សម រង្ស៊ី៖ យួន​រៀបចំ​ផែនការ​លេប​ទឹកដី​ខ្មែរ តាំង​ពី​ជិត​៥០ឆ្នាំ

«បើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ (គឺថ្ងៃដែលខ្មែរក្រហមឡើងកាន់អំណាច) ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ។ ហើយ​បើ​គ្មាន​ពួក​យួនកម្មុយនីស្ដ ជួយពួកខ្មែរក្រហមនៅដើមទសវត្សរ៍ ឆ្នាំ ១៩៧០ ក៏គ្មានថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។» ជា​​ការ​លើក​ឡើង នៅលើទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សប្រឆាំង ដែលត្រូវបាននិរទេស ចេញ​ក្រៅ​ប្រទេស តាំង​ពី​ច្រើន​ខែ​មក​ហើយ។
សម រង្ស៊ី៖ យួន​រៀបចំ​ផែនការ​លេប​ទឹកដី​ខ្មែរ តាំង​ពី​ជិត​៥០ឆ្នាំ
លោក ហ៊ុន សែន ជួបសំណេះសំណាល ជាមួយកងទ័ពវៀតណាម នៅក្នុងឆ្នាំ១៩៨៣។ (រូបថតឯកសារ)
  • ដោយ: សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី៧ មករា ២០១៧
  • កែប្រែចុងក្រោយ: January 08, 2017
  • ប្រធានបទ: ៧មករា
  • អាន និងបញ្ចេញយោបល់

ប្រសិនបើគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកគាំទ្រ នៅតែអះអាងថា ថ្ងៃ​និមិត្តរូប ទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជា​ថ្ងៃ​កំណើតទីពីរ របស់ប្រជាជនកម្ពុជានោះ ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅឯបរទេស បានពន្យល់​ផ្ទុយ​មកវិញ ថាថ្ងៃនោះ គឺ​ជា​ឆាក​ល្ខោន ដែលមានវៀតណាម ជាអ្នករៀបចំដឹកនាំទាំងអស់។

នៅក្នុងអត្ថបទខ្លីមួយ បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សប្រឆាំង នៅចំថ្ងៃទី៧ ខែមករា ឆ្នាំ​២០១៧ ដែលជាថ្ងៃខួបលើកទី៣៨ នៃ​ជ័យជំនះ លើរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនោះ បានបក​ស្រាយ​ថា៖ «គេ​ថា គេ​មករំដោះយើង​ពីខ្មែរក្រហម តែបើអត់មានយួន​កុម្មុយនីស ពីដើមទី ក៏អត់​មាន​ខ្មែរក្រហម​ដែរ។ ឥឡូវ​នេះ គេថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើង ​មានសព្វថ្ងៃដែរ។»។

សំណេរដដែលបានបន្តថា៖ «តែបើគ្មានថ្ងៃ ១៧ មេសា ១៩៧៥ (គឺថ្ងៃដែលខ្មែរក្រហម ឡើងកាន់អំណាច) ក៏​គ្មានថ្ងៃ​ ៧ មករា ១៩៧៩ ដែរ។ ហើយ​បើ​គ្មាន​ពួកយួន​កម្មុយនីស្ដ ជួយពួកខ្មែរក្រហម នៅដើមទសវត្សរ៍ ឆ្នាំ ១៩៧០ ក៏​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។»។

«...រក្សាអំណាចពួកជនក្បត់ជាតិ»

អត្ថបទដែលទទួលបាន ការចែករំលែក​ជាច្រើនពាន់ដង បានលើកយកអាថ៌កំបាំង ដែលធ្វើឲ្យមាន​ការ​កាប់​សម្លាប់ «ខ្មែរ​គ្នាឯង» នៅក្នុងរបប​ខ្មែរក្រហម​នោះ មកបញ្ជាក់ថា បានកើតឡើង ដោយសារ«យួនបង្កប់» ជាអ្នក​«ញុះញង់»។​

«មកដល់ពេលនេះទៀត (ឆ្នាំ ២០១៧) ពួកអ្នកបម្រើផលប្រយោជន៍ បរទេសឈ្លានពាន ក៏នៅតែធ្វើបាប និង​រករឿងខ្មែរគ្នាឯង ឥតឈប់ឈរ (រហូត​ដល់​លួច​សម្លាប់ ឬតាមចាប់ដាក់គុក អ្នកស្នេហាជាតិ) ដើម្បីធ្វើឲ្យ​ប្រទេស​ជាតិ​យើង បែកបាក់ ហើយកាន់តែទន់ខ្សោយ ក្នុងគោលបំណង រក្សា​អាណានិគមនិយម (ពីសំណាក់)​ប្រទេស​វៀតណាម មកលើប្រទេសកម្ពុជា និងរក្សាអំណាច​ពួកជនក្បត់ជាតិ។»

ទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី បានសរុបសេចក្ដីដូច្នេះថា៖ «ដូច្នេះ មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ ក្នុង​រយៈពេល​ជិត ៥០ ឆ្នាំកន្លងមកនេះ គឺមាន​ការ​រៀបចំ​យ៉ាងសកម្ម ដោយយួនកុម្មុយនីស ដើម្បីលេប​ត្របាក់​ទឹកដី​យើង និងបំភ័ន្ដភ្នែកប្រជារាស្ត្រខ្មែរ»។

«ជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត...»

ជានិច្ចជាកាល រាល់ការលើកឡើងទាំងឡាយណា ដែលមិនស្មោះស្ម័គ្រ ទៅនឹងស្មារតីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ តែងត្រូវបានទាត់ចោល ឲ្យមន្ត្រីគណបក្ស​ប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដោយបានហៅអ្នក ដែល​លើក​ឡើង​ទាំង​នោះ ថាបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ទៅដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរ ជាង​បីលាន​នាក់ (?) ដែល​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអ្នកធ្វើអត្ថាធិប្បាយ​នយោបាយមួយរូប នៅតាមកញ្ចក់​ស្ថានីយ​ទូរទស្សន៍ក្នុងស្រុក ថែមទាំងបរិហារ​ដូច្នេះ​ថា អ្នកដែលប្រឆាំង នឹងថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺស្មើនឹងចាត់​ទុក​ជីវិត របស់ប្រជាជនកម្ពុជា ដែលត្រូវបានរំដោះទាន់ពេល ពីរបបប៉ុលពត គ្មានតម្លៃ ហើយ​អន់ជាងជីវិត​សត្វ​ធាតុ​ទៅ​ទៀត ។

មន្ត្រីទីប្រឹក្សារបស់លោក ហ៊ុន សែន បានសរសេរ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក ចោទសួរ​ទៅ​ក្រុម​អ្នកប្រឆាំង​ថ្ងៃ៧មករា វិញថា៖ «ប្រសិន​បើ​គ្មាន​ការចូលរួមជួយ ពីសំណាក់កងទ័ពវៀតណាម , គ្មានថ្ងៃ​៧មករា តើ​ប្រជាជនកម្ពុជា នឹងត្រូវខ្មែរក្រហមសម្លាប់អស់ប៉ុន្មានរយ ពាន់ មុឺននាក់ទៀត? ហើយ​ក្នុងកាលៈទេសៈនោះ ប្រសិន​បើ​មិន​ទៅ​ពឹង​ពាក់​កងទ័ព​វៀតណាមទេ តើត្រូវទៅពឹងពាក់អ្នកណា? ហើយប្រសិនបើគេ (ក្រុមអ្នក​ប្រឆាំង) វិញ តើគេ​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បីរំដោះជីវិតពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍ប៉ុលពតបាន?»។

សេណារីយ៉ូ ដែលរៀបចំទុក...

ប៉ុន្តែ ការចូលរួមធ្វើសង្គ្រាម ប្រឆាំងក្រុមខ្មែរក្រហម ពីសំណាក់ប្រទេសវៀតណាម មិនមែនមានទិសដៅ «រំដោះ​ប្រជាជន​កម្ពុជា» តែមួយមុខ ដូចលោក ជុំ កុសល ឬមន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្រ បានលើកឡើងនោះទេ។

សៀវភៅ​ប្រវត្តិសាស្ត្រជាច្រើន ដែលសរសេរ និងស្រាវជ្រាវឡើង ដោយអ្នកនិពន្ធឯករាជ្យ នៅក្រៅប្រទេស បាន​រៀបរាប់​ឲ្យដឹងថា​ ក្រៅពីទទួល​រង​ការ​ថ្កោល​ទោស ពីសំណាក់អង្គការសហប្រជាជាតិ និងបណ្ដាប្រទេស​ជា​ច្រើន នៅក្នុងពិភពលោក ថាជាការរំលោភ ចូលឈ្លានពានប្រទេសកម្ពុជា នៅចុង​ឆ្នាំ​១៩៧៨ និង​ដើម​​ឆ្នាំ​១៩៧៩​នោះ សកម្មភាព​លើក​កងទ័ព​​ចូល​លុកលុយប្រទេសកម្ពុជា តាំងពី៣៨ឆ្នាំមកនេះ ក៏ត្រូវបានវៀតណាមខ្លួនឯង ចាត់​​ទុក​នៅ​ចំពោះ​មុខ​ដែរថា ជាការរំដោះគ្រោះរបស់ខ្លួន ពីជម្លោះប្រដាប់អាវុធ ដែលបានកើតមានឡើង តាំង​ពី​ចុង​ឆ្នាំ១៩៧៧ នៅ​តាម​បណ្ដោយ​ព្រំដែន ខ្មែរ-យួន។ ហើយជម្លោះទាំងនោះទៀតសោធ បានកើតឡើង​ដំបូង​ឡើយ ដោយ​សារ​ការព្រួយបារម្ភ ពីសំណាក់ប្រទេសវៀតណាម នៅចំពោះការ«រឹងក្បាល» របស់ក្រុមខ្មែរ​ក្រហម ដែល​ជា​ក្រុម​កុម្មុយនីស​ខ្មែរ បង្កើតឡើង ដោយយួនហាណូយខ្លួនឯង តែក្រុមនេះបែរជាងាក ទៅយក​ចិន​កុម្មុយនីស​​ជា​ខ្នង​បង្អែកទៅវិញ។

» សូមអានការដកស្រង់ ដោយក្រុមអភិបាល នៃគេហទំព័រ WikiPedia ចេញពីសៀវភៅស្រាវជ្រាវទាំងនោះ ជា​ភាសា​បារាំង និង​ជា​ភាសាអង់គ្លេស

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងវិលត្រឡប់ មកជម្រាបលោកអ្នកវិញ ពីហេតុការណ៍ប្រវត្តិសាស្ត្រទាំងនេះ យ៉ាងលំអិត នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់