សុខ ឥសាន៖ សម រង្ស៊ី ប្រើ​ល្បិច​ព្រោះ​ខ្លាច កឹម សុខា ដេញ​ក្បាល

រឿងអ្វីទាំងអស់ ដែលបានកើតឡើង ក្នុងពេលចុងក្រោយនេះ គឺជាគំនិតរបស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែលកំពុងរស់នៅ​និរទេសខ្លួន ក្នុងប្រទេសបារាំង។ ទង្វើ​ទាំង​នេះ ធ្វើឡើងក្រោម​ហេតុផល​​ថា លោក សម រង្ស៊ី ខ្លាច​លោក​អនុប្រធាន កឹម សុខា ដែលកំពុងដឹកនាំ​គណបក្ស​​នៅក្នុងប្រទេស «ដេញ​ក្បាល​» ចេញពីគណបក្ស។ នេះជាការលើកឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន ជុំវិញការបញ្ចេញ​សេចក្ដី​ថ្លែងការណ៍​«រលូត»​មួយ ដែល​អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ព្យាយាម​បំបែក​បំបាក់ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង។
សុខ ឥសាន៖ សម រង្ស៊ី ប្រើ​ល្បិច​ព្រោះ​ខ្លាច កឹម សុខា ដេញ​ក្បាល
អ្នកនៅខាងមុខ ពីឆ្វេងមកស្ដាំ៖ លោក កឹម សុខា លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅក្រោយជំនួប​ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៩ មករា ២០១៧
  • កែប្រែចុងក្រោយ: January 09, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អាន និងបញ្ចេញយោបល់

សេចក្ដីព្រាង​សេចក្ដីថ្លែងការណ៍«រលូត»មួយ ត្រូវបានផ្ញើរចេញ ពីប្រអប់ទូរសាអេឡិចត្រូវនិក (eMail) របស់​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកកាន់បណ្ដាញផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ ការ​ពន្យល់​​បន្ថែម អម​នឹងសេចក្ដីថ្លែងការណ៍«រលូត»នោះ បានបង្ហាញ​ការសង្ស័យថា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដី​ថ្លែង​ការណ៍​នេះ​ ក្នុងល្បិច​កល​ធ្វើយ៉ាងណា ឱ្យមានការបណ្ដេញលោក សម រង្ស៊ី ចេញពីគណបក្ស។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងបដិសេធ មិនធ្វើ​អត្ថាធិប្បាយ ទាក់ទង​នឹង​សេចក្ដី​ព្រាង​សេចក្ដីថ្លែងការណ៍នេះទេ តែ​លោកបានពន្យល់បកមកវិញថា នោះគឺជាល្បិចរបស់លោក សម រង្ស៊ី ខ្លួនឯង ដោយហេតុថា ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅ​ស្រុក ខ្លាច​អនុប្រធាន​របស់​ខ្លួន ដែល​កំពុង​ដឹកនាំ​គណបក្ស នៅក្នុងស្រុក ធ្វើបក្សប្រហារបណ្ដេញលោក ចេញពីគណបក្ស។

បើតាមទូរសាដដែល បានសរសេរឲ្យដឹងថា៖ «កាលពីយប់មិញ (យប់ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧) សម្ដេច ហ៊ុន សែន បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍មួយទៀត»។ ទូរសាបាន​ដក​ស្រង់​សេចក្ដី​ព្រាង នៃសេចក្ដីថ្លែងការណ៍ ដែលគេចង់ឲ្យលោក កឹម សុខា ចុះហេត្ថលេខា​ចេញ​ផ្សាយ​នោះ មក​បញ្ជាក់​ថា៖ «ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់​ សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ​ចំពោះ​​ជន​អគតិ​ ដែល​បាន​ប្រមាថ​ មក​លើ​ភរិយា​ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា គឺ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា​​ជា​​ស្រី​​របស់​​អតីត​​មេដឹកនាំ​វៀតណាម លោក ឡេ ដឹកថូ និង​ថែម​ទាំង​បាន​ចោទ​បុត្រា ​របស់​សម្តេចតេជោ និង​សម្តេច​​កិត្តិ​ព្រឹទ្ធបណ្ឌិត ​គឺ​លោក ហ៊ុន ម៉ាណែត ថា​​ជា​កូន​របស់​លោក ឡេ ដឹកថូ ថែម​ទៀត។»

ទូរសាបានស្រង់សេចក្ដីព្រាង មកសរសេរបន្តថា៖ «ទង្វើ​ដ៏​ថោកទាប​ខាង​លើ​ ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ។ ក្នុង​នាម​​គណបក្ស​សង្គ្រោះ​ជាតិ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ សូម​ថ្កោលទោស​ជា​សាធារណៈ​ ចំពោះ​ក្រុម​ជន​ប្រមាថ​ទាំង​នេះ​ ប្រៀប​បាន​ទៅ​នឹង​ជនពាល ​មិន​ស្មើ​នឹង​សត្វ​តិរច្ឆាន​ ហើយ​សាហាវ​ជាង​សត្វ​អសិរពិស​ ដែល​មាន​ចរិត​បំបែក​បំបាក់ និង​មើល​ងាយ​​​មេ​ដឹកនាំ​​ជាតិសាសន៍​ឯង។ (...) ក្នុងករណី ដែលអ្នកមាន​ចេតនា​អាក្រក់​ទាំងនេះ ត្រូវបានរក​ឃើញ​ថា ជាសមាជិក​របស់​គណបក្ស​សង្គ្រោះជាតិ គណបក្សមានសិទ្ធិ​បណ្ដេញជន​ទាំងនេះ​ចេញ»។

អ្នកលក់ខ្លួន ឲ្យលោក ហ៊ុន សែន...

អ៊ីមែល ដែលផ្ញើរចេញពីប្រអប់ «eMail» របស់លោក សម រង្ស៊ី បានសរសេរពន្យល់ថា បន្ទាប់ពី​សេចក្ដី​ថ្លែង​ការណ៍ ត្រូវបានលោក កឹម សុខា ចុះ​ហត្ថលេខា​ចេញផ្សាយរួច មន្ត្រីមួយចំនួន របស់គណបក្សសង្គ្រោះ​ជាតិ ដែល​ត្រូវបានទិញ ដោយលោក ហ៊ុន សែន នឹងចេញមុខ មកធ្វើការ​មួល​បង្កាច់​លោក សម រង្ស៊ី ទាក់ទង​នឹង​រឿង​រ៉ាវ របស់លោក ហ៊ុន ម៉ាណែត ខាងលើ ហើយ«ពេល​នោះ​លោក ហ៊ុន សែន នឹង​តម្រូវ​ឲ្យ​លោក កឹម សុខា គោរព​​ពាក្យ​​សន្យា​របស់​ខ្លួន​ ដូច​មាន​ចែង​ក្នុង​លិខិត ឬ​សេចក្តី​ថ្លែងការណ៍​ខាង​លើ​ ហើយ​លោក ហ៊ុន សែន នឹង​តម្រូវ​​ឲ្យ​​លោក កឹម សុខា រៀបចំ​នីតិវិធី​ ដើម្បី​បណ្តេញ​លោក សម រង្ស៊ី ចេញ​ពី​ជួរ​​គណបក្ស​​សង្គ្រោះ​ជាតិ។»។

សារនោះ បានសរសេទៀតថា៖ «យើង​ស្គាល់​ឈ្មោះ​អ្នក​ដែល​បាន​លក់​ខ្លួន​ឲ្យ​គេ ​ក្នុង​ជួរ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​ហើយ​​ត្រៀម​​មួល​​បង្កាច់​​លោក សម រង្ស៊ី តែ​យើង​​សុំ​​មិន​​ទាន់​​បញ្ចេញ​​ឈ្មោះ​​អ្នក​នោះ ​នៅ​​ពេល​នេះ​ទេ។»។

ដុតឲ្យក្ដៅឡើងវិញ...

ចង់ដឹងថា តើសេចក្ដីព្រាង នៃសេចក្ដីថ្លែងការណ៍ខាងលើ មានពិតមែន ឬយ៉ាងណានោះ អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា គ្រាប់តែឆ្លើយតប​មក​វិញ​ថា លោកមិនបានដឹងរឿងនេះទេ ហើយបានរំពឹងថា ទូរសា​មួយ​នេះ នឹង​ធ្វើ​ឲ្យស្ថានការណ៍នយោបាយ ដែលកំពុងស្ងប់ស្ងាត់ ប្រែជា​មានកម្ដៅ​ឡើងវិញ។ លោក សុខ ឥសាន បាន​គិត​ថា មានប្រធានគណបក្ស​សង្គ្រោះជាតិរូបនេះទេ ដែលចេះតែបង្កើតបញ្ហាដោយខ្លួនឯង។ អ្នកនាំពាក្យ​​បាន​រៀប​រាប់ថា រឿងរ៉ាវ​លោក ហ៊ុន ម៉ាណែត ធ្លាប់មាន​ជាប់ពាក់ព័ន្ធ ជាមួយលោក សម រង្ស៊ី អញ្ចឹងហើយ​ទើប​លោក សម រង្ស៊ី ខ្លាចមានការបណ្ដេញ​រូបលោក​ ចេញ​ពីគណបក្ស​សង្គ្រោះ​ជាតិ។ លោក ឥសាន ថា៖ «ខ្ញុំ​ថា​រឿង​ហ្នឹង​​ជា​​ល្បិច​របស់​ សម រង្ស៊ី ​ទេ​ព្រោះ​ខ្លាច កឹម សុខា ដេញ​ក្បាល​ចោល​។ អញ្ចឹង​ទេ​ បាន​ជា​បង្កើត​​រឿង​នេះ​មក។ ខ្ញុំ​​មើល​​ទៅ​ គឺ​​អញ្ចឹង ​ព្រោះ សម រង្ស៊ី ពូកែ​ប្រើ​ល្បិច​ណាស់ ​រឿង​អត់​មាន​ធ្វើ​ឱ្យ​មាន​ ហើយ​អត់​មាន​​ការ​​ទទួល​​ខុសត្រូវ​អ្វី​ទាំង​អស់។»។

នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី ៣៨ ឆ្នាំ ថ្ងៃ​រំដោះ ៧ មករា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំឭក​ដល់​គណបក្ស​ ដែល​ជា​ដៃគូ​សន្ទនា​ ឲ្យ​រក្សា​ភាព​ស្មោះត្រង់​ ចៀសវាង​ការ​ប្រើប្រាស់​ពាក្យ​អសុរោះ ​វាយប្រហារ​គ្នា​ និង​​ញុះញង់ បើ​សិន​ជា​ចង់​រក្សា​វប្បធម៌​មួយ​នេះ​ឲ្យ​នៅ​រស់រាន​បន្ត​ទៀត។ នាយករដ្ឋមន្ត្រី ដែលស្ថិតនៅ​ក្នុង​តំណែង តាំងពី​ជាង៣០ឆ្នាំ​មក​នោះ បានថ្លែង​ឡើង​ថា៖ «គណបក្ស​​ប្រជាជន​កម្ពុជា​​បន្ត​អនុវត្ត​ យ៉ាង​ស្មោះ​ស​នូវ​វប្បធម៌​សន្ទនា​ ជាមួយ​គណបក្ស​មាន​អាសនៈ ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា ​តាម​គោលការណ៍ ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​​សេរី ពហុបក្ស និង​នីតិរដ្ឋ (...) ការ​ញុះញង់ ​បង្ក​បញ្ឆេះ​​​ឲ្យ​មាន​ការ​គុំកួន​ ចង​កំហឹង​នឹង​​គ្នា​ គឺ​មិន​អាច​​រក្សា​​អាយុ​​ជីវិត​ នៃ​វប្បធម៌​សន្ទនា​បាន​ឡើយ។ ​មិន​តែ​ប៉ុណ្ណោះ ​វា​នឹង​បំផ្លាញ​​នូវ​ឯកភាព​ជាតិ​​របស់​​យើង។»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់