ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ

យ៉ាងហោច មានមនុស្ស៤០នាក់ បានស្លាប់ នៅក្នុងទឹកជំនន់ដ៏ល្ហាចល្ហឹម បណ្ដាលមក​ពីភ្លៀង​ធ្លាក់​​ខុស​រដូវ​ដ៏​ជោគជាំ ស្ថិត​ក្នុង​ភាគ​ខាងត្បូង នៃប្រទេសថៃ។ តុល្យភាពនេះ នៅមិនទាន់​រាប់​បញ្ចូល នូវ​ការ​ខូចខាត​ផ្សេង​ទៀត ជា​ពិសេស​នៅ​ក្នុងវិស័យ​កៅស៊ូ​ថៃ នោះ​ផង​ទេ។
ទឹក​ជំនន់​នៅ​ភាគ​ខាង​ត្បូង​ថៃ បង្ក​គ្រោះ​ដល់​ឧស្សាហកម្ម​កៅស៊ូ
ទិដ្ឋភាពភ្លៀងធ្លាក់ដ៏ខ្លាំងមួយ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ)

ទឹកជំនន់ល្ហាចល្ហឹម នៅភាគខាងត្បូងនៃប្រទេសថៃ បានធ្វើឲ្យមនុស្សយ៉ាងហោច ៤០នាក់ បានបាត់បង់ជីវិត មក​ដល់ថ្ងៃនេះ។ ចំនួន​ជនរងគ្រោះខាងលើ នៅមិនទាន់រាប់បញ្ចូលផងទេ នូវហេដ្ឋារចនាជាច្រើនទៀត ដែល​ត្រូវ​បាន​បំផ្លាញ ជាពិសេសហេដ្ឋារចនា នៅក្នុង​ឧស្សហកម្មកៅស៊ូ។ គឺជាតុល្យភាព ជាបណ្ដោះអាសន្ន ដែលនៅ​មិន​ទាន់​បញ្ចប់​នៅឡើយ ដោយហេតុថា ភ្លៀងធ្លាក់ខុសរដូវ ​នៅបន្ត​មាន​​នៅឡើយ នៅក្នុងតំបន់។ នេះ បើតាម​អ្នក​ទទួល​ខុស​ត្រូវ ផ្នែកការពារគ្រោះថ្នាក់ធម្មជាតិ នៃប្រទេសថៃ លោក «Chatchai Promlert»។

វិស័យទេសចរណ៍ថៃ ដែលរំពឹងថា នឹងមានអ្នកទេសចរណ៍ ប្រមាណជា ១,៦លាននាក់ មកកំសាន្ដ នៅក្នុង​តំបន់​ ក៏នឹងត្រូវរង​ផល​ប៉ះពាល់​ខ្លាំងក្លាដែរ។ ផ្លូវថ្នល់ និងផ្លូវដែកជាច្រើន ត្រូវបានកាត់ផ្ដាច់។ ជាធម្មតា រដូវវស្សា (ដូច​នៅ​កម្ពុជា​ដែរ) ត្រូវបាន​បញ្ចប់​តាំងពី​ខែវិច្ឆិកា​មកម្លេះ។ តែភ្លៀងខុសរដូវដ៏ជោគជាំ បានបង្អុរចុះមកយ៉ាងខ្លាំង នៅ​ក្នុង​រយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ។

នៅក្នុងវិស័យកៅស៊ូ ការខូចខាតមានសភាពធ្ងន់ធ្ងរខ្លាំង មិនដែលធ្លាប់មាន បើគិតនៅក្នុងរយៈពេល ១០ឆ្នាំ​ចុង​ក្រោយ។ ការប៉ះពាល់​ដ៏សម្បើម នៅក្នុងឧស្សាហកម្មកៅស៊ូថៃ បណ្ដាលមកពីទឹកជំនន់នេះ និងរាប់បន្ថែម ពី​គ្រោះ​រាំង​ស្ងួត ដែលបានកើតមាន ពីប៉ុន្មាន​ខែ​មុន។

មន្ត្រីទទួលខុសត្រូវ នៅក្នុងដំណាំកៅស៊ូថៃ បានថ្លែងឲ្យដឹងថា ផលិតផលកៅស៊ូ សម្រាប់ឆ្នាំ២០១៦-២០១៧​នេះ នឹង​​ត្រូវ​ថយចុះ ប្រមាណ​ជា១០%​ ខណៈតម្រូវការកៅស៊ូ នៅលើទីផ្សារអន្តរជាតិ មានកម្រិត​ច្រើនហួស​រួចជាស្រេច ពី​បរិមាណ​ដែល​ប្រទេស​ថៃ ធ្លាប់​ផ្គត់ផ្គង់​នាឆ្នាំកន្លងមក។

ប្រទេសថៃ ជាប្រទេសទីមួយ នៅក្នុងពិភពលោក ដែលបាននាំចេញ នូវផលិតផលកៅស៊ូធម្មជាតិ ច្រើនជាង​គេ នៅពីមុខ​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែទឹកជំនន់ ទំនងជាធ្វើឲ្យប្រទេសថៃ បាត់បង់ចំណាត់ថ្នាក់ខាងលើ សម្រាប់​​ឆ្នាំ​​នេះ ឬ​អាច​សម្រាប់​ប៉ុន្មាន​ឆ្នាំ ទៅមុខ​ទៀត៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់