ផ្ទុះ​ករណី​ថ្មី អ្នក​ធំ​បើក​រថយន្ដ​បុក​គេ រួច​រត់​គេច​ខ្លួន​បាត់

រឿងរ៉ាវ មិនមែនកើតឡើង នៅជនបទដាច់ស្រយ៉ាលទេ តែនៅកណ្ដាលក្រុងបានលុង ខេត្តរតនគីរី តែម្ដង និង​បង្ក​ឡើង​ដោយ​ស្ត្រី មានមុខមាត់ម្នាក់ ដែលគេស្គាល់ថា ជាអភិបាលស្រុកអូរជុំ។ បន្ទាប់ពីបើករត់យន្ដ​បុក​គេ​រួច អ្នកស្រី​«ចៅហ្វាយ​ស្រុក»​រូប​នេះ បានបើកទ្វារថយន្ដចុះ ហើយរត់គេចខ្លួនបាត់ស្រមោល។ នេះ បើ​តាម​សាក្សី នៅផ្ទាល់​កន្លែង។
ផ្ទុះ​ករណី​ថ្មី អ្នក​ធំ​បើក​រថយន្ដ​បុក​គេ រួច​រត់​គេច​ខ្លួន​បាត់
ពីលើមកក្រោម៖ រថយន្ដ «Toyota Tundra» របស់អ្នកស្រីអភិបាលស្រុកអូរជុំ និងរថយន្ដ «Nissan Navara» របស់​លោក សេង ផានណារ៉ា។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មករា ២០១៦
  • កែប្រែចុងក្រោយ: January 11, 2017
  • ប្រធានបទ: គ្រោះ​ចរាចរណ៍
  • អាន និងបញ្ចេញយោបល់

មានករណី​គ្រោះថ្នាក់ចរាចរណ៍ ជាច្រើន ដែលភាគីម្ខាង តែងរត់គេចខ្លួន បាត់ស្រមោល មិនចុះមក​ជជែក​វែកញែក ឬទទួលខុសត្រូវ ថាតើនរណា​ជា​អ្នក​ត្រូវ និងជាអ្នកខុស។ តែការរត់គេចទាំងនោះ ភាគីច្រើន​តែង​កើត នៅតាមទីជនបទឆ្ងាយៗ ឬនៅបានកើតឡើង នៅពេលយប់ងងឹត... តែករណី​លើកនេះ មិនដូច្នេះទេ ព្រោះ​វា​បាន​កើតឡើង នៅកណ្ដាលក្រុងបានលុង ត្រង់ចំណុច ផ្លូវបែកជាបួន ទល់មុខការ៉ាស់សាំងតេលា ស្ថិតក្នុង​ភូមិជ័យជំនះ សង្កាត់​ឡាបានសៀក និង​បង្ក​ឡើង ដោយអភិបាលស្រុកមួយរូប នៅក្នុងខេត្ត​រតនគីរី​នេះ​តែ​ម្ដង។

សាក្សីនៅផ្ទាល់​កន្លែងកើតហេតុ បានរៀបរាប់ថា កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១០ ខែមករា​ ឆ្នាំ​២០១៧ រថយន្ដ «Toyota Tundra» ពណ៌ស ពាក់ស្លាកលេខ «ភ្នំពេញ 2AC-9217» ដែលគេស្គាល់ថា ជា​របស់​អភិបាលស្រុង អូរជុំ អ្នកស្រី ហឿង ខឿង បានបើកក្នុងល្បឿនដ៏លឿន ពីជើងទៅត្បូង។ មកដល់ចំណុច​កើត​ហេតុ ដែលជាផ្លូវបែកជាបួន និង​ជា​ធម្មតា​ត្រូវបន្ថយល្បឿននោះ រថយន្ដតូយ៉ូតានេះ បានជ្រុលទៅបុកមួយ​ទំហឹង ចំ​ចំហៀង​ខាង​ឆ្វេង​រថយន្ដ «Nissan Navara» ពណ៌ស្ករ ពាក់ស្លាកលេខ «ភ្នំពេញ 2AD-1785» ដែល​បើកបរ​ដោយលោក សេង ផានណារ៉ា រស់នៅក្នុងភូមិចែត្រ ឃុំឡាម៉ិញ ស្រុកបកែវ។

អ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា រថយន្ដ «Nissan Navara» ដែលមានដឹក ទាំងប្រពន្ធ-កូនតូច ជា​មួយ​ផង បានទទួលការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង រហូត​ដល់វិលត្រឡប់ក្រោយ បីជុំ និងទទួលការខូចខាតយ៉ាងដំណំ។ ជា​សំណាង​ល្អ ទាំងមនុស្ស​នៅក្នុង​រថយន្ដនេះ ទាំងអ្នកនៅជុំវិញហេតុការណ៍ មិនមាន​នរណា​ម្នាក់ រងគ្រោះ​អ្វី​ទេ។

ដោយឡែក ចំពោះអ្នកស្រីអភិបាលស្រុក ហឿង ខឿង វិញ មិនបានចុះមកជជែកគ្នា និងស្វែងរកច្បាប់ទម្លាប់ ដើម្បីដោះស្រាយនោះឡើយ។ ក្រោយ​ពេល​កើតហេតុ អ្នកស្រីបានបើកទ្វារថយន្ដ ហើយរត់គេចខ្លួន បាត់​ស្រមោល​ឈឹង ដោយបន្សល់ទុករថយន្ដ ចតចោលនៅកណ្ដាលផ្លូវ រហូតលុះត្រា​កង​កម្លាំង​នគរបាល មក​ធ្វើការ​វាស់​វែង និងអូសយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បី​ដោះ​ស្រាយ​គ្នា តាម​នីតិវិធី។

សាក្សីខ្លះបានបញ្ជាក់ទៀតថា គេតែងឃើញអ្នកស្រី បើករថយន្ដដោយផ្ទាល់ និងមានល្បឿនលឿន។ តែ​មិន​បាន​បញ្ជាក់​ថា នៅលើកនេះ តើរថយន្ដ «Toyota Tundra» ខាងលើនេះ បើកបរ ដោយអ្នកស្រី​អភិបាល​ផ្ទាល់ ឬដោយ​តៃកុង​ណា​ផ្សេង​នោះឡើយ។ «សន្សឹមៗ កុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់