ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» របស់ អេនជឺលីណា ជូលី នឹង​​បញ្ចាំង​​ដំបូង​គេ​នៅ​​សៀមរាប

ភាពយន្ត «មុន​ដំបូង​ ខ្មែរ​ក្រហម​​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដឹកនាំដោយ កំពូលតារាហូលីវូដ ដែលក្លាយ​មកជា​សមិទ្ធិករ​​ភាពយន្ត នាង អង់ជឺលីណា ជូលី ​(Angelina Jolie) នឹងត្រូវដាក់បញ្ចាំង នៅថ្ងៃទី១៨ ខែកុម្ភះខាងមុខ ក្នុង​​ខេត្ត​​សៀមរាប។ នាង អេនជឺលីណា ជូលី ក៏មានគម្រោង​ធ្វើដំ​ណើរ មកប្រទេសកម្ពុជាជាថ្មីទៀត ដើម្បី​ការ​ចាក់​បញ្ចាំង​នេះ ហើយនាងនឹងជួបជជែក ជាមួយអ្នកទស្សនា នៅតាម​រោង​ភាពយន្ដ នោះថែមទៀត។
ភាពយន្ដ «មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» របស់ អេនជឺលីណា ជូលី នឹង​​បញ្ចាំង​​ដំបូង​គេ​នៅ​​សៀមរាប
អ្នកស្រី អេនជឺលីណា ជូលី និងរូបភាពដំបូង នៃភាពយន្ដ «មុន​ដំបូង​ ខ្មែរ​ក្រហម​​សម្លាប់​ប៉ា​របស់​ខ្ញុំ»។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១២ មករា ២០១៧
  • កែប្រែចុងក្រោយ: January 12, 2017
  • ប្រធានបទ: ភាពយន្ដ
  • អាន និងបញ្ចេញយោបល់

ការទន្ទឹងរង់ចាំ ដើម្បីទស្សនាភាពយន្ដរឿង «មុន​ដំបូង ​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ (First They Killed My Father)» ពិតជាមិនខកបំណងទេ។ ភាពយន្ដ ដែលដឹកនាំដោយនាង អេនជឺលីណា ជូលី (Angelina Jolie) ត្រូវបានផលិតចេញ ជារូបរាង ហើយនឹងគ្រោង​ដាក់បញ្ចាំងដំបូងគេ នៅក្នុងខេត្តសៀមរាប ប្រទេស កម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ មុននឹងចេញបញ្ចាំង នៅក្នុងប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។

នាង អេនជឺលីណា ជូលី កំពូលតារាហូលីវូដ ដែលក្លាយជាអ្នកដឹកនាំភាពយន្ដ និងមានសញ្ជាតិខ្មែរ បាន​គ្រោង​ធ្វើដំណើរ មកប្រទេសកម្ពុជា ដើម្បីរៀបចំ​ការចាក់បញ្ចាំង​ជាច្រើនទៀត ដែលនឹងធ្វើឡើង នៅតាម​វត្ត​អារាម និង​តំបន់​ដាច់​ស្រយ៉ាល។ នេះបើតាមបទសម្ភាសមួយ ដែលតារាល្បីរូបនេះ បាន​ផ្ដល់​ទៅ​ឲ្យ​​សារព័ត៌មាន​​អង់គ្លេស «The Guardian»។ អ្នកស្រីបានបញ្ជាក់ទៀតថា អ្នកស្រីរួមជាមួយនឹង​តារាសម្ដែង​សំខាន់ៗ​មួយ​ចំនួន នឹងចូលរួមជជែក ពិភាក្សា ឬឆ្លើយទៅនឹងសំណួរ របស់ទស្សនិកជន នៅតាមរោង​ភាពយន្ដ ដែលទទួល​ចាក់​បញ្ជាំង​ភាពយន្ដនេះ។

ភាពយន្ដ «មុន​ដំបូង ​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជាការដកស្រង់រសជាតិ នៃជីវិត«ពិត»ដ៏ខ្លោចផ្សារ នៅ​ក្រោម​របបប្រល័យពូជសាសន៍ ខ្មែរក្រហម របស់​ប្រជាជនខ្មែរម្នាក់ ឈ្មោះ លឿង អ៊ឹង។ ទោះនៅក្នុង​សម័យ​នោះ អ្នកស្រី លឿង អ៊ឹង នៅមានវ័យជាកុមារភាពម្នាក់ (អាយុ៥ឆ្នាំ) ក៏ដោយ តែអ្នកស្រី​បាន​​ចងចាំ​​ហេតុការណ៍ ដ៏​រន្ធត់​តក់ស្លុត ពីសង្គ្រាមព្រាត់ប្រាស់ ដែលបានកើតឡើង ក្នុងទសវត្សន៍ឆ្នាំ៧០ ជាពិសេស​ហេតុការណ៍ នៅនឹងភ្នែក នៃ​ការ​បណ្ដើរ នាំឪពុក​អ្នកស្រីចេញទៅ ពីសំណាក់ក្រុមខ្មែរក្រហម ដែលគ្មានថ្ងៃ​វិល​ត្រឡប់។ ទិដ្ឋភាពនៅក្នុងចិត្ត​អស់ទាំងនោះ បានជំរុញឲ្យអ្នកស្រី សរសេរ​ប្រលោមលោក «មុន​ដំបូង ​ខ្មែរ​ក្រហម​​សម្លាប់​​ប៉ា​​របស់​ខ្ញុំ» នេះឡើង មុននឹងបោះពុម្ភផ្សាយ ជាសៀវភៅនៅក្នុងឆ្នាំ២០០០។

ភាពយន្ដនេះ ត្រូវបានថតជាភាសាខ្មែរ មានតួសំដែងជាខ្មែរទាំងស្រុង និងសហការផលិត រវាងនាង ជូលី និង​លោក ប៉ាន រីទ្ធី (Rithy Panh) សមិទ្ធិករ​ភាពយន្ដ​ ខ្មែរ​-បារាំង​ ដ៏ល្បី​ឈ្មោះ​មួយ​រូបទៀត។ ការផលិតភាពយន្ដ ក៏​មាន​ការ​ចូលរួម ពី​​សំណាក់​​កូន​​ប្រុស​ចិញ្ចឹម​ជនជាតិខ្មែរ របស់នាង ជូលី ឈ្មោះ ម៉ាដុក (Maddox) នោះដែរ។

សម្រាប់ទស្សនិកជនទាំងឡាយ នៅក្នុងពិភពលោក (ក្រៅពីប្រទេសកម្ពុជា) ត្រូវរង់ចាំរយៈពេលយ៉ាងហោច ៧ខែ​ទៀត ដើម្បីទស្សនាភាយន្ដនេះ នៅលើ​គេហទំព័រ «Netflix» ដែលជំនាញខាងភាពយន្ដ និងវីដេអូ។ គេហទំព័រ​នេះ នឹងដាក់បង្ហោះភាពយន្ដ «មុន​ដំបូង ​ខ្មែរ​ក្រហម​​សម្លាប់​ប៉ា​របស់​ខ្ញុំ (ជាភាសា​អង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» ចាប់ពីថ្ងៃទី១៥ ខែកញ្ញា​​តទៅ តែ​​ទស្សនិកជន​ត្រូវបង់ប្រាក់ (ដូចទិញសំបុត្រ ចូលមើល​ភាពយន្ដ នៅតាមរោង) ដើម្បី​បាន​ទស្សនា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់