ថៃ នរៈសត្យា ប្រកាស​ឲ្យ​ច្បាប់​ចាត់ការ​​កូន​ប្រុស រឿង​ជួញ​គ្រឿង​ញៀន

«​​​ទឹកចិត្ត​​ឪពុក​ បានត្រឹមតែ​អាណិត ​តែ​​បើឲ្យខ្ញុំទៅធ្វើអី​​ ខុស​នឹង​ច្បាប់​​​ ខ្ញុំមិនធ្វើទេ។ ខ្ញុំ​​ទុកសិទ្ធិអោយ​​​​តុលាការ​ គាត់​ដោះ​ស្រាយ។​​ ​ធ្វើ​ម៉េច ​បើ​កូន​​យើង​អញ្ចឹង​!» នេះ ជាការលើកឡើង របស់លោក ថៃ នរៈសត្យា រដ្ឋ​លេខា​ធិការ និង​​ជា​អ្នកនាំ​ពាក្យ​ក្រសួង​វប្បធម៌ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក។
ថៃ នរៈសត្យា ប្រកាស​ឲ្យ​ច្បាប់​ចាត់ការ​​កូន​ប្រុស រឿង​ជួញ​គ្រឿង​ញៀន
ពីឆ្វេងទៅស្ដាំ៖ លោក ថៃ នរៈពិទូ (កូនប្រុស) លោក ថៃ នរៈសត្យា (ឪពុក) និងអ្នកស្រី អោក រតនៈប៉ុណ្ណិកា (កូនប្រសារ)។ (រូបថតលើហ្វេសប៊ុក)

ព័ត៌មានដ៏កក្រើក ផ្អើលអស់ទាំង នៅក្នុងជួររដ្ឋាភិបាល ទាំងនៅក្នុងពិភពអ្នកសិល្បៈខ្មែរ បន្ទាប់ពីហេតុការណ៍ ចូលចាប់ក្រសោប ក្រុមជនសង្ស័យ ពាក់ព័ន្ធនឹងការជួញដូរ​គ្រឿងញៀន ចំនួន៦នាក់ នៅនឹងកន្លែង ពី​សំណាក់​កងកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៩ ខែមករា។ កក្រើក​ដោយ​ហេតុថា ក្នុង​ចំណោមជនសង្ស័យទាំង៦នាក់ មានប្ដីប្រពន្ធ អតីត «Freshy Boy ឆ្នាំ២០០៦» មួយគូ ដែល​សុទ្ធ​សឹង ជា​កូន​ប្រុស​ស្រី​បង្កើត របស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃ។

តារាសម្ដែង លោក ថៃ នរៈពិទូ និងភរិយា អ្នកស្រី អោក រតនៈប៉ុណ្ណិកា ត្រូវបានចាប់ខ្លួន ជាមួយនឹងវត្ថុតាង​ជា​ច្រើន នៅក្នុងហាងខារ៉ាអូខេ ដឹសោន ហ្វាមីលី (The sound family KTV) ដែលស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​​ស្វាយប៉ោ ក្រុងបាត់ដំបង។ ហើយនៅចំពោះការបញ្ជាក់ ពីសំណាក់មន្ត្រីទទួលខុសត្រូវ ក្នុងការចុះទៅក្រសោប ក្រុម​​ជន​សង្ស័យ​ខាងលើ ថាពួកគេអាចប្រឈម នឹងការជាប់ពន្ធនាគារនោះ លោក ថៃ នរៈសត្យា ដែល​​ជា​ឪពុក​​លោក ថៃ នរៈពិទូ និង​ជារដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ប្រកាសតាមបណ្ដាញ​​ផ្សព្វផ្សាយ​​ក្នុង​ស្រុក​​ថា លោកនឹង​មិនធ្វើអ្វី ដែលខុស​ច្បាប់ ដើម្បីដោះ​កូនប្រុស​​របស់លោក ពីការចោទ​ប្រកាន់ ឬអន្តរាគមន៍ ដើម្បី​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ។

» អានអត្ថបទដែលទាក់ទង៖ តារា​សម្ដែង នរៈពិទូ កូន​​ប្រុស ថៃ នរៈសត្យា ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​​​នឹង​​ភរិយា ពាក់​ព័ន្ធ​គ្រឿង​ញៀន

នៅក្នុងកិច្ចសម្ភាសមួយ ជាមួយនឹងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) លោករដ្ឋលេខាធិការ ក្រសួងវប្បធម៌ ដែល​តែងចេញមុខ កោះហៅអ្នកសិល្បៈ​«ខុសលំអាន»​ទាំងឡាយ ទៅធ្វើការក្រើនរំលឹកនោះ គ្រាន់តែបាន​សម្ដែង​ក្ដី​អាណិតអាសូរ និងឈឺចាប់ ក្នុងនាមជាឪពុក នៅចំពោះ​ការចាប់ខ្លួន​កូនប្រុស​បង្កើត របស់លោក​ប៉ុណ្ណោះ។ លោកបានបដិសេធ រាល់អន្តរាគមន៍ទាំងឡាយណា ដែលខុសពីច្បាប់ បើសូម្បីតែទៅមើល​កូន​ផ្ទាល់​ នៅនឹងកន្លែង​ជាប់ឃុំ​នោះ​​ក៏​ដោយ។ លោកយល់ថា ​វត្តមានរបស់​លោក នឹងអាច​ធ្វើឲ្យចំណាត់​ការ​ផ្លូវ​ច្បាប់​ មាន​ភាព​ស្ទាក់ស្ទើរ ឬទើស​ទាល់ ​សម្រាប់​ក្រុម​សមត្ថកិច្ច​។

លោក ថៃ នរៈសត្យា បានថ្លែងឡើងថា៖ «ឥឡូវ​ហ្នឹង​ ​ខ្ញុំមានការ​ ទៅ​ប្រជុំនៅ​ខេត្ត​ផ្សេង។ ​​រឿង​ហ្នឹង​ ប្រហែល​គ្រួសារ​ខ្ញុំ (ប្រពន្ធ កូន) ​ទៅ​​​​​​មើល តែ​​មិនមែនទៅដោះស្រាយ​ទេ គឺ​​យើង​ទុកអោយច្បាប់ ​​​​​គាត់ចាត់ចែង។ ​​​​សម្រាប់​​ខ្ញុំជា​ឪពុក​​​ ខ្ញុំ​អត់ចង់ឃើញ​កូន​​ ត្រូវ​​​ជាប់ឃុំអញ្ចឹងទេ​ ហើយក៏រឹត​មិនចង់​​​ឲ្យ​កូនប្រុស​​​​​ ស្អុយ​​ឈ្មោះ​​អញ្ចឹង​ទៀត តែ​ធ្វើ​ម៉េច​​ បើ​​​​​​ច្បាប់​​​​រកឃើញ​អញ្ចឹង ​​យើង​រង់ចាំ​​​​​​​​​ស្ដាប់ ​ការ​ដោះស្រាយ​​របស់​​​ច្បាប់​វិញ ​​​​​យើង​អត់​​​​ទៅ​ធ្វើអ្វី​​លើស​​ពី​និតិវិធី​ច្បាប់​​​បាន​​ទេ​។»។

មន្ត្រីរដ្ឋាភិបាល បានបដិសេធបន្តទៀតថា ដោយលោកមានការងារច្រើន លោកមិនបានដឹងថា កូនប្រុស​​របស់​លោក ភ្លើត​ភ្លើន​រហូត​​​​​​​​​​​បាន​ក្លាយជា​បក្សពួក ​របស់​​ក្រុម​​អ្នកជួញដូរ​គ្រឿង​ញៀន​ នៅខេត្ត​បាត់ដំបង​នោះទេ។ ម្យ៉ាង​​ទៀត តារាសម្ដែងវ័យ ៣២ឆ្នាំ រូបនេះ បានស្ថិតនៅក្រៅបន្ទុក បន្ទាប់ពីរូបគេ បានរៀបអាពាហ៍ពិពាហ៍ មាន​​គូស្រករ​​រួច​ស្រេច​បាច់​នោះម្លេះ។ យ៉ាងណា លោក ថៃ នរៈសត្យា មិនបានបដិសេធថា លោក ថៃ នរៈពិទូ មិន​បាន​ពាក់ព័ន្ធ នឹងរឿងជួញដូរគ្រឿងញៀននោះដែរ នៅចំពោះការចោទប្រកាន់ របស់ក្រុមអាជ្ញាធរ​ខេត្ត​បាត់ដំបង។

លោករ​ដ្ឋលេខាធិការ បាន​និយាយ​ថា៖ ​​«​​​​ខ្ញុំអត់ដឹងថា​​​​គេ ​(ថៃ​ នរៈពិទូ) ធ្វើ​អីខ្លះ​ទេរាល់ថ្ងៃ ​តែ​ខ្ញុំ​​អត់​ថា​​​​​​​​​​កូនខ្ញុំ​​ត្រូវទេ ចាំ​​មើលនិតិវិធីច្បាប់សិន!»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់