witness» ទើបនឹងចេញផ្សាយ នៅថ្ងៃពុធ ទី១៨ ខែ​មករា ឆ្នាំ២០១៧។ ខណៈពេលដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុង​មាន​វត្តមាន ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅប្រទេសស្វីស អង្គការឃ្លាំមើលពិភពលោក បានចេញសេចក្ដី​ប្រកាស​ព័ត៌មាន ព្រមាន​អ្នក​វិនិយោគទុន​​បរទេស​​ទាំង​អស់ ឲ្យធ្វើការប្រុងប្រយ័ត្ន ក្នុងការចូលមកដាក់ទុន នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​ដឹកនាំ ដោយលោក ហ៊ុន សែន។ អង្គការ​អន្តរជាតិ បានលើកឡើងថា គេគួរ​តែ​បិត​ទ្វារ សម្រាប់​មនុស្ស ដូចលោក ហ៊ុន សែន កុំឲ្យចូលរួមនៅក្នុងវេទិកានេះ។

អង្គការដែលមានបណ្ដាញ សឹងនៅគ្រប់ទិសទី ក្នុងពិភពលោកមួយនេះ បានសរសេរថា៖ «លោក ហ៊ុន សែន និង​​គ្រួសារ​​​របស់​គាត់ ​កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​​​​របស់​​​ប្រទេស។ ដូច្នេះ ​រាល់​​ទឹក​ប្រាក់​​​ទាំង​​​ឡាយ ​របស់​ក្រុម​​អ្នក​​វិនិយោគ​​ទុន​ ថ្មីៗ​ទាំង​នោះ នឹង​អាច​ធ្លាក់​ចូល ទៅ​ក្នុង​​ហោប៉ៅ​​​ផ្ទាល់ របស់​​ពួក​គេ។»។

រាល់របាយការណ៍ទាំងអស់ របស់អង្គការឃ្លាំមើលពិភពលោក ដែលរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា មានចរិត​ប្រឌិត​ញុះញង់​នោះ តែងត្រូវបាន​​អ្នក​វិភាគ​​​បញ្ហា​​សង្គម​អះអាងថា មានលក្ខណៈបាញ់ទិសដៅ ទៅរកក្រុម​មួយ ប្រព័ន្ធមួយ ឬការគ្រប់គ្រងមួយតែប៉ុណ្ណោះ តែមិនបាន​ចោទ​ប្រកាន់ ឬ​ស្វែង​រក​ការ​បំផ្លិច​បំផ្លាញ ទៅលើ​ប្រជា​ជន ឬប្រទេសកម្ពុជា​ទាំងមូលឡើយ។ ផ្ទុយទៅវិញ អ្នកវិភាគ​នយោបាយ និង​សង្គម លោក កែម ឡី បែរជា​ត្រូវ​បាន​​ខ្មាន់​​កាំភ្លើង​​​បាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅ​កណ្ដាល​​រាជធានី បន្ទាប់​ពី​លោក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ធ្វើការស៊ើបអង្កេត លាង​សំអាត​ខ្លួន ពីរបាយការណ៍មួយ របស់អង្គការនេះ ដែល​មាន​ចំណង​ជើងថា «ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»។

តាមពិតទៅ បើតាមការសង្កេតកន្លងមក លោក ផៃ ស៊ីផាន តែងបានប្រតិកម្ម ចំពោះ​របាយការណ៍មុនៗ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ដោយ​លោក​ប្រើ​ពាក្យ​ថា មានលក្ខណៈ​នយោបាយ និងបម្រើឲ្យ​គណបក្ស​ប្រឆាំង។ តែ​លើក​នេះ ពាក្យ«នយោបាយ» និង«គណបក្សប្រឆាំង» បានបាត់រូបរាង ពី​ប្រតិកម្ម​របស់​លោក​ទៅ​ហើយ និងបានប្រើជំនួស​មកវិញ នូវពាក្យ«ប្រតិកិរិយា»។ ទោះជាមានន័យ មិនសូវ«ចំ» តែខ្លី... ហើយ​បាន​ជួយ​រំលឹក​មកវិញ នូវ​អនុស្សាវរីយ៍ ដែល​បាន​​បន្សល់​​ទុក តាំងពីរបបកុម្មុយនីសទាំងពីរ «របបកម្ពុជា​ប្រជាធិបតេយ្យ និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា»។ របបទាំងពីរ ដែល​ត្រូវ​បាន​ដឹកនាំ ដោយ​ក្រុម​ខ្មែរ​ក្រហម និង​​អតីត​​ក្រុម​​ខ្មែរ​ក្រហម ដែលកំពុង​បន្ត​ដឹកនាំ​ប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់