តារា​សម្ដែង នរៈពិទូ កូន​​ប្រុស ថៃ នរៈសត្យា ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​​​នឹង​​ភរិយា ពាក់​ព័ន្ធ​គ្រឿង​ញៀន

តារាសម្ដែង ថៃ នរៈពិទូ ដែលត្រូវជាកូនប្រុសបង្កើត របស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ ត្រូវបានអាជ្ញាធរចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធ នឹងគ្រឿង​ញៀន។ ការ​ចាប់​ខ្លួន​នេះ អាច​នឹង​ធ្វើ​ឲ្យ​អតីត «Freshie Boy ឆ្នាំ២០០៦» រូប​នេះ ដែល​ត្រូវ​បាន​ចាប់​​ខ្លួន​រួម​នឹង​ភរិយា​ខ្លួន​ផង​នោះ ប្រឈម​នឹង​​ការ​ជាប់​ពន្ធនាគារ។ នេះបើតាម​ការ​អះអាង ពីសំណាក់​មន្ត្រី ស្និតនឹង​សំណុំរឿង។
តារា​សម្ដែង នរៈពិទូ កូន​​ប្រុស ថៃ នរៈសត្យា ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​​​នឹង​​ភរិយា ពាក់​ព័ន្ធ​គ្រឿង​ញៀន
ពីឆ្វេងទៅស្ដាំ៖ លោក ថៃ នរៈសត្យា (ឪពុក) លោក ថៃ នរៈពិទូ (កូនប្រុស) និងអ្នកស្រី អោក រតនៈប៉ុណ្ណិកា (កូនប្រសារ)។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៧
  • កែប្រែចុងក្រោយ: January 11, 2017
  • ប្រធានបទ: តារា&គ្រឿងញៀន
  • អាន និងបញ្ចេញយោបល់

ឪពុកជាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិបាល តែកូនប្រុស បែរជាត្រូវបានចាប់ខ្លួន ទាក់ទង​នឹង​គ្រឿង​ញៀន។ តែ​គេ​នឹង​​កាន់​តែសោក​ស្ដាយ ក្នុងចិត្តថែមទៀត នៅពេលដែលដឹងថា ឪពុកជាវរជនម្នាក់ ជំនាញ​ផ្នែកវប្បធម៌ ដែល​តែង​កោះ​ហៅ​​អ្នកផង​ទាំង​ឡាយ មកធ្វើការ​ក្រើន​​រំលឹក ស្ដីប្រៀនប្រដៅ ទាក់ទង​នឹង​បញ្ហា​វប្បធម៌នោះ តែកូន​ប្រុស​​ដែល​​ជា​តារា​សម្ដែង​មួយរូបដែរ បែរជានៅ​ជាប់​វិលវល់ តែជា​មួយ​គ្រឿងញៀន រហូត​ត្រូវ​បាន​ចាប់​ខ្លួន​ដូច្នេះ។

ដំណឹងនេះ ត្រូវបានស្នងការនគរបាលជាតិ ផ្សព្វផ្សាយឲ្យដឹង កាលពីថ្ងៃទី១០ ខែមករានេះ នៅលើគេហទំព័រ​ផ្លូវ​ការ​​របស់ខ្លួន។ គេហទំព័រ​បាន​សរសេរថា ការឃាត់ខ្លួនជនទាំង៦នាក់ បានធ្វើឡើង នៅយប់ថ្ងៃទី៩ ខែមករា វេលា​ម៉ោង​២៣និង២០នាទី នៅ​ចំណុច​ខារ៉ាអូខេ ដឹសោន ហ្វាមីលី (The sound family KTV) ស្ថិត​ក្នុង​ភូមិ​កម្មករ សង្កាត់​ស្ចាយប៉ោ ក្រុងបាត់ដំបង ដោយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន សហការជាមួយ​​ក្រុម​អន្តគមន៍​ប្រឆាំង​​បទ​​ល្មើស និង​ក្រុម​បង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានរៀបរាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យទាំង៦នាក់ រួមមាន៖

១. លោក ហេង យូសុង អាយុ ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
២. លោក ថៃ នរៈពិទូ អាយុ ៣២ឆ្នាំ រស់នៅភូមិអូរឫស្សី២ ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ
៣. លោក ប៊ុនហេង អាយុ ៣២ឆ្នាំ រស់នៅក្រុមទី១២ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
៤. លោក ហាប់ សុវត្ថិ អាយុ ២៩ឆ្នាំ មានទីលំនៅក្នុង ក្រុងបាត់ដំបង
៥. អ្នកស្រី អោក រតនៈប៉ុណ្ណិកា អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
និងទី៦. អ្នកស្រី ហ៊ុន ម៉ាណេ អាយុ ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិរំចេក៤ សង្កាត់រតនៈ ក្រុង​បាត់ដំបង។

វត្ថុតាង ដែលក្រុមអាជ្ញាធរ បានដកហូតនៅនឹងកន្លែង មានដូចជា ថ្នាំញៀនប្រភេទកេតាមីន (Ketamine ខេ) ចំនួន ០៣កូនថង់ ទម្ងន់ ០,៨៨ក្រាម - ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំ្ញញៀន អ៊ិចស្តាស៊ី ចំនួន ០២ - ថ្នាំ​អំពូល «Diazepam» ចំនួន ០២អំពូល - ថ្នាំគ្រាប់ «Zepam» ចំនួន ១៦បន្ទះ - ដែកកេះចំនួន ០៣ - គំរប​ដប​កែច្នៃ សំរាប់​ជក់​ថ្នាំ្ញញៀនចំនួន ០១ - បំពង់ទុយោប៉ឺតចំនួន ០១ដុំ - ថង់សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន - ក្រដាស​អាលុយ​មីញ៉ូម​ចំនួន ០១ដុំ និងសំបកថ្នាំមួយចំនួន។

នាយការិយាល័យប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា លោក ថៃ នរ:ពិទូ និងជនសង្ស័យ ទាំង៥រូបនេះ នឹង​ត្រូវ​ប្រឈមមុខ ជាប់​ពន្ធនាគារ បើយោង​តាមសកម្មភាព និងវត្ថុតាង ដែលក្រុមអាជ្ញាធរ បានតាមដាន​ជា​យូរ​មក​ហើយ។ ប៉ុន្តែយ៉ាងណា ករណីនេះ​អាស្រ័យ​ទៅ​លើ​តុលាការ ជាអ្នកវិន្និច្ឆ័យទោស ហើយស្នងការនគរបាលខេត្ត កំពុង​រៀបចំសំណុំរឿង ដើម្បីបញ្ជូនករណីនេះ ទៅកាន់សាលា​ដំបូង​ខេត្ត​។

តារាសម្ដែង លោក ថៃ រនៈពិទូ និងជាអតីតម្ចាស់ជ័យលាភី «Freshie Boy ឆ្នាំ២០០៦» បានចូលរោងការ ជា​មួយ​​នឹង​​អ្នកស្រី អោក រតនៈប៉ុណ្ណិកា (ដែល​ត្រូវបាន​ចាប់ខ្លួន ជាមួយគ្នា) កាលពីថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ​២០១៦ និង​បាន​ទៅ​ធ្វើ​ពិធី​​ជប់លៀង​​​មង្គល​ការ​ យ៉ាងអាធិកអធម នៅមជ្ឈមណ្ឌល​​កោះ​ពេជ្រ កណ្ដាល​រាជធានី​ភ្នំពេញ។ អ្នកស្រី អោក រតនៈប៉ុណ្ណិកា ដែលជាភរិយា ក៏ជាកូនស្រី​របស់មន្ត្រីជាន់​ខ្ពស់មួយរូប នៅក្រសួង​មហា​ផ្ទៃ​​ដែរ។

ហេតុការណ៍ចាប់ក្រសោប ក្រុមអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន បានកម្រើកខ្លាំងមកវិញ នៅក្រោយការប្រកាស យុទ្ធនាការប្រឆាំង និង​បង្ក្រាប​គ្រឿង​ញៀន ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន។ តែការប្រកាសរបៀបនេះ មិនមែន​ទើប​តែ​កើត​មាន ជាលើក​ទីមួយទេ។ គេនឹងរង់ចាំ​មើល ថានៅក្រោម​បទ​បញ្ជា​លើក​នេះ របស់​បុរស​ខ្លាំង​កម្ពុជា នឹងមានមនុស្សប៉ុន្មាននាក់ ដែល​ជា​​កូន​ចៅ ញាតិសន្តាន របស់មន្ត្រី​គ្រាក់ៗ និង​របស់​​សមាជិក​​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ត្រូវជាប់នៅក្នុងពន្ធនាគារ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់