«ការ​តែងតាំង​មន្ត្រី ជា​កូន​ជា​ចៅរបស់ CPP ដើម្បី​កាន់​អំណាច តកូនចៅ»

ក្រៅពី«កូនចៅ (ថ្នាក់ដឹកនាំ) គណបក្ស» គឺគ្មាននរណាផ្សេងទេ! នេះបើគេបានអាន ចម្លើយតបខ្លីមួយ របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទៅនឹងការលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានតែងតាំង​សាច់​ញាតិ ដែល​ចេញ​​ពី​ថ្នាក់​ដឹកនាំ​​របស់​​ខ្លួន ឲ្យឡើង​កាន់តំណែងរដ្ឋ​​ខ្ពស់ៗ ដើម្បីបន្តការកាន់អំណាច «តកូនចៅ» របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា។
«ការ​តែងតាំង​មន្ត្រី ជា​កូន​ជា​ចៅរបស់ CPP ដើម្បី​កាន់​អំណាច តកូនចៅ»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលលោកនៅជក់បារី។ (រូបថត AFP)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មករា ២០១៧
  • កែប្រែចុងក្រោយ: January 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

តបទៅនឹងអត្ថបទវិភាគ «ស្ងាត់ៗ មន្ត្រី​កំពូលៗ ឆ្លៀត​ដាក់​តំណែង​ជាន់ខ្ពស់​ឲ្យ​កូន» ដែលបាន​ចេញ​ផ្សាយ នៅ​ក្នុងសារព័ត៌មាន «ភ្នំពេញប៉ុស្ដិ៍» កាលពី​​ពេល​ថ្មីៗ​នោះ អ្នកនាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​ឲ្យ​ឃើញ​ជា​ថ្មីទៀត ពីចរិតនយោបាយ ដ៏«អស្ចារ្យ» នៃប្រព័ន្ធ​តែងតាំង​មុខនាទីរដ្ឋ របស់​​អតីតគណបក្ស​កុម្មុយនីស​​មួយនេះ ​ដែល​បាន​កាន់​អំណាច​នៅកម្ពុជា ដោយកណ្ដាប់ដៃដែក តាំងពីជិត៤ទសវត្សន៍មក។

ការឆ្លើយតបនោះ ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី ដក​ស្រង់​យក​មក​បង្ហោះ​ផ្សាយ នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយដាក់ជាចំណងជើងថា «ការឆ្លើយតបរបស់ ឯកឧត្តម សុខ ឥសាន» និងមានសរសេរជាដំបូងថា៖ «គណបក្សប្រជាជនកម្ពុជា មាន​គោល​នយោបាយ​ត្រឹម​ត្រូវ​របស់​ខ្លួន ក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់បន្តវេន បំពេញ​តួនាទី ភារកិច្ច ជូនជាតិ និង​ប្រជាជន តទៅ​ថ្ងៃមុខ និងនាពេលអនាគត យូរអង្វែង»។

អត្ថបទខ្លីនោះ បានសរសេរបន្តថា៖ «ផ្អែកលើ គោលនយោបាយនេះ CPP យកចិត្តទុកដាក់ កសាងយុវជន​គ្រប់​ស្រទាប់វណ្ណៈក្នុងសង្គម ដែលមាន​និន្នាការ​ជឿជាក់ និងដើរតាមកម្មវិធីនយោបាយ CPP តែ CPP មិន​យក​ចិត្ត​​ទុកដាក់ ចំណាយពេលវេលា និងធនធាន ទៅកសាងយុវជន​របស់បក្សដទៃ ​ឬយុវជន ដែល​​មាន​និន្នាការ នយោបាយផ្សេង ជាដាច់ខាត»។

​​នៅក្នុងអត្ថបទ​វិភាគ​ របស់កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ អ្នកនិពន្ធឈ្មោះ តុង សុប្រាជ្ញ បានរៀបរាប់ពី​ការតែងតាំង កូនចៅ សាច់សារលោហិត របស់ថ្នាក់ដឹកនាំគណបក្ស ឲ្យកាន់តំណែងរដ្ឋធំៗ ខ្ពស់ៗ ក្នុងនោះ«ជាត្រួសៗ» មានដូចជា៖

​លោក​ ហ៊ុន ម៉ាណែត/ លោក ហ៊ុន ម៉ា​នី កូន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន - លោក ឌី វិជ្ជា កូន​របស់​អតីត​ស្នងការ​នគរបាលជាតិ លោក ហុង ឡងឌី និងជាកូនប្រសារ​លោកនាយក​រដ្ឋមន្ត្រី - លោក​ ស សុខា កូន​​​លោក​​ឧបនាយករដ្ឋមន្ត្រី ស ខេង - លោក ​សុខ សូ​កាន កូន​របស់​លោក​សុខ អាន - លោក ឌិត ទីណា កូន​លោក ឌិ​ត មន្ទីរ និង​ លោក ជាម ចន្ទសោភណ្ឌ កូន​លោក ជាម យៀប ជាដើម​។

លោក សុប្រាជ្ញ បានលើកយកតំណែង «រដ្ឋជាន់ខ្ពស់» មួយចំនួន ដែលកំពុងត្រូវបានគ្រប់គ្រង ដោយ​កូន​អស់​លោក​មន្ត្រីគ្រាក់ៗ របស់គណបក្ស​ប្រជាជន​កម្ពុជា មានដូចជា៖ លោក​ សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែលជា​កូនប្រុស​របស់​លោក សាយ ឈុំ អនុប្រធាន​បក្ស​ - លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន កាន់តំណែងដល់ទៅពីរ ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្មផង និង​ជា​អគ្គ​មេ​បញ្ជាការ​រង​ កង​​យោធពល​​ខេមរភូមិន្ទ រ​បស់​ក្រសួង​ការពារជាតិ​ផង​។​

​រី​ឯ​កូនទាំង ៤ របស់លោកឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន បុរសខ្លាំងមួយរូបទៀត របស់គណបក្សកាន់អំណាច ក៏​សុទ្ធ​តែ​ទទួល​តំណែងគួរសមដែរ។ កូនទាំងបួននោះ មាន លោក​ សុខ សូកេន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​​សហប្រតិបត្តិការ​​អន្តរជាតិ - លោក​ សុខ សង្វា​រ ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា - លោក​សុខ ពុទ្ធិ​វុឌ្ឍ ជា​ប្រធាន​​សហព័ន្ធ​​ផលិត​​ស្រូវ​​អង្ករ​កម្ពុជា និង​លោក សុខ សូ​កាន ជា​តំណាងរាស្ត្រ​ខេត្តតាកែវ​ របស់​​គណបក្ស​​ប្រជាជន​។​

តំណែងរដ្ឋ«ត្រួសៗ» ដែលរៀបរាប់មកទាំងប៉ុន្មាន មិនអាចជាឱកាស សម្រាប់«ជនអ្នកក្រ» ឬ«ជនគ្មានខ្សែ» នោះ​ឡើយ។ លោក តុង សុប្រាជ្ញ បានសរសេរទៀតថា បើត្រឹមជា«សមាជិក​សកម្ម​» របស់​គ​ណ​បក្ស​វិញ ​គឺ​ខ្លះ​មាន​តំណែង បានត្រឹម​ជា​ទីប្រឹក្សា ឬ​ខ្លះ​ទៀត គ្រាន់តែជា​ជំនួយការ​ យួរ​កាបូប​ត្រុកៗ​ ឲ្យ​កូនៗ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ ទាំង​ប៉ុន្មាន​នាក់​ខាង​លើ​នេះ​​ប៉ុណ្ណោះ​។

ការលើកឡើង​របស់អ្នកសារព័ត៌មាន ទាក់ទង​នឹងសាច់សារ​លោហិត របស់​ថ្នាក់ដឹកនាំ​គណបក្ស​​ប្រជាជន​កម្ពុជា ទំនង​ជាបាន​​បង្ក​ភាព​«ក្ដៅក្រហាយ» ឲ្យគណបក្សមួយនេះ។ ដូច្នេះហើយ ទើបអ្នកនាំពាក្យ​គណបក្ស លោក សុខ ឥសាន បានព្រមាន​មកវិញថា៖ «ស្នើអ្នកវិភាគ​ទាំងទ្បាយ រួមទាំងលោក សុប្រាជ្ញ នៃកាសែត​ភ្នំពេញ​ប៉ុស្តិ៍ យល់ឲ្យច្បាស់ ពីគោលការណ៏​របស់ CPP។ បើយល់មិនច្បាស់ទេ ស្នេីសួរ​អ្នកនាំពាក្យ CPP ក៏បាន កុំ​សរសេរ​ទាំង​​ងងឹត​ងងល់អី។ ការតែងតាំងមន្ត្រី ជាកូន ជាចៅ របស់ CPP ជាសិទ្ធិផ្តាច់មុខរបស់ CPP។»។

មន្ត្រីអ្នកនាំពាក្យ​បានសង្កត់ធ្ងន់ តាមរយៈ​សំណេរ​​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន ដូច្នេះថា៖ «CPP មិនអាច​តែងតាំងកូន សម រង្សី ឬកូន កឹម សុខា ឬកូនចៅ អ្នកនេះ​អ្នកនោះ នៃ CNRP និងពី​​គណបក្ស​ផ្សេង ឬពី  NGO ណាមួយទ្បេីយ។ សូមបញ្ជាក់ មិនត្រឹម​តែមិន​តែងតាំង​ទេ ធ្វើដន្លង​​ជាមួយ​គ្នា ក៏មិនអាចដែរ ព្រោះ​ដើរផ្លូវ​ខុសគ្នា។ សុំចាំ​ឲ្យច្បាស់! នេះគឺជា​គោល​នយោបាយ កសាង និង​បណ្តុុះបណ្តាល​​ធនធាន​​មនុស្ស​របស់ CPP ដើម្បី​ធានា​​រ៉ាប់រង ការងារ​ភារកិច្ច​បំរេីជាតិ និង​ប្រជាជន​យូរអង្វែង ត​កូន​តចៅ។ មិន​អាច​ឲ្យ​គណបក្ស​​ណា មកដណ្តើម​យក​​តួនាទី​​ដឹកនាំ របស់ CPP បាន​ជា​​ដាច់ខាត។»។

ប្រតិកម្មប៉ុណ្ណេះ តើច្បាស់ក្នុងចិត្ត និងភ្លឺភ្នែកហើយឬនៅ?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់