ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ

រថយន្តដឹកអ្នកដំណើរមួយគ្រឿង ប្រភេទេសចរណ៍ នៅសល់តែឆ្អឹងខ្មៅ ដូចធ្យូង បន្ទាប់ពីត្រូវបាន​អគ្គិភ័យ​ឆាប​ឆេះ នៅ​ខណៈ​ពេល​រថយន្ដនេះ កំពុងធ្វើដំណើរ នៅលើផ្លូវជាតិលេខ៥។ ពុំមានរបាយការណ៍ណាមួយ លើក​​ឡើង​ពី​មនុស្ស​រងគ្រោះ នៅក្នុង​ហេតុការណ៍​នេះទេ ដោយសារតែអ្នកដំណើរ នៅលើរថយន្ដទាំងអស់ ត្រូវបាន​ជម្លៀស​ចេញ​ទាន់ពេល។
ផ្ទុះឆេះរថយន្ដទេសចរណ៍មួយគ្រឿង នៅអូរជ្រៅ
ទិដ្ឋភាពឆេះរថយន្ដទេសចរណ៍ ដឹកមនុស្ស នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្នុងខេត្តបន្ទាយមានជ័យ។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៧
  • កែប្រែចុងក្រោយ: January 10, 2017
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អាន និងបញ្ចេញយោបល់

នៅល្ងាចថ្ងៃទី១០ ខែមករានេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលាក្រហម ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ (ភាគខាងជើង ប្រទេសកម្ពុជា) គ្រោះថ្នាក់ឆេះរថយន្ដ ប្រភេទទេសចរណ៍មួយគ្រឿង បាន​កើត​ឡើង។ ជាសំណាងល្អ ពុំមានរបាយការណ៍ណាមួយ និយាយថា មានជនរងគ្រោះ នៅក្នុងគ្រោះផ្ទុះ​ឆេះ​រថយន្ដ​នេះ​ឡើយ។

ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុ សុផល បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរ​មួយ​គ្រឿង​នេះ មានមនុស្សជិះពេញ និងបានបើកបរ ក្នុងទិសដៅ ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តសៀមរាប។ ក្នុង​ពេល​ភ្លាមៗ រថយន្ដដឹកមនុស្ស បានផ្ទុះឆេះឡើង យ៉ាងសន្ធោសន្ធៅ មុននឹងរថយន្ដ​ពន្លត់​អគ្គិភ័យ​ទៅដល់។ បន្ទាប់​មក កងកម្លាំងអាជ្ញាធរ រួមនឹងប្រជាពលរដ្ឋ នៅក្បែរៗនោះ បានពួតដៃគ្នាជួយពន្លត់ រហូតបានជាស្ថាពរ តែ​រថយន្ដ​​ត្រូវ​​បាន​​ឆេះ ក្លាយ​ទៅជាពណ៌ខ្មៅ មើលសឹងតែលែង​ស្គាល់​​ទៅហើយ។

មកដល់ម៉ោងនេះ អាជ្ញាធរតំបន់ នៅមិនទាន់បញ្ជាក់​អំពីមូលហេតុ ដែលនាំឲ្យមាន​គ្រោះអគ្គិភ័យ​នេះ​កើតឡើង​នៅឡើយ។

ជារឿយៗ រថយន្ដដឹកជញ្ជូន ធ្វើអាជីវកម្មនៅលើដងផ្លូវ នៅក្នុងប្រទេសកម្ពុជា តែងរងគ្រោះនឹងការផ្ទុះឆេះ ឬ​ជួប​នឹងបញ្ហាបច្ចេកទេស ផ្សេងទៀតដូច្នេះ ខណៈរថយន្ដទាំងនោះ កំពុងធ្វើចរាចរណ៍ និងដឹកមនុស្ស។ ក្រុម​អ្នក​ជំនាញ បានពន្យល់ពីមូលហេតុ នៃហេតុការណ៍គ្រោះថ្នាក់ទាំងនោះថា ដោយ​សារ​កង្វះ​ការត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស កង្វះ​ការយល់ដឹង​ពីគ្រោះថ្នាក់ ដែលអាចកើតមាន ពីសំណាក់តៃកុងរថយន្ដ និងជាពិសេស រថយន្ដ​ទេសចរណ៍​ទាំង​នោះ ភាគច្រើនជារថយន្ដចាស់ៗ ជារថយន្ដសំណល់នៅប្រទេសគេ ដែលត្រូវបានលក់ ក្នុង​តម្លៃ​ថោកៗ មកឲ្យក្រុមហ៊ុនដឹកជញ្ជូននានា នៅកម្ពុជា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់